27 C
Phnom Penh

មនុស្ស​​ពីរនាក់​ស្លាប់​ដោយ​សារ​ផ្ទុះ​គ្រាប់​មីននិង​គ្រាប់​កាំភ្លើង​ត្យាល់​ដាច់​ដោយ​ឡែក​ពីគ្នា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

យោង​​តាម​នគរបាល​បាន​ឲ្យ​ដឹង​ថា បុរស​​ម្នាក់​និង​ក្មេងប្រុស​​ជំទង់​ម្នាក់​បាន​ស្លាប់​ដោយ​សារ​គ្រាប់​មីន​ប្រឆាំង​រថ​ក្រោះ​​ និង​គ្រាប់​កាំភ្លើង​ត្បាល់​នៅ​ក្នុង​ឧបទ្ទវ​ហេតុ​ដាច់​ដោយ​ឡែក​ពី​គ្នា​​កាលពី​ថ្ងៃ​​សុក្រ និង​ថ្ងៃ​សៅរ៍​។

លោ​ក សាន ផល​ នាយ​ប៉ុស្ដិ៍​ឃុំ​ផ្លូវ​មាស​​​ បាន​​មាន​ប្រសាសន៍​ថា នៅ​ក្នុង​ខេត្ត​បាត់​ដំបង​ បុរសឈ្មោះ ជា​ ទំុ អាយុ​៣៧​ឆ្នាំ​ បាន​​រង​របួស​ធ្ងន់​នៅ​ពេល​ត្រាក់ទ័រ​មួួយ​គ្រឿង​ដែល​គាត់កំពុង​ដើរពីក្រោយ​នោះ​កិន​​ប៉ះ​ចំមីន​ប្រឆាំង​រថក្រោះ​​។ គាត់​បាន​ស្លាប់​ដោយ​សារ​របួស​ធ្ងន់​ធ្ងរ​ខណៈ​ពេល​បញ្ជូន​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​។ លោក​បាន​មានប្រសាសន៍​ថា អ្នក​​បើក​​​បរ​ត្រាក់​ទ័រ​​ក៏​បាន​រង​របួស​ធ្ងន់ធ្ងរ​ផង​ដែរ​ ហើយ​ត្រូវ​បាន​បញ្ជូន​ទៅ​​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​បង្អែក​ខេត្ត​។​

បើ​ទោះ​ជា​មិន​មាន​ការ​ដាក់​សញ្ញា​​​សម្គាល់​​​​នៅ​ក្នុង​តំបន់​នោះ​ព្រមាន​ពី​គ្រាប់​មីន​ក៏​ដោយ​ ក៏​លោក​ សាន ផល បាន​មាន​ប្រសាសន៍​ថា ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​ត្រូវ​​បាន​ព្រមាន​ជារឿយ​ៗ​ឲ្យកុំឲ្យ​ចូល​ទៅ​ក្នុង​តំបន់​​​នោះ​​​ដើម្បី​​​ចៀសវាង​​​គ្រោះថ្នាក់​​​ដែរ​​​។

លោក​បាន​មាន​ប្រសាសន៍​ថា  “ឧបទ្ទវ​ហេតុ​នេះ​បាន​កើត​ឡើង​នៅ​ក្នុង​កន្លែង​ដែល​​ហាម​ឃាត់​មួយ​ ពីព្រោះ​វា​សម្បូរ​ដោយ​​​គ្រាប់​​​​មីន​នៅសេស​​សល់​ពី​សង្គ្រាម​សីុវិល​​។​ វា​ជា​កន្លែង​ដែល​គេ​មិនអនុញ្ញាត​ឲ្យ​អ្នក​ភូមិ​ចូល​ទៅ​ក្នុង​តំបន់នោះ​ឡើយ”។

នៅ​ក្នុង​ឧបទ្ទវហេតុ​ដាច់​ដោយ​ឡែក​ពី​គ្នា​មួយ​ទៀត​​កាល​ពីថ្ងៃ​សៅរ៍ នៅ​ក្នុង​ខេត្ត​ប៉ៃលិន​​​ឯណោះវិញ ក្មេង​ប្រុស​ជំទង់​ម្នាក់​ឈ្មោះ​​ ព្រំ ពៅ  អាយុ​១២​ឆ្នាំ​បានយក​គ្រាប់​កាំភ្លើង​ត្បាល់​មួយ​គ្រាប់ដែលវា​ឃើញ​​ពេល​ទៅ​ឃ្វាល​​​គោ​​​មក​គប់លេង​។

