លោក ម៉ម សូណង់ដូ ម្ចាស់ស្ថានីយវិទ្យុឯករាជ្យបានលើកឡើងថា លោកនឹងមិនដឹកនាំការតវ៉ាដែលលោកបានគ្រោងធ្វើនៅថ្ងៃនេះនៅខាងក្រៅទីស្នាក់ការក្រសួងព័ត៌មាននៅក្នុងរាជធានីភ្នំពេញទេ ប៉ុន្តែលោកនឹងចូលរួមប្រសិនបើអ្នកគាំទ្របន្តធ្វើការតវ៉ាដោយខ្លួនឯងនោះ។
លោក ម៉ម សូណង់ដូ បានមានប្រសាសន៍ថា “ខ្ញុំនឹងមិនដឹកនាំ [ការតវ៉ា] នោះទេ ពីព្រោះ សាលារាជធានីមិនអនុញ្ញាតឲ្យខ្ញុំឡើយ។ ប៉ុន្តែខ្ញុំនឹងទៅចូលរួមជាមួយប្រជាពលរដ្ឋ ដែលទាមទារសិទ្ធិនិងសេរីភាពរបស់ខ្លួនក្នុងការទទួលបានព័ត៌មាន”។ លោកបានបន្ថែមថា “មេដឹកនាំបច្ចុប្បន្នមិនអាចគាបសង្កត់យើងបានទេ ហើយបានចោទប្រកាន់យើងថា បានប្រព្រឹត្តបទឧក្រិដ្ឋ បើទោះជាយើងគ្រាន់តែធ្វើការតវ៉ាដើម្បីសេរីភាពនិងសិទ្ធិក្នុងការទទួលបានព័ត៌មានក៏ដោយ”។
កាលពីសប្ដាហ៍មុន លោក ម៉ម សូណង់ដូ បានមានប្រសាសន៍ថា ការតវ៉ានឹងធ្វើតាមការគ្រោងទុកនៅថ្ងៃនេះ បើទោះណាជាសំណើរបស់លោកត្រូវបានច្រានចោលដោយសាលារាជធានីដែលលើកឡើងពីបម្រាមរបស់រដ្ឋាភិបាលមិនឲ្យធ្វើបាតុកម្មក៏ដោយ។
លោក ម៉ម សូណង់ដូ បានអំពាវនាវឲ្យមានការតវ៉ាបន្ទាប់ពីក្រសួងព័ត៌មានបានច្រានចោលសំណើរបស់លោកជាថ្មីម្តងទៀតកាលពីដើមឆ្នាំនេះ សុំអាជ្ញាប័ណ្ណបង្កើតស្ថានីយទូរទស្សន៍ និងស្ថានីយផ្សាយបន្តនៃវិទ្យុសម្បុកឃ្មុំរបស់លោកទៅតាមបណ្ដាខេត្ត។
ក្នុងនាមជាម្ចាស់ស្ថានីយវិទ្យុឯករាជ្យមួយ អ្នករិះគន់រដ្ឋាភិបាលឥតសំចៃរូបនេះបានមានប្រសាសន៍ថា សេចក្ដីសម្រេចនេះជារឿងនយោបាយសុទ្ធសាធ។
ការតវ៉ាចុងក្រោយរបស់លោកនៅខាងក្រៅក្រសួងព័ត៌មានកាលពីចុងខែមករានោះ ត្រូវបានបង្ក្រាបដោយកងរាជអាវុធហត្ថដែលប្រដាប់ដោយឧបករណ៍បង្ក្រាបបាតុកម្ម និងដំបងឆក់ បណ្ដាលឲ្យអ្នកចូលរួមមួយចំនួនរងរបួសមានទាំងហូរឈាម និងស្មាមជាំ។
លោក ម៉ម សូណង់ដូ បានមានប្រសាសន៍ថា លោកមិនទាន់ដឹងថា តើមានប្រជាពលរដ្ឋប៉ុន្មានអ្នកចូលរួមការតវ៉ានៅថ្ងៃនេះទេ។
អ្នកស្រី មុំ វណ្ណា បាននិយាយថា អ្នកស្រី និងអ្នកជិតខាង២០នាក់ទៀតបានធ្វើដំណើរចេញពីភូមិរបស់ខ្លួនស្ថិតនៅក្នុងខេត្តកំពង់ចាម មកកាន់រាជធានីភ្នំពេញកាលពីថ្ងៃម្សិលមិញ ដើម្បីមកចូលរួមក្នុងការតវ៉ានេះ។
កសិករអាយុ៥៤ឆ្នាំរូបនេះបាននិយាយថា “ខ្ញុំមិនបារម្ភអំពីការចូលរួមក្នុងការតវ៉ាទេ ពីព្រោះខ្ញុំមិនបានធ្វើអ្វីខុសឡើយ។ បើទោះជាយើងមិនត្រូវបានអនុញ្ញាតក៏ដោយ ក៏យើងនៅតែធ្វើដដែល”។
អ្នកស្រីបាននិយាយបន្ថែមទៀតថា “ខ្ញុំសង្ឃឹមថា យើងនឹងទទួលបានព័ត៌មានឯករាជ្យនិងត្រឹមត្រូវ។ យើងចង់ឲ្យប្រជាពលរដ្ឋខ្មែរភ្ញាក់ខ្លួនឡើង ហើយកុំនៅល្ងិតល្ងង់តទៅទៀត។ ជីវិតរបស់ប្រជាពលរដ្ឋនឹងជួបបញ្ហាស្មុគស្មាញ ប្រសិនបើមិនអាចទទួលបានព័ត៌មានពិតនោះ”។
អ្នកស្រី វណ្ណា បាននិយាយថា គាត់មិនដឹងថា តើការតវ៉ានឹងចាប់ផ្ដើមនៅម៉ោងប៉ុន្មាននោះទេ។ ហើយបើទោះជា លោក ម៉ម សូណង់ដូ បញ្ជាក់ថា លោកមិនដឹកនាំ ឬរៀបចំព្រឹត្តិការណ៍នេះក៏ដោយ ក៏អ្នកស្រី វណ្ណា និយាយថា អ្នកស្រីរង់ចាំស្តាប់ការណែនាំរបស់លោកដែរ។
លោកឧត្តមសេនីយ៍ត្រី ខេង ទីតូ អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេសបានមានប្រសាសន៍ថា កម្លាំងសន្ដិសុខនឹងត្រៀមខ្លួនបំបែកការតវ៉ាណាមួយតាមបទបញ្ជារបស់សាលារាជធានី។ លោកបានមានប្រសាសន៍ថា “ប្រសិនបើយើងទទួលបានបទបញ្ជា យើងនឹងបំបែកភ្លាម។ យើងនឹងអនុវត្តតាមបទបញ្ជា។ កម្លាំងរបស់យើងត្រៀមជាស្រេច”។
លោក ឡុង ឌីម៉ង់ អ្នកនាំពាក្យសាលារាជធានីបានមានប្រសាសន៍ថា លោកជាប់រវល់មិនអាចធ្វើអត្ថាធិប្បាយបានទេ។
ក្រសួងមហាផ្ទៃបានច្រានចោលសំណើរបស់លោក ម៉ម សូណង់ដូ សុំបង្កើតស្ថានីយផ្សាយបន្តចាប់តាំងពីឆ្នាំ២០០៥ និងអាជ្ញាប័ណ្ណបង្កើតស្ថានីយទូរទស្សន៍ចាប់តាំងពីឆ្នាំ២០១០មក ដោយអះអាងថា មិនមានហ្វ្រេកង់គ្រប់គ្រាន់។ យោងតាមរបាយការណ៍ផ្ទាល់របស់រដ្ឋាភិបាលបានឲ្យដឹងថា ទោះជាយ៉ាងណាក្រសួងនេះបានផ្ដល់អាជ្ញាប័ណ្ណមួយចំនួននៅក្នុងរយៈពេលបីឆ្នាំកន្លងមក៕ សារុន