អង្គការតស៊ូមតិមួយបានព្រមានកាលពីម្សិលមិញថា ការភ័យខ្លាចមានកាន់តែខ្លាំងឡើងៗដោយសារថា ការបើកសវនាការជំនុំជម្រះពីទោសក្បត់ជាតិនៅថ្ងៃសុក្រលើបុរសជនជាតិភាគតិចខ្មែរ និងខ្មែរក្រោមប្រាំពីរ នាក់ដែលត្រូវបានចាប់ខ្លួនក្នុងប្រទេសថៃ ហើយបានបញ្ជូនមកប្រទេសកម្ពុជាកាលពីឆ្នាំមុននោះ គឺជារឿងមិនត្រឹមត្រូវ ដោយសារខ្វះភ័ស្តុតាងសម្រាប់ភ្ជាប់បុរសទាំងនេះ។
បុរសទាំងប្រាំពីរនាក់នេះត្រូវបានឃុំខ្លួនកាលពីឆ្នាំមុនក្នុងពន្ធនាគារព្រៃស រាជធានីភ្នំពេញដោយចោទប្រកាន់ពីបទមានគម្រោង ផ្តល់មធ្យោបាយដល់បរទេសក្នុងការធ្វើសកម្មភាពប្រឆាំងប្រទេសកម្ពុជា ជាការចោទប្រកាន់ដែលមានទោសជាប់ពន្ធនាគាររហូតដល់១០ឆ្នាំ។
បុរសបួននាក់ក្នុងចំណោមបុរសទាំងនោះក៏ត្រូវបានចោទប្រកាន់ពីបទឆ្លងដែនខុសច្បាប់ពីប្រទេសកម្ពុជាទៅប្រទេសថៃផងដែរ។ ការព្រួយបារម្ភអំពីសវនាការជំនុំជម្រះនេះត្រូវបានលើកឡើងដោយអង្គការសិទ្ធិជនជាតិភាគតិច ជាអង្គការការពារខ្មែរក្រោម ដែលមកពីតំបន់ដីសណ្តទន្លេមេគង្គនៃប្រទេសវៀតណាម។
អង្គការនេះបានលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍ថា “អង្គការសិទ្ធិជនជាតិភាគតិចអះអាងថា ការចាប់ខ្លួនបុរសទាំងប្រាំពីរនាក់នេះគឺខុសច្បាប់។គេមិនបានរកឃើញអាវុធបន្ទាប់ពីឃុំខ្លួនពួកគេក្នុងពន្ធនាគារ។ជាងនេះទៅទៀតនោះ ពួកគេមិនបានជូនដំណឹងអំពីមូលហេតុនៃការចាប់ខ្លួន ឬបង្ហាញដីការចាប់ខ្លួនពួកគេឡើយ”។
អង្គការសិទ្ធិជនជាតិភាគតិចបានឲ្យដឹងថា ខ្លួនជឿថា “ការកែប្រែបទចោទប្រកាន់ជាច្រើនលើកច្រើនសា” ពីការបង្កើតក្រុមភេរវកម្មប្រដាប់អាវុធទៅជាការផ្តល់សម្ភារការពារជាតិទៅឲ្យបរទេស មកជាបទចោទប្រកាន់នាពេលបច្ចុប្បន្ននេះ “បង្ហាញឲ្យឃើញពីកង្វះភ័ស្តុតាងគួរឲ្យជឿជាក់បានសម្រាប់បទល្មើសដែលមានស្រាប់”។
អង្គការនេះក៏បានឲ្យដឹងដែរថា បុរសពីរនាក់ក្នុងចំណោមពួកគេបានអះអាងថា ពួកគេត្រូវបានវាយដំ និងធ្វើទារុណកម្មពេលស្ថិតក្រោមការឃុំខ្លួនរបស់នគរបាល ហើយបារម្ភថាខ្លាចគេប្រើ “ព័ត៌មានដែលត្រូវបានលាតត្រដាងដោយមិនត្រឹមត្រូវនោះ ជាភ័ស្តុតាងប្រឆាំងពួកគេ”។
បុរសខ្មែរក្រោមពីរនាក់ឈ្មោះ សួន ផល អាយុ៥៣ឆ្នាំ និង យិន យ៉ាវ អាយុ៥៦ឆ្នាំ ត្រូវ បានចាប់ខ្លួនកាលពីថ្ងៃទី៨ ខែមីនា ឆ្នាំ២០១៣ នៅក្នុងខេត្តប៉ះធុម ថានី ប្រទេសថៃ។ យ៉ន គឹមស្រ៊ុន អាយុ២៨ឆ្នាំ យ៉ន យឿប អាយុ២៦ឆ្នាំ ថាច់ គង់ភួង អាយុ៣៨ឆ្នាំ និង ខឹម ម៉ា អាយុ២៩ឆ្នាំ ត្រូវបានចាប់ខ្លួនមួយសប្តាហ៍ក្រោយមកនៅក្នុងខេត្តដដែលនេះ។
បន្ទាប់ពីការចាប់ខ្លួនបុរសទាំងនេះមួយឆ្នាំកន្លងមក ឧត្តមសេនីយ៍ឯក គៀត ច័ន្ទថារិទ្ធ អ្នកនាំពាក្យនគរបាលជាតិបានមានប្រសាសន៍ ថា នគរបាលមានភ័ស្តុតាងពាក់ព័ន្ធបទឧក្រិដ្ឋដែលគេចោទឡើងនេះក្នុងទម្រង់ជា “ឯកសារទាក់ទងនឹងរណសិរ្សសង្គ្រោះជាតិខ្មែរដែលរួមមានអនុស្សរណៈរបស់រណសិរ្ស និងឯកសារផ្សេងៗទៀតរបស់រណសិរ្សក្នុងការធ្វើសកម្មភាពប្រឆាំងនឹងរាជរដ្ឋាភិបាលកម្ពុជា” ។ លោកបានមានប្រសាសន៍ថា នគរបាលដឹងថា ក្រុមនេះជាចលនាប្រឆាំងរដ្ឋាភិបាលដែលមានមូលដ្ឋាននៅប្រទេសថៃ។
តាមប្រវត្តិសាស្ត្រ ខ្មែរក្រោមគឺជាជនរងគ្រោះដោយការរំលោភសិទ្ធិមនុស្សពីសំណាក់រដ្ឋាភិបាលវៀតណាមហើយជារឿយៗបានស្វែងរកសិទ្ធិជ្រកកោននៅក្នុងប្រទេសជិតខាង៕សារុន