លោក​ រី តារា នាយ​ប៉ុស្ដិ៍​ឃុំ​ស្ទឹង​ត្រង់​បាន​​មាន​ប្រសាសន៍​ថា គ្រាប់កាំភ្លើង​ត្បាល់​ដែល​ក្មេង​ប្រុស​រូប​នេះ​កំពុង​​លេង​នោះ​បាន​ផ្ទុះ​ឡើង​​​ ហើយ​បណ្តាល​ឲ្យ​ស្លាប់​ភ្លាម​ៗ​​តែ​ម្ដង​។

លោក​បាន​មាន​ប្រសាសន៍​ថា ក្មេង​ប្រុស​ពីរ​នាក់ទៀត​អង្គុយ​នៅ​ក្បែរ​នោះដែល​​មាន​អាយុ​១២​ និង​១៧​ឆ្នាំ​​ ក៏​បាន​រង​របួស​ផង​ដែរ​ ដែល​ឧបទ្ទវ​ហេតុ​នេះ​បាន​កើត​ឡើង​ចម្ងាយ​ប្រហែល​១០០​ម៉ែត្រ​ខាង​ក្រោយ​សាលា​បឋម​សិក្សា​មួយ​ក្នុង​​មូលដ្ឋាន​។​ ពួក​គេ​ត្រូវ​បាន​បញ្ជូន​ទៅ​ព្យា​បាល​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​។

លោក​  រី  តារា  បាន​មាន​ប្រសាសន៍​ថា “យើង​​​​មិន​ដឹង​ថា  ពួក​គេ​បាន​​​គ្រាប់​កាំភ្លើង​ត្បាល់​នេះ​​​ពី​ណា​មក​ទេ​ ពីព្រោះ​យើង​មិន​អាច​សាក​​​សួរ​ក្មេង​ប្រុស​ទាំងពីរនាក់​ដែល​រង​របួស​បាន​ឡើយ​ ដោយសារ​ពួ​កគេ​នៅ​ភ័យ​ខ្លាច​​នឹង​​ឧបទ្ទវ​​​ហេតុនោះនៅ​ឡើយ​ ដូច្នេះ​យើង​នឹង​​សាកសួរ​ពួក​គេ​នៅ​ពេល​ពួក​គេ​ចេញ​​ពី​មន្ទីរ​​​ពេទ្យ​​”។

យោង​តាម​តួលេខ​ថ្មី​បំផុត​របស់​មជ្ឈ​មណ្ឌល​​​​​សកម្ម​ភាព​កំចាត់​មីន​កម្ពុជា​​បាន​ឲ្យ​ដឹង​ថា មនុស្ស​សរុប​៣១​នាក់​បាន​ស្លាប់​ និង​របួសដោយ​យុទ្ធ​​​ភណ្ឌ​មិន​ទាន់​ផ្ទុះ​​អំឡុង​រយៈ​​ពេល​ពីរ​ខែ​ដំបូង​នៃ​ឆ្នាំ​នេះ​ គឺ​កើន​ពី​តួ​លេខដែល​យើង​បាន​កត់​ត្រា​ទុក​អំឡុង​រយៈ​ពេល​ពីរ​ខែ​ដំបូង​នៃ​ឆ្នាំ​២០១៣​ដែល​មាន​២២ករណី។

បើ​ទោះ​ជា​មាន​ការ​កើន​ឡើង​ច្រើន​រហូត​​​​​មក​ទល់ពេល​នេះ​នៃឆ្នាំនេះ​ក៏​ដោយ​ ក៏​ចំនួន​​​អ​្នក​ស្លាប់​និង​របួស​បាន​ថយ​ចុះ​គួរ​ឲ្យ​កត់​សម្គាល់​កាល​​ពី​ឆ្នាំ​២០១៣ បើ​ធៀប​ទៅ​នឹង​ឆ្នាំ​២០១២​៕ សារុន

 

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស