29 C
Phnom Penh

ការកែ​ប្រែ​គោល​ការណ៍​នៅ​សាលាក្តី​ខ្មែរ​ក្រហម​អាច​នាំ​ឲ្យ​មានការ​កាត់​បន្ថយ​ទំហំ​រឿង​ក្តី​ទាំង​ឡាយ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

យោង​តាម​អនុស្សរណៈ​អន្ត​រការិយា​ល័យ​​ទទួល​បាន​ក្នុង​សប្តាហ៍​នេះបាន​ឲ្យ​ដឹង​ថា ព្រះ​រាជអាជ្ញា​នៅ​សាលាក្តី​ខ្មែរ​ក្រហម​ បាន​ស្នើ​ឲ្យ​មាន​ការ​កែប្រែ​គោល​ការណ៍​មួយ​ដែល​អនុ​ញ្ញាត​ឲ្យ​ចៅក្រម​កាត់​បន្ថយ​ទំហំ​រឿង​ក្តី​បី​ដែល​កំពុង​ដំណើរការ​នៅ​តុលាការ​នេះ​។

គោល​ការណ៍​ថ្មី​នេះ​អាច​នឹង​អនុញ្ញាត​ឲ្យ​ចៅក្រម​ជំនុំ​ជម្រះ​កាត់​បន្ថយ​បទ​ចោទ​ប្រកាន់​ឧក្រិដ្ឋ​កម្ម​សំខាន់​ៗជា​ច្រើន ដែល​ត្រូវ​បាន​ដាក់​ចំពោះ​​ជន​សង្ស័យ​ពីរនាក់​នៅ​ក្នុង​សំណុំ​រឿង​ទី​២​របស់​តុលាការ​នេះ​។

ដោយសារ​តែ​ដីកាចោទ​ប្រកាន់​ដែល​មាន​៧៧២​ទំព័រ​នៅ​ក្នុង​សំណុំ​រឿង​០០២ គ្រប​ដណ្តប់​លើ​សកម្មភាព​ព្រហ្ម​ទណ្ឌ​ជា​ច្រើន​ និង​ហេតុការណ៍​ឧក្រិដ្ឋ​កម្ម​នៅ​ទូ​​​​ទាំង​ប្រទេស​ មាន​ការ​ចោទ​ប្រកាន់​ជា​ច្រើន​នៅ​ក្នុង​រឿង​ក្តី​នេះ​ថា រឿង​ក្តី​នេះ​ទំនង​ជា​មិន​អាច​ជំនុំ​ជម្រះ​បាន​ទេ​។

លោក​ ប៊ីល ស្មីត (Bill Smith) សហ​ព្រះ​រាជ​អាជ្ញា​រង​បាន​មាន​ប្រសាសន៍​កាលព​ី​ម្សិល​មិញ​ថា “ អាច​នឹង​មិន​អាច​ផ្តន្ទា​ទោស​តាម​ករណី​ឃាត​កម្ម​ និង​ហេតុការណ៍​នីមួយ​ៗ​បាន​ទេ​”។ លោក​បាន​លើក​ឡើង​ថា ការ​កែ​ប្រែ​គោល​ការណ៍​នេះ​អាច​នឹង​អនុញ្ញាត​ឲ្យ​ចៅ​ក្រម​កាត់​បន្ថយ​បទ​ចោទ​ប្រកាន់​មួយ​ចំនួន​ទៅ​តាម​សំណើ​របស់​ព្រះ​រាជអាជ្ញា​។

លោក​បាន​មាន​ប្រសាសន៍​ថា “ យើង​ពិត​ជា​ចង់​​ឲ្យ​ការ​ស៊ើប​អង្កេត​ និង​អង្គជំនុំ​ជម្រះ​នៅ​តែ​បន្ត​ ក៏​ប៉ុន្តែ យើង​ចង់​ធ្វើ​ឲ្យ​ប្រាកដ​ថា ពួកគេ​មិន​បន្ត​ដោយ​គ្មាន​ទី​បញ្ចប់​ ដោយ​សារ​តែ​បញ្ហា​ចំណាយ​ពាក់​ព័ន្ធ​នឹង​អាយុ​របស់ចុង​ចោទ​​ទេ”។

លោក ស្មីត ​បាន​លើកឡើង​បន្ថែម​ទៀត​ថា វា​គឺ​ជា​អាទិភាព​មួយ​ក្នុង​ការ​ធ្វើ​ឲ្យ​ប្រាកដ​ថា បទ​ឧក្រិដ្ឋ​ដែល​ត្រូវ​បាន​ដាក់​ចូល​ក្នុង​អង្គ​ជំនុំ​ជម្រះ​បន្ទាប់​ ក្នុង​សំណុំ​រឿង​០០២ ដែល​គ្រោង​នឹង​ចាប់​ផ្តើម​នៅ​ចុង​ឆ្នាំ​នេះ​ គឺ​ជា​តំណាង​ឲ្យ​នៃការ​ចោទ​ប្រកាន់​ទាំង​មូល​ ដែល​រួម​មាន​បទ​ចោទ​ប្រកាន់​ប្រល័យ​ពូជសាសន៍​ ការងារ​ដោយ​បង្ខំ​ និង​ការ​សម្លាប់​ក្នុង​ចំនួន

​ដ៏​ច្រើន​។

ចៅ​ក្រម​នៅ​សាលាក្តី​ខ្មែរ​ក្រហម​កាលពី​ឆ្នាំ​២០១០​បាន​សម្រេច​ចិត្ត​អនុញ្ញាត​ឲ្យ​បទ​ចោទ​ប្រកាន់​នៅ​ក្នុង​រឿងក្តី​ដ៏​ធំ​នេះ ត្រូវ​បាន​ស្តាប់​ក្នុង​សវនាការ​នៅ​ក្នុង​ដំណើរការ​នៃ​ការ​ជំនុំ​ជម្រះ​ជាច្រើន​បន្ត​បន្ទាប់​គ្នា​។ ក៏​ប៉ុន្តែ ចៅ​ក្រម​អង្គបុរេ​ជំនុំ​ជម្រះ​ដែល​មា​នចៅក្រម​​ប្រាំ​នាក់​បាន​បង្ហាញ​មតិ​រិះ​គន់​ បន្ទាប់​ពី​សម្រេច​ចិត្ត​លឿនៗ​កាលពី​ឆ្នាំ​២០១០​ ក្នុង​ការ​បើក​ស​វ​នាការ​តូច​ៗ​ដំបូង​ ជុំ​វិញ​ករណី​ជម្លៀស​ចេញ​ដោយ​បង្ខំ និង​បទ​ឧក្រិដ្ឋ​ពាក់​ព័ន្ធ​មួយ​ចំនួន​ទៀត​។ នេះ​មាន​ន័យ​ថា ភាគ​ច្រើន​នៃ​ឧក្រិដ្ឋ​ភាព​ដែល​ត្រូវ​បាន​បង្ហាញ​នៅ​ក្នុង​ដីកា​ចោទ​ប្រកាន់​នេះ​ មិន​ទាន់​ត្រូវ​បាន​ប្រកាស​នៅ​ក្នុង​សាលសវនាការ​ទេ ទោះ​បី​ជា​មាន​អង្គ​ជំនុំ​ជម្រះ​រយៈពេល​ជិត​ពីរ​ឆ្នាំ​ក៏​ដោយ។

មាន​ចុង​ចោទ​នៅ​សល់​តែ​ពីរ​នាក់​ប៉ុណ្ណោះ​នៅ​ក្នុង​សំណុំ​រឿង​០០២ គឺ​ នួន ជា លេខា​រង​បក្ស​កុម្មុយនិស្ត​កម្ពុជា​ក្រោម​របប​ ប៉ុល ពត ដែល​មាន​អាយុ​៨៧​ឆ្នាំ​ហើយឥឡូវ​នេះ ខណៈ​ដែល​ ខៀវ សំផន ដែល​ជា​អតីត​ប្រមុខ​រដ្ឋ​ខ្មែរ​ក្រហម​មាន​អាយុ​៨២​ឆ្នាំ។ រដ្ឋមន្ត្រី​​ការ​បរទេស​ខ្មែរ​ក្រហម​គឺ​ អៀង សារី បាន​ស្លាប់​កាលពី​ឆ្នាំ​មុនក្នុង​វ័យ​៨៧ឆ្នាំ​ ក្នុង​ពេល​ជំនុំ​ជម្រះ​ក្តី​កំពុង​ដំណើរការ​ ហើយ​ភរិយា​របស់​អៀង សារី គឺ​ អៀង ធារិទ្ធ អាយុ​៨២​ឆ្នាំ ត្រូវ​បាន​ដោះ​លែង​ពីការ​ឃុំ​ឃាំង​ បន្ទាប់​ពី​កើត​ជំងឺ​បាត់​ការ​ចង​ចាំ​។

ការ​កែប្រែ​គោល​ការណ៍នេះ​ក៏​អាច​នាំ​ឲ្យ​មានការ​កាត់​បន្ថយ​ជន​សង្ស័យ​បួន​នាក់​នៅ​ក្នុងសំណុំ​រឿង​០០៣ និង​០០៤ដែល​រដ្ឋាភិ​បាលបាន​បដិសេធ​ផង​ដែរ។

ចៅ​ក្រម​ស៊ើប​សួរ​បាន​ចាប់​ផ្តើម​អនុវត្ត​ប្រតិបត្តិការ​ស៊ើប​អង្កេត​បទ​ឧក្រិដ្ឋ​​ ចំពោះ​ជន​សង្ស័យ​ទាំង​នេះ​កាលពី​ឆ្នាំ​២០០៩​ ក៏​ប៉ុន្តែ ប្រតិបត្តិការ​នៅ​មិន​ទាន់​ចប់​ទេ។ ការងារ​របស់​ចៅ​ក្រម​ស៊ើប​សួរ​ទាំង​នេះ​រង​ការ​វាយ​ប្រហារ​ និង​ការ​ចោទ​ប្រកាន់​ថា មាន​ការ​ជ្រៀត​ជ្រែត​ពី​សំណាក់​រដ្ឋាភិបាល​។​ លោក យូ ប៊ុន ឡេង សហ​ចៅក្រម​ស៊ើប​សួរ​ខាង​ជាតិ​បាន​បដិសេធ​មិន​ចូល​រួម​ក្នុង​ប្រតិបត្តិការ​ស៊ើប​អង្កេត​នេះ​។

ខណៈ​ដែល​ដីកា​ចោទ​ប្រកាន់​ដោយ​ផ្នែក​មួយ​នៅ​ក្នុង​សំណុំ​រឿង​ ឬ​ច្រើន ​ប្រហែល​ជា​អាច​នឹង​ត្រូវ​ចេញ​នៅ​ពេល​ក្រោយ​ក្នុង​ឆ្នាំ​នេះ​ មិន​ទំនង​ទេ​ថា បទ​ចោទ​ប្រកាន់​ទាំង​អស់​ចំពោះ​ជន​សង្ស័យ​ទាំង​នេះ​នឹង​ត្រូវ​បាន​វិនិច្ឆ័យឡើយ​។

អ្នកស្រី​ ហីតធើ រីយ៉ាន (Heather Ryan) អ្នក​ឃ្លាំ​មើល​តុលាការ​ នៅ​អង្គការ​គំនិត​ផ្តួច​ផ្តើម​យុត្តិធម៌សង្គម​បើ​ក​ទូលាយ​ (Open Society Justice Initiative) បា​ន​លើក​ឡើង​ថា ចាំ​បាច់​ត្រូវ​ធានា​ថា ដំណើរការ​កាត់​ក្តី​លើក​ទី​២​ក្នុង​សំណុំ​រឿង​០០២ត្រូវ​បាន​អនុវត្ត​​យ៉ាង​មាន​ប្រសិទ្ធ​ភាព​ និង​ឆាប់​រហ័ស​ ហើយ​ងាយ​ស្រួល ​ការ​កែ​ប្រែ​គោល​ការណ៍​នេះ​អាច​ជា​វិធី​មួយ​ធ្វើ​ឲ្យ​ការ​ធានា​នេះ​កើត​មាន​។

ក៏​ប៉ុន្តែ អ្នកស្រី​បាន​ក្រើន​រំឭក​ថា ប្រសិន​បើ​មិន​មាន​តម្លាភាព​ជាងមុន​​នៅ​ក្នុង​ការិយា​ល័យសហ​ចៅ​ក្រម​ស៊ើប​សួរ​ ទាក់​ទង​ទៅ​នឹង​វឌ្ឍនភាព​នៃ​សំណុំ​រឿង​០០៣ និង​០០៤​ទេ​នោះ នឹង​មាន​ការ​លំបាកក្នុង​ការ​ដឹង​ថា តើ​បទ​ចោទ​ប្រកាន់​ឧក្រិដ្ឋ​កម្ម​ណា​ខ្លះ​ដែល​ត្រូវ​បាន​ដក​ចេញ​ទេ។

អ្នកស្រី​បាន​មាន​ប្រសាសន៍​ថា “ មា​ន​ព័ត៌​មាន​ជា​សាធារណៈ​តិច​តួច​ណាស់​ទាក់​ទង​នឹង​សំណុំ​រឿង​០០៣ និង០០៤​​ ជាហេតុ​នាំ​ឲ្យ​មាន​​ការ​វិនិច្ឆ័យ​ផល​ប៉ះ​ពាល់​នៃ​គោល​ការណ៍​ដែល​ត្រូវ​ស្នើ​ឡើង​នេះ ​មាន​ទៅ​លើ​សំណុំ​រឿង​ទាំង​នេះ​”។

អ្នកស្រី​ រីយ៉ាន បាន​មាន​ប្រសាសន៍​បន្ថែម​ទៀត​ថា “ ដោយ​មាន​​ការ​ស៊ើប​អង្កេត​ដោយ​ភាគី​តែ​ម្ខាង​ ត្រូវ​មាន​ការ​យក​ចិត្ត​ទុក​ដាក់​ក្នុង​ការ​ធានា​ថា ការ​កែប្រែ​គោល​ការណ៍​ណា​មួយ​​នឹង​មិន​មាន​ផលវិបាក​អចេតនា​”៕ សុធា

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស