29 C
Phnom Penh

លោក​ សម រង្ស៊ី​ វិល​​​មកពី​បរទេស​វិញ​ ហើយ​​​​​គំរាម​ធ្វើ​បាតុកម្ម​ទៀត

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោក សម រង្ស៊ី មេដឹកនាំគណបក្ស​ប្រឆាំង ​​បាន​ត្រឡប់ម​កពីប្រទេស​អូស្ត្រាលី​វិញហើយ​កាល​ពីម្សិលមិញ ហើយ​បាន​គំរាម​​​បន្ត​ធ្វើ​​មហា​បាតុកម្ម​ប្រឆាំង​រដ្ឋាភិបាល​​របស់លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ប្រសិន​បើ​គណ​បក្ស​ប្រជាជន​​កម្ពុជា​​បន្ត​បដិ​សេធ​ការ​ទាម​ទារ​របស់​គណបក្ស​ប្រឆាំង​ឲ្យ​​​មាន​​​ការ​កែទម្រង់​គណៈកម្មាធិការជាតិ​រៀប​ចំការ​បោះឆ្នោត​នោះ។

ខណៈ​ពេល​មក​​ដល់​ទីស្នាក់ការ​គណ​បក្ស​ សង្គ្រោះ​ជាតិ​​ក្នុង​សង្កាត់​ចាក់​អង្រែ​លើ​រាជ​ធានីភ្នំពេញ​ បន្ទាប់​ពី​ធ្វើ​ដំណើរទៅ​ប្រទេស​អូស្ត្រាលី​​ និង​ប្រទេស​នូវែល​សេឡង់​រយៈ​ពេល​មួយ​សប្តាហ៍​មក​ លោក សម​ រង្ស៊ី បាន​ប្រាប់​​​​ក្រុម​អ្នក​គាំទ្រ​ថា​​​ ឥឡូវ​នេះ​គណបក្ស​សង្គ្រោះ​ជាតិ​កំពុង​ពិចារណា​អំពី​ជម្រើស​របស់​ខ្លួន​ បន្ទាប់​ពីមាន​ការ​​​ខ្វែង​​​គំនិតគ្នា​ក្នុង​ជួរ​គណៈ​កម្មការ​​​កែ​​​ទម្រង់​​​ការ​​​បោះឆ្នោត​​​ដែល​​​ជា​​​គណៈកម្មការ​​​ចម្រុះ​​​រវាង​​​គណបក្ស​​​ទាំង  ពីរ​​​នេះ​​​។​​​

លោក សម រង្ស៊ី បានមាន​ប្រសាសន៍​ថា “ថ្ងៃ​ស្អែក​ ឬ​ថ្ងៃ​ខានស្អែក យើង​នឹង​មាន​ដំណឹង​ ល្អ​ ហើយ​ដំណឹង​នោះ​​​​គឺ​​​ស្រប​​​​តាម​ឆន្ទៈ​របស់​ប្រជា​​ពល​រដ្ឋ​”។លោក​បាននិយាយ​ទៅកាន់​អ្នកគាំទ្រ​ប្រហែល​១០០នាក់​ថា “យើង​ធ្វើ​តាម​​ឆន្ទៈ​របស់ប្រជា​ពល​រដ្ឋ​ ហើយ​ប្រសិន​បើ​ពួក​​គាត់​ចង់​ធ្វើ​បាតុកម្ម​​ យើង​នឹង​ធ្វើ​បាតុ​កម្ម​ទៀត​ គឺ​​​ឲ្យ​​​​កាន់​តែ​ធំទៅ​ៗ​​។ ខ្ញុំ​​ចាំស្តាប់​យោ​បល់​របស់​បង​​​ប្អូន​​​​”។

កាល​ពីថ្ងៃច័ន្ទ តំណាង​​​​​គណ​បក្ស​ប្រជាជន​​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ​បាន​បដិ​សេធ​មិន​ព្រម​សូម្បី​​​តែ​​​ធ្វើ​​​សន្និសីទ​​​កាសែត​​​​​​រួមគ្នា​​​​​​​​​ក្រោយ​​​​ជំនួប​លើក​​ទី​៤របស់​​​គណៈ​កម្មការ​​​​​​ចម្រុះ​​​ដែល​​​ឧស្សាហ៍ មាន​​​ការ​​​ខ្វែង​​​គំនិត​​​គ្នា​​​ចាប់តាំង​​​ពី​​​ត្រូវ​​​បាន​​​បង្កើត​​​ឡើង​កាលពី​​​ចុង​​​ខែ​​​មុន​​​មក​​​នេះ​​​។

ក្រុម​​​ការងារ​​​គណ​បក្ស​ប្រជាជន​​កម្ពុជា​​បាន​លើក​ឡើង​ថា ខ្លួន​​​​នឹង​មិន​ពិចារណា​សំណើ​របស់​គណបក្ស​ប្រឆាំងឲ្យសមាជិក​សភា​ពីរ​ភាគបី​​យល់​ព្រម​លើ​ការ​ជ្រើស​តាំង​​​សមាជិក​​​គណៈកម្មាធិការ​ជាតិ​រៀប​ចំការ​បោះឆ្នោត​ដែល​បច្ចុ​ប្បន្ន​នេះ​គ្រប់​គ្រង​​ដោយ​គណបក្ស​កាន់​អំណាច​​​​ទេ​​​។ ជា​​​ការ​​​ឆ្លើយ​​​តប​​​ គណបក្ស​ប្រឆាំង​បាន​​​ស្នើឲ្យមាន​​​ការ​​​ពិភាក្សា​​​ពី​​​​បញ្ហានេះ​​ក្នុង​ជំនួប​ផ្ទាល់រវាង​លោក​ សម រង្ស៊ី និង​លោក​នាយក​រដ្ឋ​​មន្ត្រី ហ៊ុន សែន តែ​​​ម្តង​​​។ ​គណ​បក្ស​ប្រជាជន​​កម្ពុជា​បាន​​លើក​ឡើង​ថា ជំនួប​បែ​បនេះក៏មិន​​​អាច​​​មាន​​​​​ដែរ​​។

លោក សម រង្ស៊ី បាន​​ថ្លែង​តាម​ទូរស័ព្ទ​កាល​ពីម្សិលមិញ​ថា ជំហាន​បន្ទាប់​របស់​​គណបក្ស​សង្គ្រោះ​ជាតិ​គឺ​​​ស្នើ​ឲ្យ​គណ​បក្ស​ប្រជា​ជន​កម្ពុជាផ្តល់សំណើ​​​របស់​​​ខ្លួន​​​វិញ​​​ពាក់ព័ន្ធ​​​នឹង​​​ការ​​​​​​កែ​​​​ទម្រង់​គណៈកម្មាធិការ​ជាតិ​រៀបចំការ​បោះ​​ឆ្នោត​​​​នេះ​​​។

លោក​ សម រង្ស៊ី បានថ្លែង​​​​ថា “ពួក​​​យើង​​​​សុទ្ធ​​​តែបាន​​​​​​ឯកភាព​​​គ្នា​​​​​​ថា​​​ត្រូវ​​​​​​តែ​​​មាន​​​​​កំណែ​ទម្រង់​​ការ​បោះឆ្នោត​។ ឥឡូវ​នេះ​បាល់​ស្ថិត​នៅ​​​ក្រោម​​​​​​​​ជើង​​​របស់​​គណ​បក្ស​ប្រជាជន​​កម្ពុជា​​​​ហើយ​​​។​​​ពួកគេ​​​អាច​​​​​​លើក​​​ជា​​​សំណើ​​​ថា តើ​ខ្លួន​​​​​​​ចង់ធានា​​​​ឯករាជភាពរបស់​គណៈ​កម្មាធិការ​ជាតិ​រៀប​ចំ​ការបោះឆ្នោត​​​​​​ដោយ​​​របៀបណា​​​។

ប្រសិន​បើ​ពួក​គេ​ឆ្លើយ​តប​ថា ខ្លួន​​​មិន​ចាប់​អារម្មណ៍ក្នុងការ​កែ​ទម្រង់​គណៈ​កម្មាធិការ​ជាតិ​រៀបចំការ​បោះឆ្នោត​ ឬ​ផ្តល់​​ចម្លើយ​​​​មិន​​​ច្បាស់​លាស់​នោះ​​​​ យើង​នឹ​ង​ស្នើ​​​ឲ្យ​​​ពួកគេ​​​បកស្រាយ​​​​”។ លោក​បាន​បន្ថែម​ថា “ប្រសិន​បើ​​គណ​បក្ស​​​ប្រជាជន​​កម្ពុជា​បង្ហាញ​ជំហរ​​​ថា ខ្លួន​​​​គ្មាន​ឆន្ទៈ​​កែ​ទម្រង់​គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត​​​​​នោះ ​យើង​មាន​​​ជំហរ​​​​រឹង​មាំ​ របស់​​​យើង​​​ដែរ​​​ ទាំង​​​​ផ្នែក​សីលធម៌​ និង​នយោបាយ​ នោះ​​​គឺ​​​ការ​​​ធ្វើ​មហាបាតុកម្ម​”។

មហា​បាតុកម្ម និង​ការ​ហែ​ក្បួន​លើក​ចុង​ក្រោយ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​​ត្រូវ​បាន​កម្លាំង​សន្តិ​សុខ​ និង​មនុស្ស​​​​​​របស់​​​រដ្ឋា​ភិ​បាលក្នុង​​​សម្លៀក​​​បំពាក់​​​សីុវិល​​​​​​​បង្ក្រាប​ដោយ​ហិង្សា​កាល​ពីថ្ងៃទី​៤ ខែ​មករា​។  ការ​បង្ក្រាប​នោះធ្វើ​ឡើង​បន្ទាប់​ពី​មាន​​​ការ​ព្យា​យាម​បំបែក​កូដកម្ម​រយៈ​ពេល​ពីរ​ថ្ងៃ​ពី​​​សំណាក់​​​​រដ្ឋាភិបាលក្រោម​​​ការ​​គ្រប់គ្រង​​​​​​​របស់​គណបក្ស​ប្រជាជនកម្ពុជា ដែល​អំឡុង​​​ពេល​​​នោះ ​កង​កម្លាំង​រដ្ឋាភិបាល​បាន​បាញ់​កម្មករ​រោង​ចក្រកាត់​ដេ​រ​ប្រាំនាក់​ស្លាប់​​​ និង​បាន​​​ឃុំ​ខ្លួន​អ្នក​តវ៉ា​២១​នាក់​។

លោក ឈាង វុន សមាជិក​សភា​គណ​បក្ស​ប្រជាជន​កម្ពុជា និង​ជាអ្នក​នាំពាក្យ​រដ្ឋ​សភា​បាន​ព្រមា​ន​គណបក្ស​ប្រឆាំង​ឲ្យ​ឈប់​​គំរាម​ធ្វើ​ការ​តវ៉ា​ទៀត​។ លោក​ ឈាង វុន បាន​​អំពាវ​នាវ​ឲ្យ​គណ បក្ស​សង្គ្រោះ​​ជាតិ​វិល​​​​​ទៅ​​​​កាន់​​​​​​តុ​​​ចរចា​​​អំពី​កំណែ​ទម្រង់​ដោយភាពបត់បែន​វិញ​​​។ លោក​បាន​​និយាយ​​​​ថា “ពួក​គេ​តែង​តែ​គំរាម​ធ្វើ​បាតុកម្ម​នៅពេល​ពួក​គេ​និយាយ​។ ប្រសិន​បើ​ពួកគេ​​​ធ្វើ​​​បាតុកម្មមែន​ ពួក​គេ​ត្រូវ​ទទួល​ខុស​ត្រូវ​ចំពោះការ​ខូច​ខាត​ និង​​ចំពោះ​ប្រវត្តិសាស្ត្រ​។ បញ្ហា​នេះ​នឹង​ធ្វើ​ឲ្យ​ប្រទេស​ជាតិ​បែក​បាក់​ជា​ពីរ​”៕សារុន​

(រាយការណ៍​បន្ថែម​ដោយ​ ហ៊ុល​ រស្មី)

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស