38.8 C
Phnom Penh

សកម្មភាព​រៀប​ចំ​មហោស្រព​បញ្ជាំង​ខ្សែ​ភាព​យន្ត​ខ្លី​ៗនៅ​ប្រទេស​កម្ពុជា​កំពុង​ដំណើរការ​ទៅ​មុខ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ផលិតករ​ខ្សែ​ភាព​យន្ត​មាន​ស្មារតី​ប្តេជ្ញា​ខ្លាំង​ក្លា​មក​ពី​ប្រទេស​កម្ពុជា​ និង​តំបន់​អាស៊ី​អាគ្នេយ៍​ និង​ឃើញ​លទ្ធផល​នៃការ​រៀប​ចំ​កម្ម​វិធី​បញ្ចាំង​ខ្សែ​ភាព​យន្ត​របស់​ខ្លួ​ន​នៅ​លើ​ផ្ទាំង​សំពត​ស​នៃ​ចុង​សប្តាហ៍​នេះ នៅ​ពេល​ដែល​​មហោស្រព​ចតុ​មុខ​បង្ហាញ​ខ្សែ​ភាព​យន្ត​ និង​ភាព​យន្ត​ឯកសារ​ខ្លី​ៗ​ជាច្រើន​នៅ​ប្រាំ​ទី​តាំង​ក្នុង​រាជធានី​ភ្នំពេញ។

មហោស្រព​ភាព​យន្ត​ខ្លី​ចតុមុខ​ក្នុង​ឆ្នាំ​នេះ​ត្រូវ​បាន​រៀប​ចំឡើង​ដោយ​ក្រុម​សិល្បៈ​ភាព​យន្ត​កុន​ខ្មែរ​កូន​ខ្មែរ​ ហើយ​នឹង​បញ្ចាំង​៣៩​រឿង​ក្នុង​នោះ​២០​រឿង​ជា​រឿង​ខ្មែរ​ ១០​រឿង​​ជា​រឿង​អាស៊ី​អាគ្នេយ៍ និង​ប្រាំបួន​រឿង​ជា​រឿង​​អន្តរជាតិ។

នៅ​ក្នុង​ឆ្នាំ​ទី​៣​របស់​ខ្លួន​ មហោ​ស្រព​នេះ​មាន​ផលិតករ​ខ្សែ​ភាព​យន្ត​ខ្មែរ​៣០នាក់​បាន​ចូល​រួម​បង្ហាញ​ខ្សែ​ភាព​យន្ត​របស់​ខ្លួន​ ពោល​គឺ​បាន​កើន​ឡើង​៥០​ភាគ​រយ​បើ​ធៀប​នឹង​ឆ្នាំ​មុន​ ដែល​នេះ​ឆ្លុះ​បញ្ចាំង​ឲ្យ​ឃើញ​ពី​ភាព​រីក​ចម្រើន​នៃ​ប្រជាប្រិយ​ភាព​នៃ​ការ​ផលិត​ខ្សែ​ភាព​យន្ត​​​ក្នុង​ប្រទេស​កម្ពុជា​ នេះ​បើ​យោង​តាម​លោក ជា សុ​ឃី អ្នក​សម្រប​សម្រួល​មហោស្រព​។ លោក​បាន​ឲ្យ​ដឹង​ប​ន្ត​​ទៀត​ថា លោក​​រំពឹង​ថា នឹង​មានទស្សនិក​ជន​ប្រហែល​៨០០​នាក់​ចូល​រួម​ទស្សនា​មហោស្រព​រយៈ​ពេល​បី​ថ្ងៃ​នេះ។

លោក​បាន​មាន​ប្រសាសន៍​ថា “ មហោ​ស្រព​នេះ​គឺ​ជា​ឱកាស​មួយ​សម្រាប់​អ្នក​មាន​ទេព​កោសល្យ​ផ្នែ​ក​ភាព​យន្ត​បង្ហាញ​គំនិត​ច្នៃ​ប្រឌិត​របស់​ខ្លួន​ឲ្យ​សាធារណជន​បាន​ឃើញ​។ មិន​មាន​ឱកាស​ផ្សេង​ទៀត​​នៅ​ក្នុង​ប្រទេស​កម្ពុជា​សម្រាប់​ធ្វើ​បែប​នេះ​ទេ​”។

នៅ​ថ្ងៃ​បញ្ចប់​នៃ​កម្មវិធី​បញ្ចាំង​ខ្សែ​ភាព​យន្ត​ទាំង​នេះ គណៈកម្មការ​ និង​ជ្រើស​រើស​អ្នក​ដឹក​នាំ​រឿង​បិុន​ប្រសប់​បំផុត​ពី​កម្ម​វិធី​មហោ​ស្រព​នេះ​។ អ្នក​ទទួល​ជ័យ​លាភី​ នឹង​ទទួល​បាន​រង្វាន់​ ដូចជា​ ឧបករណ៍​ក្រោយ​ការ​ផលិត​ និង​ឱកាស​ទទួល​ការ​បណ្តុះ​បណ្តាល​ដោយ​មាន​ប្រាក់​កម្រៃ​ នៅ​ក្រុម​ហ៊ុន​កំសាន្ត​បែប​ឌី​ជី​ថល​សប្បាយ​។

មួយ​ក្នុង​ចំណោម​ខ្សែ​ភាព​យន្ត​ខ្មែរ​ប្រាំ​មួយ​ដែល​ទំនង​ជា​ទទួល​បាន​ជ័យ​លាភី​ក្នុង​ការ​ប្រកួត​ប្រជែ​ង​នេះ​គឺ​ខ្សែ​ភាព​យន្ត​រឿង​ “វិនាទី​ចុង​ក្រោយ​” ដែល​ត្រូវ​បាន​ដឹក​នាំ​ដោយ​និស្សិត​ រិទ្ធី ឡូម៉ូពេជ្រ។

ខ្សែ​ភាព​យន្ត​នេះ​បង្ហាញ​អំពី​ក្មេង​ស្រី​ម្នាក់​ដែល​មាន​មិត្ត​ប្រុស​ចេះ​តែ​ចង់​ចូល​រួម​ជា​មួយ​ក្រុម​សម្តែ​ង​ល្ខោន​​កូរ៉េ ជាហេតុ​បណ្តាល​ឲ្យ​មិត្ត​ប្រុស​របស់​នាង​មិន​សូវ​ខ្វល់​ខ្វាយ​ពី​នាង​ និង​ភ្លេច​ថ្ងៃ​ខួប​កំណើត​របស់​នាង​។

កញ្ញា ឡូម៉ូពេជ្រ បាន​ពោល​ថា “ខ្សែ​ភាព​យន្ត​នេះ​ផ្អែក​លើ​បទ​ពិសោធន៍​របស់​ខ្ញុំ​នៅ​ក្នុង​ជីវិត​ និង​មនុស្ស​នៅ​ជុំ​វិញ​ខ្ញុំ​ដែល​ឈ្លក់​វង្វេង​នឹង​រឿង​កូរ៉េ​។ គំនិត​នេះ​គឺ​ថា ប្រជា​ជន​មិន​ដឹង​ច្បាស់​ពី​អ្វី​ដែល​ពួកគេ​មាន​រហូត​ទាល់​តែ​អ្វី​ដែល​ពួកគេមាន​នោះបាត់​បង​់​។​ វិនាទី​ចុង​ក្រោយ​​​ជា​ឱកាស​ចុង​ក្រោយ​របស់​​អ្នក”។

កញ្ញា ឡូម៉ូពេជ្រ បានឲ្យ​ដឹង​បន្ថែម​ទៀត​ថា កម្លាំ​ង​ជំរុញ​ទឹក​ចិត្ត​របស់​នាង​គឺ​អ្នក​ដឹក​នាំ​រឿង​ទីតាណិច​ឈ្មោះ ជេម ខេមើរ៉ុន (James Cameron) អ្នក​ដឹក​នាំ​រឿង​ខ្មែរ​ លោក ឆាយ បូរ៉ា និង​លោក ប៉ាន់ ​រិទ្ធី ដែល​បាន​ផលិត​រឿង​ “ រូប​ភាព​ដែលបាត់​បង់​” ដែល​ត្រូវ​បាន​ជ្រើស​រើស​យក​ទៅ​ប្រកួត​ប្រជែង​ដណ្តើម​ពាន​រង្វាន់​អូស្កា ក្នុង​នាម​ជា​ខ្សែ​ភាព​យន​្ត​បរទេស​ល្អ​បំផុត​។

ភាព​យន្ត​ខ្លី​ខ្មែរ​មួយ​ទៀត​ដែល​នឹង​ត្រូវ​បញ្ចាំង​ផង​ដែរ​គឺរឿង “សង​សឹក” ដែល​ជា​វណ្ណ​កម្ម​បែប​សិល្បៈ​ប្រយុទ្ធ​បុរាណ​ ក្រោម​ការ​ដឹក​នាំ​របស់​លោក​ អួរ ដារា។ រឿង​នេះ​បង្ហាញ​អំពី​គ្រូ​បង្ហាត់​ក្បាច់​គុន​ល្បុក្កតោ​​វ័យ​ចំណាស់​ម្នាក់​ ដែល​មុន​ពេល​ស្លាប់​គាត់​បាន​ឲ្យ​សិស្ស​របស់​គាត់​ការពារ​ដាវ​ចាស់​មួយ​ដើម​​ដែល​ក្រោយ​មក​ត្រូវ​បាន​តួអង្គចិត្ត​អាក្រក់​លួច​យក​ទៅ​។ ក៏​ប៉ុន្តែ ក្រោយ​មក​ទៀត​កូន​សិស្ស​របស់​គាត់​ក៏​បាន​ទៅ​វាយ​ប្រយុទ្ធ​ក្នុង​បំណង​យក​ដាវ​នោះ​មក​វិញ​។

លោក សូ ច័ន្ទដារា ជំនួយ​ការ​សមាជិក​គណៈ​​​​កម្មការ​ខ្សែ​ភាព​យន្ត​កម្ពុជា​បាន​​​លើក​ឡើង​ថា កត្តា​ជំរុញ​ទឹក​ចិត្ត​របស់​ផលិត​ករ​ខ្សែ​ភាពយន្ត​វ័យ​ក្មេង​​ទាំង​នេះ​កំពុង​តែ​ជំរុញ​​ និង​ឆ្លុះ​បញ្ចាំង​ឲ្យ​ឃើញ​មាន​ការប្រែ​ប្រួល​នៅ​ក្នុង​សង្គម​ខ្មែរ​ ដោយ​សារ​តែ​ប្រជាជន​កំពុង​ស្វែង​រក​ទម្រង់​នៃ​ការ​កំសាន្ត​ជាតិ​កាន់​តែ​ច្រើន​ឡើងៗ​។ លោក​បាន​មាន​ប្រសាសន៍​ថា “អ្វី​ដែល​អ្នក​ត្រូវ​ធ្វើ​គឺ​ក្រឡេក​មើល​ជុំវិញ​ខ្លួន នោះ​អ្នក​នឹង​ឃើញ​ថា ចំនួន​ភាពយន្ត​​ក្នុង​ប្រទេស​កម្ពុជា​បាន​កើន​ឡើង​យ៉ាង​ច្រើន​តំាង​ពី​ឆ្នាំ​២០១០​មក​”។

ក្រៅ​ពី​រោងភាព​យន្ត​​ដូចជា ឡេជេន និង​ស៊ី​ណេផ្លិច ក្រុម​ហ៊ុន​ថៃ​មួយ​ក៏​មាន​ផែនការ​បើក​រោង​ភាព​យន្ត​មួយ​នៅ​ក្នុង​មជ្ឈមណ្ឌល​លក់​ទំនិញ​ អីុ​អន ដែល​គ្រោង​នឹង​ចំណាយ​ទឹក​ប្រាក់​ចំនួន​២០៥លាន​ដុល្លារ​សម្រាប់​សាង​​សង់​​មជ្ឈមណ្ឌល​លក់​ទំនិញ​នេះ​ឲ្យ​ចប់​សព្វ​គ្រប់​ និង​បើក​ដំណើរការ​នៅ​ឆ្នាំ​ក្រោយ​។

ពិធី​បើក​មហោស្រព​ចតុ​មុខ​នៅ​ថ្ងៃ​នេះ ចាប់​ផ្តើម​នៅ​វេលា​ម៉ោង​៥និង​៣០នាទី​ល្ងាច​ នៅ​រោង​ភាពយន្ត​ ឡេជេន ដែល​មាន​ទី​តាំង​ស្ថិត​នៅ​មជ្ឈមណ្ឌល​លក់​ទំនិញ​ និង​ទិញ​អីុវ៉ាន់​ទួល​គោក​។

ខ្សែ​ភាពយន្ត​ដែល​នឹង​ត្រូវ​បាន​យក​ទៅ​ដាក់​បញ្ចាំង​នៅ​ថ្ងៃ​សុក្រ សៅរ៍ និង​ថ្ងៃ​អាទិត្យ​នៅ​ផ្ទះ​មេត្តា (Meta House) មជ្ឈមណ្ឌល​ បូផាណា (Bophana) រោង​ភាព​យន្ត​ ឡេជេន រោង​ភាពយន្ត​ ផ្លាទីនឹម ស៊ីណេផ្លិច និង​នៅ​សាល​មហោស្រព​កោះ​ពេជ្រ។

ដើម្បី​ចូល​រួម​ទស្សនា​ ក៏​ដូច​ជាចូល​រួម​ក្នុង​​កម្ម​វិធី​មហោស្រព​ខ្សែ​ភាព​យន្ត​ដែល​កំពុង​ត្រូវ​បាន​ក្រុម​ការងារ​កំពុង​រៀប​ចំ​យ៉ាង​សកម្ម​ទៅ​តាម​ផ្នែក​នីមួយ​ៗ​រៀង​ៗខ្លួនសម្រាប់​ឆ្នាំ​នេះ​ ​ទស្សនិកជនដែល​មាន​ចំណង់ចំណូល​ចិត្ត​ និង​ចង់​គាំទ្រ​វិស័យ​ខ្សែ​ភាព​យន្ត​នៅ​កម្ពុជា​អាចចូល​រួម​ដោយ​ឥត​គិត​ថ្លៃ​៕​សុធា

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស