ក្រុមអ្នកជំនាញខាងជំងឺគ្រុនចាញ់បានលើកឡើងកាលពីម្សិលមិញនៅក្នុងរាជធានីភ្នំពេញថា ជំងឺគ្រុនចាញ់ដែលសុាំនឹងថ្នាំមិនត្រឹមតែកំពុងរាលដាលនៅទូទាំងតំបន់អាស៊ីអាគ្នេយ៍ប៉ុណ្ណោះទេ ប៉ុន្តែវាថែមទាំងកំពុងវិវឌ្ឍខ្លួននៅតាមតំបន់ដាច់ស្រយាលទៀតផង។

អ្នកជំនាញកម្ពុជានិងអន្តរជាតិបាននិយាយថា ការយល់ដឹងថ្មីនេះទាមទារឲ្យមានយុទ្ធសាស្ត្រថ្មីមួយសម្រាប់ប្រយុទ្ធប្រឆាំងនឹងបារ៉ាស៊ីតដ៏គ្រោះថ្នាក់នេះ។
លោក ប៉ាស្កាល់ រីងវ៉ាល (Pascal Ringwald) មន្ត្រីសម្របសម្រួលទទួលបន្ទុកដោះស្រាយជំងឺគ្រុនចាញ់សុាំនឹងថ្នាំនិងគ្រប់គ្រងការរាលដាលជំងឺនេះសម្រាប់កម្មវិធីជំងឺគ្រុនចាញ់សាកលរបស់អង្គការសុខភាពពិភពលោកបានមានប្រសាសន៍ថា ដោយរកឃើញតំបន់យ៉ាងហោចណាស់ចំនួនប្រាំមួយដែលមាន
ករណីជំងឺគ្រុនចាញ់សុាំនឹងថ្នាំ តំបន់នេះចាំបាច់ត្រូវ “គិតគូរឡើងវិញឲ្យបានហ្មត់ចត់” អំពីយុទ្ធសាស្ត្ររបស់ខ្លួនក្នុងការប្រឆាំងនឹងជំងឺគ្រុនចាញ់។
ដោយមានជំនួយពីអង្គការសុខភាពពិភពលោក និងអង្គការផ្សេងៗទៀត ប្រទេសកម្ពុជាសម្រេចបានសមិទ្ធផលធំៗគួរឲ្យកត់សម្គាល់ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺគ្រុនចាញ់ចាប់តាំងពីជំងឺគ្រុនចាញ់សុាំនឹងថ្នាំ ដែលមានប្រសិទ្ធភាពបំផុត ត្រូវបានបញ្ជាក់ថា កើតមាននៅតាមបណ្ដោយព្រំដែនកម្ពុជា-ថៃនៅក្នុងឆ្នាំ២០០៧មក។
ចំនួនអ្នកស្លាប់ដោយសារជំងឺគ្រុនចាញ់បានធ្លាក់ចុះមកដល់ចំណុចសូន្យក្នុងខេត្តប៉ៃលិន ជាចំណុចចាប់ផ្ដើមដំបូងនៃករណីជំងឺគ្រុនចាញ់សុាំនឹងថ្នាំដែលមានប្រសិទ្ធភាពបំផុតឈ្មោះ artemisinin-based combination therapies ឬហៅកាត់ថា ACTs ។
កាលពីឆ្នាំមុនអង្គការសុខភាពពិភពលោកបានរើការិយាល័យថ្នាក់តំបន់របស់ខ្លួនសម្រាប់ការប្រយុទ្ធប្រឆាំងជំងឺគ្រុនចាញ់សុាំនឹងថ្នាំពីទីក្រុងបាងកកមកកាន់រាជធានីភ្នំពេញក្នុងបំណងព្យាយាមធ្វើឲ្យសម្រេចជោគជ័យជាថ្មីម្ដងទៀតនៅតាមតំបន់ផ្សេងៗ មុនពេលជំងឺគ្រុនចាញ់សុាំនឹងថ្នាំរាលដាលទៅដល់តំបន់អាហ្វ្រិក។ ផែនការឆ្លើយតបគ្រាអាសន្នរយៈពេលបីឆ្នាំមួយដែលមានទំហំ៤០០លានដុល្លារដែលអង្គការសុខភាពពិភពលោកបានបង្កើតឡើងនៅទីនេះកាលពីខែមេសា ឆ្នាំមុន ត្រូវបានរៀបចំឡើងក្នុងគោលបំណងទប់ស្កាត់ជំងឺសុាំនឹងថ្នាំមិនឲ្យឆ្លងរាលដាលចេញពីតំបន់ដែលត្រូវបានរកឃើញករណីជំងឺសុាំនឹងថ្នាំនេះ។
ប៉ុន្តែវេជ្ជបណ្ឌិត ប៉ាស្កាល់ រីងវ៉ាល បានមានប្រសាសន៍ថា ជំងឺសុាំនឹងថ្នាំនេះមិនមែនកំពុងរាលដាលចេញពីតំបន់តែមួយនោះទេ។ ជំងឺសុាំនឹងថ្នាំនេះកំពុងកើតមាននៅតាមចំណុចក្ដៅជាច្រើន។
លោកបានមានប្រសាសន៍នៅឯសន្និសីទមួយរៀបចំឡើងដោយក្រុមហ៊ុន Malaria Consortium ដែលមានមូលដ្ឋាននៅក្នុងប្រទេសអង់គ្លេសថា “ពេលនេះភ័ស្ដុតាងបង្ហាញពីការកើតមានជាច្រើនកន្លែង គឺច្បាស់ណាស់”។ លោកបានប្រៀបធៀបស្ថានភាពជំងឺគ្រុនចាញ់នេះទៅនឹងការពន្លត់អគ្គិភ័យជាច្រើនកន្លែង។
លោកបានមានប្រសាសន៍ថា “វាមានបញ្ហាស្មុគស្មាញខ្លាំង ពីព្រោះវាមិនមែនត្រឹមតែជាការព្យាយាមទប់ស្កាត់អ្វីដែលបានចាប់ផ្ដើមនៅទីនេះ ហើយរាលដាលទៅកន្លែងផ្សេងនោះទេ លើកនេះយើងមានអគ្គិភ័យកើតឡើងជាច្រើនកន្លែង ដូច្នេះហើយយុទ្ធសាស្ត្រក្នុងការទប់ស្កាត់និងលុបបំបាត់វាក៏ត្រូវតែខុសប្លែកគ្នាខ្លាំងដែរ បើប្រៀបធៀបទៅនឹងការកើតឡើងតែមួយកន្លែង ហើយឆ្លងរាលដាលទៅកន្លែងផ្សេង”។
លោក ប៉ាស្កាល់ រីងវ៉ាល មិនទាន់មានចម្លើយនៅឡើយទេនៅពេលស្ថាបនិកក្រុមហ៊ុន Malaria Consortium ឈ្មោះ សីលវីយ៉ា មីក (Sylvia Meek) បានសួរថា តើពួកគេសម្របតាមព័ត៌មាននេះដោយរបៀបណា។ លោកគ្រាន់តែមានប្រសាសន៍ថា ចាំបាច់ត្រូវ “មានការគិតគូរឡើងវិញឲ្យបានហ្មត់ចត់អំពីអ្វីដែលអាចធ្វើបាន”។
សាស្ត្រាចារ្យ អាចេន ដុនដប (Arjen Dondorp) នៅមហាវិទ្យាល័យ Mahidol Oxford Tropical Medical Unit ដែលកំពុងធ្វើការសិក្សាស្រាវជ្រាវអំពីជំងឺគ្រុនចាញ់ដែលសុាំនឹងថ្នាំនៅក្នុងប្រទេសកម្ពុជាបានយល់ស្របថា “គំនិតចាស់យល់ឃើញថា វាកំពុងតែរាលដាលសន្សឹមៗ ហើយយើងចាំចាច់ត្រូវគិតគូរឡើងវិញអំពីការសង់របាំងការពារអគ្គិភ័យ។ ពេលនេះមានករណីហ្សែនប្រែប្រួលជាច្រើនដូច្នេះវាមិនមែនមានតែហ្សែនមួយនោះទេ ដែលកំពុងរាលដាលឆ្ពោះទៅភាគខាងលិច វាក៏មានករណីផ្លាស់ប្ដូរហ្សែន [K-13] ផ្សេងៗផងដែរ”។
K-13 គឺជាហ្សែនដែលមាននៅលើបារ៉ាស៊ីតនៅលើជំងឺគ្រុនចាញ់ដែលការប្រែប្រួលរបស់វាធ្វើឲ្យជំងឺគ្រុនចាញ់សុាំនឹងថ្នាំ ACTs។ អ្វីដែលក្រុមអ្នកសិក្សាស្រាវជ្រាវបានរកឃើញកាលពីឆ្នាំមុននេះ ពេលនេះកំពុងជួយពួកគេគូរផែនទីនិងតាមដានបញ្ហានេះបានល្អប្រសើរជាងមុន។
វេជ្ជបណ្ឌិត អាចេន ដុនដប បានចាត់ទុកការរកឃើញនេះជា “សមិទ្ធផលធំធេង”។ វាក៏មានន័យដែរថា ផែនទីចុងក្រោយបំផុតនៃតំបន់អាស៊ីអាគ្នេយ៍ដែលបង្ហាញពីការឆ្លើយតបរបស់អង្គការសុខភាពពិភពលោកក្នុងប្លុកចំនួនបីទៅនឹងជំងឺគ្រុនចាញ់សុាំនឹងថ្នាំ គឺហួសសម័យទៅហើយ។
ចាប់ពីខែមករាមក ផែនទីនោះបង្ហាញពីតំបន់មួយចំនួននៅក្នុងប្លុកទី១ ចន្លោះប្រទេសវៀតណាម និងប្រទេសថៃភាគខាងកើត និងមួយទៀតនៅតាមបណ្ដោយព្រំដែនថៃ-ភូមា។ លោក អាចេន ដុនដប បានមានប្រសាសន៍ថា ពេលនេះប្លុកទី១ គួរតែរាប់បញ្ចូលតំបន់ភាគច្រើននៃប្រទេសភូមា ជាប្រទេសដែលមានប្រជាជនប្រហែល៦០លាននាក់ផងដែរ។
លោកបានមានប្រសាសន៍អំពីជំងឺគ្រុនចាញ់ដែលសុាំនឹងថ្នាំនេះថា “ពេលនេះវាកំពុងតែរាលដាលយ៉ាងលឿន។ យើងដឹងថា វាបានរាលដាលឆ្ពោះទៅដល់ភាគខាងលិចហើយ”។
នៅពេលអង្គការសុខភាពពិភពលោកបានចាប់ផ្ដើមផែនការឆ្លើយតបគ្រាអាសន្នរបស់ខ្លួនសម្រាប់តំបន់នេះកាលពីខែមេសា ផែនទីចុងក្រោយបំផុតរបស់ខ្លួនបង្ហាញថា មិនទាន់មានការសង្ស័យថា មានករណីជំងឺគ្រុនចាញ់សុាំនឹងថ្នាំនៅក្នុងប្រទេសឡាវផងទេ។ ចាប់តាំងពីពេលនោះមកមានការបញ្ជាក់ថា មានករណីជំងឺគ្រុនចាញ់សុាំនឹងថ្នាំនៅក្នុងប្រទេសឡាវភាគខាងត្បូង។ គេជឿថា ពេលនេះវាកំពុងរាលដាលឆ្ពោះទៅភាគខាងជើង។
វេជ្ជបណ្ឌិត អាចេន ដុនដប បានមានប្រសាសន៍ថា ករណីជំងឺគ្រុនចាញ់ និងករណីស្លាប់ដោយសារជំងឺនេះនៅទូទាំងពិភពលោកកំពុងតែបន្តធ្លាក់ចុះដោយសារតែប៉ារា៉សីុតជំងឺនេះអាចនឹង “ថមថយកម្លាំង”។ លោកបានមានប្រសាសន៍ទៀតថា ប៉ុន្តែពេលវេលាខ្លីណាស់។ ជំងឺសុាំនឹងថ្នាំនេះមានកាន់តែតិច ប៉ុណ្ណា ភាពសុាំនឹងថ្នាំមានកាន់តែខ្លាំង។
លោកបានមានប្រសាសន៍ទៀតថា “ពេលនេះប៉ារ៉ាសីុតទាំងនោះប្រហែលកំពុងជាថមថយកម្លាំង។ ហើយ វាគ្រាន់តែទំនងជារឿងបណ្ដោះអាសន្នប៉ុណ្ណោះ វាអាចនឹងមានការប្រែប្រួលហ្សែនបន្ថែមទៀតធ្វើឲ្យបា៉ារ៉ាសីុតទាំងនោះរឹងមាំជាមុនម្ដងទៀត និងធ្វើឲ្យវាកាន់តែសុាំនឹងថ្នាំខ្លាំងឡើងៗ។ ដូច្នេះពេលនេះយើងត្រូវតែធ្វើអ្វីម្យ៉ាងដើម្បីកម្ចាត់វា មុនពេលវាសុាំនឹងថ្នាំព្យាបាលលែងបាន បើមិនដូច្នេះទេយើងនឹងមានប៉ារ៉ាសីុតដែលមានកម្លាំងរឹងមាំ ពេលនោះយើងប្រាកដជាមានបញ្ហាធំមិនខាន។
លោកបានមានប្រសាសន៍ថា ដោយពេលនេះករណីជំងឺគ្រុនចាញ់សុាំនឹងថ្នាំកើតឡើងនៅកន្លែងជាច្រើននោះ ជម្រើសល្អបំផុតគឺថា យើងមិនត្រឹមតែបន្តសង់ “របាំងការពារអគ្គិភ័យ” ជុំវិញពួកវាប៉ុណ្ណោះទេ ប៉ុន្តែយើងក៏ត្រូវផ្ដោតលើការកម្ចាត់ប្រភេទជំងឺគ្រុនចាញ់ដែលសុាំនឹងថ្នាំ ACTs ផងដែរ។
ប្រទេសកម្ពុជាបានកំណត់គោលដៅខ្លួនឯងថា នឹងធ្វើឲ្យចំនួនអ្នកស្លាប់ដោយសារជំងឺគ្រុនចាញ់ធ្លាក់ដល់ចំណុចសូន្យនៅឆ្នាំក្រោយ និងកម្ចាត់ករណីជំងឺនេះឲ្យអស់គ្មានសល់នៅត្រឹមឆ្នាំ២០២៥។ កាលពីឆ្នាំមុនករណីស្លាប់ដោយសារជំងឺគ្រុនចាញ់នៅក្នុងប្រទេសកម្ពុជាដែលត្រូវកត់ត្រាមានតែ១២ករណីប៉ុណ្ណោះ ហើយករណីជំងឺនេះបានធ្លាក់ចុះជិត៤០ភាគរយមកនៅត្រឹម៤២.០០០ករណី។
លោក អាចេន ដុនដប បានមានប្រសាសន៍ថា “ខ្ញុំគិតថា នេះជាជម្រើសតែមួយគត់ដែលយើងត្រូវសាកល្បង។ ខ្ញុំគិតថា កម្ពុជាកំពុងធ្វើបានល្អហើយ”។
ផែនការរយៈពេលបីឆ្នាំដែលមានទំហំទឹកប្រាក់៤០០លានដុល្លារដែលអង្គការសុខភាពពិភពលោកបានប្រកាសកាលពីឆ្នាំមុនត្រូវបានរៀបចំឡើងសម្រាប់ការចំណាយបន្ថែមទៀតលើការប្រយុទ្ធប្រឆាំងជំងឺគ្រុនចាញ់សុាំនឹងថ្នាំនៅក្នុងតំបន់។
នៅឯសន្និសីទកាលពីម្សិលមិញ លោក វ៉លធើ កាហ្សាឌី (Walter Kazadi) ប្រធានការិយាល័យថ្នាក់តំបន់របស់អង្គការសុខភាពពិភពលោកទទួលបន្ទុកផែនការឆ្លើយតបគ្រាអាសន្នរបស់ខ្លួនបានមានប្រសាសន៍ថា “គម្លាត” នៃការផ្ដល់មូលនិធិនេះទំនងជាកើនឡើង៕ សុខុម