កាលពីម្សិលមិញ អង្គភាពប្រឆាំងអំពើពុករលួយបានចេញសេចក្តីប្រកាសព័ត៌មានមួយព្រមានប្រធានមន្ទីរនៅក្នុងខេត្តឧត្តរមានជ័យឲ្យបញ្ឈប់ការប្រើប្រាស់តួនាទីរបស់ខ្លួនសម្រាប់ប្រយោជន៍ផ្ទាល់ខ្លួន បន្ទាប់ពីមានបណ្តឹងជាបន្តបន្ទាប់ពីមន្ត្រីរាជការ។
សេចក្តីប្រកាសព័ត៌មានរបស់អង្គភាពប្រឆាំងអំពើពុករលួយដែលមិនលើកឡើងពីឈ្មោះដើមបណ្តឹងនិងចុងចោទ បានគូសបញ្ជាក់អំពីការអះអាងចំពោះបក្ខពួកនិយម ការប្រើប្រាស់ធនធានរដ្ឋជាប្រយោជន៍ផ្ទាល់ខ្លួន និងមន្ត្រីដែលប្រើតួនាទីហួសពីសមត្ថកិច្ចរបស់ខ្លួន។
សេចក្តីប្រកាសព័ត៌មានដែលបង្ហោះនៅលើគេហទំព័ររបស់អង្គភាពប្រឆាំងអំពើពុករលួយ កាលពីម្សិលមិញមានខ្លឹមសារដូច្នេះថា “តាមពាក្យបណ្តឹងបានដឹងថា មន្ទីរនានាមានការគ្រប់គ្រង និងដឹកនាំមិនបានត្រឹមត្រូវហេតុដូច្នេះអង្គភាពប្រឆាំងអំពើពុករលួយសូមក្រើនរំឭកដល់មន្ទីរមួយចំនួននៅក្នុងខេត្តឧត្តរមានជ័យ គប្បីត្រូវបញ្ឈប់សកម្មភាពមួយចំនួនដែលកំពុងកើតឡើង”។
សេចក្តីប្រកាសព័ត៌មាននេះបានលើកឡើងពីពាក្យបណ្តឹងមួយចំនួនដែលរួមមានករណីមួយដែលប្រធានមន្ទីរត្រូវបានគេចោទប្រកាន់ថា បានយកកូនប្រុស ឬកូនស្រីរបស់ខ្លួនមកធ្វើជាប្រធានគណនេយ្យ។
សេចក្តីប្រកាសព័ត៌មាននេះមានខ្លឹមសារបន្តដូច្នេះថា “ករណីទំនាស់ផលប្រយោជន៍មិនអាចធ្វើបានទេ គួរគប្បីឪពុកឈប់ធ្វើជាប្រធានមន្ទីរ ឬមួយកូនឈប់ធ្វើប្រធានគណនេយ្យ”។
សេចក្តីប្រកាសព័ត៌មាននេះ ក៏បានលើកឡើងដែរថា មន្ត្រីជាប់កិច្ចសន្យា និងមន្ត្រីបណ្តែតកំពុងចុះហត្ថលេខាលើលិខិតស្នាមមួយចំនួននិងបំពេញតួនាទីរបស់ខ្លួនហួសដែនសមត្ថកិច្ច។
សេចក្តីប្រកាសព័ត៌មាននេះ មានខ្លឹមសារដូច្នេះថា “មន្ត្រីជាប់កិច្ចសន្យា គឺមិនមានសិទ្ធិុចុះហត្ថលេខាលើលិខិតស្នាមអ្វីទាំងអស់។មន្ត្រីជាប់កិច្ចសន្យាគ្រាន់តែជាជំនួយការឲ្យមន្ត្រីរដ្ឋបាលដូចជា វាយអត្ថបទ ថតចម្លងឬបញ្ជូនឯកសារប៉ុណ្ណោះ”។
អង្គភាពប្រឆាំងអំពើពុករលួយបានព្រមានមន្ត្រីរាជការចំពោះការប្រើប្រាស់ទ្រព្យសម្បត្តិរដ្ឋសម្រាប់ប្រយោជន៍ផ្ទាល់ខ្លួន ប៉ុន្តែមិនបានបញ្ជាក់លម្អិតអំពីពាក្យបណ្តឹងដែលប្តឹងពីបញ្ហាបែបនេះឡើយ។
ការរំលោភបំពានទាំងនេះ អាចមានទោសជាប់ពន្ធនាគារពីពីរឆ្នាំទៅប្រាំឆ្នាំនិងអាចត្រូវពិន័យជាប្រាក់រហូតដល់១០.០០០.០០០រៀល ឬក៏ប្រហែល២. ៥០០ដុល្លារ។ រីឯការក្លែងបន្លំឯកសារផ្លូវការដែលចេញដោយរដ្ឋបាលសាធារណៈត្រូវផ្តន្ទាទោសឲ្យជាប់ពន្ធនាគារពី៥ទៅ១០ឆ្នាំ។
លោក ឆាយ សាវុធ អនុប្រធានអង្គភាពប្រឆាំងអំពើពុករលួយបានលើកឡើងថា ដោយពាក្យបណ្តឹងត្រូវបានផ្សព្វផ្សាយជាសាធារណៈ ជនដែលត្រូវបានចោទប្រកាន់់ថា បានប្រព្រឹត្តបទល្មើស គួរតែកែតម្រូវទោសកំហុសរបស់ខ្លួន បើេពុំដូច្នោះទេនឹងត្រូវប្រឈមចំពោះមុខច្បាប់។
លោកបានមានប្រសាសន៍ថា “ប្រសិនបើបញ្ហាទាំងនោះមិនត្រូវបានកែតម្រូវទេ យើងនឹងចាត់វិធានការតាមផ្លូវច្បាប់។ ជំហានដំបូងយើងចេញសេចក្តីប្រកាសព័ត៌មាន។ ប្រសិនបើក្រុមបក្ខពួកនិយមកែតម្រូវទោសកំហុសរបស់ខ្លួន បញ្ហាគឺត្រូវបញ្ចប់”។
នៅពេលត្រូវបានសួរថា តើហេតុអ្វីបានជាសេចក្តីប្រកាសព័ត៌មាននេះមិនបញ្ចេញឈ្មោះជនជាប់ចោទ លោកបានបង្វែរសំណួរនេះទៅលោក ឱម យុិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ ដែលមិនអាចទាក់ទងសុំការធ្វើអត្ថាធិប្បាយបាន។
លោក ស្រី ណារ៉េន អ្នកសម្របសម្រួលនៅអង្គការសិទ្ធិមនុស្សអាដហុក ប្រចាំខេត្តឧត្តរមានជ័យ បានលើកឡើងថា បក្ខពួកនិយមកើតមានច្រើននៅក្នុងខេត្តឧត្តរមានជ័យ ពោលគឺក្នុងចំណោមមន្ទីរទាំង២៤មានមន្ទីរចំនួន២០សុទ្ធតែមានសាច់ញាតិធ្វើការក្រោមដំបូលតែមួយ។ លោក ណារ៉េន បានមានប្រសាសន៍ថា “មានអំពើពុករលួយខ្លាំងណាស់ ដោយសារបក្ខពួកនិយមនៅក្នុងមន្ទីរនានា ដោយនៅទីនោះកូន បងប្អូនបង្កើតនិងសាច់ញាតិធ្វើការជាមួយគ្នា”។
ខេត្តឧត្តរមានជ័យគឺជាមូលដ្ឋានចុងក្រោយរបស់ខ្មែរក្រហម។ ដោយមានព្រំប្រទល់ជាប់ប្រទេសថៃ ខេត្តមួយនេះទើបតែស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋាភិបាលទាំងស្រុងក្នុងឆ្នាំ១៩៩៨ ប៉ុណ្ណោះ៕ ស៊ុយឈាង