34 C
Phnom Penh

រដ្ឋ​មន្ត្រី​ក្រសួង​បរិស្ថាន​ប្រាប់​ឲ្យ​ក្រុមហ៊ុន​អភិវឌ្ឍន៍ចិន​UDGបញ្ឈប់​ការឈូសឆាយ​ដី​នៅ​កោះកុង​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាល​ពី​ម្សិល​មិញ សកម្មជន​​ការពារ​សិទ្ធិ​មនុស្ស​​បាន​ឲ្យ​ដឹង​ថា លោក​ សាយ​ សំអាល់​ រដ្ឋ​​​​​​មន្ត្រី​ក្រសួង​បរិស្ថាន​ កាល​ពី​ម្សិល​មិញ​បាន​​ចុះ​​ទៅ​ខេត្ត​កោះ​កុង​ជា​លើក​ទី​២ត្រឹម​តែ​​រយៈ​​​​ពេល​​​​មួយ​ខែ​ប៉ុណ្ណោះ​ ដើម្បី​ប្រាប់​ឲ្យ​ក្រុម​ហ៊ុន​​​​​អភិវឌ្ឍន៍ចិន​ផ្អាក​ការ​ឈូស​ឆាយ​ដី​សម្រាប់​ការ​បង្កើត​រមណីដ្ឋាន​ដ៏ធំមួយ។​

ក្រុម​ហុ៊ន​អភិវឌ្ឍន៍ចិន​UDG ​បានចាប់​ផ្តើម​​សាង​សង់​រមណីដ្ឋាន​ដ៏​ចម្រូង​ចម្រាស​មួយ​ដែល​​​មាន​ទឹក​ប្រាក់​៣,៨ពាន់​លាន​ដុល្លារ​នៅ​លើ​ដី​ទំហំ​ ៤៥.០០០​ហិកតា​នៅ​ក្នុង​ឧទ្យាន​ជាតិ​​​បទុមសាគរ​ដែល​មាន​ទី​តាំង​ក្បែ​រឈូង​​សមុទ្រ​ថៃ​។

លោក​ អុិន គង់ចិត្រ​ អ្នក​សម្រប​សម្រួល​នៅ​​​​អង្គការ​សិទ្ធិមនុស្ស​លីកាដូ​ប្រចាំ​ខេត្ត​កោះ​កុង​ បាន​ឲ្យដឹង​ថា ​លោក​ ​អន​ ភារៈ​ អភិ​បាល​​​​ស្រុក​​​បទុម​សាគរ​បាន​ប្រាប់់​លោក​ឲ្យ​ដឹង​អំពី​ការ​ចុះ​មក​ខេត្ត​នេះ​របស់​លោក​ សាយ​ សំអាល់​។ លោក​ គង់​ចិត្រ​ បាន​មាន​ប្រសាសន៍​ថា “គាត់​មិន​បានទៅ​តំបន់​មាន​វិវាទ​ម្តង​ទៀត​ឡើយ​ ​​គាត់​មើលត្រឹម​​តែ​របាយ​ការណ៍​របស់​អាជ្ញាធរ​មូលដ្ឋាន​នៅ​ទី​នោះប៉ុណ្ណោះ​​។​ វា​គ្រាន់​តែ​ជាការ​សម្តែង​​​”។

អ្នក​ភូមិ​ ដែល​សង្ឃឹម​ថា បាន​ផ្សព្វ​ផ្សាយ​ពី​ការ​លំបាក​របស់​ខ្លួន​ទាក់​ទិន​នឹង​កង្វះ​ប្រាក់​សំណង ​បន្ទាប់​ពី​ផ្ទះ​របស់​ពួក​គាត់​ត្រូវ​កង​សន្តិ​សុខ​​​ដុត​កម្ទេច​កាល​ពី​ខែមករា ​បាន​និយាយ​ថា ពួក​គាត់​មាន​ការ​ខក​ចិត្ត​យ៉ាង​ខ្លាំង​ ដែល​លោក​ សំអាល់​ មិន​បាន​មក​ជួប​ជាមួយ​ពួកគាត់​ អំឡុង​​​ពេល​លោក​ចុះ​​មក​ខេត្ត​កោះ​កុង​ ជា​លើក​ទី​២​ក្នុង​ខែ​នេះ​។

ការ​​លំបាក​​វេទ​នា​​ចេះ​​តែ​​កើន​​ឡើង​សម្រាប់​​​អ្នក​ភូមិ​ដែល​បាន​លើក​ឡើង​ថា ការ​ទាម​ទារ​ប្រាក់​សំណង​របស់​ពួក​គាត់​មិនសូវ​មាន​​​គេ​អើ​ពើ​​។ ពួក​គាត់​ក៏​បាន​និយាយ​ដែរ​ថា​ ដី​នៅ​តំបន់​ថ្មី​ដែល​ក្រុមហ៊ុន UDG បាន​រក​ឲ្យ ​គឺ​វា​គ្មាន​ជីជាតិ​ ហើយ​មិន​អាច​ដាំ​ដុះ​អ្វី​បាន​ឡើយ​។

អ្នក​ស្រី​​ ស៊ុន​ គឹម​សឿន​ អាយុ​៥៨​ឆ្នាំ​មក​ពី​ឃុំ​តានួន​ ស្រុក​បទុមសាគរ​ បាន​និយាយ​ថា​ “ខ្ញុំ​មានអា​រម្មណ៍​​មិន​ស្រួល​នោះ​ទេ​ ប៉ុន្តែ​ខ្ញុំ​មិន​ដឹង​ថា​នរណា​អាច​ជួយ​ខ្ញុំ​បាន​ទេ​។ ដី​ស្រែ​របស់​ខ្ញុំ​និង​​ចម្ការ​ឪឡឹក​ត្រូវ​គេ​ឈូស​ឆាយ​អស់​ហើយ​ ហើយ​ផ្ទះ​របស់​ខ្ញុំ​ក៏​ត្រូវ​គេ​ដុត​កម្ទេ​ច​ដែរ​ ហេតុដូច្នេះ​ខ្ញុំ​មិន​ដឹង​ថា នឹង​ត្រូវ​​ធ្វើ​អ្វី​ទៀត​ទេ​ ដើម្បី​រក​ប្រាក់ចិញ្ចឹម​ជីវិត​”។

លោក​ ប៊ុន ឡឺត អភិបាល​ខេត្ត​កោះ​កុង​ក៏​បាន​បញ្ជាក់​ពី​ការ​ចុះ​មក​ខេត្ត​នេះ​របស់​លោក​សំអាល់ ​ដែរ​។ ប៉ុន្តែ​លោក​បាន​ឲ្យ​ដឹង​ថា ក្រុម​ហ៊ុន​ UDG គឺ​ជាអ្នក​ទទួល​ខុស​ត្រូវ​ចំពោះការ​​​បង់​​ប្រាក់សំណង​ មិន​មែន​រដ្ឋា​ភិបាល​នោះ​ទេ​។ លោក​បាន​មាន​ប្រសាសន៍​ថា​ “ទុក​ឲ្យ​ក្រុម​ហ៊ុន​ជា​អ្នក​ធ្វើ​ការ​លើ​រឿង​នេះ​ចុះ​។ វា​មិន​មែន​ជា​តួនាទី​របស់​រដ្ឋាភិបាល​​ដែល​ត្រូវ​ដោះ​ស្រាយ​បញ្ហានេះ​ឡើយ​”។

នៅពេល​ទាក់​ទង​បាន​តាម​ទូរស័ព្ទ​ កាល​ពី​ម្សិលមិញ​ លោក​ ង៉ូវ​ ធាង​ឡុង​ ទីប្រឹក្សា​ផ្នែក​ជំនួញ​របស់​ក្រុមហ៊ុន​ UDG បាន​លើក​ឡើង​ថា លោក​មិន​អាច​និយាយ​អ្វី​បាន​ទេ​ ទាក់​ទិន​និង​ការ​ទាម​ទារ​ប្រាក់​សំណង​នេះ​។

លោក​ ធាង​ឡុង បាន​មាន​ប្រសាសន៍ថា “យើង​បាន​បង់​ប្រាក់​សំណង​រួច​ហើយ​។ ហេតុដូច្នេះ​ តើ​យើង​ត្រូវ​បង់​បន្ថែម​ទៀត​?”។

លោក​ ភារៈ​ និង​នាយក​ខុទ្ទកាល័យ​របស់​លោក​ សំអាល់​ មិន​អាច​ទាក់​ទង​សុំ​ការ​ធ្វើ​អត្ថា​​​​ធិប្បាយ​បាន​ឡើយ៕ ស៊ុយឈាង

© 2022, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស