32 C
Phnom Penh

ច្បាប់​សហ​ជីព​ថ្មី​នឹង​គោរព​តាម​អនុសញ្ញារបស់​អង្គការ​ពល​កម្ម​អន្តរជាតិ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាលពី​ម្សិល​មិញ​ លោក​ អិុត​ សំហេង​ រដ្ឋ​មន្ត្រី​ក្រសួង​ការ​ងារ​​បាន​ឲ្យ​ដឹង​ថា លោក​បាន​ផ្ញើ​​លិខិត​មួយ​ច្បាប់​ដើម្បី​ឆ្លើយ​តប​នឹង​ក្រុម​ហ៊ុន​សម្លៀក​បំពាក់​អន្តរជាតិ​ចំនួន​៣០​ ដែល​កាល​ពី​ពេល​ថ្មី​ៗ​នេះ​ បាន​ផ្ញើ​លិខិត​មក​រដ្ឋាភិ​​បាល​ដើម្បសម្តែង​​ក្តី​ព្រួយ​បារម្ភ​របស់​ខ្លួន​ចំពោះ​សេចក្តី​ព្រាង​នៃ​ច្បាប់​សហជីព​​ដែល​អាច​អនុញ្ញាត​ឲ្យ​មាន​ការរម្លាយ​សហជីព​ដោយ​មិនអាច​ប្រកែក​បាន​។

ថ្លែង​នៅ​ខា​ង​ក្រៅ​សន្និសីទ​មួយ​ស្តី​អំពី​ពល​ករ​ទេសន្តរប្រវេសន៍​ នៅ​ក្នុង​រាជ​ធានី​ភ្នំពេញ​ លោក​ សំហេង​ បាន​លើក​ឡើង​ថា លោក​​បាន​សរសេរ​លិខិត​ផ្ញើ​ទៅកាន់​ក្រុម​ហ៊ុនសម្លៀក​បំពាក់យីហោ​​ល្បី​ៗ​នានា​ រួម​មាន​ ក្រុមហ៊ុន​សម្លៀក​បំពាក់​យីហោ​ H&M  Gap និង​ Nike ជា​ដើម​ ដោយ​ប្រាប់​ថា​ ច្បាប់​សហ​ជីព​នឹង​ពិចារណា​លើ​អនុសញ្ញា​ការ​ងារ​អន្តរ​ជាតិ​ដែល​ប្រទេស​កម្ពុជា​បាន​ចុះ​ហត្ថលេខា​ក៏​ដូច​ជា​ពិចារណា​លើ​ទិដ្ឋភាព​ជាក់​ស្តែង​នៅ​ក្នុង​ប្រទេស​កម្ពុជា​ផង​ដែរ​។

នៅ​ក្នុង​លិខិត​របស់​ពួក​គេ​ ដែល​ធ្វើ​ឡើង​កាល​ពី​ថ្ងៃទី​១៤​ខែ​មីនា​ ក្រុម​ហ៊ុន​សម្លៀក​បំពាក​់​យីហោ​ល្បី​ៗ​ បាន​លើក​ឡើង​ថា ​ពួក​គេ​ព្រួយ​បារម្ភ​ ខ្លាច​​ក្រែង​ច្បាប់​នេះ​មិន​អនុ​លោម​​តាម​អនុសញ្ញា​របស់​អង្គការ​ពលកម្ម​អន្តរជាតិ​ ដែល​ការពារ​សិទ្ធិ​សេរី​ភាពរបស់​សហ​ជីព​នោះ​។

លោក​ ​ សំហេង​ បាន​ឲ្យ​ដឹង​ថា រដ្ឋាភិ​បាល​កំពុង​ធ្វើ​ការ​ជា​មួយ​មន្ត្រី​មក​ពី​អង្គ​ការ​ពល​កម្ម​អន្តរជាតិ​ ដើម្បី​ធានា​ឲ្យ​បាន​ថា ច្បាប់សហ​ជីព​​ថ្មី​របស់​ប្រទេស​កម្ពុជា​ ពិត​ជា​អនុលោម​​តាម​អនុសញ្ញា​របស់​អង្គការ​ពល​កម្ម​អន្តរជាតិ​ទាំង​ស្រុង​។

លោក​ សំហេង​ បាន​មាន​ប្រសាសន៍​ថា​​ “យើង​ឥឡូវ​នេះ​កំពុង​តែ​រៀប​ចំ​បង្កើត​ច្បាប់​សហជីព​ដោយ​មាន​ការ​គាំ​ទ្រ​ផ្នែក​បច្ចេក​ទេស​ពី​អង្គការ​ពល​កម្ម​អន្តរជាតិ ​ហើយ​គោល​នយោ​បាយ​ថ្មី​របស់​យើង​សម្រាប់​ច្បាប់​នេះ​ គឺ​ធ្វើ​យ៉ាងណា​ឲ្យ​អនុលោម​ទៅ​តាម​អនុ​សញ្ញា​ដែល​ប្រទេស​កម្ពុជា​បាន​ចុះ​ហត្ថលេខា​”។

ដោយ​លើក​ឡើង​ម្តង​ទៀត​ ចំពោះ​អ្វី​ដែល​​​លោក​បាន​ធ្វើ​ឡើង​មុនពេល​​ទទួល​បា​ន​លិខិត​ពី​ក្រុមហ៊ុន​សម្លៀក​បំពាក់​យីហោ​ល្បីៗ​ កាល​ពី​ដើម​ខែ​នេះ​លោក​ សំហេង បាន​បន្ថែម​​​ថា ចាំបាច់​ត្រូវ​តែ​មានការ​ពិចារណា​ឲ្យ​បាន​ច្បាស់​លាស់​នៅ​ក្នុង​ការ​បត់​បែន​មួយ​ចំនួន​ពេល​ធ្វើ​ការ​ដោយ​អនុលោម​​ទៅ​តាម​អនុសញ្ញា​របស់​អង្គការ​ពលកម្ម​អន្តរជាតិ​។

លោក​ សំហេង​ បាន​ពន្យល់​ថា​ “ចំណុច​មួយ​គឺ​ថា យើង​ចាំបាច់​ត្រូវ​តែ​ធ្វើ​រឿង​នេះ​ដោយ​យោង​តាម​បរិបទរបស់​ប្រទេស​កម្ពុជា​​និង​បទប្បញ្ញត្តិ​ដែល​មាន​សុពល​ភាព​ផ្សេង​ទៀត​។ ច្បាប់​សហជីព​នឹង​ផ្តល់​ការ​ធានា​ដើម្បី​​​ធ្វើ​ឲ្យ​សិទ្ធិ​សេរី​សហជីព​ប្រសើរ​ឡើង​ក៏​ដូច​ជា​ទប់​ស្កាត់​ការ​រំលោភ​បំពាន​ច្បាប ់​នៅ​ពេល​ពួ​កគេ​ប្រើ​សិទ្ធិ​របស់​ខ្លួន​ក្នុង​នាម​ជា​សហ​ជីព​ ដើម្បី​ធ្វើ​សកម្មភាព​ខុស​ច្បាប់​នោះ​”។

រដ្ឋ​មន្ត្រី​ក្រសួង​ការ​ងារ​រូប​នេះ​បាន​លើក​ឡើង​ទៀត​ថា លិខិត​របស់​លោកដែល​​ផ្ញើ​ទៅកាន់​​ក្រុមហ៊ុន​សម្លៀក​បំពាក់​យីហោ​ល្បី​ៗ​ទាំង​នេះ​គឺ​បាន​ឆ្លើយ​តប​ទៅ​នឹង​ការ​ទាម​ទារ​ជា​យូរ​មកហើយ​ដែល​ចង់​ឲ្យ​រដ្ឋាភិបាល​បង្កើត​​យន្តការកំណត់​​ប្រាក់​ខែគោល​នៅ​ក្នុង​ប្រទេស​កម្ពុជា​នោះ​។ តំណាង​របស់​ក្រុម​ហ៊ុន​សម្លៀក​បំពាក់​យីហោ​ H&M និង​ Gap បាន​លើក​ឡើង​ពី​​ការ​ទាម​ទារ​នេះ​នៅ​ក្នុង​កិច្ច​ប្រជុំ​មួយ​ជាមួយ​មន្ត្រី​ជាន់​ខ្ពស់​របស់​រដ្ឋាភិបាល​ក្នុង​រា​ជ​ធានី​ភ្នំពេញ​កាល​ពី​ថ្ងៃ​ទី​១៩​ ខែ​កុម្ភៈ​។

លោក សំហេង​ បាន​មាន​ប្រសាសន៍​​​​ថា “ឥឡូវ​នេះ​យើង​កំពុង​តែ​ធ្វើ​ការ​ជា​មួយ​អង្គ​ការ​​ពល​កម្ម​អន្តរជាតិ​ ហើយ​អង្គការ​នេះ​បាន​បញ្ជូន​គម្រោង​នេះមក​ឲ្យ​យើង​រួច​ហើយ​។ យើង​កំពុង​តែ​ត្រួត​ពិនិត្យ​គម្រោង​នេះ​ ហើយ​​​បន្ទាប់​ពី​ត្រួត​ពិនិត្យ​រួច ​យើង​​នឹង​បន្ត​សិក្សា​លើ​ប្រាក់​ខែ​គោល​សម្រាប​​់់​កម្មករ​”។ លោក​បាន​បន្ថែម​ថា យន្តការ​នេះ​នឹង​ត្រូវ​ប្រតិបត្តិ​រួម​ជា​មួយ​អង្គការ​ពល​កម្ម​អន្តរជាតិ៕​ស៊ុយឈាង

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស