33 C
Phnom Penh

មាន​ការ​សាក​សួរ​ក្រុមគ្រួសារ​​របស់​អ្នក​តវ៉ា​ដែល​បាន​ស្លាប់​ ទោះ​​​​ការ​ស៊ើប​អង្កេត​ត្រូវ​បិទ​ក៏​ដោយ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សមាជិក​គ្រួសារ​បុរស​ពីរនាក់​ដែល​ត្រូវ​បាន​កម្លាំង​កង​រាជអាវុធ​ហត្ថ​បាញ់​សម្លាប់​អំឡុង​ប្រតិបត្តិការ​បង្ក្រាប​សកម្មភាព​តវ៉ា​របស់​កម្មក​រ​រោង​ចក្រ​កាលពី​ខែ​មករា ត្រូវ​បាន​សាក​សួរ​កាលពី​ម្សិលមិញ នៅ​ក្រសួង​មហា​ផ្ទៃ​ ទោះ​បី​ជា​ប្រតិបត្តិការ​ស៊ើប​អង្កេត​ក្នុង​ករណី​បាញ់​សម្លាប់​ទាំង​នេះ​ត្រូវ​បាន​ប្រកាស​​ជា​ផ្លូវ​ការ​ថា ត្រូវ​បាន​បិទ​កាលពី​ថ្ងៃ​ទី១៦ខែនេះ​ក៏​ដោយ​។

លោក សួន ណារ៉ា បង​ប្រុស​របស់​ជន​រង​គ្រោះ​ឈ្មោះ​ យាន រិទ្ធី អាយុ​២៥​ឆ្នាំ និង​លោក​ខែម សឿន ឪពុក​របស់​ជន​រង​គ្រោះ​ឈ្មោះ ខែម  សុផាត អាយុ​១៦​ឆ្នាំ បាន​ឲ្យ​ដឹង​ថា នគរ​បាល​ព្រហ្មទណ្ឌបាន​សួរ​ពួកគាត់​យ៉ាង​លម្អិត​អំពី​ហេតុការណ៍​កាលពី​ថ្ងៃ​ទី​៣ ខែមករា។

ជនរងគ្រោះ យាន រិទ្ធី ត្រូវ​បាន​កម្លាំង​កង​រាជអាវុធ​ហត្ថ​​សម្លាប់​។ សាក​សព​របស់​ជន​រង​គ្រោះ​ ខែម  សុផាត មិន​ត្រូវ​បាន​រក​ឃើញ​ទេ​ក៏​ប៉ុន្តែ គេ​ឃើញ​សាក​សព​ជន​រង​គ្រោះ​រូប​នេះ​លើក​ចុង​ក្រោយ​មាន​ឈាម​ហូរ​ចេញ​យ៉ាង​ច្រើន​ពី​មុខ​របួស​នៅ​លើ​ទ្រូង​ នៅ​ក្នុង​សកម្មភាព​នៃការ​តវ៉ា​នេះ​។ អង្គការ​សិទ្ធិ​មនុស្ស​នានា​បាន​អំពាវ​នាវ​ឲ្យ​អាជ្ញាធរ​ស៊ើប​អង្កេត​រក​សាក​សព​របស់​ជន​រង​គ្រោះ​រូប​នេះ​។

លោក សួង សាមុល ឪពុក​របស់​ជន​រង​គ្រោះ​ម្នាក់​ផ្សេង​ទៀត​ឈ្មោះ គឹម ផលលាប​ អាយុ​២៥​ឆ្នាំ ​​ស្ថិត​ក្នុង​ចំណោម​ជន​រង​គ្រោះ​ទាំង​ប្រាំ​នាក់​ដែល​ត្រូវ​បាន​កម្លាំង​ប្រដាប់​អាវុធ​សម្លាប់​ក៏​បាន​ឲ្យ​ដឹង​ផង​ដែរ​ថា នគរបាល​បាន​សាក​សួរ​លោក​កាលពី​ថ្ងៃ​ព្រហស្បតិ៍​សប្តាហ៍​មុន។ លោក សាមុល បាន​ឲ្យ​ដឹង​ថា អំឡុង​ការ​សាក​សួរ​នៅ​ក្រសួង​មហា​ផ្ទៃ​ នគរបាល​ចង់​ផ្លាស់​ប្តូរ​​ការ​ស្តី​បន្ទោស​ដោយ​សារ​ខ្លួន​គ្មាន​សមត្ថ​ភាព​កំណត់​អត្ត​សញ្ញាណ​ និង​នាំ​ជន​សង្ស័យ​ពី​បទ​សម្លាប់​មនុស្ស​នៅ​ផ្លូវ​វេងស្រេង​ទាំង​អស់​ទៅផ្តន្ទា​ទោស​។

លោក​ថ្លែង​ថា “ពួក គេ​បាន​និយាយ​ថា យើង​គួរ​តែ​បានដាក់​ពាក្យ​បណ្តឹង​ភ្លាម​ៗ​ ក្រោយពេល​​សកម្មភាព​បាញ់​សម្លាប់ ​កើត​ឡើង​ ​នោះ​​ពួកគេ​អាច​រក​យុត្តិ​ធម៌​ឲ្យ​ពួក​យើង​បាន”។ លោក​បាន​សួរ​ថា “ ​​ប៉ុន្តែ អ្នក​ណា​ទៅ​ហ៊ាន​​ដាក់​ពាក្យ​ប្តឹង​អាជ្ញាធរ​ទៅ​  បើ​ពួកគេ​សម្លាប់​កូន​ប្រុស​របស់​ខ្ញុំ​នោះ?”

នៅ​ពេល​ដែលទំនាក់​ទំនង​កាលពី​ម្សិល​មិញ​ លោក​ ខៀវ សុភ័គ អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ​បាន​បដិសេធ​មិន​​​ពន្យល់​​ពី​មូល​ហេតុ​អ្វី​បាន​ជា​ប្រតិបត្តិការ​ស៊ើប​អង្កេតហាក់​ដូច​​ជា​បាន​ដំណើរការ​ឡើង​វិញ​ ទោះ​ជា​លោក ភូ ពៅ​ស៊ុន ចៅ​ក្រម​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ​​បាន​ប្រកាស​ថា ប្រតិបត្តិការ​នេះ​ត្រូវ​បាន​បិទ​កាលពី១០​ថ្ងៃ​មុន​ក៏​ដោយ​។

លោកឧត្តម​សេនីយ៍ ខៀវ សុភ័គ បាន​មាន​ប្រសាសន៍​មុន​ពេល​បិទ​ទូរស័ព្ទ​ថា “ លោក​ត្រូវ​សួរ​លោកឧត្តម​សេនីយ៍​ត្រី​ ខេង ទីតូ [អ្នក​នាំ​ពាក្យ​កង​រាជអាវុធ​ហត្ថ​]។ យើង​ចែក​រំលែក​បន្ទុក​ក្នុងការ​ឆ្លើយ​សំណួរ​ទាំង​នេះ​”។

លោកឧត្តមសេនីយ៍​ត្រី ខេង ទីតូ បាន​បដិ​សេធ​ម្តង​ហើយ​ម្តង​ទៀត​ថា កម្លាំង​កង​រាជ​អាវុធ​ហត្ថ​មិន​បាន​សម្លាប់​កម្មករ​រោង​ចក្រ​កាត់​ដេរ​ទាំង​ប្រាំ​នាក់​កាលពី​ថ្ងៃ​ទី​៣ ខែមករា​ទេ ទោះ​បីជា​អ្នកសារព័ត៌មាន​ និង​អ្នក​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​បាន​ឃើញ​កម្លាំង​ទាំង​នោះ​បាញ់​កាំ​ភ្លើង​ AK-47 រះ​ទៅ​លើ​ក្រុម​អ្នក​តវ៉ា​ក៏​ដោយ​។

កាលពី​ដើម​សប្តាហ៍​នេះ លោក​បាន​ឲ្យ​ដឹង​ថា សេចក្តី​ប្រកាស​អំពី​ប្រតិបត្តិការ​ស៊ើប​អង្កេត​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​ក្រសួង​មហាផ្ទៃ​។

អាជ្ញាធរ​ក៏​មិនបាន​នាំ​ជន​ល្មើស​ដែល​បាន​ស​ម្លាប់​អ្នក​ឈរ​មើល​ឈ្មោះ ម៉ៅ សុខច័ន្ទ និង​ឈ្មោះ អេង សុខុម ដែល​ត្រូវ​បាន​នគរបាល​បាន​បាញ់​ស្លាប់​អំឡុង​សកម្មភាព​តវ៉ា​កាលពី​ចុង​ឆ្នាំ​មុនផង​ដែរ។

លោក ឯម សំអាត ប្រធាន​គ្រប់​គ្រង​បច្ចេក​​​ទេសនៅ​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ ដែល​បាន​ធ្វើ​យុទ្ធនាការ​តាម​រក​កម្លាំង​កង​រាជអាវុធ​ហត្ថ​មក​ផ្តន្ទា​ទោស​ ពី​បទ​ប្រើ​កម្លាំង​ហួស​កម្រិត​នោះ​ បាន​លើក​ឡើង​ថា មន្ត្រី​នានា​កំពុង​ពន្យារ​​ពេល​ ដោយ​ហៅ​គ្រួសារ​ជន​រង​គ្រោះ​ទៅ​សាក​សួរ​ដោយ​គ្មាន​លទ្ធផល​។

លោក ឯម សំអាត បាន​មាន​ប្រសាសន៍​ថា “យើង​បាន​ឮ​ថា ពួកគេ​បាន​បិទ​ប្រតិបត្តិ​ការ​ស៊ើប​អង្កេត​នេះហើយ។ ការ​ហៅ​សមា​ជិក​គ្រួសារ​ទៅ​សាក​សួរ​ម្តង​ទៀត​នេះ គ្រាន់​តែ​ជា​ករណី​មួយ​ផ្សេង​ទៀតដែល​ជា​លេស​របស់​អាជ្ញាធរ​​នៅ​ក្នុង​រឿង​ក្តី​នេះ”។ លោក​បន្ថែម​ទៀត​ថា “ពួកគេ​ត្រូវ​បង្ហាញ​លទ្ធផល​នៃ​ការ​ស៊ើប​អង្កេត​​ ហើយ​ត្រូវ​រក​យុត្តិធម៌​ជូន​គ្រួសារ​ទាំង​នេះ​”៕ សុធា

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស