សាលាដំបូងរាជធានីភ្នំពេញបានផ្តន្ទាទោសអតីតក្រឡាបញ្ជីសាលាដំបូងខេត្តបន្ទាយមានជ័យម្នាក់ឲ្យជាប់ពន្ធនាគាររយៈពេលពីរឆ្នាំបន្ទាប់ពីបានរកឃើញពិរុទ្ធភាពពីបទប្រព្រឹត្តអំពើពុករលួយ ហើយត្រូវអង្គភាពប្រឆាំងអំពើពុករលួយចោទប្រកាន់ពីបទទទួលសំណូក។
កាលពីខែកុម្ភៈឆ្នាំមុន អង្គភាពប្រឆាំងអំពើពុករលួយបានចោទប្រកាន់លោក សួង សុខហេង អាយុ២៨ឆ្នាំ ជាក្រឡាបញ្ជីរបស់លោក ផាន់ វណ្ណរ័ត្ន ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត បន្ទាប់ពីពួកគេបានរកឃើញប្រាក់សំណូកនៅក្នុងថតតុរបស់គាត់។
លោក សួស សំអាត ចៅក្រមប្រធានក្រុមប្រឹក្សាជំនុំជម្រះបានមានប្រសាសន៍ថា ក្រៅពីផ្តន្ទាទោសឲ្យជាប់ពន្ធនាររយៈពេលពីរឆ្នាំ លោក សុខហេង ក៏ត្រូវពិន័យជា ប្រាក់ចំនួន៦លានរៀលផងដែរ។ លោកបានមានប្រសាសន៍ថា អ្នកសមគំនិតពីរនាក់ជាមួយលោក សុខហេង ក៏ត្រូវបានរកឃើញពិរុទ្ធភាព ហើយត្រូវតុលាការផ្តន្ទាទោសឲ្យជាប់ពន្ធនាគារផងដែរ។
លោក សែម សុខា អាយុ៤២ឆ្នាំ ត្រូវបានរកឃើញពិរុទ្ធភាពពីបទជួយក្លែងឯកសារ ហើយលោក អ៊ុយ សុភាព អាយុ៦៩ឆ្នាំ បានរកឃើញពិរុទ្ធភាពពីបទសូកប៉ាន់មន្ត្រីឲ្យជួយក្លែងឯកសារ។ លោកបានមានប្រសាសន៍ថា “តុលាការផ្តន្ទាទោសលោក សុខា ឲ្យជាប់ពន្ធនាគាររយៈ ពេលបីឆ្នាំ ហើយផ្តន្ទាទោសលោក សុភាព ឲ្យជាប់ពន្ធនាគាររយៈពេលប្រាំឆ្នាំ ដោយព្យួរទោសពីរឆ្នាំ”។ លោកបានបន្ថែមថា ទណ្ឌិតទាំងបីនាក់នេះមានពេល៣០ថ្ងៃក្នុងការប្តឹងឧទ្ធរណ៍៕សារុន