30 C
Phnom Penh

បន្ទាប់​ពីការ​ហែក្បួន​គ្មាន​ការ​គ្រោង​ទុក​ បក្ស​ប្រឆាំង​រៀបចំ​សមាជ​នៅ​ទី​ស្នាក់​ការ​ខ្លួន​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ការ​ហែ​ក្បួន​ដោយ​​មិន​បាន​ប្រកាស​ជា​មុន​ក្នុង​រាជ​ធានី​ភ្នំពេញ​កាល​ពីម្សិលមិញ​ ត្រូវ​បាន​ធ្វើ​ឡើង​ដើម្បី​ជំនួស​ការ​ជួប​ជុំ​ជា​សា​ធា​រណៈ​មួយ​​ដែល​គណបក្ស​ប្រឆាំង​បាន​គ្រោង​ធ្វើ​ឡើង​ ប៉ុន្តែ ត្រូវ​រដ្ឋាភិបាល​ហាម​ឃាត់​។​ការ​ហែ​ក្បួន​ដែលមាន​អ្នក​គាំទ្រ​ចូល​រួម​ប្រហែល​១.០០០នាក់​នេះ​ត្រូវ​បាន​​​ដឹកនាំ​ដោយ​លោក​ សម រង្ស៊ី និង​លោក​ កឹម សុខា ពីកន្លែង​ធ្វើ​ពិធី​មួយ​នៅ​សួន​​មុខ​វត្ត​បទុម​​ទៅ​កាន់​ទី​ស្នាក់​ការ​កណ្តាល​របស់​ខ្លួន​នៅ​ក្នុង​ខណ្ឌ​មាន​ជ័យ​។

លោក​ សម រង្ស៊ី និង​លោក​ កឹម សុខា ដឹកនាំ​អ្នកគាំទ្រ​ឆ្លង​កាត់​​ស្ពាន​អាកាស​ក្បាល​ថ្នល់​ កា​ល​ពីម្សិលមិញ​ អំឡុង​ការ​ហែ​ក្បួន​ពី​សួន​មុខ​វត្ត​បទុម​ទៅ​កាន់​ទីស្នាក់ការ​កណ្តាល​គណបក្ស​សង្គ្រោះ​ជាតិ​​នៅ​ខណ្ឌ​មាន​ជ័យ​ រាជធានីភ្នំពេញ​។ សីុវ  ចាន់​ណា​
លោក​ សម រង្ស៊ី និង​លោក​ កឹម សុខា ដឹកនាំ​អ្នកគាំទ្រ​ឆ្លង​កាត់​​ស្ពាន​អាកាស​ក្បាល​ថ្នល់​ កា​ល​ពីម្សិលមិញ​ អំឡុង​ការ​ហែ​ក្បួន​ពី​សួន​មុខ​វត្ត​បទុម​ទៅ​កាន់​ទីស្នាក់ការ​កណ្តាល​គណបក្ស​សង្គ្រោះ​ជាតិ​​នៅ​ខណ្ឌ​មាន​ជ័យ​ រាជធានីភ្នំពេញ​។ សីុវ  ចាន់​ណា​

ព្រឹត្តិការណ៍​នេះ​ គឺ​ជា​ព្រឹត្តិការណ៍​ហែ​ក្បួន​ដំបូង​របស់​គណបក្ស​ប្រឆាំង​ ចាប់​តាំង​ពី​រដ្ឋាភិបាល​បាន​ប្រើ​ហិង្សា​ដើម្បី​បោស​សម្អាត​ក្រុម​អ្នក​តវ៉ា​ពី​ទីលាន​ប្រជា​ធិបតេ្យ​កាល​ពី​ខែ​មករា​ ហើយ​បន្ទាប់​មក​បាន​ចេញ​បម្រា​ម​​ហាម​មិន​ឲ្យ​មាន​ការ​ជួប​ជុំ​ជាសាធារណៈ​នោះ​។​ ការ​ហែ​ក្បួ​ន​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​ បន្ទាប់​ពី​ពិធី​រំឭក​វិញ្ញាណក្ខន្ធ​រយៈ​ពេល​៩០​នាទី​​ដល់​​​មនុស្ស​១៦​នាក់​ដែល​​បានបាត់​​​បង់​ជីវិត​នៅក្នុង​ការ​វាយ​ប្រហារ​ដោយ​គ្រាប់​បែក​​ទៅលើ​ការ​តវ៉ា​របស់​គណបក្ស​ប្រឆាំង​ដែល​ដឹកនាំ​ដោយ​លោក​ សម រង្ស៊ី​ កាល​ពី​ខែ​​មីនា​ ឆ្នាំ​១៩៩៧​​​​ ។

លោក សម រង្ស៊ី និង​លោក​ កឹម សុខា​ បាន​ទៅដល់​សួន​មុខ​វត្ត​បទុម​ជា​កន្លែង​​ដែល​កើត​មាន​​ការ​វាយ​ប្រហារ​ដោយ​គ្រាប់​បែក​​នៅ​ម៉ោង​ប្រហែល​៩និង​​៤៥នាទី​ព្រឹក​។ មេ​ដឹក​នាំ​ទាំង​ពីរ​នេះ​បន្ទាប់​មក​បាន​ចូល​រួម​ក្នុង​ពិធី​​​ដែល​មាន​រយៈ​ពេល​ដ៏ខ្លីដោយ​មាន​ការ​និមន្ត​ព្រះ​សង្ឃ​ប្រហែល​៤០​អង្គ​​បង្សុកូល។

បន្ទាប់​ពី​ចូល​រួម​នៅក្នុង​ពិធី​រំឭក​វិញ្ញាណ​ក្ខន្ធ​នេះ​ លោក កឹម សុខា បាន​ប្រាប់​​អ្នក​​ចូល​រួម​យ៉ាង​ច្រើន​ថា អ្នក​ដែល​បាន​បាត់​បង់​ដោយ​ការ​គប់​គ្រាប់​បែក ​ និង​នៅ​តែ​បន្ត​​ជា​កម្លាំង​ចិត្ត​​សម្រាប់​គណបក្ស​ប្រឆាំង​។

លោក​ កឹម​ សុខា​ បាន​មាន​ប្រសាសន៍​ថា “ពួកគាត់​បាន​បន្សល់​ទុក​ឲ្យយើង​នូ​វកម្លាំង​ចិត្ត​ដ៏​រឹង​មាំដើម្បីបន្ត​​​​ការ​តវ៉ា​ដោយ​សន្តិវិធី​​នៅ ក្នុង​ការ​ប្រឆាំង​ជន​ផ្តាច់​ការ​ដែល​បាញ់​សម្លាប់​ពលរដ្ឋ​របស់​យើង​។ យើង​ជឿ​ជាក់​ថា ​ថ្ងៃ​ណា​មួយ​ឃាត​ករ​ដែល​សម្លាប់​​បាតុករ​របស់​ យើង​នឹង​ត្រូវ​បាន​ចាប់​ដាក់​ពន្ធនាគារ​”។

លោក សម រង្ស៊ី បាន​លើក​ឡើង​ថា ជន​ប្រព្រឹត្ត​បទ​ល្មើស​នៅក្នុង​ការ​គប់គ្រាប់​បែក​​ដែ​ល​នៅ​តែ​មាន​​សេរីភាព គឺ​ជា​បញ្ហា​មួយ​ឆ្លុះ​បញ្ចាំង​ឲ្យ​ឃើញពី​ភាព​អយុត្តិធម៌ ដែល​កើ​ត​មាន​ច្រើន​នៅក្នុង​ប្រព័ន្ធ​ច្បាប់​របស់​ប្រទេស​កម្ពុជា​។ លោក​ក៏​បានយក​ឱកាស​នេះ​រិះ​គន់​​អំពី​និទណ្ឌភាព​​ដែល​ត្រូវ​បាន​ផ្តល់​ទៅ​ឲ្យ​​ជន​​ដែល​លោក​បាន​លើកឡើង​ថា មាន​អំណាច​ ឬ​​ក៏​បាន​ចូល​ដៃ​ជាមួយ​ខ្មែរក្រហម​ផង​ដែរ​។

លោ​ក​ សម រង្ស៊ី បានចាត់​ទុក​លោក​ ហោ ណាំហុង​ រដ្ឋមន្ត្រីក្រសួង​ការបរទេស​ជា​​ឧក្រិដ្ឋ​​ ជន​ម្នាក់​ក្នុង​ចំណោម​ឧក្រិដ្ឋ​ជន​មួយ​ចំនួន​ដែល​លោក​បាន​លើក​ឡើង​ថា ឥឡូវ​ត្រូវ​បាន​​ការ​ពារ​​មិន​ឲ្យ​ផ្តល់​​ភ័ស្តុ​តាង​នៅ​ចំពោះ​មុខ​តុលាការ​ខ្មែ​រក្រហម​។

លោក​បានមាន​ប្រសាសន៍​ដោយ​សំដៅ​ទៅ​លើ​លោក ហោ ណាំហុង​ ដែល​​បាន​បដិ​សេធ​យ៉ាង​ដាច់​អហង្ការ​ចំពោះការ​ចោទ​ប្រកាន់ដែល​ចោទថា លោក​បាន​ចូល​ដៃ​​ជា​មួយ​ឆ្មាំ​គុក​​ ខណៈ​​លោក​ត្រូវ​ ប៉ុល​ ពត​ ចាប់​ដាក់​ គុក​ថា “ នៅក្នុង​ប្រទេស​ផ្សេង​ៗ​ នៅ​ពេល​តុលាការ​កោះ​ហៅ​​យើង​ ហើយ​យើង​មិន​ទៅ​បង្ហាញខ្លួន​  យើង​នឹង​ត្រូ​វ​ចាប់​​ដាក់​ពន្ធ​នា​គារ​​។ ប៉ុន្តែ នៅក្នុង​ប្រទេស​របស់​យើង​ គាត់​មិន​បាន​ទៅ​បង្ហាញខ្លួន​ដោយសារ​តែ​ចៅ​ហ្វាយ​របស់​គាត់​ការពារ​គាត់​”។ លោក ​សម  រង្ស៊ី  ក៏​បាន​​លើក​ឡើង​ពី​លោកឧបនាយក​រដ្ឋមន្ត្រី គាត​ ឈន់​ ដែល​មិន​បាន​បង្ហាញខ្លួន​​នៅ​សាលាក្តី​ខ្មែរ​ក្រហម​​​ពេល​កោះ​ហៅ​ផង​ដែរ​។

លោក​ ហោ ណាំហុង និង​លោក គាត​ ឈន់ ដែល​បាន​ចុះ​ចូល​ជាមួយ​រដ្ឋាភិបាល​ក្រុង​ភ្នំពេញ​​​ពី​ចលនា​តស៊ូ​​ខ្មែរក្រហម​​កាល​ពីឆ្នាំ​១៩៨៤​ គឺ​ជា​​អ្នក​ដែលស្ថិត​នៅក្នុង​ចំណោម​សមាជិក​ជាន់​ខ្ពស់​ទាំង​៦​រូប​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា​​ដែល​មិន​គោរ​ព​តាម​ដីកាកោះ​របស់​សាលា​​ក្តី​ខ្មែរ​ក្រហម​ ដើម្បី​ឲ្យ​មក​ផ្តល់​ភ័​ស្តុ​តាង​ដល់​ចៅ​ក្រម​សើុប​អង្កេត​កាល​ពី​ឆ្នាំ​​២០០៩​។

លោក​ សម រង្ស៊ី និង​លោក​ កឹម សុខា បន្ទាប់​មក​បាន​ចាប់​ផ្តើម​ដឹកនាំ​​អ្នក​ចូល​រួម​ទាំង​អស់​ហែ​ក្បួន​​តាម​មហា​វិថី​សុធា​រស។ លោក​ សម រង្ស៊ី ​​បាន​ប្រកាស​មុន​ពេល​នោះ​​ថា សមាជប្រជា​ពល​រដ្ឋ​​នៅ​ពេល​រសៀល​ដែល​ដំបូង​ឡើយ​​គ្រោង​ធ្វើ​នៅ​ទី​លាន​ប្រជា​ធិប​តេយ្យ​​ ហើយ​ក្រោយមក​ប្តូរ​មក​ធ្វើ​នៅ​សួន​មុខ​វត្ត​បទុម​ បន្ទាប់​ពីពិធី​រំឭក​វិញ្ញាណក្ខន្ធ   ​​នោះបាន​ហែក្បួន​​​ទៅកាន់​ទី​ស្នាក់​ការ​កណ្តាល​​ របស់ខ្លួន​នៅក្នុង​ខណ្ឌ​មាន​ជ័យ​​។

ដោយ​​ធ្វើការ​ហែក្បួន​តាម​បណ្តោ​យ​​មហា​វិថី​ ព្រះ​នរោត្តម រួចបន្ត​ទៅកាន់​ផ្លូវ​ជាតិ​លេខ​២​ អ្នក​គាំទ្រ​ប្រមាណ​១.០០០នាក់​​បាន​ស្រែកម្តង​ទៀត​នូវ​​ពាក្យ​ថា “ ហ៊ុន សែន អើយ​​ចុះ​ចេញ​ទៅ​” ជា​ពាក្យ​ដែល​​ត្រូវ​បាន​​ស្រែក​ម្តង​ហើយ​ម្តង​ទៀត​នៅក្នុងការ​ហែក្បួន​របស់​គណបក្សសង្គ្រោះ​ជាតិ​ មុន​ពេល​​ការ​បង្ក្រាប​ដ៏​ហិង្សា​កាល​ពីខែ​មករា​​​។

នៅ​ពេល​ទៅដល់​ទីស្នាក់​ការ​កណ្តាល​​របស់​គណបក្ស​ខ្លួន​​នៅ​សង្កាត់​ចាក​់អង្រែ​លើ​​​ក្រោយថ្ងៃ​ត្រង់​​​ អ្នក​តវ៉ា​របស់​គណបក្ស​សង្គ្រោះ​ជាតិ​​បាន​ធ្វើ​ឲ្យ​​ចំណែក​ផ្លូវ​ផ្នែក​ខាង​ជើង​ត្រូវ​កក​ស្ទះ​។ លោក សម រង្ស៊ី បាន​ប្រកាស​ជំទាស់​ទៅនឹង​បម្រាម​ហាម​មិន​ឲ្យ​​មានការ​ជួប​ជុំ​ទាក់​ទិន​នឹង​រឿង​នយោបាយ​នៅ​ទីលាន​ប្រជា​ធិបតេយ្យ​ដែល​បាន​បង្ខំ​ឲ្យ​​គណបក្ស​ត្រូវ​ប្តូរ​ទិស​ដៅ​នៃការ​ជួប​ជុំ​របស់​ខ្លួន​នៅ​ទី​ស្នាក់ការ​ឯកជន​របស់​គណបក្ស​សង្គ្រោះជាតិ​វិញ​នោះ​។

លោក សម រង្ស៊ី ដែល​រិះគន់​ច្បាប់​អាជ្ញា​សិក​ចេញ​ដោយ​​​​គណ​បក្ស​ប្រជា​ជន​កម្ពុជា​​កាល​ពី​ខែ​មករា​​ថា “ ឥឡូវ​​នេះ​ ទី​លាន​ប្រជា​​ធិបតេយ្យ​ត្រូវ​បាន​គេ​ហៅ​ថា ជា​ទីលាន​ ​​ដែល​មាន​​ការ​ហាម​ឃាត់​”។

បន្ទាប់ពី​ការ​ថ្លែង​សុន្ទរកថាដ៏​យូរ​របស់​លោក សម រង្ស៊ី និង​លោក កឹម សុខា ​ច្រក​ទ្វារ​ទីស្នាក់ការ​ត្រូវ​បាន​បើក​រយៈ​ពេល​កន្លះ​ម៉ោង ​​​សម្រាប់​អ្នក​គំាទ្រ​ដែល​ត្រូវ​បាន​អញ្ជើ​ញ​ឲ្យ​មក​ចូល​រួម​នៅក្នុង “ ពិធី​​ជួប​ជុំ​គ្នា​” តាម​ការ​គ្រោង​ទុក​។​អំឡុងពេល​​សមាជ​ប្រជា​ពល​រដ្ឋ​​លោក​​ គ្រីស្ទីន  មីលណេ (Christine Milne) ជា​សមាជិក​ព្រឹទ្ធ​សភា​ និង​ជា​មេដឹក​នាំ​គណ​

បក្ស​​បៃតង​ (Greens​  Party) ដែលជា​គណបក្ស​ប្រឆាំង​នៅក្នុង​ប្រទេស​អូស្ត្រាលី​​​បាន​ហៅទូរស័ព្ទ​មក​​កន្លែង​សមាជ ពលរដ្ឋ​លើក​ទី​២​​នេះ​ ហើយ​បាន​ អប​អរ​សា​ទរ​​ចំពោះការ​រៀប​ចំ​ពិធី​ជួប​ជុំដែល​មាន​​អ្នក​​ចូល​រួម​យ៉ាង​ច្រើន​លើក​ទី​១​របស់​​គណបក្ស​ប្រឆាំង​ចាប់​តាំង​ពីខែ​មករា​មក​។

លោក​ កឹម សុខា ​បាន​សូម​ឲ្យ​​អ្នក​ចូល​រួម​ទាំង​អស់​លើក​ដៃ​ ប្រសិនបើ​ពួក​គាត់​គាំទ្រ​ជំហរ​ផ្សេង​ៗ​ទៀត​របស់​គណបក្ស​សង្គ្រោះ​ជាតិ​​ដែល​រួមមាន​​ការ​ទាម​ទារ​ឲ្យមាន​ការ​បោះឆ្នោត​សាជាថ្មីម្តងទៀត​ មុន​​អាណត្តិ ​របស់​រដ្ឋា​ភិបាល​​បច្ចុប្បន្ន​ត្រូវ​បាន​បញ្ចប់​​។ លោក​បាន​ប្រកាស​យ៉ាង​រីករាយ​ថា អ្នក​ចូល​រួម​ទាំង​អស់​បាន​គាំទ្រ​គោល​នយោបាយ​​របស់​ គណ​បក្ស​​សង្គ្រោះ​ជាតិ​​ “​ មួយ​រយ​ភាគ​រយ​”។

ក្រោយមក​ទៀត​ លោក​ ហូរ វ៉ាន់ សមា​ជិក​​ សភា​ជាប់​ឆ្នោត​មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ​​បាន​ចេញ​មក​ធ្វើ​បទ​បង្ហាញ​ពី​ “សមាជ​ប្រជា​ពល​រដ្ឋ​​លើក​ទី​២​”​ ដែល​មាន​បីទំព័រ​”។

ដោយ​លើក​ឡើង​ម្តង​ទៀត​ពី​គោល​នយោ​បាយ​សំខាន់​​របស់​គណបក្ស​ប្រឆាំង​​ចាប់តាំង​ពីការ​បោះឆ្នោត​ឆ្នាំ​មុន​មក​​  គោល​នយោបាយ​ ទាំង​នេះ​​នៅ​តែ​បង្ហាញ​ពី​គោល​ជំហរ​របស់​គណបក្ស​សង្គ្រោះ​ជាតិដែល​​​មិន​ព្រម​ទទួល​យក​​អាសនៈ​នៅក្នុង​រដ្ឋ​សភា​​ ដរាប​ណា​គ្មាន​ការ​សើុ​ប​អង្កេត​ឯករាជ្យ​​លើ​ការ​បោះឆ្នោត​កាល​ពីថ្ងៃទី​២៨​ខែ​កក្កដា ឆ្នាំ​មុន ឬក៏​គ្មាន​ការ​បោះ​ឆ្នោត​ជា​ថ្មី​ឡើង​វិញ​នោះ​។

ជំហរ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ក៏​អំពាវ​នាវ​ឲ្យ​មានការ​ដោះលែង “​អ្នក​ទោស​មនសិការ​”ទាំងអស់​ដោយគ្មាន​លក្ខខណ្ឌ​​ ទាម​ទារ​​ឲ្យមានការ​ដំឡើង​ប្រាក់ខែ​គោល​១៦០​ដុល្លារ​ដល់​កម្មករ​រោង​ចក្រ​កាត់​ដេរ​ ទាម​ទារ​ឲ្យមានការ​អនុវត្ត​ច្បាប់ស្តី​ពី​ជន​អន្តោ​ប្រវេសន៍​ និង​ទាមទារ​ឲ្យមានការ​បង្កើត​គណ​ៈ​កម្មការ​មួយ​​ដើម្បី​ត្រួត​ពិនិត្យ​ការ​វាស់​វែង​​ព្រំដែន​អន្តរជាតិ​​របស់​ប្រទេស​កម្ពុជា​ផង​ដែរ​៕ ស៊ុយឈាង​

 

 

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស