កាលពីម្សិលមិញ សាលាដំបូងរាជធានីភ្នំពេញបានផ្តន្ទាទោសស្ត្រីជនជាតិថៃពីរនាក់ឲ្យជាប់ពន្ធនាគារអស់មួយជីវិតបន្ទាប់ពីបានរកឃើញថា ពួកគេមានពិរុទ្ធភាពពីបទជួញដូរកូកាអុីនទម្ងន់ជាងកន្លះគីឡូក្រាមពីប្រទេសប្រេស៊ីលចូលមកប្រទេសកម្ពុជា។
លោកស្រី គឹម ដានី ចៅក្រមប្រធានក្រុមប្រឹក្សាជំនុំជម្រះក៏បានពិន័យស្ត្រីទាំងពីរនាក់នេះ គឺឈ្មោះ វង្ស ត្រកូល សាងដាវ អាយុ៤១ឆ្នាំ និង ថានយ៉ាន សាម៉ាអាផាត អាយុ៣១ឆ្នាំក្នុងម្នាក់ៗចំនួន៦០លានរៀលផងដែរ។ លោកស្រីបានមានប្រសាសន៍ថា “តុលាការរកឃើញថា ចុងចោទទាំងពីរនាក់នេះមានពិរុទ្ធភាពពីបទរក្សាទុក ដឹកជញ្ជូន និងជួញដូរគ្រឿងញៀនតាមមាត្រា៤០នៃច្បាប់ប្រឆាំងការជួញដូរគ្រឿងញៀនរបស់កម្ពុជា”។ លោកស្រីបានបន្ថែមថា ស្ត្រីទាំងពីរនាក់នេះមានពេល៣០ថ្ងៃដើម្បីប្តឹងឧទ្ធរណ៍ជំទាស់នឹងការផ្តន្ទាទោសនេះ។
លោក យ៉េង ប៊ុណ្ណា ប្រធាននាយកដ្ឋាននគរបាលប្រឆាំងគ្រឿងញៀនក្រសួងមហាផ្ទៃមានប្រសាសន៍ថា នគរបាលបានចាប់ខ្លួន សាម៉ាអាផាត នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញកាលពីថ្ងៃទី៤ ខែឧសភា បន្ទាប់ពីទទួលបានព័ត៌មានពីនគរបាលប្រឆាំងគ្រឿងញៀនថៃ ហើយបានរកឃើញកូកាអីុនប្រាំមួយកញ្ចប់ទម្ងន់៦៩៤,៤៩ក្រាមដេរភ្ជាប់នឹងខោទ្រនាប់។
លោកមានប្រសាសន៍ថា “ បន្ទាប់ពីការសាកសួរ យើងបានរៀបចំគម្រោងចាប់ខ្លួនអ្នកសមគំនិតដែលបានធ្វើដំណើរពីប្រទេសថៃមកទទួលយកគ្រឿងញៀននៅបន្ទប់សណ្ឋាគារមួយក្នុងរាជធានីភ្នំពេញ”។
ស្ត្រីឈ្មោះ សាម៉ាអាផាត បានអះអាងថា គាត់មិនដឹងថា មានថ្នាំញៀននៅជាប់ខ្លួនទេ ហើយត្រូវបានបុរសជនជាតិនីហ្សេរីយ៉ាម្នាក់ដែលគាត់ស្គាល់ថាឈ្មោះ “ អូសាម៉ា” បានឲ្យលុយគាត់ចំនួន៣.០០០ដុល្លារឲ្យធ្វើដំណើរទៅប្រទេសប្រេស៊ីល ហើយជិះយន្តហោះមកកាន់ប្រទេសកម្ពុជាវិញដោយឲ្យស្លៀកខោទ្រនាប់នោះ។
គាត់បាននិយាយថា “ ប្រសិនបើខ្ញុំដឹងថា វាជាថ្នាំញៀន ខ្ញុំមិនធ្វើដូច្នេះទេ”។ស្ត្រីឈ្មោះ សាងដាវ ក៏បាននិយាយដែរថា គាត់បានចាញ់បោកមិត្តប្រុសរបស់គាត់ឲ្យធ្វើដំណើរមករាជធានីភ្នំពេញដើម្បីទទួលទំនិញពីគាត់៕សារុន