កម្មវិធីដេញថ្លៃសប្បុរសធម៌លើកទី២ដែលធ្លាប់ត្រូវបានរៀបចំនៅក្នុងប្រទេសកម្ពុជា ដោយក្រុមហ៊ុនដេញថ្លៃអន្តរជាតិឈ្មោះ គ្រីស្ទី(Christie’s) បានបញ្ចប់កាលពីម្សិលមិញ ដោយទទួួលបានប្រាក់២៦.២៦០ដុល្លារសម្រាប់អង្គការក្នុងស្រុកពីរ។

ក្នុងរយៈពេលប្រហែលជាមួយម៉ោង លោក លីអូនែល ហ្គោសសិត (Lionel Gosset)អ្នករៀបចំកម្មវិធីដេញថ្លៃនេះ បានគ្រប់គ្រងដំណើរការលក់ស្នាដៃសិល្បៈ៥០ ដែលត្រូវបានបរិច្ចាគដោយសិល្បករជាតិនិងអន្តរជាតិ។
ស្នាដៃសិល្បៈដែលទទួលបានតម្លៃខ្ពស់បំផុត បានទៅលើរូបគំនូរ “Hazy Moon” របស់វិចិត្រករឈ្មោះ តាកាក់កាក់ហ្សុ៊ យ៉ាម៉ាដា (Takakazu Yamada) ដែលត្រូវបានលក់ក្នុងតម្លៃ ៤.៥០០ដុល្លារ និងផ្ទាំងគំនូរ “Ga-lerie des Glaces” របស់វិចិត្រករឈ្មោះ ថូម៉ាស់ ព្យែរ (Thomas Pierre) ដែលត្រូវបានលក់ក្នុងតម្លៃពី៣.២០០ដុល្លារ។
វិចិត្រករខ្មែរឈ្មោះ ហេង ហ៊ុនសុវណ្ណដែលបានលក់ស្នាដៃសិល្បៈ “ Elephant Soup Bowl” ធ្វើពីថ្មសេរា៉មិច ក្នុងតម្លៃ៦០ដុល្លារក្នុងពេលកន្លងមកនោះ ទទួលបានតម្លៃរហូតដល់ទៅ២៦០ដុល្លារក្នុងកម្មវិធីដេញថ្លៃនេះ។
ដូចអ្វីដែលលោក ហ្គោសសិត បានកត់សម្គាល់ កម្មវិធីនេះមិនងាយស្រួលក្នុងការទាក់ទាញអ្នកចូលរួមដេញថ្លៃទេ។ គួរបញ្ជាក់ថា លោក ហ្គោសសិត ដែលជាអ្នករៀបចំកម្មវិធីដេញថ្លៃដ៏លេចធ្លោរបស់ក្រុមហ៊ុន គ្រីស្ទី បានធ្វើដំណើរពីទីក្រុងប៉ារីស ក្នុងគោលបំណងតែមួយគត់គឺមកគ្រប់គ្រងកម្មវិធីដេញថ្លៃនេះ។
លោកបានមានប្រសាសន៍ពីកម្មវិធីបញ្ចប់ថា “ គេអាចមើលឃើញថា អ្នកចូលរួមដេញថ្លៃពិតជាមានចរិត សម្រិត សម្រាំង។ ពួកគេមកចូលរួមដោយមានគំនិតមកជាមួយដើម្បីពិចារណាយ៉ាងដិតដល់ចំពោះអ្វីដែលពួកគេចង់ទិញ…។ ពួកគេមិនបណ្តោយឲ្យខ្លួនឯងចេះតែចំណាយប្រាក់ទៅតាមសកម្មភាពដេញថ្លៃដ៏ប្រយ័ត្នប្រយែងនេះទេ”។
ក៏បុ៉ន្តែភាពភ្ញាក់ផ្អើលបានផ្ទុះឡើងក្នុងចំណោមអ្នកចូលក្នុងកម្មវិធីដេញថ្លៃនេះ នៅពេលរូបចម្លាក់ដំរីធ្វើពីក្រដាសលាយជាមួយទឹកកាវនិងធាតុផ្សំផ្សេងៗទៀត ដែលជាស្នាដៃរបស់វិចិត្រករ ហ្វីលីប ប្រូសូ(Phillippe Brousseau) ពោលគឺនៅពេលនោះ ស្នាដៃរបស់លោកត្រូវបានលក់តម្លៃ៣០០ដុល្លារដែលជាតម្លៃខ្ពស់ជាងតម្លៃប៉ាន់ស្មានរហូតដល់ទៅបួនដង។
បៀចិនសតវត្សទី១៩ដែលត្រូវបានបរិច្ចាគដោយលោក បែត្រង់បូកកាដ័រ (Bertrand Boccador) ដែលរស់នៅក្នុងរាជធានីភ្នំពេញ ក៏បានបង្កភាពភ្ញាក់ផ្អើលដែរ ពេលត្រូវបានលក់ក្នុងតម្លៃ៨៥០ដុល្លារ។
លោក ហ្សង់ល្វីស ចារ៉ុន (Jean-Louis Charon) ជាអ្នកទិញតុនិងបង់ធ្វើពីដែកនិងកែវ ដែលជាស្នាដៃវិចិត្រករឈ្មោះ ស៊ុន សុថា មានប្រសាសន៍ថា “ ស្នាដៃសិល្បៈទាំងនេះមើលទៅស្អាតៗណាស់ និងមានលក្ខណៈខុសប្លែកច្រើន បើធៀបនឹងពីរឆ្នាំមុន”។
កម្មវិធីដេញថ្លៃលើកដំបូងរបស់ក្រុមហ៊ុនគ្រីស្ទី ក្នុងរាជធានីភ្នំពេញ ត្រូវបានធ្វើឡើងកាលពីពីរឆ្នាំមុន។ កាលពីពេលនោះ រូបចម្លាក់របស់វិចិត្រករ ពេជ្រ សុភាព ដែលត្រូវបានលក់ក្នុងតម្លៃ៩.០០០ដុល្លារក្នុងពេលកន្លងមកនោះ ត្រូវបានដំឡើងថ្លៃរហូតដល់ទៅ៤០.០០០ដុល្លារ។
កម្មវិធីដេញថ្លៃដំបូងនេះត្រូវបានរៀបចំដោយលោកស្រី ម៉ាដឺឡែន ឌឹ ឡង់ហ្គាលឺរី (Madeleine de Langalerie) និងក្រុមរបស់លោកស្រីឈ្មោះ រេក្រេសិន(Recreation) ដែលនាំអ្នកស្ម័គ្រចិត្តមកជួយគាំទ្រស្នាដៃសិល្បៈនៅក្នុងប្រទេសកម្ពុជា។ កម្មវិធីនេះបានទាក់ទាញអ្នកចូលរួមជាង៣០០នាក់ ពោលគឺច្រើនជាងចំនួនអ្នកចូលរួមកម្មវិធីដេញថ្លៃលើកទី២កាលពីម្សិលមិញ ដែលមានអ្នកចូលរួមប្រហែល២០០នាក់។
អ្នកចូលរួមដេញថ្លៃមួយចំនួនបានលើកឡើងថា កម្មវិធីជួបជុំរបស់គណបក្សសង្គ្រោះជាតិកាលពីម្សិលមិញបានបង្កភាពលំបាកសម្រាប់មនុស្សមួយចំនួនក្នុងការធ្វើដំណើរមកសណ្ឋាគារឡឺរូ៉យ៉ាល់ ដែលជាកន្លែងរៀបចំកម្មវិធីដេញថ្លៃនេះ។
កម្មវិធីដេញថ្លៃនេះគឺជាកម្មវិធីរៃអង្គាសប្រាក់សម្រាប់អង្គការ Cambodia 2000 ដែលជាអង្គការផ្តល់មូលនិធិដល់កម្មវិធីបណ្តុះបណ្តាលផ្នែកសិប្បកម្មបុរាណ និងសម្រាប់អង្គការ អម្រីតាសិល្បៈ ដែលគាំទ្រការអភិវឌ្ឍរបាំសហស្សសម័យ កម្ពុជា៕សុធា