37 C
Phnom Penh

អង្គភាពប្រឆាំង​អំពើពុករលួយ​ចូលរួម​ប្រយុទ្ធប្រឆាំង​នឹងការ​លួច​ចម្លង​នៅ​ការ​ប្រឡង​ថ្នាក់ជាតិ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោក ឱម យ៉ិន​ទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយបាន​​​​ឲ្យ​ដឹង​ថា ឆ្នាំ​នេះ​​​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​នឹង​​ចូល​រួម​ជាមួយ​​ក្រសួ​ងអប់​រំ​ក្នុងការ​​​​ទប់​ស្កាត់​ការល​ួច​ចម្លង​អំឡុងការ​ប្រឡង​កម្រិត​​​មធ្យម​​​សិក្សា​​​បឋម​​​ភូមិ​​​ និង​​​ទុតិយភូមិ​​​នៅ​ទូទាំង​ប្រទេស​។

ដើម្បី​លុប​បំបាត់​ទម្លាប់​​​ចាស់​​​នៃ​​​ការ​​​ទិញ​ក្រដាស​ចម្លើយ​​ និង​ការ​សូក​ប៉ាន់​​អនុរក្ស​ លោក  ឱម យ៉ិន​ទៀង​ បាន​សន្យា​ថា គ្រូ​ និង​សិស្ស​ណា​ដែល​ត្រូវ​​​ចាប់​​​បាន​​​​ពេល​​​លួច​ចម្លង​នឹង​ត្រូវ​បញ្ជូន​ទៅ​តុលាការ​ និង​​​ជាប់​ពន្ធនា​​​គារ​ប្រសិន​បើ​​​​​​​ពួកគេ​​​ត្រូវ​បាន​រក​ឃើញ​ពិរុទ្ធ​ភាព​​​​​​ដូច​​​ការ​​​ចោទ​​​ប្រកាន់​​​មែន​​​។

លោក ឱម យ៉ិន​ទៀង​ បាន​​​មាន​ប្រសា​សន៍ ​កាល​ពីម្សិលមិញ​អំឡុង​វគ្គ​បណ្តុះ​បណ្តាល​ស្តី​ពីការ​លុប​បំបាត់​អំពើ​ពុក​រលួយ​នៅ​តាម​សាលា​រៀន​ថា “ការ​អប់រំ​ប្រឆាំង​អំពើ​ពុក​រលួយ​​នៅ​​​កម្រិត​​​​មធ្យម​សិក្សា​ចាប់​ពី​ថ្នាក់​ទី​១០ដល់​ថ្នាក់​ទី​១២​គឺជា​ចំណុ​ច​ចាប់​ផ្តើម​នៃ​​​ការ​​​កែ​ប្រែ​ឥរិយាបថ​​សិស្ស​​​​ឲ្យ​​​ពួកគេ​​​ចៀស​វាង​​​​ពី​​​ការ​​​​ប្រព្រឹត្ត​អំពើ​មិន​​​​​​គប្បី​​​​”។

លោក ឱម យ៉ិន​ទៀង បាន​ប្រាប់​​​​​គ្រូ​ហាត់​ការ​ចំនួន​១៥០​នាក់​មក​ពី​ទូទាំង​ប្រទេស​​​ឲ្យ​​​បំពេញ​​​ការងារ​​​ដោយ​​​មិន​ត្រឹម​តែ​ជួយ​មើល​ការ​ខុស​ត្រូវ​ការ​ប្រឡង​ដែល​គ្រោង​ធ្វើ​នៅ​ខែ​កក្កដា និង​ខែ​សីហា​ ប៉ុណ្ណោះទេ គឺ​​​ត្រូវ​​​​​​កសាង​​​សំណុំ​រឿងប្តឹង​​​គ្រូ​បង្រៀន​និងស​ិស្ស​ដែល​ប្រព្រឹត្ត​​​​អំពើ​​​ពុក​​​រលួយ​​​ផងដែរ​​​។ លោក ឱម យ៉ិន​ទៀង បានឲ្យ​​​ដឹង​​​បន្ត​​​ថា អង្គការ​មិន​មែន​រដ្ឋាភិបាល និង​អង្គការ​សង្គម​សីុវិល​មួយ​ចំនួន​ទៀត​ក៏​នឹង​ត្រូវបាន​​​​អញ្ជើញ​ឲ្យ​​​ឃ្លាំ​មើល​ការ​ប្រឡង​ផង​​​ដែរ​។ លោក ឱម យ៉ិន​ទៀង​ បាន​អញ្ជើញ​លោក រ៉ុង​ ឈុន ប្រធាន​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ និងជាអ្នក​រិះគន់​​​​​​រដ្ឋាភិ​បាល​​​​មិន​​​សំចៃ​​​មាត់​​​ ឲ្យធ្វើ​ជាអ្នក​ឃ្លាំមើល​ដែរ​។

កាល​ពីដើម​ឆ្នាំ​នេះ លោក រ៉ុង​ ឈុន បាន​រៀប​ចំ​កូដកម្ម​របស់​គ្រូ​បង្រៀន​ទាម​ទារ​ដំឡើង​ប្រាក់​ខែ​យ៉ាង​តិច​ឲ្យបាន​​២៥០​ដុល្លារ​ ដោយ​លើ​កឡើង​ថា​ គ្រូ​បង្រៀននឹង​មិន​ទទួល​សំណូក​ទេ​ ប្រសិន​បើ​ពួកគាត់​មាន​ប្រាក​់ខែ​គ្រប់​គ្រាន់​នោះ។ បច្ចុប្បន្ន​នេះ​គ្រូ​បង្រៀន​ទទួល​បាន​ប្រាក់​ខែ​ប្រហែល​១០០​ដុល្លារ​ក្នុង​មួយខែ​។ លោក រ៉ុង​ ឈុន បានលើកឡើង​​​​កាល​​ពី​ម្សិលមិញ​ថា ការ​គំរាម​របស់​លោក ឱម យ៉ិន​ទៀង​ពីការ​​​ចាប់​​ខ្លួន​​គ្រូ​​​​​និង​​​សិស្ស​​​​​​​ដែល​ត្រូវ​​​ចាប់​​​​បាន​​​​​​ពេល​​​​​លួច​ចម្លង​​​​​​​នេះ​​​គឺ​​​ពុំ​​​​​សមទេ​។ លោកបាន​​​មាន​​​ប្រសាសន៍​​​​​​ថា “ វា​ធ្ងន់​​ពេក​​​ហើយ​​​ប្រសិន​បើ​សិស្ស​ត្រូវ​បាន​ចាប់​ខ្លួន​ពី​បទ​សូក​ប៉ាន់​ប្រាក់​បន្តិច​បន្តួច​ដល់​អនុរក្ស​​​​​នោះ​​​។​អង្គភាព​នេះ​​​​គួរ​គិត​ពី​ជម្រើស​ផ្សេង​ក្នុងការ​ចាត់​វិធាន​ការ​លើ​សិស្ស​ដែល​សូក​ប៉ាន់​អនុរក្ស”។

​វិធានការ​នេះ​​​​ជា​ផ្នែក​មួយនៃ​យុទ្ធ​នាការ​របស់​ក្រសួ​ងអប់រំ​ក្នុងការ​លុប​បំបាត់​អំពើ​ពុក​រលួយនៅតាម​សាលារៀន​ ដែល​ជា​ផ្នែក​នៃ​របៀប​វារៈ​របស់​រដ្ឋាភិបាលស្តី​​​ពី​​​​​​​​​​កំណែ​ទម្រង់​​​​ក្រោយ​ការ​បោះឆ្នោត​​។

ថ្លែង​​​ក្នុង​​​សន្និបាត​​​​ប្រចាំឆ្នាំរបស់​ក្រសួង​​អប់​រំកាល​ពីថ្ងៃសុក្រ លោក ហង្ស ជួន​ណារ៉ុន​ រដ្ឋមន្ត្រី​ក្រសួង​អប់​រំ​បាន​ប្រកាស​ថា ការ​ប្រឡង​កម្រិត​​​ទុតិយភូមិ​​​នៅ​ទូទាំង​ប្រទេស​នឹង​​​ផ្តោត​​​សារៈសំខាន់​​​លើ​​​ការ​កំណត់​ថា តើ​សិស្ស​​​​ណាខ្លះ​​​ត្រូវ​​​​ទទួល​បាន​អាហារូបករណ៍​ចូល​​​បន្ត​​​ការ​​​សិក្សា​តាម​សាកល​វិទ្យាល័យរដ្ឋ​។ ពីមុន​​ពិន្ទុ​ប្រឡង​ត្រូវ​បូក​បញ្ចូល​​ជា​មួយ​​ពិន្ទុ​ដំណាច់​ឆមាស​ ដែល​ជា​រឿយៗ​ត្រូវ​បាន​​បំប៉ោង​ដោយ​គ្រូ​បង្រៀន​ជា​ថ្នូរ​នឹង​សំណូក​ពី​សិស្ស​ ដើម្បីទទួលបាន​និទ្ទេសល្អ​។  ឥឡូវ​នេះ​ សិស្ស​វិទ្យា​ល័យ​ត្រូវឆ្លង​​​ផុត​​​​​​ការ​​​ប្រឡង​ប្រចាំ​​​ថ្នាក់​​​​សិន​​​ទើប​​​​​ឈាន​ទៅ​ដល់​​​ការ​​​ប្រឡង​ថ្នាក់​​​ជាតិ​​​បាន​​​៕សារុន

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស