29 C
Phnom Penh

​ដំណើរ​ឆ្ពោះ​ទៅ​ប្រទេស​ឥណ្ឌា៖ អ្នក​យកព័ត៌មាន​កម្ពុជា​រៀប​រាប់​បទ​ពិសោធន៍​របស់​​​ខ្លួន​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាល​ពី​១​ពាន់​ឆ្នាំ​មុន ស្ថាបត្យកម្ម និង​សាសនា​​​​​​​​​​ហិណ្ឌូ​ឥណ្ឌា​មាន​ឥទ្ធិពល​លើ​សំណង់​​​​​​​ប្រាសាទ​អង្គរវត្ត​នៃ​ប្រទេស​កម្ពុជា។ កាល​ពី​ដើម​ខែ​នេះ ខ្ញុំ​បាន​ធ្វើ​ទស្សនកិច្ច​ប្រទេស​ឥណ្ឌា​ជាមួយ​​អ្នក​កាសែត​​កម្ពុជា និង​អាស៊ាន​​២០​នាក់​ផ្សេង​ទៀត។

នៅ​ក្នុង​ការ​ធ្វើ​បច្ចុប្បន្ន​ភាពក្នុង​​​សតវត្សរ៍​​​​ទី២១​លើ​​រឿង​រ៉ាវ​បុរាណ​ បច្ចុប្បន្ន​រដ្ឋាភិបាល​ឥណ្ឌា​អនុវត្ត​គោលនយោបាយ​ Look East ឬ​មាន​ន័យ​ថា សម្លឹង​មើល​ទៅ​ទិស​ខាង​កើត។ យើង​បាន​ធ្វើ​ដំណើរ​ទៅ​​​ឥណ្ឌា​ ក្នុង​ផ្នែក​មួយ​នៃ​កម្ម​វិធី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍​រវាង​ប្រព័ន្ធ​ផ្សព្វផ្សាយ​អាស៊ាន (Asean Media Exchange Program) ដែល​ជា​ព្រឹត្តិការណ៍​ប្រចាំ​ឆ្នាំ។

ប្រទេស​ឥណ្ឌា​ មាន​ប្រជាជន​ចំនួន​១,៣​ពាន់​លាន​នាក់ គឺ​ច្រើន​ជាង​ប្រជាជន​កម្ពុជា ដែលមា​​​ន​ចំនួន​តែ​១២​លាន​នាក់ ជិត​មួយ​រយ​ដង។ អស់​រយៈ​កាល​ជា​ច្រើន​សតវត្សរ៍​មក​ហើយ វប្បធម៌និង​ប្រវត្តិសាស្ត្រ​របស់​យើង​ទាំង​ពីរ​មាន​ចំណុច​ខុស​គ្នា​ច្រើន។ ប៉ុន្តែ​ នៅ​ពេល​ខ្ញុំ​ដើរ​តាម​ដង​វិថី​នានា​ជា​លើក​ទី១​​ក្នុង​រដ្ឋ​ធានី ញូវ ដេលី ដ៏​ធំ​នោះ ​មាន​ចំណុច​ស្រដៀងៗ​គ្នា​ដែរ។

នៅ​តាម​ដង​វិថី​មាន​មនុស្ស​កុះករ អាជីវករ ដែល​លក់​អាហារ​ឈ្ងុយ​ឆ្ងាញ់និង​ផ្លែ​ឈើ​ចំរុះ​ពណ៌​គរ​គ្នា​លើ​តូប​ធ្វើ​ពី​ឈើ បាន​ធ្វើ​ឲ្យ​ខ្ញុំ​នឹក​ឃើញ​ដល់​ទីក្រុង​ភ្នំពេញ។ ចរាចរណ៍​ក៏​ធ្វើ​ឲ្យ​ខ្ញុំ​នឹក​ដល់​​ប្រទេស​កំណើត​ដែរ។ ប៉ុន្តែ​​​ដូច​គ្នា​នឹង​អ្វី​ផ្សេងៗ​ទៀត​នៅ​ក្នុង​ប្រទេស​ដ៏​ធំ​នេះ​ ស្ថានភាព​ចរាចរណ៍​​​មាន​​​ការ​​​​ជែង​​​គ្នា​​​ទោះ​បី​ស្ថិត​​​ក្នុង​​​ការ​​​កក​​​ស្ទះ​​​ក៏​ដោយ។

ឆៃកែ​កង់បី​ពណ៌​លឿង​​ប្រើ​ម៉ាស៊ីន​បោះ​ពួយ​យ៉ាង​លឿន​ជែង​រក​ផ្លូវ​ទៅ​មុខ​ក្រោម​សម្រែក​ស៊ីប្លេ​ ដ៏​ទ្រហឹង​អឺង​កង​ដូច​រ៉ឺម៉ក​កង់​បី​របស់​ខ្មែរ​ដែរ។

ជំនួស​ឲ្យ​ម៉ូតូ​ស៊េរី​ស្កូត​ទំនើបៗ​ ដែល​មាន​យ៉ាង​ច្រើន​នៅ​​​​ក្នុង​​​ប្រទេស​​​កម្ពុជា នៅ​ទីនេះ​មាន​ម៉ូតូ​ធម្មតា​​​​យ៉ាង​ច្រើន ហើយ​ភាគ​ច្រើន​ជា​ម៉ូតូ​​​​ចាស់ៗ ច្រែះ​​​​ស៊ី និង​ហុច​ផ្សែង​ទ្រលោម​​​​ដូច​​​​យាន​ជំនិះ​ផ្សេង​ទៀត​នៅ​លើ​ដង​ផ្លូវ​អ៊ីចឹង​​​​ដែរ។ ប៉ុន្តែ​ អ្វីដែល​ពិត​ជា​ខុស​ពី​ធម្មតា​ចំពោះ​​​​ការ​កក​ស្ទះ​ចរាចរណ៍​នៅ​តាម​ផ្លូវ​តូចៗ​មិន​ដូច​ជា​នៅ​កម្ពុជា​ទេ គឺ​រថយន្ត​នៅ​នេះ​តូចៗ ហើយ​ចាស់ៗ​មាន​ច្រែះ​ចាប់ និង​​​បញ្ចេញ​​​​​​​ផ្សែង​ដ៏​ខ្មៅ​នៅ​ពេល​ពួក​គេ​រោទ៍​ម៉ាស៊ីន​នៅ​ផ្លូវ​កក​ស្ទះម្តងៗ​​​។

គ្មាន​រថយន្ត​ទំនើបៗ​ ដូច​អ្វី ដែល​មាន​នៅ​លើ​មហាវិថី​នានា​ក្នុង​ប្រទេស​កម្ពុជា​ទេ។ ទំនើប​និយម​របស់​យុវវ័យ​កម្ពុជា​ត្រូវ​បាន​ស្តែង​ឲ្យ​ឃើញ​តាម​រយៈ​ការ​ប្រៀប​ធៀប​ជាមួយ​ ញូវ ដេលី ជា​ទីក្រុង​ចំណាស់​មួយ។

ឥណ្ឌា​ជា​ប្រទេស​មាន​ជាង​កម្ពុជា​ខ្លាំង​ណាស់។ នេះ​ជា​ប្រទេស​ប្រជាធិបតេយ្យ​ខ្លាំង​​​​ជា​ង​គេ​ និង​ជា​ប្រទេស​មាន​ប្រជាជន​មាន​កម្រិត​ជីវភាព​មធ្យម​ច្រើន និង​មាន​​​បំណង​ក្លាយ​ជា​មហា​អំណាច​មួយ​​ក្នុង​ពិភព​​​លោក។ អ្វី​ជា​​​ការ​ភ្ញាក់​ផ្អើល​ដំបូង​របស់​យើង​នៅ​ ញូវ ដេលី គឺ​ទីក្រុង​នេះ​​​សម្បូរ​ដោយ​ប្រជាជន​ក្រីក្រ និង​ភាព​ក្រី​ក្រ ដែល​លេច​ជ្រងោ​តែ​ម្តង។ ប្រហែល​ជា​​​​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​ ដែល​ថា នៅ​ក្នុង​ប្រទេស​កំពុង​អភិវឌ្ឍ​ដ៏​លឿន​មួយ ដែល​មាន​ប្រជា​​​ជន​ដ៏​ច្រើន បែរ​​​ជា​​​ពល​​​រដ្ឋ​មួយ​ចំនួន​ត្រូវ​បាន​មើល​​​​រំលង​​​ទៅ​​​វិញ​​​។

ការ​ស្នាក់​នៅ​​​​​បួន​ថ្ងៃ​​ក្នុង​ទីក្រុង ញូវ ដេលី យើង​បាន​ជួប​ជាមួយ​លោក សាល​​​ម៉ាន ឃឺ​​​ស៊ីដ (Salman Khurshid) រដ្ឋ​មន្ត្រី​ការ​​​បរទេស និង​លោក ស្រុី អានីល វ៉ាដវ៉ា (Shri Anil Wadhwa) លេខា​ការបរទេស​ទទួល​បន្ទុក​​ឥណ្ឌា​ខាង​​​​កើត។ ពួក​គេ​បាន​និយាយ​ថា យើង​​​​​កំពុង​ដើរ​តួ​នាទី​ដ៏​សំខាន់​​​​ក្នុង​ការ​កសាង​ស្ពាន​មួយ​រវាង​ឥណ្ឌា និង​អាស៊ាន ​ដោយ​ការ​ជួយ​ឲ្យ​តំបន់​ទាំង​ពីរ​នេះ​យល់​ពី​គ្នា​ទៅ​វិញ​ទៅ​មក។

យើង​ក៏​បាន​ជួប​ជាមួយ​ក្រុម​អ្នក​តំណាង​វិស័យ​ឯកជន​ ដើម្បី​សិក្សា​ថា តើ​រដ្ឋាភិបាល​ឥណ្ឌា​កំពុង​ធ្វើ​ឲ្យ​ល្អ​ប្រសើរ​ឡើង​នូវ​សេវា​ផ្សេងៗ និង​ហេដ្ឋារចនាសម្ព័ន្ធ​ឬ​យ៉ាង​ណា។ យើង​បាន​​​ធ្វើ​​​​ទស្សនកិច្ច​ការិយាល័យ​ធ្វើ​លិខិត​ឆ្លង​ដែន។ នៅ​ប្រទេស​ឥណ្ឌា​​​បច្ចុប្បន្ន ការិយាល័យ​នេះ​ត្រូវ​បាន​គ្រប់​គ្រង​ដោយ​ក្រុមហ៊ុន​ឯកជន​មួយ ហើយ​ការ​ងារ​មាន​ប្រសិទ្ធភាព​ខ្លាំង​ជាង​មុន។ ការ​ស្នើ​សុំ​លិខិត​ឆ្លង​ដែន​ធ្លាប់​តែ​ចំណាយ​ពេល​បួន​ខែ។

ចាប់​តាំង​ពី​​មាន​ការ​ធ្វើ​ឯកជនភាវូបនីយកម្ម​មក ដំណើរ​ការ​នេះ​ចំណាយ​ពេល​តែ​មួយ​សប្តាហ៍​ប៉ុណ្ណោះ។ នេះ​ជា​វិស័យ​មួយ ដែល​ឥណ្ឌា​អាច​ណែនាំ​ឲ្យ​ប្រទេស​កម្ពុជា​បាន។ នៅ​ប្រទេស​ឥណ្ឌា ប្រព័ន្ធ​ស្មុគស្មាញ និង​ការ​បង់​ប្រាក់​ក្រៅ​ផ្លូវ​ការ​ធ្វើ​ឲ្យ​ការ​ស្នើសុំ​លិខិត​ឆ្លង​ដែន​ក្លាយ​ជា​បទ​ពិសោធន៍​ដ៏​ឈឺក្បាល។ ​

ប្រសិន​បើ​មិន​ទៅ​​​​​កម្ពុជា​ទេ ក៏គ្មាន​ឱកាស​បាន​ទៅ​ទស្សនា​ប្រាសាទ​អង្គរ​វត្ត​ ដោយ​ផ្ទាល​​​់​​​​ដែរ។ ដូច្នេះ បើ​បាន​ទៅ​ប្រទេស​​​​​​​ឥណ្ឌា​​​​ហើយ ដាច់​ខាត​ត្រូវ​តែ​ទៅ​មើល​មតចេតិយ​ តាច ម៉ាហាល់ (Taj Mahal) ដ៏​ល្បី​ហើយ។

មតចេតិយ​ដ៏​ល្បី​នេះ​ស្ថិត​ក្នុង​ចម្ងាយ​ពី​ទីក្រុង ញូវ ដេលី តែ​៣​ម៉ោង​ប៉ុណ្ណោះ​បើ​ធ្វើ​ដំណើរ​តាម​រថយន្ត។ទស្សនីយភាព​​ប៉ម​​​មួយ​​ពណ៌​ស​យ៉ាង​ធំ​​​​ ការ​តុប​តែង​ដ៏​ល្អ​ប្រណិត​ និង​សួន​ច្បារ​ដ៏​ស្រស់​ស្អាត​គឺ​ជា ចំណុច​សំខាន់​នៃ​​ទស្សនកិច្ច​នេះ​​​។  ប៉ុន្តែ​ខ្ញុំ​នៅ​តែ​គិត​ថា ប្រាសាទ​នានា​របស់​កម្ពុជា​បង្កប់​ទៅ​ដោយ​អាថ៌​កំបាំង និង​គួរ​ឲ្យ​កោត​ស្ញប់​ស្ញែង​ច្រើន​ជាង។

ខ្ញុំ​មិន​ទាន់​បាន​រៀប​រាប់​អំពី​ម្ហូប​អាហារ​របស់​​​​ឥណ្ឌា​ទេ។ អាហារ ឬ​យ៉ាង​ហោច​ណាស់​​​​រសជាតិ​ គឺ​ជា​ប្រធាន​បទ​ចម្បង​នៃ​ការ​និយាយ​ពិភាក្សា​គ្នា​ក្នុង​ចំណោម​អ្នក​កាសែត​អាស៊ាន។ ប្រហែល​ជាមាន​រសជាតិ​ហិរ​ខ្លាំង​ពេក​ ហើយ​ក្រពះ​របស់​យើង​មិន​ស៊ាំ​នឹង​រស​​​ជាតិ​ហិរ​នេះ​ទេ។ ប្រហែល​យើង​ទាំង​អស់​គ្នា​មិន​ធ្លាប់​ទទួល​ទាន​អាហារ​ប្រភេទ​នេះ​ហើយ​មើល​ទៅ។ ប៉ុន្តែ នោះ​ជា​ដំណើរ​ទស្សន​​​កិច្ច​ក្នុង​ប្រទេស​មួយ ដែល​អាហារ​ក្លាយ​ជា​បញ្ហា​ចម្បង។​

នៅ​ពេល​អ្នក​កាសែត​សិង្ហ​បុរី​ម្នាក់​ប្រាប់​យើង​ត្រង់ៗ​ថា គាត់​ចូល​បន្ទប់​ទឹក​៥​ដង​ក្នុង​មួយ​យប់ យើង​ទាំង​អស់​គ្នា​បាន​ផ្ទុះ​សំណើច ព្រោះ​យើង​សុទ្ធ​តែ​ជួប​រឿង​នេះ​ដូច​គ្នា។ ក្នុង​ពេល​ធ្វើ​ដំណើរ​តាម​រថយន្ត​ក្រុង​ទៅ​កាន់ មតចេតិយ តាច ម៉ាហាល់ និង​ការ​ធ្វើ​ដំណើរ​តាម​យន្ត​ហោះ​ទៅ​កាន់​ក្រុង​​​ហ៊ីដឺរ៉ាបេដ នាភាគ​ខាង​កើត​ប្រទេស បង្គន់​គឺ​ជា​រឿង​សំខាន់​។ ភាគ​ច្រើន​ក្នុង​ចំណោម​ប្រតិភូ​របស់​យើង​​ទទួល​ទាន​អាហារ​មិន​សូវ​ហិរ​​​ ដើម្បី​​​ចៀស​​​វាង​​​បញ្ហា​​​ក្រពះ​​​។

មើល​ទៅ​​​ក្រុង​​​ហ៊ីដឺរ៉ាបេដ ហាក់​ដូច​ជា​នៅ​ដាច់​ស្រយាល​ជាង​គេ ហើយ​ក៏​មិន​សូវ​មាន​ប្រជា​​​ជន​រស់​នៅ​ច្រើន​ដូច​​ទីក្រុង ញូវ ដេលី ដែរ។ ខណៈ​យើង​ទៅ​កាន់​រមណីយ​​​ដ្ឋាន​ទេស​​​ចរណ៍​ មើល​ទៅ​អ្វីៗ​ហាក់​ដូច​ជា​ទូលាយ​ជាង​ច្រើន​​​។ ការ​តុប​តែង​ខ្លួន​ទៅ​តាម​ប្រពៃណី​របស់​ប្រជា​​​ជន​នៅ​ទីក្រុង​នេះ​ មាន​ភាព​ខុស​គ្នា ហើយ​ប្រវត្តិសាស្ត្រ​នៃ​ការ​សំបូរ​ជន​ជាតិ​មូស្លីម​មាន​ជា​តឹក​តាង​ស្រាប់​នៅ​គ្រប់​ទីកន្លែង​ចាប់​ពី​សំណង់​ស្ថាបត្យកម្ម ទៅ​សម្លៀក​បំពាក់។

យោង​តាម​លោក ប្រាបាកា សុីង (Prabhakar Singh) ប្រធាន​ផ្នែក​ទេសចរណ៍ បាន​​​និយាយប្រាប់​​​​​​​ឲ្យ​​​​យើង​​​ដឹង​ថា វិហារ​អុីស្លាម​ មេកា ម៉ាស​​​ជីដ (Mecca Masjid) អាយុ​កាល​៤០០​ឆ្នាំ​ គឺ​ជា​វិហារ​មួយ​ក្នុង​ចំណោម​វិហារ​អុីស្លាម​ដ៏​ធំ​ជាង​គេ​នៅ​ក្នុង​ពិភពលោក ដែល​ត្រូវ​បាន​សាង​សង់​ឡើង​ដោយ​កម្មករ​ជាង​៨.០០០​នាក់ ហើយ​មាន​សីហ​បញ្ជរ​ចំនួន​បី​ ដែល​ត្រូវ​បាន​ឆ្លាក់​ពី​ថ្ម​ក្រានីត​មួយ​ផ្ទាំង​ធំ​​អស់​រយៈ​ពេល​៥​ឆ្នាំ។

រមណីយដ្ឋាន​ទេសចរណ៍​មួយ ដែល​មាន​ភាព​ទាន់​សម័យ​ និង​ជា​ចំណុច​ទាក់​ទាញ​ទេសចរ​​​​​ជាង​គេ​នៅ​ក្នុង​ទីក្រុង ហុីដឺរ៉ាបាដ​គឺ ទីក្រុង​ភាពយន្ត រ៉ាម៉ូជី (Ramoji Film City)។ នៅ​លើ​ផ្ទៃ​ដី​ទំហំ​៨០៩​ហិកតា រ៉ាម៉ូជី គឺ​ជា​ក្រុង​ថត​ខ្សែ​ភាព​យន្ត​ដ៏​ធំ​ជាង​គេ​នៅ​ក្នុង​ពិភពលោក។ រដ្ឋាភិបាល​ឥណ្ឌា​សង្ឃឹម​ថា នឹង​ទាក់​ទាញ​ផលិតករ​ភាពយន្ត​អាស៊ាន​មក​កាន់​ទីតាំង​ថត​ភាពយន្ត​ដ៏​ធំ​របស់​ខ្លួន​នេះ។

ចំពោះ​អ្នក​​​ទេសចរ វា​ចម្លែក​ណាស់ ដែល​​​​ធ្វើ​​ដំណើរ​ទៅ​កាន់​ក្រុង និង​កាត់​តាម​ផ្ទះ​ និង​តូប​លក់​អីវ៉ាន់​សិប្បនិម្មិត​នោះ។ ប៉ុន្តែ​នោះ​ជា​គោលដៅ​ដ៏​មាន​ប្រជាប្រិយ​​​ភាព​សម្រាប់​ប្រជាជន​ឥណ្ឌា​ ដោយ​ក្នុង​នោះ​មាន​ទេសចរ​ប្រចាំ​ឆ្នាំ​ចំនួន​១,៤​លាន​នាក់ ហើយ​ក្រុង​នេះ​សង្ឃឹម​ថា នឹង​បង្កើន​ចំនួន​ទេសចរ​ដល់​៣​លាន​នាក់​​នៅ​រយៈ​ពេល​ពីរ​បី​ឆ្នាំ​ខាង​មុខ។

និយាយ​ពី​រឿង​នៅ​​ប្រទេស​កម្ពុជា​​​ក្នុង​ពេល​បច្ចុប្បន្ន​វិញ បទ​ពិសោធន៍​នៃ​ដំណើរ​ទស្សនកិច្ច​ទៅ​កាន់​ប្រទេស​ឥណ្ឌា​​នៅ​ដក់​ជាប់​ក្នុង​ចិត្ត​របស់​ខ្ញុំ​ជានិច្ច គឺ​នៅ​នឹក​ឃើញ​នៅ​នឹង​ភ្នែក​​​​គ្រប់​​​ពេលវេលា​​​​​​តែ​​ម្តង។ រយៈ​​​ពេល​​​មួយ​សប្តាហ៍​​​​ក្រោយ​ពី​​​មក​​​ដល់​​​កម្ពុជា​​​បន្ទប់​ទឹក​នៅ​តែ​ជា​បញ្ហា​ចោទ​ដដែល។ ខ្ញុំ​សង្ឃឹម​ថា រាង​កាយ​របស់​ខ្ញុំ​នឹង​ស៊ាំ​សម្រាប់​ការ​រំពឹង​ទុក​ថា នៅ​ថ្ងៃ​ណា​មួយ​ខ្ញុំ​នឹង​​​ត្រឡប់​ទៅ​ប្រទេស​ឥណ្ឌា​ម្តង​ទៀត៕ សាវតា

 

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស