41.3 C
Phnom Penh

សាលាដំបូង​រាជធានី​​ផ្តន្ទាទោស​អតីត​ក្រឡាបញ្ជី​តុលាការ​ខេត្ត​បន្ទាយ​មាន​ជ័យ​​ដាក់​ពន្ធនាគារ​ពីរឆ្នាំ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ​បាន​ផ្តន្ទា​ទោស​អតីត​ក្រឡា​បញ្ជីសាលា​ដំបូង​ខេត្ត​​បន្ទាយ​មាន​ជ័យ​ម្នាក់​​ឲ្យ​​ជាប់​ពន្ធនាគារ​រយៈពេល​ពីរ​ឆ្នាំ​បន្ទាប់ពី​បាន​រក​ឃើញ​ពិរុទ្ធភាព​ពីបទ​ប្រព្រឹត្ត​អំពើ​ពុក​រលួយ ហើយ​ត្រូវ​អង្គ​ភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ចោទ​ប្រកាន់​ពី​បទ​ទទួល​សំណូក។

កាល​ពី​ខែ​កុម្ភៈឆ្នាំមុន អង្គ​ភាព​ប្រឆាំង​អំពើ​ពុក​រលួយ​បាន​ចោទ​ប្រកាន់​លោក សួង​ សុខហេង អាយុ​២៨ឆ្នាំ​ ជា​ក្រឡាបញ្ជី​របស់​លោក ផាន់ វណ្ណរ័ត្ន ព្រះ​រាជ​អាជ្ញា​អម​សាលា​ដំបូង​ខេត្ត​ បន្ទាប់ពី​ពួកគេ​បាន​រក​ឃើញ​ប្រាក់​សំណូក​នៅ​ក្នុង​​ថត​​តុ​របស់​គា​ត់។

លោក សួស សំអាត ចៅក្រម​ប្រធាន​ក្រុម​ប្រឹក្សា​ជំនុំ​ជម្រះ​បាន​មាន​ប្រសាស​ន៍​ថា ក្រៅពី​ផ្តន្ទាទោស​ឲ្យ​ជាប់​ពន្ធនារ​រយៈ​ពេល​ពីរ​ឆ្នាំ លោក​ សុខហេង ក៏​ត្រូវ​ពិន័យ​​ជា ប្រាក់​ចំនួន​៦លាន​រៀល​ផង​ដែរ។ លោក​បាន​មាន​ប្រសាសន៍ថា អ្នក​សម​គំនិត​ពីរ​នាក់​ជាមួយ​លោក សុខហេង ក៏ត្រូវ​បាន​រក​ឃើញ​ពិរុទ្ធភាព​ ហើយ​ត្រូវ​តុលា​ការ​ផ្តន្ទាទោសឲ្យ​ជាប់ពន្ធនាគារ​​ផង​ដែរ។

លោក សែម សុខា អាយុ៤២ឆ្នាំ ត្រូវ​បាន​រក​ឃើញ​ពិរុទ្ធភាព​ពីបទ​ជួយ​ក្លែង​ឯក​សារ​ ហើយលោក អ៊ុយ សុភាព អាយុ​៦៩​ឆ្នាំ ​បាន​រក​ឃើញ​ពិរុទ្ធភាព​ពីបទ​សូកប៉ាន់​មន្ត្រី​​ឲ្យ​ជួយ​ក្លែង​ឯកសារ​។ លោក​បាន​មានប្រសាសន៍ថា “តុលា​ការ​ផ្តន្ទាទោស​លោក សុខា ឲ្យ​ជាប់​ពន្ធ​នា​គារ​​រយៈ ពេល​បីឆ្នាំ ហើយ​ផ្តន្ទាទោស​លោក​ សុភាព​ ឲ្យ​ជាប់ពន្ធនាគារ​រយៈពេល​ប្រាំឆ្នាំ​ ដោយ​ព្យួរ​ទោស​ពីរឆ្នាំ”។ លោក​បាន​បន្ថែម​ថា ទណ្ឌិត​ទាំង​បី​នាក់​នេះ​មាន​ពេល​៣០ថ្ងៃ​ក្នុងការ​ប្តឹង​ឧទ្ធរណ៍​​​៕សារុន​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស