34 C
Phnom Penh

សាលាដំបូង​ជំនុំជម្រះ​រឿងក្តី​អ្នក​ជួញដូរ​ស្ត្រីខ្មែរ​ទៅរៀបការ​នៅ​​ប្រទេស​ចិន​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាល​ពីម្សិលមិញ សាលាដំបូង​រាជ​ធានី​ភ្នំពេញ​បាន​បើក​សវនាការ​ជំនុំ​ជម្រះ​រឿង​ក្តី​មនុស្ស​បីនាក់​ដែល​ត្រូវបាន​ចោទ​ប្រកាន់​ពី​បទ​រក្សា​ទុក​លិខិត​ឆ្លង​ដែន​ស្ត្រី​ខ្មែរ​បួន​នាក់​​ក្នុង​ការ​ប៉ុនប៉ង​ដើម្បី​បញ្ជូន​ពួក​គេ​ទៅ​ប្រទេស​ចិន​ដើម្បី​រៀបការ​។

បុរសឈ្មោះ​  ម៉ក់ ហៀង​រិទ្ធី  អាយុ​៣២​ឆ្នាំ​ ទៀង  សារឿន  អាយុ​៤៦​ឆ្នាំ និង​ យី ឡៅ អាយុ​ ៦៥​ឆ្នាំ​​ត្រូវ​បាន​ចាប់​ខ្លួន​នៅ​អាកាស​យាន​​ដ្ឋាន​អន្តរជាតិ​ភ្នំពេញ​កាល​ពីខែ​វិច្ឆិកា បន្ទាប់ ពី​ពួក​គេ​មាន​ការ​សង្ស័យ​នៅពេល​ដែល​​ឈ្មោះ ហៀង​រិទ្ធី បាន​ប្រគល់​លិខិត​ឆ្លង​ដែនចំនួន​បួន​​ជំនួស​ជន​រង​គ្រោះ។

លោក កែវ ធា នាយ​នគរបាល​ប្រឆាំង​ការ​ជួញដូរ​មនុស្ស​រាជធានី​បាន​មាន​ប្រសា​សន៍​ថា ផ្អែក​តាម​ការ​សើុប​អង្កេត​យើង​បាន​រក​ឃើញថា ជន​រងគ្រោះ​ពីរ​នាក់​ក្នុង​ចំណោម​ ជន​រងគ្រោះ​ទាំង​នោះ​មាន​អាយុ​ តែ​១៦ឆ្នាំ និង​១៧​ឆ្នាំប៉ុណ្ណោះ គឺក្រោម​អាយុ​រៀប​ការ​​ផ្លូវ​ច្បាប់​របស់​ប្រទេ​សចិន​ គឺ​អាយុ​២០​ឆ្នាំ​។​  លោក​បាន​មាន​ប្រសាសន៍​ថា “បុរស​ឈ្មោះ​ ហៀង​រិទ្ធី បាន​កែ​អាយុ​នៅក្នុងលិខិត​ឆ្លង​ដែន​នោះ ពី​១៦​ឆ្នាំ និង​១៧ឆ្នាំ​ទៅ​២៣​ឆ្នាំ​មុន​ពេល​ការ​ចេ​ញ​ដំណើរ​របស់​ពួក​គេ​”។

បើ​ទោះ​ជា​បុរស​ឈ្មោះ ហៀង​រិទ្ធី សារ​ភាព​ថា ​បានរកលុយ​តាមរយៈការ​បញ្ជូន​ស្ត្រី​ខ្មែរ​ទៅ​​ចិន​មែន​ក៏​ដោយ​ ក៏​​លោក​បាន​បដិ​សេធ​ ថា មិន​បាន​កែ​លិខិត​ឆ្លង​ដែន​នោះ​ដែរ។

ប្រសិន​បើ​​ត្រូវ​បាន​រក​ឃើញ​ពិរុទ្ធ​ភាព​ ជន​​សង្ស័យ​ទាំង​នេះ​អាច​ប្រឈម​ការ​ជាប់​ពន្ធនា​គារ​ពី​ប្រាំមួួយ​ខែ​ទៅ​ពីរ​ឆ្នាំ និង​ពិន័យ​ជា​​​ប្រាក់​ពី​​៤​លាន​រៀល​ ទៅ​១០​លាន​រៀល​។​  តុលាការ​នឹង​ប្រកាស​សាល​ក្រម​នៅថ្ងៃទី​២៣​​ខែ​មេសា​៕សារុន

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស