29 C
Phnom Penh

អ្នក​ភូមិ​ស្រុក​កំពង់ត្រឡាច ខេត្ត​​​កំពង់​​​ឆ្នាំ​​​​ងដើរចេញ​ពី​កិច្ច​ប្រជុំ​រក​ដំណោះ​ស្រាយ​ពាក់ព័ន្ធ​វិវាទដីធ្លី

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

គណៈ​កម្មការ​មួយ​​ដែល​បាន​បង្កើត​ឡើង​ដើម្បី​ដោះស្រាយ​វិវាទ​ដីធ្លី​ជាយូរ​មក​ហើយ​រវាង​អ្នក​ភូមិ​នៅក្នុង​ស្រុក​កំពង់​​ត្រឡាច​ ខេត្ត​កំពង់​ឆ្នាំង​ ជា​មួយ​​អ្នកស្រី ជា ខេង ភរិយា​របស់​លោក​ ស៊ុយ សែម រដ្ឋ​មន្ត្រី​ក្រសួង​រ៉ែ​និង​ថាមពលបាន​កោះ​ហៅ​អ្នក​ភូមិ​៣២​គ្រួសារ​​មក​សាក​សួរ​កាល​ពី​ម្សិល​មិញ។

ប៉ុន្តែ​អ្នក​ភូមិ​ភាគ​ច្រើន​បាន​ដើរ​ចេញ​ពី​កិច្ច​ប្រជុំ​នោះបន្ទាប់ពី​អ្នកស្រី ជា ខេង ដែ​ល​​ក្រុម​ហ៊ុន KDC International ជា​ក្រុម​ហ៊ុន​​​កសិ​ឧស្សា​ហក​ម្ម​របស់​គាត់ បាន​ចាប់​យក​ដី​ទំហំ​១៤៥​​ហិក​តា​​​របស់​អ្ន​ក​ភូមិ​៥២​គ្រួសារ​កាល​ពីឆ្នាំ​២០០៧​​នោះ បាន​និយាយ​ថា ក្រុម​អ្នក​ភូមិ​មិន​មាន​ភ័ស្តុ​តាង​គ្រប​់​គ្រាន់​ដើម្បី​បញ្ជា​ក់​ថាដី​នោះ​​ជា​​ដី​របស់​ពួក​គាត់​​ឡើយ។

លោក សួស ស៊ីផៃ នាយ​ប៉ុស្តិ៍​ឃុំ​តាជេស ជា​សមាជិក​ម្នាក់​ក្នុង​ចំណោម​សមា​ជិក​គណៈ​កម្មការ​១៥​នាក់​ដែល​ត្រូវ​បាន​បង្កើត​ឡើង​តាម​សំណើ​របស់​ក្រុម​ហ៊ុន KDC បាន​មាន​ប្រសាសន៍​ថា “យើង​មាន​គម្រោង​សាក​សួរ​អ្នក​ភូមិ​៣២​គ្រួសារ​នៅ​ថ្ងៃ​នេះ​ដើម្បីធ្វើ​របាយការណ៍​ដោះ​ស្រាយ​​បញ្ហា​នេះ ហើយ​យើង​នឹង​បន្ត​សាក​សួរ​អ្នក​ភូមិ​២០​គ្រួសារ​ទៀត​នៅ​ថ្ងៃ​ស្អែក​”។ គណៈ​កម្មការ​នេះ​មិន​​មាន​​តំណាង​​អ្នក​ភូមិ​ទេ។

លោក​បាន​មាន​ប្រសាសន៍​ថា “យើង​​សាក​សួរ​អ្នក​ភូមិបាន​តែ​​១១​គ្រួសារ​ប៉ុណ្ណោះ​​ក្នុង​ចំណោម​៣២​គ្រួសារ​នៅ​ព្រឹក​នេះ ប៉ុន្តែ​អ្ន​ក​ដែល​បាន​ដើរ​ចេញ​ពី​សាលា​ឃុំ​​ ហើយ​ត្រឡប់​ទៅ​ផ្ទះ​វិញ បន្ទាប់ពី​អ្នក​ស្រី ជា ខេង និយាយ​ថា អ្នក​ស្រី​នឹង​មិន​ទទួ​ល​​ស្គាល់​ការ​ឆ្លើយ​តប​របស់​ពួកគាត់​ ពី​ព្រោះពួកគាត់​មិន​មាន​ភ័ស្តុតាង​ដើម្បី​បញ្ជាក់​ថា ដីនោះ​ជា​ដី​ស្រប​ច្បាប់​របស់​ពួក​គាត់​​ឡើយ​”​។

លោក សួស ស៊ីផៃ បាន​មាន​ប្រសា​សន៍​ថា អ្នក​ភូមិ​១១​គ្រួសារ​បាន​ទាម​ទារ​សំណង​​ចាប់​ពី​១៥​.០០០​ដុល្លារ​ទៅ​២០.០០០​ដុល្លារ​ក្នុង​មួយ​ហិក​តា ប៉ុន្តែ​អ្នក​ស្រី​​ ជា ខេង មិន​​ព្រម​ឲ្យ​​ទេ បើគ្មាន​ភ័ស្តុ​តាង​បញ្ជាក់ពី​កម្មសិទ្ធិ​។

គ្រួសារ​មួយ​ចំនួន​អះអាង​ថា ពួកគាត់បាន​រស់​នៅ​លើ​ដីនេះ​ចាប់​តាំង​​ពី​ឆ្នាំ​១៩៨៨​​មក​ម៉្លេះ ដោយ​មាន​ប័ណ្ណ​កម្មសិទ្ធិ​ដី​ស្រប​ច្បាប់​ទៀត​ផង​។

លោក សល់ សុង អាយុ​៥៦​ឆ្នាំ ដែល​ជាប់​ពាក់​ព័ន្ធ​ក្នុង​វិវាទ​ដីធ្លីនេះនិយាយ​ថា គាត់​​​បាន​ធ្វើ​ជាម្ចាស់​ដីស្រែ​ និ​ង​ដីចម្ការ​ទំហំ​២​ហិកតា​នេះ​ក្នុង​ឆ្នាំ​១៩៩០​។គាត់​ទាម​ទារ​តម្លៃ​២០.០០០​ដុល្លា​រ​ក្នុង​មួយ​ហិក​តា​​ពី​អ្នក​ស្រី​ ​ជា ខេង ។

គាត់​​បាន​និយាយ​ថា “ខ្ញុំ​មិន​មាន​ប័ណ្ណ​កម្ម​សិទ្ធិ​ដីទេ ​ប៉ុន្តែ​ខ្ញុំ​មាន​លិខិត​មួយ​ច្បាប់​ដែល​  ទទួ​ល​ស្គាល់​ដោយ​អតីត​ប្រធាន​ភូមិ និង​​មេឃុំ​”។ លោក សល់ សុង បាន​និយាយ​ថា “ខ្ញុំ​បាន​ដើរ​ចេញបី​សាលា​ឃុំ ពីព្រោះ​អ្នក​ស្រី ជា ខេង មិនទទួល​ស្គាល់​លិខិត​របស់​ខ្ញុំ ហើយ​និយាយ​​ថា លិខិត​នេះ​​​គ្មាន​សុពល​ភាព​​”​។ គេ​មិន​អាច​ទាក់​ទង​អ្នកស្រី ជា ខេង ដើម្បី​​សុំអត្ថា​ធិប្បាយ​បាន​ទេ​៕ សារុន ​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស