កាលពីម្សិលមិញ មន្ត្រីរដ្ឋាភិបាលកម្ពុជាបានឲ្យដឹងថា ការរុករកយន្តហោះនៃជើងហោះហើរលេខ MH370 របស់អាកាសចរណ៍ម៉ាឡេស៊ីដែលបាត់ដំណឹង នៅតែបន្ត ទោះបីជាអាជ្ញាធរម៉ាឡេស៊ីបានប្រកាសកាលពីថ្ងៃអាទិត្យថា យន្តហោះនេះពិតជាបានធ្លាក់នៅភាគខាងត្បូងមហាសមុទ្រឥណ្ឌាពិតមែន ដោយគ្មាននរណាម្នាក់នៅរស់រានមានជីវិតនោះក៏ដោយ។
ដោយមានសំណើពីប្រទេសចិនដែលមានអ្នកដំណើររបស់ខ្លួនចំនួន១៥០នាក់ បានជិះនៅលើយន្តហោះដែលបាត់ដំណឹងកាលពីថ្ងៃទី៨ ខែមីនានេះ ក្រសួងការពារជាតិជាចុងក្រោយបានសម្រេចចូលរួមនៅក្នុងការរុករកដែលមានប្រទេសចំនួន២៦ចូលរួម កាលពីសប្តាហ៍មុន។ ក្រសួងការពារជាតិបានបញ្ជូនឧទ្ធម្ភាគចក្រប្រភេទ Z-9 ផលិតនៅចិនចំនួនបួនគ្រឿងនិងនាវាកងទ័ពជើងទឹកកម្ពុជាចំនួនពីរគ្រឿង ទៅឈូងសមុទ្រថៃដើម្បីជួយរុករកយន្តហោះដែលបាត់ដំណឹងនេះ។
កាលពីថ្ងៃសៅរ៍ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអញ្ជើញប្រទេសម៉ាឡេស៊ីនិងប្រទេសចិន ឲ្យមករុករកយន្តហោះនេះនៅក្នុងប្រទេសកម្ពុជា។ ប៉ុន្តែដោយសារតែផ្កាយរណបបានប្រទះឃើញបំណែកដ៏គួរឲ្យសង្ស័យកាលពីម្សិលមិញ អ្នករុករកអន្តរជាតិឥឡូវនេះបានផ្តោតការរុករករបស់ខ្លួននៅដែនទឹកចម្ងាយ២៥០០គីឡូម៉ែត្រពីភាគខាងលិចនៃសមុទ្រអូស្ត្រាលី។
តែទោះជាយ៉ាងណា នាយឧត្តមសេនីយ៍ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិបានលើកឡើងកាលពីម្សិលមិញថា ដរាបណាយន្តហោះនៅតែមិនទាន់រកឃើញ ប្រទេសកម្ពុជានៅតែបន្តការរុករកនៅក្នុងព្រំដែនទឹករបស់ខ្លួន ទោះបីជាវាត្រូវចំណាយពេលរាប់ខែនិងចំណាយប្រាក់ជាច្រើនក៏ដោយ។
នាយឧត្តមសេនីយ៍ ទៀ បាញ់ បានមានប្រសាសន៍ថា “ឥឡូវនេះយើងនៅតែជួយក្នុងការរុករកយន្តហោះ ព្រោះយើងមិនទាន់ទទួលបានដំណឹងថា បំណែកដែលអណ្តែតនៅមហាសមុទ្រឥណ្ឌាពិតជារបស់យន្តហោះនោះមែនឬមិនមែននៅឡើយទេ។ នៅពេលណាយើងទទួលបានដំណឹងថា បំណែកយន្តហោះនេះពិតជាត្រូវបានរកឃើញនោះ យើងនឹងបញ្ឈប់ការរុករក។ ប៉ុន្តែប្រសិនបើមិនទាន់មានការបញ្ជាក់នោះទេយើងនឹងបន្តការរុករកទៀត ទោះបីជាត្រូវចំណាយពេលរាប់ ខែ ឬក៍ត្រូវចំណាយប្រាក់ជាច្រើនក៏ដោយ”។
លោក ឈីង ហុងប៉ (Cheng Hong Bo) ប្រធានទទួលបន្ទុកផ្នែកនយោបាយនៅស្ថានទូតចិនប្រចាំរាជធានីភ្នំពេញបានយល់ស្របថា ការរុករកនៅតែបន្តរហូត លុះត្រាតែគេរកឃើញបំណែកពិតប្រាកដ។
លោកបានមានប្រសាសន៍ថា “ការរុករកយន្តហោះជាអន្តរជាតិនៅមិនទាន់បញ្ឈប់នៅឡើយទេ ហើយនៅពេលនេះយើងមិនទាន់អាចនិយាយអ្វីបាននៅឡើយទេ ព្រោះយើងនៅមិនទាន់ដឹងថា យន្តហោះនេះនៅទីណានោះឡើយ”។
លោក ត្រាន វ៉ានថុង (Tran Van Thong) អ្នកនាំពាក្យស្ថានទូតវៀតណាមប្រចាំរាជធានីភ្នំពេញ បានឲ្យដឹងថា ប្រទេសវៀតណាម ដែលបានដឹកនាំការរុករកនៅក្នុងជំហានដំបូងរបស់ខ្លួននៅឈូងសមុទ្រថៃ ក៏នៅតែបន្តការរុករករបស់ខ្លួនដដែល ទោះបីជាយន្តហោះនេះទំនងជាហោះចេញឆ្ងាយពីដែនទឹកប្រទេសវៀតណាមក៏ដោយ។ លោកមានប្រសាសន៍ថា “ខ្ញុំមិនទាន់ទទួលបានដំណឹងអ្វីនៅឡើយទេអំពីការខិតខំរុករករបស់ប្រទេសកម្ពុជា ប៉ុន្តែប្រទេសវៀតណាម ក៏នៅតែរុករកដដែល ព្រោះវាគឺជាទង្វើមនុស្សធម៌ដោយសារតែមានជនជាតិជាច្រើននៅលើយន្តហោះនោះ”៕ស៊ុយឈាង