34 C
Phnom Penh

ក្រុមសកម្ម​ជនរង​ការ​បណ្តេញចេញបាន​​ដាក់​ពាក្យ​​បណ្តឹង​ពី​​ហេតុ​​​ការណ៍បាញ់​រថយន្ត​ក្រុង​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សកម្ម​ជន​សិទ្ធិ​ដី​ធ្លី​ជាង​៥០​នាក់​មក​ពី​សហ​គមន៍​ចំនួន​ពីរ​ក្នុង​រាជ​ធានី​ភ្នំពេញ​បាន​ដាក់​ពាក្យ​​​​បណ្តឹងទៅ​នគរបាល​​កាល​ពី​ម្សិល​​មិញ​អំពី​ហេតុ​ការណ៍​ដែល​បុរស​មិន​ស្គាល់​អត្ត​សញ្ញា​ណ​ម្នាក់បាន​បាញ់កាំភ្លើង​​​សំដៅ​រថ​យន្ត​ក្រុង​មួយ​គ្រឿង​ដែល​ដឹក​ពួក​គាត់​ត្រឡប់​មកពី​ចូល​រួម​ការ​​តវ៉ា​ប្រឆាំង​ការ​បណ្តេញ​ចេញ​នៅក្នុង​ខេត្ត​សៀមរាប​មក​កាន់រាជ​ធានី​ភ្នំពេញ​វិញ។

លោក​ឧត្តម​សេនីយ៍ត្រី ជួន ណារិន ស្នង​ការ​រង​នគរបាល​រាជធានី​បាន​មាន​​ប្រសា​សន៍​ថា ការ​សើុប​អង្កេត​អំព​ី​​​ហេត​ុ​ការណ៍​​​ដែល​បាន​កើត​ឡើង​កាល​ពីថ្ងៃ​សៅរ៍​បាន​ធ្វើ​រួច​ហើយ ប៉ុន្តែ លោក​បាន​បដិសេធ​ការ​អះ​អាង​របស់​សកម្មជន​ទាំង​នោះ​ដែល​ថា មាន​គេ​បាញ់​កាំ​​​ភ្លើង​សំដៅ​ពួក​គាត់​នោះ​។

កាល​ពី​ថ្ងៃ​ច័ន្ទ អធិការ​នគរបាល​ខណ្ឌ​ដូន​​ពេញ​បាន​មាន​ប្រសាសន៍​ថា ​នគរ​បាល​ជឿ​ថា​​​ គ្រាប់​កាំ​ភ្លើង​ត្រូវ​​គេ​បាញ់​សំដៅ​​រថ​​​យន្ត​ក្រុង​​ដោយសារ​មាន​ជម្លោះ​ពាក់​ព័ន្ធ​នឹង​ចរា​ចរណ៍​​​​ ប៉ុន្តែ លោក​​ឧត្តម​សេនី​យ៍​ត្រី ជួន ណា​រិន បាន​បដិសេធ​រឿង​នេះ​កាល​ពីម្សិល​​​មិញ ហើយ​បានមាន​ប្រសា​សន៍​ថា តាម​ពិត​កញ្ចក់​រថយន្ត​នោះ​បែក​ដោយសារ​ការ​គប់​ដំុ​ថ្ម​ទេ។

លោក ជួន ណារិន បានមាន​ប្រសា​សន៍​​​​ ថា “យើង​បាន​រក​ឃើញ​ថា បុរស​មិន​​ស្គាល់​​អត្ត​​​​សញ្ញាណ​ម្នាក់​ជិះ​ម៉ូតូ​មួយ​គ្រឿង​ជា​មួយ​ស្ត្រី​​​ម្នាក់​ខឹង​អ្នក​បើក​បរ​រថយន្ត​ក្រុង​នៅពេល​បើក​​​​បរ​តាម​ផ្លូវ​ចង្អៀត​ ហើយ​បាន​គប់​ដំុ​ថ្ម​​​ត្រូវ​កញ្ចក់​រថយន្ត​ផ្នែក​ខាង​មុខ​​​​ ​និង​បាន​គេច​ខ្លួន​បាត់ទៅ​”។

លោក​បាន​មាន​ប្រសាសន៍​ថា “ យើង​​បាន​ធ្វើ​ការ​សន្និដ្ឋាន​ជំហានដំបូង​ថា កញ្ចក់​រថ​យន្ត​នោះ​បាន​បែក​ដោយ​​សារ​ត្រូវ​ដុំ​ថ្ម មិន​​​មែន​ដោយ​​សារ​គ្រាប់​កាំភ្លើង​ឡើយ​ ហើយ​ឥឡូវ​នេះ​យើង​កំពុង​សើុប​អង្កេត​ដើម្បី​ស្វែង​រក​ជន​នោះ​យក​មក​សាក​សួរ​”។

សកម្មជន​ដែល​ជិះ​នៅលើ​រថយន្ត​ក្រុង​នោះ​នៅ​តែ​ប្រកាន់​ជំហរថា មាន​គេ​បាញ់​កាំ​ភ្លើង​ ដោយ​លើក​ឡើង​ថា ពួកគាត់​បាន​ឮ​ស្នូរ​កាំភ្លើង​ ហើយ​ពួកគាត់​មួយ​ចំនួន​បាន​​ឃើញ​បុរស​ម្នាក់​ជិះម៉ូតូមួយ​គ្រឿង​ដក​កាំ​ភ្លើង​នៅ​​​ចំពោះមុខ​គាត់​ដោយ​ជ្រុះ​​ស្រោម​កាំភ្លើង​ ហើ​យ​​​​បាន​បាញ់​មួយគ្រាប់​សំដៅ​រថយន្ត​​​ក្រុង​​​​​មុន​ពេល​ជិះចេញ​យ៉ាង​លឿន ។ នគរបាល​ក៏​បាន​​រក​ឃើញ​ស្រោម​កាំភ្លើង​នៅ​កន្លែងកើត​ហេតុ​ផង​ដែរ​។

លោក ពេជ្រ លឹមឃួន ជា​ដើម​បណ្តឹង​ម្នាក់​បាន​និយាយ​ថា ក្រុម​សកម្មជន​ចង់​ធ្វើឲ្យ​ប្រាកដថា អាជ្ញាធរ​ត្រូវ​ស្វែង​រក​​ខ្មាន់​កាំភ្លើង​។ លោក​ លឹមឃួន ​មាន​ប្រសាសន៍​ថា “យើង ​មក​ទីនេះ​ដើម្បីដាក់​ពាក្យ​បណ្តឹង​ ហើយ​សុំ​ឲ្យ​អាជ្ញាធរ​ស្វែង​រក​យុត្តិ​ធម៌​ជូន​ពួក​យើង​ទាំង​អស់​គ្នា​ បន្ទាប់​ពី​ជន​មិន​ស្គាល់​អត្ត​សញ្ញាណ​ម្នាក់​បាន​បាញ់​សំដៅ​ពួក​យើង​ ហើយ​​​​គេច​ខ្លួន​ តាម​ម៉ូតូ ដូច្នេះ​យើង​ចង់​ឲ្យ​អាជ្ញាធរ​ស្វែង​រក​ជន​​ដៃដល់យក​មក​ផ្តន្ទា​​​ទោស​”។

នៅ​ពេល​ដែល​​អ្នក​ភូមិ​សហគមន៍​បុរី​កីឡា និង​ថ្មគោលបាន​ដាក់​ពាក្យ​បណ្តឹង​ទៅ​អធិការ​ដ្ឋាន​នគរបាល​សង្កាត់​ស្រះ​ចក​​​ ប្រជា​ពល​រដ្ឋ​ប្រហែល​៥០​នាក់ដែលឈរ​ក្បែរនោះ​បាន​​បង្ហាញ​ការ​គាំទ្រ​។ ​ពេល​​ឈរ​នៅ​កែង​មហា​វិថី​ព្រះ​មុនីវង្ស និង​មហា​វិថី​​សហព័ន្ធ​រុស្សី ពួក​​​គាត់​បាន​លើក​បដា​បង្ហាញ​​រូប​កាំ​ភ្លើង​ខ្លី​។

អ្នកស្រី​ ទេព វន្នី ​អ្នក​ភូមិ​​សហគមន៍​បឹង​កក់​ដ៏ឆ្នើម​មួយ​រូបដែល​​ជិះ​នៅលើ​រថយន្ត​ក្រុង​នោះដែរ​បាន​និយាយ​ថា សហ​គមន៍​របស់​​​ គាត់​បាន​ដាក់​ពាក្យ​បណ្តឹង​ទៅ​នគរ​បាល​ដាច់​ដោយ​ឡែក​ពីគ្នា​កាល​ពីថ្ងៃទី​២២​ខែ​មីនា​ គឺ​នៅ​​ថ្ងៃ​​កើត​ហេតុការ​ណ៍នេះ៕សារុន

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស