កាលពីម្សិលមិញនគរបាលកម្ពុជាបានយកសាកសពបុរសម្នាក់អាយុ២៧ឆ្នាំដែលគេជឿថា ត្រូវបានអាជ្ញាធរថៃបាញ់សម្លាប់ បន្ទាប់ពីឆ្លងចូលព្រំដែនថៃពីខេត្តបៃលិន ក្នុងគោលបំណងដើររកចាប់មាន់។
លោក យ៉ាន យ៉ុង នាយប៉ុស្តិ៍ស្ទឹងកាច់ក្នុងស្រុកសាលាក្រៅ បានឲ្យដឹងថា សាកសពជនរងគ្រោះឈ្មោះ ផុង សុខឡា ត្រូវបានប្រទះឃើញនៅចម្ងាយប្រហែល៣០០ម៉ែត្រពីខេត្តចាន់បុរីរបស់ប្រទេសថៃ។
លោកបានមានប្រសាសន៍ថា “ជនរងគ្រោះត្រូវបាញ់ចំដងខ្លួន និងបានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុក្នុងពេលកំពុងព្យាយាមដាក់អន្ទាក់ចាប់មាន់ព្រៃ”។
សាច់ញាតិរបស់ជនរងគ្រោះបានប្រាប់នគរបាលថា ជារៀងរាល់ថ្ងៃ ជនរងគ្រោះ ផុង សុខឡា និងពូរបស់ខ្លួនតែងតែទៅចាប់មាន់ព្រៃ និងប្រហែលជាបានឆ្លងចូលព្រំដែនថៃដោយមិនដឹងខ្លួន។ នៅពេលជនរងគ្រោះមិនត្រឡប់មកផ្ទះវិញ គ្រួសារក៏បានជូនដំណឹងទៅនគរបាល។
លោក ខន វុទ្ធីគុណ អធិការនគរបាលស្រុកសាលាក្រៅបានឲ្យដឹងថា ប្រតិបត្តិការស៊ើបអង្កេតមួយកំពុងតែដំណើរការ ដើម្បីកំណត់ថា តើជនរងគ្រោះឈ្មោះ ផុង សុខឡា “ត្រូវបានបាញ់សម្លាប់ដោយនគរបាលថៃ ឬក៏ប្រជាជនថៃ”។
លោក ប៉ាក់ឌី ទូចាយុធ (Pakdi Touchayoot) ឯកអគ្គរាជទូតប្រចាំប្រទេសកម្ពុជា បានបដិសេធមិនធ្វើអត្ថាធិប្បាយទាក់ទងនឹងករណីនេះ ឬក៏គោលនយោបាយល្បាតតាមព្រំដែនរបស់ប្រទេសថៃឡើយ។
លោក ទូចាយយុធ ត្រូវបានក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា កោះហៅប្រជុំកាលពីសប្តាហ៍មុន ទាក់ទងនឹងករណីឃាតកម្មកើតឡើងជាបន្តបន្ទាប់មិនព្រមឈប់លើប្រជាជនខ្មែរ ដែលបានឆ្លងដែនចូលប្រទេសថៃ ជាញឹកញាប់ដើម្បីកាប់ឈើមានតម្លៃខុសច្បាប់នៅទីនោះ៕ សុធា