34.8 C
Phnom Penh

តុលាការ​ចោទ​ប្រកាន់​បុរសពីរនាក់ពីបទ​ក្លែង​​ខ្លួន​ជា​អង្គរក្ស​មន្ត្រី​នគរបាល​ជាន់ខ្ពស់​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

នគរ​បាល​មូល​ដ្ឋាន​បាន​ឲ្យ​ដឹង​ថា កាល​​ពី​ថ្ងៃ​សុក្រ សាលា​ដំបូង​ខេត្ត​ស្វាយ​រៀង​​បាន​ចោទ​ប្រកាន់បុរស​ពីរនាក់​​ពី​បទ​ក្លែង​​ខ្លួន​ជា​អង្គរក្ស​មន្ត្រី​នគរបាល​ជាន់ខ្ពស់​​ម្នាក់​ដើម្បី​​​បោក​ប្រាស់​មន្ត្រី​នគរបាល​មូល​ដ្ឋាន​ម្នាក់​តាម​​​រយៈការ​សន្យា​ឲ្យឡើង​​តួនាទី​ជា​​ថ្នូរ​នឹង​​ប្រាក់។

លោក​វរសេនីយ៍ត្រី កែវ សុថា នាយ​នគរ​បាល​ព្រហ្មទណ្ឌកម្រិត​ស្រាល​ខេត្ត​​បាន​មាន​ប្រសាសន៍ថា លោក អេន វុទ្ធី អាយុ​៤២ឆ្នាំ និង​ វេង សាវី អាយុ​៥០ឆ្នាំ​​ត្រូវ​បា​​ន​ចាប់ខ្លួន​កាលពី​ថ្ងៃព្រហស្បតិ៍​​បន្ទាប់​ពី​ពួកគេ​​បាន​ព្យាយាម​បោក​ប្រាស់​លោក សៅ សូនី​ ជា​មន្ត្រី​នគរបាល​ម្នាក់​ក្នុង​​​ឃុំ​គោក​ព្រីង​ ស្រុក​ស្វាយ​ជ្រំ​ឲ្យ​ប្រគល់​ប្រាក់​ចំនួន​​១.១៥០ដុល្លារ​សម្រាប់​តួនាទី​ជា​ពល​បាល​ឯក​។

ដំបូង​ជន​សង្ស័យ​ទាំងពីរនាក់​បាន​យក​ប្រាក់​​ចំនួន​១៥០ដុល្លារ​ពី​លោក សូនី ​ដើម្បី​​បំពេញ​សំណុំបែបបទ ហើយ​ក្រោយ​មក​បាន​ព្យាយាម​យក​ប្រាក់​ពី​គាត​់​​ចំនួន​១.០០០​ដុល្លារ​បន្ថែម​ទៀត​។

លោក សុថា បានមាន​ប្រសាសន៍ថា ជន​រងគ្រោះ​មិន​អាច​រក​ប្រាក់​ឲ្យ​តាមការ​ស្នើ​​សុំ​​បាន ដូច្នេះ​អ្នក​ទាំង​បីបាន​ព្រម​ព្រៀង​​ក្នុង​​ចំនួន​ទឹក​ប្រាក់​៥០០ដុល្លារ។ លោក សុថា បាន​​​ថ្លែង​​​​​​​​​ថា  “[លោក សូនី]​ សង្ស័យ​​​ចំពោះ​​​​លិខិត​ដំឡើង​​តួ​​​នាទី​នោះ ដែល​សរសេរ​ដោយ​​ជន​សង្ស័យ​ ពីព្រោះ​លិខិត​នេះ​មិន​ធ្វើតាម​បទ​ដ្ឋាន​ផ្លូវ​ការ”។

ជន​រងគ្រោះ​បាន​ដាក់ពាក្យ​បណ្តឹង​ទៅ​​​នគរ​​​​​​បាល​ខេត្ត​​ឲ្យ​ស៊ើប​អង្កេត​ករណី​នេះ ហើយ​​​​បន្ទាប់មក​​ធ្វើកា​រណាត​់​ជួប​ជា​មួយ​​​​​​ជន​សង្ស័យ​កាលពី​ថ្ងៃ​ព្រហ​ស្បតិ៍​នៅ​ហាង​​កាហ្វេ​​​មួយ​ក្នុង​​ក្រុង​ស្វាយ​រៀង​កន្លែង​​ដែល​នគរ​​​បាល​​​​បាន​ចាប់ខ្លួន​ពួកគេ​នៅ​ទី​នោះ​​តែម្ត​ង​។

លោក សុថា បាន​មាន​ប្រសាសន៍​​បន្ថែម​ថា ជន​សង្ស័យ​​ទាំង​ពីរ​នាក់​នេះ “ជា​មនុស្ស​គ្មាន​ការ​ងារ​ធ្វើ​ ហើយបាន​ស្គាល់​គ្នា​តាម​​​រយៈ​​​ការ​ភ្នាល់​ទឹក​ភ្លៀង”។ បុរស​ទាំង​ពីរ​នាក់​កំពុង​ស្ថិត​ក្នុងការ​ឃុំ​ខ្លួន​​បណ្តោះ​អាសន្ន​នៅក្នុង​ពន្ធនាគារ​ខេត្ត​ស្វាយ​រៀង៕​​​សារុន

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស