សកម្មជនប្រហែល៨០នាក់មកពីសហគមន៍ចំនួនបីក្នុងរាជធានីភ្នំពេញបានតវ៉ាប្រឆាំងនឹងការបណ្តេ ញចេញនាពេលកន្លង មក និងការបណ្តេញចេញនៅពេលខាងមុខ នៅមុខស្ថានទូតសហភាពអឺរ៉ុបក្នុងរាជធានីភ្នំពេញកាលពីព្រឹកម្សិលមិញ ដោយសង្ឃឹមថា នឹងទទួលបានជំនួយក្នុងការដោះស្រាយវិវាទដីធ្លីរបស់ខ្លួនជាមួយរដ្ឋាភិបាល និងក្រុមហ៊ុនអភិវឌ្ឍន៍ឯកជនចំនួនពីរទៀត។

សហគមន៍ទាំងនេះបានស្វែងរកជំនួយពីសហភាពអឺរ៉ុប និងស្ទើរតែគ្រប់ស្ថានទូតបរទេសផ្សេងទៀតក្នុងរាជធានីជាច្រើនលើកមកហើយ ហើយបានទៅកាន់ស្ថានទូតសហភាពអឺរ៉ុបជាថ្មីម្តងទៀតកាលពីម្សិលមិញក្នុងឱកាសដែលសមាជិកសភាសហភាពអឺរ៉ុបប្រាំពីរនាក់មកធ្វើទស្សនកិច្ចនៅក្នុងប្រទេសកម្ពុជា។
ពួកគាត់បានជួបជុំគ្នានៅមុខស្ថានទូតនេះរយៈពេលប្រហែលមួយម៉ោងកន្លះមុនពេលលោក ហ្សង់ហ្វ្រងស័រ កូតាំង ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបបានចេញមកនៅម៉ោងប្រហែល១០ព្រឹក ហើយបានទទួលយកញត្តិរបស់ពួកគាត់។
អ្នកស្រី ឆាយ គឹមហន ជាអ្នកតវ៉ាម្នាក់បាននិយាយថា “យើងសង្ឃឹមថា ពួកគេអាចដាក់សម្ពាធលើរដ្ឋាភិបាល ហើយថា ពួកគេត្រូវគិតមុនពេលផ្តល់ជំនួយបន្ថែមទៀដល់រដ្ឋាភិបាលកម្ពុជា”។
អ្នកស្រី គឹមហន បានបន្ថែមថា “ពួកគេត្រូវគិតថា តើការអភិវឌ្ឍរបស់រដ្ឋាភិបាលធ្វើឲ្យប្រទេសកម្ពុជារីកចម្រើន ឬធ្វើឲ្យប្រជាពលរដ្ឋស្រែកយំរកយុត្តិធម៌”។
កាលពីថ្ងៃពុធ គណបក្សសង្គ្រោះជាតិក៏បានជួបប្រជុំជាមួយសមាជិកសភាសហភាពអឺរ៉ុបផងដែរ ហើយបានអំពាវនាវឲ្យប្លុកនេះដែលជាប្រភពផ្តល់ជំនួយដ៏ធំបំផុតតែមួួយគត់ដល់ប្រទេសកម្ពុជានោះពិចារណាពីការផ្តល់មូលនិធិរបស់ខ្លួនដល់រដ្ឋាភិបាលគណបក្សប្រជាជនកម្ពុជាបច្ចុប្បន្ន។
សហភាពអឺរ៉ុបលើកឡើងថា ក្នុងជំនួបជាមួយមន្ត្រីរដ្ឋាភិបាល ខ្លួនបានលើកឡើង ជាប់ជានិច្ចពីកង្វល់របស់ប្រជាពលរដ្ឋដែលត្រូវបណ្តេញចេញដោយគម្រោងដែលទទួលបានការយល់ព្រមពីរដ្ឋាភិបាល។
បច្្ចុប្បន្ននេះ សហភាពអឺរ៉ុបកំពុងចរចាជាមួយរដ្ឋាភិបាលដោយសង្ឃឹមថា នឹងបញ្ចុះបញ្ចូលរដ្ឋាភិបាលឲ្យផ្តល់សំណងដល់ប្រជាពលរដ្ឋរាប់ពាន់គ្រួសារដែលត្រូវបានបណ្តេញ ចេញដោយក្រុមហ៊ុនចម្ការអំពៅនៅក្នុងប្រទេសកម្ពុជា ដែលបច្ចុប្បន្ននាំចេញស្ករសរួចពន្ធទៅតំបន់អឺរ៉ុប ដោយសារគម្រោងពាណិជ្ជកម្មរបស់សហភាពអឺរ៉ុប៕សារុន