លោក អិុត សំហេង រដ្ឋមន្ត្រីក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានមានប្រសាសន៍កាលពីម្សិលមិញថា ថ្ងៃនេះរដ្ឋាភិបាលនឹងចាប់ផ្ដើមធ្វើការត្រួតពិនិត្យតឹងរឹុងលើទីភ្នាក់ងារនានា ដែលជ្រើសរើសពលករបញ្ជូនទៅធ្វើការនៅបរទេស។ រដ្ឋមន្ត្រីរូបនេះធ្លាប់បានព្រមានរួចមកហើយថា នឹងព្យួរ ឬដកអាជ្ញាប័ណ្ណពីទីភ្នាក់ងារណា ដែលមិនគោរពច្បាប់ការងារ។
ថ្លែងក្នុងសិក្ខាសាលាមួយរៀបចំឡើងដើម្បីណែនាំអប់រំទីភ្នាក់ងារជ្រើសរើសពលករ ដែលបានចុះបញ្ជីចំនួន៤៣នៅក្នុងប្រទេសកម្ពុជា លោក អិុត សំហេង បានក្រើនរំឭកទីភ្នាក់ងារទាំងនេះឲ្យអនុវត្តខ្ជាប់ខ្ជួនតាមប្រកាសថ្មីចំនួនប្រាំបី ឬសារាចររបស់ក្រសួងដែលបានចូលជាធរមានកាលពីចុងឆ្នាំមុន។
លោក អិុត សំហេង បានមានប្រសាសន៍ថា “ខ្ញុំសូមផ្ដល់អនុសាសន៍ដល់ទីភ្នាក់ងារនីមួយៗ អស់លោកត្រូវតែត្រៀមខ្លួនឲ្យបានល្អ អស់លោកត្រូវតែធ្វើឲ្យក្រុមហ៊ុនរបស់អស់លោកមានស្ថិរភាព អស់លោកត្រូវតែធ្វើជាទីភ្នាក់ងារពិតប្រាកដ ជាអង្គភាពពិតប្រាកដ។ វាមិនមែនជាការលេងសើចទេ រដ្ឋាភិបាលនិងក្រសួងនឹងចាប់អស់លោកឲ្យទទួលខុសត្រូវប្រសិនបើអស់លោកបោកប្រាសពលករ”។ លោកមានប្រសាសន៍ថា បន្ទាប់ពីការព្រមានពីរដង “ប្រសិនបើបញ្ហាមិនត្រូវបានដោះស្រាយទេនោះ យើងនឹងឈានទៅដល់ការលុបចោលអាជ្ញាប័ណ្ណ”។
លិខិតបទដ្ឋានដែលមានឈ្មោះថា ការបញ្ជូនពលករទៅបរទេសតាមរយៈទីភ្នាក់ងារជ្រើសរើសពលករឯកជននេះ ត្រូវបានរៀបចំឡើងដើម្បីចាប់ទីភ្នាក់ងារជ្រើសរើសពលករនានាទទួលខុសត្រូវចំពោះការបណ្ដុះបណ្ដាលនិងទង្វើប្រព្រឹត្តិទៅលើពលករទេសន្ដរប្រវេសន៍ និងដើម្បីដាក់ចេញនូវយន្តការបណ្ដឹងតវ៉ាមួយសម្រាប់ពលករប្រើប្រាស់ ខណៈពេលកំពុងរស់នៅបរទេស។
ក្នុងពេលកន្លងមកពលករទេសន្តរប្រវេសន៍បានចាញ់ការបោកបញ្ឆោតលួងលោមពីសំណាក់មេខ្យល់ទុច្ចរិត ដែលសន្យាមិនពិតជាមួយពួកគេ ហើយបន្ទាប់មកត្រូវទទួលរងការធ្វើបាបពីសំណាក់ថៅកែ នៅពេលពួកគេទៅដល់គោលដៅរបស់ខ្លួននៅបរទេស។ នៅក្នុងឆ្នាំ២០១១ ក្រោយពីមានសេចក្ដីរាយការណ៍ជាច្រើនអំពីការរំលោភបំពានធ្ងន់ធ្ងរពីសំណាក់ថៅកែនៅក្នុងប្រទេសម៉ាឡេសីុលោក នាយករដ្ឋមន្ត្រី ហ៊ុន សែន បានដាក់បម្រាមមិនឲ្យបញ្ជូនស្ត្រីជំនួយការមេផ្ទះទៅកាន់ទីនោះទៀត។
លោក អិុត សំហេង បានមានប្រសាសន៍ថា “ពីមុនទីភ្នាក់ងារមួយចំនួនគ្រាន់តែជួលផ្ទះពីរល្វែងប៉ុណ្ណោះ ហើយដាក់ពលករនៅក្នុងនោះពី៦០ ទៅ៧០នាក់ វាមិនមែនជាមជ្ឈមណ្ឌលបណ្ដុះបណ្ដាលទេ ប៉ុន្តែវាជាមណ្ឌលឃុំឃាំង។ យើងនឹងមិនបណ្ដោយឲ្យរឿងនេះកើតឡើងទៀតទេ”។
លោក ឃ្លាំង រីន អ្នកសម្របសម្រួលគម្រោងនៅអង្គការពលកម្មអន្តរជាតិ ILO ដែលបានជួយធ្វើសេចក្ដីព្រាងសារាចរណែនាំថ្មីទាំងនេះ បានមានប្រសាសន៍កាលពីម្សិលមិញថា អង្គការ ILO គ្មានតួនាទីនៅក្នុងការពិនិត្យតាមដានទេ។ លោកបានមានប្រសាសន៍ទៀតថា “ពួកយើងមិនដឹងច្បាស់ពីតារាងសម្រាប់ការពិនិត្យតាមដាននេះទេ ប៉ុន្តែខ្ញុំយល់ថា វានឹងដូចគ្នាបេះបិទទៅនឹងអ្វីនៅក្នុងប្រកាសនេះ”។ លោកបានបង្វែរសំណួរបន្ថែមទៀតទៅលោក ម៉ាក ធូណុន (Max Tunon) អ្នកសម្របសម្រួលជាន់ខ្ពស់នៅអង្គការ ILO ដែលមិនអាចទាក់ទងបាន។
ក្រសួងការងារក៏បដិសេធមិនផ្ដល់ ទស្សនវិស័យបន្ថែមទៀតលើស្ថានភាពជាក់លាក់ដែលទីភ្នាក់ងារជ្រើសរើសពលករនានាអាចនឹងត្រូវឆ្លងកាត់ការពិនិត្យពិច័យយ៉ាងហ្មត់ចត់យ៉ាងណានោះទេ អំឡុងពេលពិនិត្យតាមដានរបស់រដ្ឋាភិបាល។
លោក រ៉ាវី ចាន់ដ្រាន (Ravi Chandran) នាយកគ្រប់គ្រងនៅ Unicorn ដែលជាទីភ្នាក់ងារជ្រើសរើសពលករមួយរបស់ម៉ាឡេស៊ី បានមានប្រសាសន៍ថា លោកសង្ឃឹមថា បម្រាមបច្ចុប្បន្នលើការបញ្ជូនស្ត្រីជំនួយការមេផ្ទះកម្ពុជាទៅកាន់ប្រទេសម៉ាឡេសីុ នឹងត្រូវដកចេញវិញ។ លោកបានបង្ហាញមន្ទិលថា សារាចរណែនាំនេះនឹងមិនធានាការពារសិទ្ធិរបស់ពលករឲ្យបានត្រឹមត្រូវនោះទេ។
លោកថ្លែងថា “យើងជាក្រុមហ៊ុនស្របច្បាប់ ដែលគោរពសិទ្ធិពលករប៉ុន្តែយើងតែងតែក្លាយជាអ្នកខាតបង់។ ដូចយើងដឹងស្រាប់ហើយថា នៅក្នុងប្រទេសកម្ពុជាអ្វីក៏អាចទិញបានដែរ។គ្មានទីភ្នាក់ងារក្នុងស្រុកណាមួយដែលនឹងឆ្លងមិនផុតដំណាក់កាលពិនិត្យតាមដាននេះឡើយ ពួកគេដឹងថាគួរធ្វើយ៉ាងណាហើយ”៕ សុខុម