28.4 C
Phnom Penh

លោក​ ហ៊ុន សែន​ សង្ឃឹម​ថា​​ ការ​ព្យាយាម​លើក​ទី​១១​នឹង​ធ្វើ​ឲ្យ​លោក​បោះ​បង់​ចោល​ការ​ជក់បារី​បាន​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាល​ពី​ម្សិល​មិញ​ លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន​ សែន​ ដែល​ជា​អ្នក​ជក់​បារី​ស្ទើរ​តែ​មួយ​ជីវិត ​​បាន​លើក​ឡើង​ម្តង​ទៀតអំ​ពី​ការ​តាំង​ចិត្ត​​​​បោះ​បង់​ចោល​ទម្លាប់​ជក់​បារី​របស់​លោក​ ប៉ុន្តែ​​​លោក​បាន​ទទួល​ស្គាល់​ថា បន្ទាប់​ពី​បរា​ជ័យ​ចំនួន​១០​លើក​រួចមក​ លោក​គិត​ថាវា​ប្រហែល​​​​​ជា​លំបាក​ណាស់​សម្រាប់​លោក​ក្នុង​ការ​បោះ​បង់​ចោល​​​ទម្លាប់​នេះ​។

លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន​ សែន​ បាន​ឲ្យ​ដឹង​​​ថា ឧបសគ្គ​មួយ​ក្នុង​ចំណោម​ឧបសគ្គ​លំបាកៗ​បំផុត​​ដែល​ធ្វើ​ឲ្យ​លោក​មិន​អាច​បោះ​​បង់​ចោល​ការ​ជក់​បារី​នេះ​បាន​គឺ​ថា ពេល​ដែល​​​លោក​មិន​ជក់​បារី​​ វា​ធ្វើ​ប៉ះពាល់​ជំនាញ​លេង​អុក​របស់​លោក​។ លោក​បាន​មាន​ប្រសាសន៍​ថា “អំឡុង​ពេល​​​ប្រកួត​លេង​អុក​ ខ្ញុំ​ចាញ់​ការ​ប្រកួត​ជា​ច្រើន​ ប្រសិន​បើ​ខ្ញុំ​មិន​ជក់​បារី​”។​ លោក​បាន​បន្ថែម​ថា​ ការ​ជក់​បារី​ជួយ​ឲ្យ​លោក​គិត​ឃើញ​យុទ្ធសាស្ត្រ​ដែល​អាច​យក​ឈ្នះ​ដៃ​គូ​បាន​។

លោក​បាន​មាន​ប្រសាសន៍​បន្ត​ទៀត​ថា “ខ្ញុំ​ចង់​បញ្ឈប់​ទម្លាប់​ជក់​បារី​ ប៉ុន្តែ​វា​លំបាក​នឹង​បញ្ឈប់​ណាស់​ ហើយ​ពេល​នេះ​ខ្ញុំ​កំពុង​តែ​តស៊ូ​ដើម្បី​បញ្ឈប់​”។ លោក​បន្ត​ទៀត​ថា ឥឡូវ​លោក​កាត់​បន្ថយ​មក​ជក់​បារី​មក​ត្រឹម​បី​ដើម​ប៉ុណ្ណោះ​ក្នុង​មួយ​ថ្ងៃ​ ហើយ​មិន​ជក់​នៅ​ផ្ទះ​ឡើយ។ លោក​បាន​មានប្រសាសន៍​បន្ត​ទៀត​ថា “ផ្ទះ​របស់​ខ្ញុំ​លែង​​ធំុ​ក្លិន​បារី​ទៀត​ហើយ​ ហេតុដូច្នេះ​ក្មេងៗ​អាច​មក​ជិត​ខ្ញុំ​បាន​”។

បារី​អេឡិច​ត្រូនិក​ទទួល​បាន​ការ​ពេញ​និយម​​​យ៉ាង​ខ្លាំង​ ហើយ​វា​អាច​ជំនួស​បារី​បាន។​​ អ្នក​ដែល​ចូល​ចិត្ត​ជក់​បារី​បាន​ជំទាស់​ថា​ បារី​អេឡិច​ត្រូនិក​នេះ​មិន​មាន​ផល​ប៉ះពាល់​ខ្លាំង​ដូច​បារី​នោះ​ទេ​ ហើយ​វា​អាច​ជួយ​ឲ្យ​អ្នក​ចូល​ចិត្ត​ជក់​បារី​បោះ​បង់​ចោល​ ទាំង​ការ​ជក់​បារី​ និង​ការ​ជក់បារី​អេឡិចត្រូនិក​​នេះ​។

តែ​ទោះ​ជា​យ៉ាងណា​​ កាល​ពី​ខែ​មុន​ លោក​​​​​​​​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន​ សែន បាន​អនុម័ត​បម្រាម​​​​​មួយ​ហាម​មិន​ឲ្យ​មាន​ការ​ជក់​បារី​អេឡិច​ត្រូ​និក​​នេះ​ទេ​ ក៏​ដូច​ជា​ស៊ីសា​ដែល​មាន​រស​ជាតិ​​​ដូច​បារី​ដែរ ដោយ​សារ​តែ​វា​កំពុងតែ​​​ពេញ​និយម​​​​​​​យ៉ាង​​​ខ្លាំង​ក្នុង​ចំណោម​យុវជន​ខ្មែរ៕ស៊ុយឈាង

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស