28.4 C
Phnom Penh

ក្រសួង​មហាផ្ទៃ​ហាម​មិន​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ​រៀប​ចំការ​ជួប​ជុំ​នៅ​ទីលាន​ប្រជាធិបតេយ្យ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាល​ពី​ថ្ងៃ​សុក្រ លោក ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​បាន​ចេញ​បម្រាមហាម​មិន​ឲ្យ​មានការ​ជួប​ជុំ​​ដែល​គណបក្ស​សង្គ្រោះ​ជាតិ​គ្រោង​នឹង​ធ្វើ ឡើង​នៅ​ទីលាន​ប្រជាធិប​តេយ្យ​​​ក្នុង​រាជធានី​ភ្នំពេញ​នៅ​ថ្ងៃ​អាទិត្យ​។

បម្រាម​​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​មួយ​ថ្ងៃ​បន្ទាប់​ពី​លោកនាយករដ្ឋមន្ត្រី​ ហ៊ុន សែន បាន​ព្រមាន​គណបក្ស​ប្រឆាំង​ឲ្យ​លុប​ចោល​គម្រោង​ធ្វើ​មហា​បាតុកម្ម​មួយ​ផ្សេង​ទៀត​របស់​ខ្លួន​។លោក​បាន​លើក​ឡើង​ថា លោក​ខ្លាច​ក្រែង​មហា​បាតុកម្ម​នេះ​ធ្វើ​ហួស​ព្រំ​ដែន​​ច្បាប់​ ដោយ​រំលោភ​បម្រាម​របស់​សា​លា​​រាជ​ធានី ដែល​ហាម​មិន​ឲ្យ​មាន​ការ​រៀបចំ​ព្រឹត្តិ​ការណ៍​ជួប​ជុំ​នៅ​ទីលាន​ប្រជាធិបតេយ្យ​។

បម្រាម​នេះ​មាន​ខ្លឹម​សារ​ដោយ​សំដៅ​​​លើ​ការ​តវ៉ា​ធំ​ៗ​លើក​ចុង​ក្រោយ​កាល​ពី​ខែ​មករា នៅ​ក្នុង​រាជធានី​ភ្នំពេញ​ដូច្នេះ​ថា “ ទាក់​​​ទិន​នឹង​ការ​ជួប​ជុំ​គ្នា​នៅ​ទីលាន​ប្រជា​ធិប​តេយ្យ​ដែល​រៀប​ចំ​ឡើង​ដោយ​គណបក្ស​សង្គ្រោះ​ជាតិ ក្រសួង​មហា​ផ្ទៃ​បាន​សម្រេច​ថា អាជ្ញាធរមាន​សមត្ថកិច្ច​ដែល​កំពុង​ស៊ើប​អង្កេត​លើ​អំពើ​ហិង្សា​ដែល​បង្ក​ឲ្យ​មានការ​ខូច​ខាត​[ទ្រព្យ​សម្បត្តិ​សាធារណៈ​]នៅ​មិន​ទាន់​បញ្ចប់​ការ​ស៊ើប​អង្កេត​របស់​ខ្លួន​នៅ​ឡើយ​ទេ​”។

បម្រាម​នេះ​​ដែល​ចុះ​ហត្ថលេខា​ដោយ​លោក ស ខេង និង​ត្រូវ​បាន​បង្ហោះ​នៅ​លើ​គេហ​ទំព័រ​​របស់​ក្រសួង​មហាផ្ទៃ​កាលពី​ថ្ងៃ​សុក្រ​ ​​មាន​ខ្លឹម​សារ​បន្ត​ដូច្នេះ​ថា “ ដើម្បី​ចៀស​​វាង​ភាព​ចលាចល​ដែលអាចកើត​​ចេញ​ពី​ពួក​ឆ្លៀត​​ឱកាស​មួយ​ចំនួន​ ក្រសួង​មហាផ្ទៃ​នឹង​មិន​អនុ​ញ្ញាត​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ​រៀប​ចំ​ការ​ជួប​ជុំ​នៅ​ទីលាន​ប្រជាធិបតេយ្យ​ ឬ​ទី​​​សាធារ​ណៈណា​មួយ​ឡើយ​”។

បម្រាម​នេះ​មាន​ខ្លឹម​សារ​បន្ត​ដូច្នេះ​ទៀត​ថា “គណបក្ស​សង្គ្រោះ​ជាតិ​​អាច​រៀប​ចំ​ការ​ជួ​ប​ជុំ​បាន​នៅ​ការិយាល័យ​របស់​ខ្លួន​ ឬ​ទី​កន្លែង​​ឯក​ជន​ ហើយ​ត្រូវ​សហ​ការ​ជាមួយ​អាជ្ញាធរ​រាជធានី​ភ្នំពេញ ដើម្បី​ការ​ពារ​សន្តិសុខ និង​សណ្តាប់​សាធារណៈ​”។

គណៈកម្មការមួយ​ក្នុង​ចំណោម​គណៈ​កម្ម​ការ​ទាំង​បី​ដែល​ត្រូវ​បាន​បង្កើត​ឡើង​ដើម្បី​វាយ​តម្លៃ​លើ​ការ​ខូច​ខាត​ដែល​បង្ក​ឡើង​ដោយ​ការ​ធ្វើ​កូដកម្ម​របស់​កម្មក​រ​រោង​ចក្រ​កាត់​ដេរ បាន​ស្តី​បន្ទោស​គណបក្ស​សង្គ្រោះ​ជាតិ​ និង​មេដឹក​នាំ​សហ​ជីព​ចំនួន​ប​ី​ចំពោះ​ការ​ខូច​ខាត​​គិត​ជា​ទឹក​ប្រាក់​ចំនួន២៧៥.៦៨៨​ដុល្លារ​។

នៅ​ក្នុង​សេចក្តីជូន​ដំណឹង​​ដាច់​ដោយ​ឡែក​មួយ​ផ្សេង​ទៀត​ដែល​ចេញ​កាលពី​ថ្ងៃ​សុក្រ ក្រសួងមហាផ្ទៃ​បាន​យល់​ព្រម​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ​ធ្វើ​ពិធី​រំឭក​វិញ្ញាណ​ក្ខន្ធ​អ្នក​ដែល​បាន​ស្លាប់​នៅ​ក្នុង​ការ​វាយ​ប្រហារ​ដោយ​គ្រាប់​បែក​មួយ​លើ​ការ​តវ៉ា​របស់​គណបក្ស​ប្រឆាំង​កាលពី​ថ្ងៃ​ទី​៣០​ខែមីនា​ ឆ្នាំ​១៩៩៧។

សេចក្តី​ជូន​ដំណឹង​នេះ​មាន​ខ្លឹម​សារ​ដូច្នេះ​ថា “អ្នក​ចូលរួម​​មិន​អាច​លើស​ពី​៧០០នាក់​បាន​​ឡើយ​។ ហើយ​បន្ទាប់​ពី​ពិធី​នេះ​ត្រូវ​បាន​បញ្ចប់​ ពួកគេ​ចាំ​បាច់​ត្រូវ​តែ​បំបែក​គ្នា​ មិន​ត្រូវ​​ប្រមូល​ផ្តុំ​ ឬ​ហែក្បួន​ទៅ​កន្លែង​ផ្សេង​ណា​មួយ​ឡើយ​”។

នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​មួយ​ដែល​ចេញ​កាលពី​ថ្ងៃ​សុក្រ គណបក្ស​សង្គ្រោះ​ជាតិ​បាន​លើក​ឡើង​ថា ខ្លួន​រំពឹង​ថា នឹង​មាន​អ្នក​គាំទ្រ​ប្រមាណ​៥.០០០នាក់​ចូល​រួម​នៅ​ក្នុង​ព្រឹត្តិ​ការណ៍​ជួប​ជុំ​គ្នា​នៅ​ទីលាន​ប្រជាធិប​តេយ្យ​។

លោកស្រី មូរ សុខហួរ ប្រធាន​ទទួល​ន្ទុក​កិច្ចការ​សាធារណៈ​របស់​គណបក្ស​សង្គ្រោះ​ជាតិបាន​មាន​ប្រសាសន៍​កាលពី​ថ្ងៃ​សុក្រ ​ថា “សូម​បញ្ជាក់​ឲ្យ​បាន​ច្បាស់​ថា យើង​នឹង​បន្ត​ដំណើរ​ទៅ​មុខ ​ហើយ​រៀប​ចំ​ពិធី​ជួប​ជុំ​នេះ​”។ លោកស្រី​បាន​មាន​ប្រសាសន៍​បន្ត​ដោយ​សំដៅ​ទៅ​លើ​សកម្មភាព​របស់​នគរបាល​ប្រឆាំង​អ្នក​តវ៉ាថា “ វា​គឺ​ជាការ​ព្រួយ​បារម្ភ​ ប៉ុន្តែវា​មិន​អាច​រារាំង​យើង​​ពី​ការ​អនុវត្ត​សិទ្ធិ​សេរី​ភាព​ស្រប​តាម​រដ្ឋធម្មនុញ្ញ​របស់​យើង​បាន​ឡើយ​”៕ ស៊ុយឈាង

(រាយការណ៍​បន្ថែម​ដោយ​Lauren Crothers)

 

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស