ម្ចាស់ជំនួយអឺរ៉ុបរបស់កម្ពុជាបានលើកឡើងកាលពីម្សិលមិញថា ពួកគេកំពុងតែធ្វើកិច្ចការពាក់ព័ន្ធនឹង “យុទ្ធសាស្ត្រសហប្រតិបត្តិការ” ថ្មីមួយដែលមានរយៈពេលប្រាំឆ្នាំ និងដែលត្រូវបានរៀបចំឡើងដើម្បីបង្កើនប្រសិទ្ធភាពនៃឥណទាននិងជំនួយឥតសំណងជាច្រើនលានដុល្លារដែលពួកគេជួយដល់ប្រទេសកម្ពុជាក្នុងមួយឆ្នាំ។
ជាមួយនឹងជំនួយសរុប២០៩លានដុល្លារជួយដល់កម្ពុជាកាលពីឆ្នាំ២០១២ សហភាពអឺរ៉ុបនិងបណ្ដាប្រទេសជាសមាជិករបស់ខ្លួនបានក្លាយជាប្រភពជំនួយធំបំផុតតែមួយគត់របស់ប្រទេសនេះ។
ពួកគេបានលើកឡើងនៅក្នុងសេចក្ដីរាយការណ៍រួមមួយដែលខ្វះព័ត៌មានលម្អិតថា “ដៃគូអភិវឌ្ឍន៍អឺរ៉ុបក្លាយជាអ្នកផ្ដល់ជំនួយឥតសំណងធំបំផុតរួចទៅហើយនៅក្នុងប្រទេសកម្ពុជា ហើយយើងជឿថា ដំណើរការធ្វើកម្មវិធីរួមគ្នានេះ នឹងអាចជួយបង្កើនសកម្មភាពនិងគុណភាពអភិវឌ្ឍន៍របស់យើង ដើម្បីផលប្រយោជន៍របស់ប្រជាពលរដ្ឋកម្ពុជាបន្ថែមទៀត”។
យុទ្ធសាស្ត្រសហប្រតិបត្តិការអភិវឌ្ឍន៍អឺរ៉ុបសម្រាប់កម្ពុជាឆ្នាំ២០១៤-២០១៨កំពុងទទួលបានការគាំទ្រពីគណៈប្រតិភូសហភាពអឺរ៉ុបប្រចាំកម្ពុជា ដែលមានដូចជាសាធារណរដ្ឋឆែក ប្រទេសហ្វាំងឡង់ បារំាង អៀរឡង់ អេស្ប៉ាញ ស៊ុយអែត ស្វ៊ីស និងចក្រភពអង់គ្លេស។
សេចក្ដីថ្លែងការណ៍នេះមិនបានពន្យល់ច្បាស់លាស់ថា តើប្រទេសទាំងនេះនឹងធ្វើការជាមួយគ្នាកាន់តែជិតស្និទ្ធ ឬថា តើវានឹងជួយបានដោយរបៀបណានោះទេ។ ប៉ុន្តែវាគូសបញ្ជាក់ថា គោលការណ៍អាទិភាពរួមរបស់ពួកគេ គឺត្រូវឆ្លុះបញ្ចាំងឲ្យគៀកនូវការខំប្រឹងប្រែងរបស់រដ្ឋាភិបាល “ក្រៅពីកំណែទម្រង់កងកម្លាំងប្រដាប់អាវុធ”។
ដៃគូអភិវឌ្ឍន៍ទាំងនេះបាននិយាយថា ពួកគេបានជួបជាមួយតំណាងពាណិជ្ជកម្មនិងអង្គការក្រៅរដ្ឋាភិបាលនានាដើម្បីពិភាក្សាអំពីផែនការនេះនៅក្នុងខែមីនា និងជាមួយមន្ត្រីសុខាភិបាលកម្ពុជាកាលពីម្សិលមិញ។ ពួកគេបានលើកឡើងថា ពួកគេនឹងពិគ្រោះយោបល់គ្នាក្នុងពេលឆាប់ៗជាមួយម្ចាស់ជំនួយបរទេសផ្សេងៗរបស់កម្ពុជាស្ដីពីផែនការនេះ ហើយនឹងរៀបចំបញ្ចប់យុទ្ធសាស្ត្រនេះនៅដំណាច់ខែមេសា។
ដំណឹងនេះកើតមានចំថ្ងៃដែលគណៈប្រតិភូសមាជិកសភាអឺរ៉ុបប្រាំពីររូបបានមកដល់រាជធានីភ្នំពេញសម្រាប់ដំណើរទស្សនកិច្ចរយៈពេលបួនថ្ងៃ ដើម្បីដោះស្រាយបញ្ហាផ្សេងៗដូចជា ការអភិវឌ្ឍសិទ្ធិមនុស្ស បញ្ហាការងារ និងស្ថានភាពជាប់គាំងផ្នែកនយោបាយនាពេលបច្ចុប្បន្ន។
សេចក្ដីថ្លែងការណ៍មួយរបស់រដ្ឋសភាកម្ពុជាស្ដីពីដំណើរទស្សនកិច្ចនេះលើកឡើងថា គណៈប្រតិភូមួយក្រុមនេះនឹងចូលជួបសវនាការជាមួយលោក សុខ អាន រដ្ឋមន្ត្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ត្រី លោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោកស្រី ឃួន សុដារី អនុប្រធានទី២ នៃរដ្ឋសភា និងលោក ឈាង វុន ប្រធានគណៈកម្មាធិការទទួលបន្ទុកកិច្ចការបរទេសនៃរដ្ឋសភា។
ដំណើរទស្សនកិច្ចនេះធ្វើឡើងចំពេលកំពុងមានវិវាទនយោបាយរវាងគណបក្សប្រជាជនកម្ពុជាកំពុងកាន់អំណាច និងគណបក្សសង្គ្រោះជាតិ។ គណបក្សប្រឆាំងចោទប្រកាន់រដ្ឋាភិបាលថា បានលួចបន្លំនៅក្នុងការបោះឆ្នោតជាតិកាលពីឆ្នាំមុន។ ជាការតវ៉ា គណបក្សប្រឆាំងមិនព្រមទទួលយកអាសនៈសភា ដែលខ្លួនទទួលបានជាផ្លូវការនៅក្នុងការបោះឆ្នោតនោះទេ។
គណបក្សសង្គ្រោះបានជំរុញឲ្យម្ចាស់ជំនួយនានារបស់កម្ពុជាកុំចុះកិច្ចព្រមព្រៀងផ្ដល់ជំនួយថ្មីណាមួយជាមួយរដ្ឋាភិបាលបច្ចុប្បន្ន រហូតទាល់តែវិវាទរបស់ខ្លួនជាមួយគណបក្សប្រជាជនកម្ពុជាត្រូវបានដោះស្រាយចប់សិន៕ សុខុម
(រាយការណ៍បន្ថែមដោយ ហ៊ុល រស្មី)