កាលពីម្សិលមិញ អង្គការអភិរក្សធំៗបានចេញសេចក្ដីប្រកាសរួម ដើម្បីបង្ហាញគំនិតជំទាស់ទៅនឹងគម្រោងសាងសង់ទំនប់វារីអគ្គិសនីសាយ៉ាប៊ូរី ដ៏ចម្រូងចម្រាសនៅប្រទេសឡាវ ហើយកាលពីថ្ងៃសៅរ៍ សហគមន៍ជាច្រើននៅឯភាគឦសាននៃប្រទេសកម្ពុជា ក៏បានធ្វើការតវ៉ាប្រឆាំងនឹងគម្រោងដែលក្រុមអ្នកជំនាញលើកឡើងថា អាចប៉ះពាល់ដល់ប្រជាពលរដ្ឋរាប់លាននាក់ ដែលរស់នៅខ្សែទឹកខាងក្រោមនេះផងដែរ។

សេចក្ដីប្រកាសដែលមានចុះហត្ថលេខារបស់អង្គការបរិស្ថានចំនួន៣៩នេះ ធ្វើឡើងមុនពេលកិច្ចប្រជុំកំពូលគណៈកម្មការទន្លេមេគង្គគ្រោងនឹងត្រូវបានរៀបចំក្នុងសប្ដាហ៍នេះ នៅទីក្រុងហូជីមិញ ដោយមានការចូលរួមពីសំណាក់គណៈប្រតិភូជាន់ខ្ពស់មកពីប្រទេសកម្ពុជា វៀតណាម ឡាវ និងប្រទេសថៃ ដើម្បីពិភាក្សាដោះស្រាយផលប៉ះពាល់ដោយសារការអភិវឌ្ឍទំនប់វារីអគ្គិសនីនេះទៅលើតំបន់មេគង្គក្រោម។
គម្រោងសាងសង់ទំនប់វារីអគ្គិសនីសាយា៉ប៊ូរី គឺជាទំនប់ទី១ ក្នុងចំណោមគម្រោងទំនប់វារីអគ្គិសនីចំនួន១០ដែលត្រូវបានស្នើឡើងនៅទន្លេមេគង្គក្រោម ហើយបើទោះជាមានការតវ៉ាយ៉ាងខ្លាំងពីប្រទេសកម្ពុជា និងវៀតណាមក៏ដោយ ក៏រដ្ឋាភិបាលឡាវបានជំរុញគម្រោងអភិវឌ្ឍន៍របស់ខ្លួន ជាហេតុ នាំឲ្យគម្រោងនេះក្លាយជាករណីពិសោធន៍មួយសម្រាប់គណៈកម្មការទន្លេមេគង្គ ដែលមានគោលបំណងទទួលបានសេចក្តីសម្រេចរួមកម្រិតតំបន់ មុនពេលគម្រោងសាងសង់ ទំនប់វារីអគ្គិសនីសាយ៉ាបូ៊រីនេះបន្តដំណើរការទៅមុខទៀត។
សេចក្ដីប្រកាសរួមនេះមានខ្លឹមសារថា “គម្រោងសាងសង់ទំនប់វារីអគ្គិសនីសាយ៉ាប៊ូរីនៅក្នុងប្រទេសឡាវ ស្ថិតក្នុងគម្រោងសាងសង់ទំនប់ ដែលបង្កការខូចខាតខ្លាំងបំផុត នៅក្នុងពិភពលោក ហើយថែមទាំងបង្កការគំរាមកំហែងឆ្លងដែនដូចជាសន្ដិសុខស្បៀង ការអភិវឌ្ឍប្រកបដោយនិរន្តរភាព និងកិច្ចសហប្រតិបត្តិការកម្រិតតំបន់នៅក្នុងអាងទន្លេមេគង្គក្រោមជាដើម”។
អំឡុងពេលមានភ័ស្ដុតាងកាន់តែច្រើនឡើងៗបញ្ជាក់ថា ទំនប់នេះនឹងបង្កគ្រោះថ្នាក់ដល់ជីវចម្រុះ ស្តុកត្រី និងការរស់នៅរបស់មនុស្សដោយគេចមិនផុតនោះ ហត្ថលេខីបានកំណត់រយៈពេលមួយឆ្នាំ សម្រាប់បញ្ឈប់គម្រោងសាងសង់នេះ ដើម្បីឲ្យគណៈកម្មការទន្លេមេគង្គអាចបញ្ចប់សកម្មភាពសិក្សាស្រាវជ្រាវអំពីផលប៉ះពាល់រយៈពេលវែង ដោយសារគម្រោងទំនប់វារីអគ្គិសនីទ្រង់ទ្រាយធំនេះបាន។
លោក ក្រៃសាក់ ឈុនហាវ៉ាន (Kraisak Choonhavan) អតីតប្រធានគណៈកម្មាធិការការបរទេសនៃព្រឹទ្ធសភាថៃ បានលើកឡើងនៅក្នុងសេចក្ដីថ្លែងការណ៍ថា “កិច្ចប្រជុំកំពូលទន្លេមេគង្គ ពិតជាមានសារៈសំខាន់សម្រាប់ប្រទេសកម្ពុជានិងប្រទេសវៀតណាម ក្នុងការរក្សាគោលជំហរដ៏រឹងមាំមួយ និងលើកឡើងខ្លាំងៗ និងច្បាស់លាស់អំពីក្តីបារម្ភរបស់ខ្លួន កុំឲ្យយឺតពេល”។
អង្គការអភិរក្សទាំងនេះក៏បានអំពាវនាវឲ្យប្រទេសថៃដាក់គំនាបលើប្រទេសឡាវដោយដកចេញនូវកិច្ចព្រមព្រៀងទិញថាមពលអគ្គិសនីច្រើនបំផុតផលិតឡើងដោយទំនប់វារីអគ្គិសនីសាយ៉ាប៊ូរី និងស្នើឲ្យធនាគារថៃចំនួនប្រាំមួយ ដែលផ្ដល់ហិរញ្ញប្បទានដល់គម្រោងសាងសង់ទំនប់វារីអគ្គិសនីនេះ ពិចារណាឡើងវិញអំពីផលប៉ះពាល់ដល់មុខមាត់របស់ខ្លួន ដោយសារធានាការចំណាយ ក្នុងការអនុវត្តគម្រោងដែលអាចនាំឲ្យមានការខូចខាតយ៉ាងច្រើននេះ។
ប្រទេសឡាវក៏បានប្រកាសផងដែរថា ទំនប់ទី២មួយ គឺទំនប់ដុនសាហុង ដែលមានកម្លាំង២៥៦មេហ្គាវ៉ាត់ និងស្ថិតនៅចម្ងាយតែ១,៥គីឡូម៉ែត្រពីព្រំដែនកម្ពុជា ក៏នឹងត្រូវសាងសង់ដោយគ្មានការពិគ្រោះយោបល់ក្នុងតំបន់ បើទោះជាការពិត មានការសិក្សាស្រាវជ្រាវបានបង្ហាញថា ទំនប់នេះនឹងបំផ្លាញប្រព័ន្ធអេកូឡូស៊ីទាំងស្រុងនៃទន្លេមេគង្គដោយរាំងខ្ទប់ច្រកតែមួយនៅភាគខាងត្បូងនៃប្រទេសឡាវ ដែលអនុញ្ញាតឲ្យត្រីធ្វើចល័តភាពពេញឆ្នាំ។
សហគមន៍នាំគ្នាទៅកាន់ទន្លេមេគង្គកាលពីថ្ងៃសៅរ៍ អ្នកតវ៉ាជាង២០០នាក់ក្នុងខេត្តស្ទឹងត្រែង បាននាំគ្នាជិះទូកទៅកាន់ទន្លេមេគង្គ ដើម្បីទាក់ទាញការចាប់អារម្មណ៍ទៅលើគ្រោះថ្នាក់ដោយសារទំនប់ដុនសាហុង ទៅលើសហគមន៍ក្នុងមូលដ្ឋាន និងសត្វព្រៃ ដូចជា ត្រីផ្សោតទន្លេមេគង្គ ដែលជិតផុតពូជទៅហើយនោះ ជាដើម។
អ្នកភូមិដែលមានទាំងសិស្ស និងមន្ត្រីមូលដ្ឋាន បានប្រមូលផ្ដុំគ្នានៅវត្តព្រះរំកិលក្នុងស្រុកថាឡាបូរីវ៉ាត នៅវេលាម៉ោង៨ ព្រឹក និងបានធ្វើដំណើរតាមទូកឆ្ពោះទៅតំបន់មួយនៅទន្លេដែលជាទីជម្រករបស់ត្រីផ្សោតនេះ នេះបើយោងតាមលោក វង្ស កុសល មន្ត្រីផ្នែកច្បាប់ប្រចាំអង្គការក្រៅរដ្ឋាភិបាលឈ្មោះ NGO Forum ដែលកាលពីសប្ដាហ៍មុនបានធ្វើសេចក្តីព្រាងញត្តិមួយដើម្បីអំពាវនាវឲ្យមានការបញ្ឈប់គម្រោងសាងសង់ទំនប់វារីអគ្គិសនីនេះជាបន្ទាន់។
លោក រង្ស កុសល បានមានប្រសាសន៍ថា “យើងកំពុងតែប្រមូលស្នាមមេដៃពីអ្នកចូលរួមទាំងអស់ ហើយនឹងបញ្ជូនស្នាមមេដៃទាំងនេះទៅរដ្ឋាភិបាលកម្ពុជា ដើម្បីដោះស្រាយក្តីកង្វល់របស់ពួកយើង ជាមួយប្រមុខរដ្ឋផ្សេងៗទៀតនៅក្នុងកិច្ចប្រជុំកំពូលគណៈកម្មាធិការទន្លេមេគង្គនៅវៀតណាម”។
សកម្មភាពតវ៉ាដាច់ដោយឡែកមួយកាលពីថ្ងៃសៅរ៍នៅក្នុងខេត្តក្រចេះ មានមនុស្ស២០០នាក់ជិះទូកចំនួន៤២គ្រឿងនៅក្នុងស្រុកសម្បូរ ក្នុងការធ្វើដំណើររយៈពេលប្រាំពីរម៉ោង ដើម្បីប្រកាសអាសន្នក្នុងចំណោមសហគមន៍ ដែលរស់នៅតាមដងទន្លេមេគង្គ។
លោក សំ សុវណ្ណ នាយកប្រតិបត្តិនៃអង្គការអភិវឌ្ឍន៍ជនបទភាគឦសានបានលើកឡើងថា “យើងបានរៀបចំលិខិត បើកចំហរមួយ ហើយនឹងផ្ញើសាររបស់យើងទៅកាន់ប្រទេសចំនួនបួន ដែលនឹងចូលរួមកិច្ចប្រជុំនេះ ដើម្បីឲ្យមានការបញ្ឈប់គម្រោងសាងសងទំនប់វារីអគ្គិសនី ដន សាហុងនេះ”។
សកម្មភាពតវ៉ាប្រឆាំងគម្រោងទំនប់វារីអគ្គិសនីក្នុងស្រុកមួយអ្នកភូមិជនជាតិដើមភាគតិចជងប្រហែលជា២០០នាក់នៅស្ទឹងឆាយអារែ៉ង ក្នុងខេត្តកោះកុង នឹងផ្ញើញត្តិនៅថ្ងៃនេះទៅសាលាខេត្ត ដែលនេះជាសកម្មភាពមួយនៃការតវ៉ាកំពុងបន្តក្នុងគោលបំណងប្រឆាំងគម្រោងសាងសង់ទំនប់វារីអគ្គិសនីស្ទឹងឆាយអារ៉ែង។
អង្គការបរិស្ថានក្នុងស្រុកទាំងនេះក៏បានអះអាងផងដែរថា គម្រោងអភិវឌ្ឍទំនប់វារីអគ្គិសនី អនុវត្តដោយក្រុមហ៊ុនចិន Sinohydro (Cambodia) United Ltd. នេះនឹងនាំឲ្យមានការបណ្ដេញប្រជាពលរដ្ឋរាប់ពាន់គ្រួសារ និងធ្វើឲ្យមានទឹកជំនន់លើដីរាប់ពាន់ហិកតា រួមទាំងនៅតំបន់ព្រៃការពារភ្នំក្រវាញ ដែលត្រូវចាត់ទុកជាទីសក្ការ សម្រាប់អ្នកភូមិជនជាតិដើមភាគតិចជង។
លោក អឹុង គង់ចិត្ត អ្នកសម្របសម្រួលអង្គការសិទ្ធិមនុស្ស លីកាដូ ប្រចាំនៅខេត្តកោះកុង បានមានប្រសាសន៍ថា “អ្នកភូមិចង់ឲ្យសាធារណជនទូទៅដឹងថា ដីដូនតារបស់ពួកគាត់ត្រូវបានគំរាមកំហែង ដោយសារតែគម្រោងអភិវឌ្ឍន៍ទំនប់នេះ។ ពួកគេចង់ឲ្យលុបគម្រោងសាងសង់ទំនប់នេះចោលពីព្រោះវានឹងអាចបង្កឲ្យមានការបំផ្លិចបំផ្លាញ យ៉ាងច្រើន ប្រសិនបើគម្រោងសាងសង់នេះនៅតែបន្តត្រូវបានអនុវត្ត”៕ ប៊ុននី
(រាយការណ៍បន្ថែមដោយ ហ៊ុល រស្មី)