យោងតាមរបាយការណ៍មួយដែលក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានចេញផ្សាយកាលពីម្សិលមិញ បានបង្ហាញថា ចំនួនអ្នកប្រើប្រាស់ស៊ីមទូរស័ព្ទចល័តនៅប្រទេសកម្ពុជា បានកើនឡើងដល់២០លាននាក់កាលពីឆ្នាំមុន ដែលនេះជាចំនួនកើនឡើងលើសពីចំនួនប្រជាជនសរុបប្រហែលប្រាំលាននាក់ ខណៈដែលចំនួនអ្នកប្រើប្រាស់អីុនធើណិតក៏កើនឡើងផងដែរ។
របាយការណ៍នេះមិនមានសេចក្តីបញ្ជាក់ថា តើប្រជាជនខ្មែរប៉ុន្មាននាក់មានស៊ីមកាតច្រើនជាងមួយទេ។ របាយការណ៍ដែលត្រូវបានបង្ហាញកាលពីម្សិលមិញនៅក្នុងកិច្ចប្រជុំមួយនៅទីស្តីការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍បានបញ្ជាក់ថា ចំនួនអ្នកប្រើប្រាស់ស៊ីមទូរស័ព្ទចល័តបានកើនឡើងពី១៩,១លាននាក់ដល់២០,២លាននាក់ក្នុងរយៈពេលមួយឆ្នាំ។
លោក ខាន់ សារៈ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍បានថ្លែងទៅកាន់មន្ត្រីជាង២០នាក់នៅក្នុងកិច្ចប្រជុំនោះកាលពីម្សិលមិញថា “ចំនួនប្រជាជនដែលប្រើប្រាស់ទូរស័ព្ទចល័តបានកើនឡើង ដោយសារតែទូរស័ព្ទចល័តមានមុខងារជាច្រើន និងមានផលប្រយោជន៍ច្រើនណាស់ ហើយត្រូវបានលក់ក្នុងតម្លៃទាបនៅលើទីផ្សារប្រទេសកម្ពុជា”។
បច្ចុប្បន្ននៅលើទីផ្សារប្រទេសកម្ពុជាមានក្រុមហ៊ុនប្រតិបត្តិករទូរស័ព្ទចល័តចំនួនប្រាំពីរ ហើយប្រជាជនខ្មែរជាច្រើននាក់បានទិញស៊ីមកាតច្រើនជាងមួយ ដើម្បីយកប្រយោជន៍ដែលត្រូវបានផ្តល់ឲ្យដោយក្រុមហ៊ុនប្រតិបត្តិករដែលកំពុងតែប្រជែងគ្នាយ៉ាងខ្លាំងក្លា ដើម្បីទាមទារចំណែកទីផ្សារកាន់តែធំ។
លោក ធូម៉ាស់ ហាន់ (Thomas Hundt) ប្រធាននាយកប្រតិបត្តិក្រុមហ៊ុនស្មាតម៉ូបាល (Smart Mobile) ដែលជាក្រុមហ៊ុនប្រតិបត្តិករទូរស័ព្ទចល័តធំបំផុតលំដាប់ទី២នៅលើទីផ្សារកម្ពុជា បើគិតអំពីចំនួនអ្នកប្រើប្រាស់ស៊ីមកាត បានលើកឡើងកាលពីម្សិលមិញថា លោកមិនអាចនិយាយបានថា ចំនួនអ្នកប្រើប្រាស់ស៊ីមកាតដែលមាន២០លាននាក់នេះគឺជាតួលេខប៉ាន់ស្មានសុក្រឹតទេ។
លោកបានមានប្រសាសន៍ថា “ខ្ញុំមិនដឹងទេ។ ក៏ប៉ុន្តែ រយៈពេលបីខែដែលមាននិន្នាការកើនឡើងនៃប្រាក់ចំណូល យើងមានអ្នកប្រើប្រាស់ស៊ីមកាតប្រាំមួយលាននាក់”។
ក្រុមហ៊ុនស្មាតគឺជាក្រុមហ៊ុនប្រតិបត្តិករទូរស័ព្ទចល័តធំបំផុតលំដាប់ទី២បើគិតអំពីចំនួនអ្នកប្រើប្រាស់ស៊ីមកាត ពោលគឺឈរពីក្រោយក្រុមហ៊ុនមិតហ្វូន (Metfone) ដែលជាកម្មសិទ្ធិរបស់មន្ត្រីយោធាវៀតណាម។ ចំនួនអ្នកប្រើប្រាស់ស៊ីមកាតទូរស័ព្ទចល័តនៅលើទីផ្សារកម្ពុជាបានកើនឡើងជាលំដាប់តាំងពីឆ្នាំ២០០៤មក។
របាយការណ៍របស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ក៏បានបង្ហាញផងដែរថា ចំនួនអ្នកប្រើប្រាស់អីុនធើណិតនៅប្រទេសនេះទាំងប្រព័ន្ធខ្សែ និងប្រព័ន្ធទូរស័ព្ទកើនឡើងពី២,៧លាននាក់ ដល់៣,៨លាននាក់ ពោលគឺកើនឡើង៤២,៧ភាគរយ។
ក៏ប៉ុន្តែ របាយការណ៍ថ្មីទើបតែបានចេញផ្សាយកាលពីពេលថ្មីៗនេះបានបង្ហាញបន្ថែមទៀតថា កំណើននៃចំនួននេះមិនមែនជាកំណើនច្រើនដូចកំណើនពីឆ្នាំ២០១០ ទៅឆ្នាំ២០១១ ដែលបានកើនឡើងពី៣២០.១៩០នាក់ក្នុងឆ្នាំ២០១០ដល់១,៦៨លាននាក់ក្នុងឆ្នាំ២០១១ទេ។
របាយការណ៍ដដែលបានកត់សម្គាល់ថា មិនមែនផ្នែកទាំងអស់សុទ្ធតែមានកំណើននោះទេ។ ចំនួនអ្នកប្រើប្រាស់ទូរស័ព្ទលើតុបានធ្លាក់ចុះ២៨ភាគរយពី៥៨៤.៤៧៥នាក់មក៤២០.៩៤២នាក់៕ សុធា
(រាយការណ៍បន្ថែមដោយ Josh Wilwohl)