26 C
Phnom Penh

លោក​ ស ខេង​ អំពាវនាវ​ឲ្យ​មន្ត្រី​រារាំង​ការ​ជួញដូរ​គ្រឿង​ញៀន​តាម​​ច្រក​ទ្វារ​ព្រំ​ដែន​ខេត្ត​ស្ទឹង​ត្រែង​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាល​ពី​ម្សិល​មិញ​ លោក​ ឧបនាយក​រដ្ឋ​មន្ត្រី​ ស ខេង​ រដ្ឋ​មន្ត្រី​ក្រសួង​មហា​ផ្ទៃ​ បាន​អំពាវ​នាវ​ឲ្យ​មាន​ការ​បង្កើន​​​ការ​ឃ្លាំ​មើល​នៅ​តាម​ច្រក​ទ្វារ​ព្រំ​ដែន​ក្នុង​ខេត្ត​ស្ទឹង​ត្រែង ​ជា​ទី​ដែល​លោក​បាន​លើក​​​ឡើង​ថា​ មន្ត្រី​មូលដ្ឋាន​បាន​ឃុប​ឃិត​ជាមួយ​ជន​ជួញ​ដូរ​គ្រឿង​ញៀន​ដើម្បី​នាំ​យក​ថ្នាំ​ញៀន​​​ពីតំបន់​ត្រីកោណមាស​ចូល​ប្រទេស​កម្ពុជា​។

ថ្លែង​ទៅ​កាន់​មនុស្ស​យ៉ាង​ច្រើន​ ដែល​ភាគ​​ច្រើន​ជា​នគរ​បាល​និង​មន្ត្រី​រដ្ឋាភិបាល​ក្នុង​ពិធី​បិទ​កិច្ច​ប្រជុំ​ប្រចាំ​ឆ្នាំ​របស់​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន​ លោក​ ស​ខេង​ បាន​លើក​ឡើង​ថា ទោះ​បី​ជា​មាន​ចាប់​ខ្លួន​នៅ​តាម​ព្រំ​ដែន​ក៏​ដោយ​ ក៏​មេ​ខ្លោង​ជួញ​ដូរ​គ្រឿង​ញៀន​នៅ​តែ​រួច​ខ្លួន​។

លោក​ ស ខេង​ បាន​មាន​ប្រសាសន៍ថា “ យើង​​មាន​ការ​ខក​ចិត្ត​និង​សោក​ស្តាយ​យ៉ាង​ខ្លាំង​ដែល​មន្ត្រី​មួយ​ចំនួន​តូច​របស់​យើង​គ្មាន​ឆន្ទៈនិង​ការ​ទទួល​ខុស​ត្រូវ​ចំពោះ [ការ​ចាប់​ខ្លួន​មេ​ខ្លោង​] ព្រោះ​ពួក​គេ​មាន​ជាប់​ពាក់​ព័ន្ធ​ជាមួយ​ជន​ជួញ​ដូរ​គ្រឿង​ញៀន​ និង​បាន​ជ្រៀត​ជ្រែក​នៅ​ក្នុង​យុទ្ធនាការ​បង្ក្រាប​ជន​ជួញ​ដូរ​គ្រឿង​ញៀន​”។

លោក​ ស ខេង បាន​មាន​ប្រសាសន៍​បន្ថែម ​ថា “មនុស្ស​ធម្មតា​​មិន​អាច​ [រត់​ពន្ធ​គ្រឿង​ញៀន​] បាន​ទេ​ គឺ​​​មាន​តែ​ជន​មាន​អំណាច​ប៉ុណ្ណោះ​ដែល​អាច​ធ្វើ​​​បាន​។ យើង​រឹប​អូស​បាន​គ្រឿង​ញៀន​តែ​បន្តិច​​​បន្តួច​ប៉ុណ្ណោះ​ ហើយ​ចាប់​បាន​តែ​មនុស្ស​​​ធម្មតា​ ប៉ុន្តែ​មិន​ដែល​ចាប់​បាន​មេ​ខ្លោង​ឡើយ​។ សូម​​​មន្ត្រី​ទាំង​អស់​ខិត​ខំ​ធ្វើ​ការ​​ដើម្បី​បញ្ឈប់​ [ការ​ជួញ​ដូរ​គ្រឿង​ញៀន​]។ យើង​ចាំបាច់​ត្រូវ​តែ​កំណត់​អត្តសញ្ញាណ​មេ​ខ្លោង​​ និង​អ្នក​សម​គំនិត​ដ៏​មាន​អំណាច​របស់​ពួក​គេ​ដើម្បី​ចាប់​ខ្លួន​មេ​ខ្លោង​ជួញ​ដូរ​គ្រឿង​ញៀន​ធំ​”។

លោក​ឧបនាយក​រដ្ឋ​មន្ត្រី​  ស​ ខេង​ បាន​ឲ្យ​ដឹង​ថា នគរបាល​មួយ​ចំនួន​ត្រូវ​បាន​ចាប់​ខ្លួន​ ហើយ​ត្រូវ​បាន​ផ្តន្ទាទោស​ពី​បទ​សម​គំនិត​ជា​មួយ​ជន​ជួញ​ដូរ​គ្រឿង​ញៀន​ក្នុង​រយៈពេល​កន្លង​មក​នេះ​។​ស្រប​ពេល​ដែល​អាជ្ញាធរ​ខេត្ត​ស្ទឹង​ត្រែង​មិន​អាច​អនុវត្ត​ច្បាប់​ឲ្យ​បាន​ត្រឹម​ត្រូវ​នោះ​ ឧត្តម​សេនីយ៍​ឯក​ មាស​ វីរិទ្ធ​ អគ្គលេខាធិការ​អាជ្ញា​ធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន​​ បាន​ឲ្យ​ដឹង​ថា​ យុទ្ធសាស្ត្រ​ថ្មី​ត្រូវ​បាន​ប្រើ​​ដើម្បី​បញ្ឈប​​​​់​ការ​ជួញ​ដូរ​គ្រឿង​ញៀនឆ្លង​កាត់​​ព្រំ​ដែន​។

ឧត្តម​សេនីយ៍​ឯក​ វីរិទ្ធ​ បាន​មាន​ប្រសា​សន៍​ថា​ “ យើង​បាន​ពង្រីក​យុទ្ធនាការ​នៅ​តាម​​​ភូមិ​ឃុំ​ ហើយ​បាន​ស្នើ​ឲ្យ​ពលរដ្ឋ​សាមញ្ញ​ជួយ​រាយ​ការណ៍​អំពី​សកម្ម​ភាព​ដ៏​គួរ​ឲ្យ​សង្ស័យ​ ហើយ​យុទ្ធសាស្ត្រ​េនះ​បាន​ធ្វើ​ឲ្យ​មាន​ការ​ចាប​​់​​​ខ្លួន​ជា​ច្រើន​។ ជន​ជួញ​ដូរ​គ្រឿង​ញៀន​អន្តរ​ជាតិ​កំពុង​តែ​រត់​ពន្ធ​គ្រឿង​ញៀន​ឆ្លង​កាត់​តាម​​​ច្រក​ព្រំ​ដែន​ពី​តំបន់​ត្រី​កោណ​មាស​ ប៉ុន្តែ​អ្នក​ភូមិ​បាន​ជួយ​យើង​ឲ្យ​សម្រេច​​បេសក​កម្ម​បង្ក្រាប​ធំៗ​មួយ​ចំនួន​”។

លោក​ នូ​ ហួរ​ នាយ​ការិយាល័យ​នគរ​បាល​​ប្រឆាំង​គ្រឿង​ញៀន​ខេត្ត​ស្ទឹង​ត្រែង​ បាន​ឲ្យ​ដឹង​កាល​ពី​ម្សិល​មិញ​ថា នគរបាល​បាន​បង្ក្រាប​​​ករណី​ជួញ​ដូរ​គ្រឿង​ញៀន​ឆ្លង​កាត់​តាម​ច្រក​ព្រំ​ដែន​ប្រហែល​១៥ករណី​រួច​មក​ហើយ​ក្នុង​ឆ្នាំ​២០១៤​នេះ​ ដោយ​មាន​ជន​ជាតិ​ឡាវ​ចំនួន​​​បួន​នាក់​ និង​ជន​ជាតិ​កម្ពុជា​ជាង​២០​នាក់​ត្រូវ​បានចាប់​ខ្លួន​។

លោក​ ហួរ​ បាន​មាន​ប្រសាសន៍បន្ត​ថា “ករណី​​​ជួញ​ដូរ​គ្រឿង​ញៀន​ដែល​ជាប់​ពាក់​ព័ន្ធ​ជាមួយ​​ជន​ជាតិ​កម្ពុជា​ភាគច្រើន​គឺ​ជា​ករណី​តូចតាច​ ហើយ​ការ​ពិត​​គឺ​យើង​មិន​ដែល​​ចាប់​ខ្លួន​​បាន​មេ​ខ្លោង​ណាម្នាក់​ទេ​ គឺ​ចាប់​បាន​តែ​អ្នក​ស៊ី​ឈ្នួល​រត់​ពន្ធ​គ្រឿង​ញៀន​ប៉ុណ្ណោះ​។ មេ​ខ្លោង​តែង​តែ​ជួល​អ្នក​ផ្សេង​ឲ្យ​នាំ​ថ្នាំ​ញៀន​​​ឆ្លង​កាត់​ច្រក​ព្រំ​ដែន​”។

យោង​តាម​មន្ត្រី​រដ្ឋាភិបាល​បាន​ឲ្យ​ដឹង  ​ថា គ្រឿង​ញៀន​ភាគច្រើន​ត្រូវ​បាន​គេ​រត់​  ពន្ធ​ឆ្លង​​​កាត់​ច្រក​ព្រំ​ដែន​មក​លក់​នៅ​លើ​ ទី​ផ្សារ​ក្នុង​រាជ​ធានី​ភ្នំពេញ​ ដោយ​វា​បំពុល​មនុស្ស​ឲ្យ​ឆ្កួត​វង្វេង​ ហើយ​ករណី​នេះ​ត្រូវ​លោក ស​ ខេង​ លើក​ឡើង​ថា វា​កំពុង​ធ្វើ​ឲ្យ​ខូច​​សង្គមខ្មែរ​។

លោក​ ស​ ខេង​ បាន​មាន​ប្រសាសន៍​ថា “ខ្ញុំ​បាន​សង្កេត​ឃើញ​ថា អ្នក​សុំ​ទាន​មាន​ការ​កើន​ឡើង​ច្រើន​នៅ​ក្នុង​រាជ​ធានី​ភ្នំពេញ​ ហើយ​​​​មាន​មនុស្ស​ខូច​សតិ​ដើរ​តាម​ផ្លូវ​ដោយ​មិនដឹង​​គោលដៅ​ត្រូវ​ទៅ​ទី​ណា​។ នេះ​គឺ​សុទ្ធ​តែ​បង្ក​ឡើង​ដោយ​ការ​ប្រើ​ប្រាស់​ថ្នាំ​ញៀន​”។

លោក​បាន​មាន​ប្រសាសន៍​បន្ថែម​ថា “នៅ​ពេល​បើក​បរ​ពី​ [ក្រសួង​មហា​ផ្ទៃ​] ទៅ​កាន់​អាកាស​យាន​ដ្ឋាន​អន្តរជាតិ​ភ្នំពេញ​​ខ្ញុំ​បាន​ឃើញ​​មនុស្ស​ពីរ​ ឬ​បី​នាក់​ដែល​ខូច​សតិ​កំពុង​សម្លឹង​មើល​ស្លឹក​ឈើ​​ដោ​យ​មាន​ស្ពាយ​ស្បោង​កខ្វក់នៅ​ពី​ក្រោយ​ខ្នង​”។

លោក​ ស​ ខេង ក៏​បាន​លើក​ឡើង​សំដៅ​​មន្ត្រី​ពុក​រលួយ​នៅ​ក្នុង​មណ្ឌល​បន្សាប​គ្រឿង​ញៀន​ដែល​លោក​បាន​លើក​ឡើង​ថា ជា​ការ​ចូល​រួម​ចំណែក​​ក្នុង​ការ​ធ្វើ​ឲ្យ​ការ​ប្រើ​ប្រាស់​គ្រឿង​ញៀន​មាន​ការ​កើន​ឡើង​ផង​ដែរ​។ លោក​បាន​មាន​ប្រសាសន៍​បន្ថែម​ទៀត​ថា “ទោះ​បី​ជា​ [មណ្ឌល​បន្សាប​គ្រឿង​ញៀន​]  ដូច​ជា​ពន្ធនាគារ​ក៏​ដោយ​ ក៏​នៅ​តែ​មាន​មន្ត្រី​អាក្រក់​មួយ​ចំនួន​ដែល​ចែក​ចាយ​គ្រឿង​ញៀន​​នៅ​ទី​នោះ​ ជាមូល​ហេតុ​ធ្វើ​ឲ្យ​អ្នក​ញៀន​ថ្នាំ​មិន​អាច​បោះ​បង់​ថ្នាំ​ញៀន​បាន​”៕​ស៊ុយឈាង

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស