មេគំនិតនៅពីក្រោយគម្រោងលួចបន្លំប្រាក់ចំនួន២,៣លានដុល្លារនៅធនាគារកាណាឌីយ៉ាបានបកស្រាយលម្អិតប្រាប់សាលាដំបូងរាជធានីភ្នំពេញកាលពីម្សិលមិញអំពីរបៀបដែលខ្លួនបានលួចយកប្រាក់អំឡុងពេលប្រាំមួយខែកាលពីឆ្នាំមុន ក្នុងការលួចបន្លំដ៏ធំបំផុតមិនដែលមានពីមុនមក។
អ្នកនាង យ៉េត សុភក្ត្រា អាយុ៣០ឆ្នាំបានប្រាប់តុលាការថា “ខ្ញុំបានដកប្រាក់ចំនួន២,៣លានដុល្លារពីធនាគារកាណាឌីយ៉ា ដោយប្រើប័ណ្ណឥណទានសម្រាប់មនុស្សពីរនាក់…។ លើកទី១ ខ្ញុំបានដកប្រាក់ពី១០.០០០ដុល្លារទៅ២០.០០០ដុល្លារពីម៉ាស៊ីនដកប្រាក់ស្វ័យប្រវត្តិ ហើយខ្ញុំដឹងថា ខ្ញុំបានដកប្រាក់ចំនួនជាង២,៣លានដុល្លារនៅចន្លោះខែមីនា និងខែតុលាឆ្នាំ២០១៣”។
អ្នកនាង សុភក្ត្រា ដែលជាអ្នកគ្រប់គ្រងជាន់ខ្ពស់ម្នាក់នៅក្នុងផ្នែកប័ណ្ណឥណទានរបស់ធនាគារកាណាឌីយ៉ា បានចូលខ្លួនក្នុងតុលាការកាលពីម្សិលមិញ ជាមួយអ្នករួមគំនិតពីរនាក់ទៀតឈ្មោះ ឡេង ស៊ុនទ្រី អាយុ ៣៤ឆ្នាំ ដែលជាប្រធានផ្នែកប័ណ្ណឥណទានរបស់ធនាគារនេះនិងឈ្មោះ ស៊ុន សៅនីន អាយុ៤៣ឆ្នាំ ជាមិត្តប្រុសរបស់ខ្លួន។ អ្នកទំាងបីត្រូវបានចាប់ខ្លួននិងចោទប្រកាន់ពីបទលួចបន្លំ និងចោរកម្មកាល ពីក្នុងខែតុលា។
ម្តាយរបស់ សុភក្ត្រា ឈ្មោះ ចក់ គឹមហេង អាយុ៥៩ឆ្នាំ ក៏ត្រូវបានចាប់ខ្លួន និងត្រូវបានចោទប្រកាន់ផងដែរ ប៉ុន្តែត្រូវបានដោះលែងឲ្យនៅក្រៅឃុំជាបណ្តោះអាសន្ន។
អ្នកនាង សុភក្ត្រា បានឲ្យដឹងថា ខ្លួនជាអ្នកទទួលខុសត្រូវតែម្នាក់ឯងគត់ចំពោះការលួចបន្លំនេះ។ អ្នកនាង បានឲ្យដឹងថា “មិត្តប្រុសរបស់ខ្ញុំនិងអ្នកឯទៀតមិនទាក់ទងជាមួយការលួចបន្លំយកប្រាក់ពីធនាគារកាណាឌីយ៉ានៅក្នុងឆ្នាំ២០១៣ទេ”។
អ្នកនាង សុភក្ត្រា បានបន្ថែមថា នៅពេលរៀបចំគម្រោងនោះ នាងទទួលបន្ទុកធ្វើប័ណ្ណឥណទាននៅធនាគារនេះ ហើយនាងបានសុំឲ្យម្តាយរបស់នាងនិងមិត្តភក្តិម្តាយរបស់នាងនូវអត្តស ញ្ញាណប័ណ្ណរបស់ខ្លួន និងឯកសារផ្សេងទៀតដើម្បីធ្វើប័ណ្ណនេះ។
អ្នកនាង សុភក្ត្រា បានឲ្យដឹងថា “ខ្ញុំបានក្លែងបន្លំឯកសារទាំងអស់ដើម្បីធ្វើប័ណ្ណឥណទានចំនួនប្រាំ ហើយខ្ញុំបានដកប្រាក់ពីធនាគារផ្សេងទៀត[ ATMs] ។ ខ្ញុំចាំបានថា មានអតិថិជនម្នាក់មានប្រាក់ប្រហែល២លានដុល្លារនៅក្នុងគណនីមួយ ហើយខ្ញុំបានក្លែងបន្លំឯកសារដើម្បីផ្ទេរប្រាក់ចូលទៅគណនីរបស់ខ្ញុំៗ”។
លោក សៅនីន បានឲ្យដឹងថា គាត់បានដឹងថា សុភក្ត្រាបានដកប្រាក់១០.០០០ដុល្លារក្នុងមួយលើក ហើយបុរសរុបនេះបានបន្ថែមថា នាងបានសារភាពថា ខ្លួនពិតជាបានប្រព្រឹតបទល្មើសនេះប្រាកដមែន មុនពេលនាងត្រូវបានចាប់ខ្លួន។ គាត់បានឲ្យដឹងថា “មុនពេលខ្ញុំត្រូវបានចាប់ខ្លួន នាងបានទូរស័ព្ទរកខ្ញុំ និងបាននិយាយថា អ្វីៗទាំងអស់ដែលនាងបានធ្វើជាមួយធនាគារកាណាឌីយ៉ា គឺដើម្បីឲ្យខ្ញុំរត់គេចពីការចាប់ខ្លួន”។
អ្នកនាង សុភក្ត្រា និយាយថា ខ្លួនបានទូរស័ព្ទទៅ សៅនីន ដើម្បីប្រាប់គាត់ឲ្យដឹង និងបានប្រាប់គាត់ថា នាងមិនបានប្រើប្រាក់នេះដើម្បីទិញដីនៅក្នុងខេត្តកំពង់ឆ្នាំង និងខេត្តពោធិ៍សាត់ ពីព្រោះនាងមានផែនការមុន។
លោក ស៊ុនទ្រី ដែលលាចុះពីការងាររបស់ខ្លួននៅឯធនាគារកាណាឌីយ៉ា មុនពេលគាត់ត្រូវបានចាប់ខ្លួន បានឲ្យដឹងថា ខ្លួនមិនបានដឹងអំពីគម្រោងនេះទេ។ លោកបានឲ្យដឹងថា “ខ្ញុំមិនបានដឹងថាអ្នកនាង សុភក្ត្រា ដកប្រាក់ចំនួន២,៣លានដុល្លារនៅពេលណាទេ។ ខ្ញុំមិនបានសមគំនិតជាមួយនាងទេ”។
ក្រុមអ្នកជំនាញខាងធនាគារកើតក្តីសង្ស័យអំពីគណនីរបស់អ្នកនាង សុភក្ត្រា ដោយកត់សម្គាល់ថា វាមិនអាចដកប្រាក់រាប់មឺុនដុល្លារពីម៉ាស៊ីនដកប្រាក់ (ATM) នៅក្នុងប្រតិបត្តិការសាច់ប្រាក់មួយនោះទេ។
កាលពីក្នុងខែតុលា មន្ត្រីធនាគារកាណាឌីយ៉ាបានឲ្យដឹងថា ការលួចបន្លំនេះបានបន្តអស់រយៈពេលជាច្រើនខែ ពីព្រោះមនុស្សដដែលនេះដែលទទួលបន្ទុកត្រួតពិនិត្យប្រតិបត្តិការប័ណ្ណឥណទាន បានអនុវត្តការលួចបន្លំនេះ។
លោក ឆាលេស វ៉ាន់ អនុប្រធានប្រតិបត្តិនៃធនាគារកាណាឌីយ៉ា បានមានប្រសាសន៍កាលពីម្សិលមិញនៅតុលាការថា អ្នកជំនាញព័ត៌មានវិទ្យាបានធ្វើការស៊ើបអង្កេតសេចក្តីអត្ថាធិប្បាយមិនពិតនេះ និងបានរកឃើញថា លោក ស៊ុនទ្រី ពិតជាមនុស្សសំខាន់ក្នុងគម្រោងលួចបន្លំយកប្រាក់នេះ ពីព្រោះគាត់បានសម្រេចឲ្យដកប្រាក់ទាំងអស់។
លោកបានបន្ថែមទៀតថា “ប្រសិនជាលោក ស៊ុនទ្រី មិនបានសមគំនិតជាមួយអ្នកនាង សុភក្ត្រា ទេ ធនាគារនឹងមិនបាត់ប្រាក់ចំនួន២,៣លានដុល្លារទេ”។ លោកចៅក្រម កោ វណ្ណឌី បានមានប្រសាសន៍ថា ការបើកសវនាការជំនុំជម្រះគ្រោងនឹងបន្តទៀតនៅថ្ងៃទី២៥ ខែមេសា៕ប៊ុននី