កាលពីម្សិលមិញ មន្ត្រីក្រសួងអប់រំជាន់ខ្ពស់មួយរូបបានលើកឡើងថា ការចាប់សិស្សលួចចម្លងដាក់ពន្ធនាគារដូចដែលអង្គភាពប្រឆាំងអំពើពុករលួយបានគំរាមកាលពីថ្ងៃអង្គារ គឺជារឿងមិនត្រឹមត្រូវឡើយក្នុងការលុបបំបាត់អំពើពុករលួយនៅពេលប្រឡងសញ្ញាបត្រទុតិយភូមិថ្នាក់ជាតិ។ ផ្ទុយទៅវិញ លោកបានអំពាវនាវឲ្យបង្កើនថវិកាសម្រាប់គ្រូបង្រៀន ប្រសិនបើឲ្យពួកគាត់ឈប់ទទួលសំណូក។
លោក រស់ សាលីន ប្រធានខុទ្ទកាល័យក្រសួងអប់រំបានមានប្រសាសន៍ថា សិស្សភាគច្រើនអាយុក្រោម១៨ឆ្នាំ ដូច្នេះ វាជារឿងមិនត្រឹមត្រូវទេក្នុងការចាប់ពួកគេដាក់ពន្ធនាគារនោះ ប៉ុន្តែសារនេះ [របស់អង្គភាពប្រឆាំងអំពើពុករលួយ] ប្រហែលជាធ្វើឲ្យសិស្សមួយចំនួនឈប់លួចចម្លង។
នៅសប្ដាហ៍នេះ លោក ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយបានថ្លែងទៅកាន់គ្រូបង្រៀន១៥០នាក់ ដែលបានចូលរួមក្នុងវគ្គបណ្តុះបណ្តាលស្តីពីការប្រឆាំងអំពើពុករលួយថា តុលាការនឹងចាត់ការលើបញ្ហាលួចចម្លងនៅពេលប្រឡងថ្នាក់ជាតិ។ លោក សាលីន បានមានប្រសាសន៍ថា គួរមានវិធានការស្រាលជាងនេះ។
លោកបានមានប្រសាសន៍ថា “យើងមានប្រព័ន្ធឃ្លាំមើលថ្មីផ្ទាល់ខ្លួន ដោយមានមនុស្សបីក្រុមផ្សេងគ្នាមកពីក្រសួងដើម្បីឃ្លាំមើលឲ្យបានដិតដល់នៅពេលប្រឡង ពេលកែ និងពេលចេញលទ្ធផល”។
បន្ទាប់ពីបញ្ចប់វគ្គបណ្ដុះបណ្ដាលរយៈពេលបីថ្ងៃកាលពីម្សិលមិញដល់គ្រូបង្រៀនស្តីពីការទប់ស្កាត់អំពើពុករលួយ ដែលកើតមានច្រើននៅតាមវិទ្យាល័យ ជាពិសេសអំឡុងពេលប្រឡងនោះ លោក សាលីន បានមានប្រសាសន៍ថា វិធីដ៏ល្អបំផុតដើម្បីធានាឲ្យការប្រឡងថ្នាក់ជាតិត្រឹមត្រូវនោះ គឺធ្វើយ៉ាងណាកុំឲ្យគ្រូបង្រៀនទទួលសំណូក។
លោក សាលីន បានមានប្រសាសន៍ថា “នេះជាឧបសគ្គដែលយើងប្រឈម។ យើងចំណាយថវិកាចំនួន៣៣៣លានដុល្លារក្នុងមួយឆ្នាំ ហើយ៧៥ភាគរយនៃថវិកានេះបានចំណាយទៅលើប្រាក់ខែរួចហើយ”។ លោក បន្តថា “យើងត្រូវការថវិកាបន្ថែមដើម្បីលើកកម្ពស់បទដ្ឋាននៃការអប់រំ”។
នៅឆ្នាំនេះប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យបានជំរុញឲ្យគ្រូបង្រៀនទូទាំងប្រទេសធ្វើកូដកម្មទាមទារដំឡើងប្រាក់ខែគោល២៥០ដុល្លារ។
កាលពីដើមសប្ដាហ៍នេះ លោក រ៉ុង ឈុន ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យបានមានប្រសាសន៍ថា ការចាប់អនុរក្ស ឬសិស្សដែលជាប់ពាក់ព័ន្ធនឹងសំណូកដាក់ពន្ធនាគារគឺធ្ងន់ធ្ងរពេក ហើយលោកបានអំពាវនាវឲ្យអង្គភាពប្រឆាំងអំពើពុករលួយដាក់ទណ្ឌកម្មផ្សេងវិញ។
នៅពិធីបិទវគ្គបណ្ដុះបណ្ដាលនៅអង្គភាពប្រឆាំងអំពើពុករលួយកាលពីម្សិលមិញ គ្រូបង្រៀនអាយុ៣១ឆ្នាំម្នាក់មកពីខេត្តរតនគិរីដែលប្រាប់ថា ឈ្មោះ ធា បានមានប្រសាសន៍ថា ទោះជាលោកមិនមានប្រាក់ខែគ្រប់គ្រាន់ក៏ដោយ ក៏ការភ័យខ្លាចចំពោះការចាប់ដាក់ពន្ធនាគារអាចរារាំងលោកមិនឲ្យលោកទទួលយកសំណូក។
លោកបានមានប្រសាសន៍ថា “សព្វថ្ងៃនេះ ប្រាក់ខែគ្រូបង្រៀនតិចណាស់។ ខ្ញុំនឹងប្រឹងប្រែងឲ្យអស់ពីលទ្ធភាពដើម្បីអនុវត្តតាមអង្គភាពប្រឆាំងអំពើពុករលួយ ហើយគ្រូមួយចំនួនដែលភ័យខ្លាចចំពោះការចាប់ដាក់ពន្ធនាគារដែរនោះក៏នឹងធ្វើដូច្នេះដែរ ប៉ុន្តែខ្ញុំដឹងថា គ្រូភាគច្រើននឹងនៅតែទទួលយកសំណូក”។
គ្រូបង្រៀនម្នាក់ទៀតមកពីខេត្តកំពង់ធំដែលមិនចង់ប្រាប់ឈ្មោះដោយខ្លាចប៉ះពាល់ដល់ការងារនោះបានមានប្រសាសន៍ថា គ្រូបង្រៀនដែលតាមទាន់ពេលទទួលយកសំណូកសមតែត្រូវតុលាការដាក់ទោសអ៊ីចឹងហើយ។ លោកលើកឡើងថា “គ្រូមួយចំនួនទទួលសំណូកពីសិស្ស ហើយប្រើប្រាស់ប្រាក់នោះដើម្បីប្រយោជន៍ផ្ទាល់ខ្លួន។ មនុស្ស ប្រភេទនេះសមតែជាប់ពន្ធនាគារ។ វាជាមធ្យោបាយតែមួយគត់ដើម្បីលុបបំបាត់អំពើពុករលួយ”៕ សារុន