កាលពីថ្ងៃអាទិត្យ លោក ឡុង ឌីម៉ង់ អ្នកនាំពាក្យសាលារាជធានីភ្នំពេញបានឆ្លៀតយកថ្ងៃខួបលើកទី១៧រំព្ញកហេតុការណ៍វាយប្រហារដោយគ្រាប់បែកនាខែមីនា ឆ្នាំ១៩៩៧ មកលើពិធីជួបជុំមួយរបស់គណបក្សប្រឆាំង ដើម្បីបង្ហោះលិខិតមួយច្បាប់ដែលលោក សម រង្ស៊ី បានសរសេរផ្ញើទៅលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីឆ្នាំ២០០៦ ដើម្បីសម្ដែងការសោកស្ដាយចំពោះការបន្ទោសរូបលោកថា ជាអ្នកនៅពីក្រោយហេតុការណ៍វាយប្រហារនោះ។
លោក ឡុង ឌីម៉ង់ បានបង្ហោះលិខិតដែលមានអាយុកាល៨ឆ្នាំនេះនៅលើទំព័រហ្វេសប៊ុករបស់ខ្លួន ពោលគឺមួយម៉ោងបន្ទាប់ពីការបញ្ចប់ពិធីជួបជុំមួយរបស់គណបក្សប្រឆាំងកាលពីថ្ងៃអាទិត្យ។ បន្ទាប់ពីពិធីជួបជុំនេះចប់ក៏មានការបន្តហែក្បួនមួយដែលមិនបានប្រកាសឲ្យដឹងជាមុនដែលនេះគឺជាលើកដំបូងហើយចាប់តាំងពីការបង្ក្រាបដ៏បង្ហូរឈាមលើការតវ៉ាកាលពីខែមករាមក។
ការជួបជុំគ្នានេះបានចាប់ផ្ដើមជាមួយនឹងពិធីបង្សុកូលឧទ្ទិសដល់វិញ្ញាណក្ខន្ធមនុស្សទាំង១៦នាក់ ដែលបានបាត់បង់ជីវិត និងជាការរំព្ញកដល់មនុស្សជាង១០០នាក់ទៀតដែលបានរងរបួសនៅក្នុងហេតុការណ៍វាយប្រហារដោយគ្រាប់បែកលើពិធីជួបជុំកាលពីឆ្នាំ១៩៩៧ ដែលដឹកនាំដោយលោក សម រង្ស៊ី។
លោក សម រង្ស៊ី បានលើកឡើងនៅក្នុងលិខិតផ្ញើជូនលោក ហ៊ុន សែន ថា “ខ្ញុំមានការសោកស្ដាយយ៉ាងខ្លាំងដែលបានប្រព្រឹត្តខុសចំពោះសម្ដេចនាយករដ្ឋមន្ត្រី [ហ៊ុន សែន] ដូចជា ការចោទប្រកាន់ថា សម្ដេចនាយករដ្ឋមន្ត្រីជាអ្នកនៅពីក្រោយហេតុការណ៍គប់គ្រាប់បែកលើក្រុមបាតុករកាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ១៩៩៧ នៅខាងមុខរដ្ឋសភាជាដើម”។
មេដឹកនាំគណបក្សប្រឆាំងរូបនេះបានបកស្រាយថា “ចាប់ពីថ្ងៃនេះតទៅ ខ្ញុំនឹងកែប្រែអាកប្បកិរិយារបស់ខ្ញុំដើម្បីបញ្ចប់បញ្ហាទាំងអស់នេះ ហើយនឹងចៀសវាងមិនឲ្យមានបញ្ហាបែបនេះកើតឡើងទៀតឡើយ។ ជាទូទៅខ្ញុំបានសម្រេចចិត្តមិនយកបញ្ហាផ្ទាល់ខ្លួនជាធំឡើយ ប៉ុន្តែនឹងផ្ដោតយកចិត្តទុកដាក់លើបញ្ហាជាតិដែលត្រូវការស្វែងរកដំណោះស្រាយដោយសន្ដិវិធីដែលមានការគោរពគ្នាទៅវិញទៅមក”។
លិខិតនេះ គឺជាផ្នែកនៃកិច្ចព្រមព្រៀងមួយដែលធ្វើឲ្យលោក សម រង្ស៊ី មានឱកាសធ្វើមាតុភូមិនិវត្តពីការនិរទេសខ្លួននៅក្នុងប្រទេសបារាំងវិញ បន្ទាប់ពីលោកបានភៀសខ្លួន ដើម្បីគេចវេះការចោទប្រកាន់ពីបទបរិហារកេរ្តិ៍ ព្រះអង្គម្ចាស់នរោត្តម រណប្ញទ្ធិ។ លោក សម រង្ស៊ី បានប្រាប់វិទ្យុសម្បុកឃ្មុំថា ព្រះអង្គម្ចាស់បានទទួលសំណូក៣០លានដុល្លារពីលោក ហ៊ុន សែន ដើម្បីគាំទ្ររដ្ឋាភិបាលថ្មីមួយរបស់គណបក្សប្រជាជនកម្ពុជានៅក្នុងឆ្នាំ២០០៤។
ការវិលត្រឡប់របស់លោក សម រង្ស៊ី នៅក្នុងខែនោះ ធ្វើឲ្យគណបក្សប្រជាជនកម្ពុជាអាចកោះប្រជុំរដ្ឋសភា បានជាមួយនឹងវត្តមានរបស់លោកនៅថ្ងៃទី២៨ ខែកុម្ភៈ ពោលគឺពីរថ្ងៃប៉ុណ្ណោះ មុនកិច្ចប្រជុំប្រចាំឆ្នាំរបស់ម្ចាស់ជំនួយបរទេសដែលជួយដល់កម្ពុជា។
លោក ហ៊ុន សែន បានមានប្រសាសន៍បន្ទាប់ពីសម័យប្រជុំរដ្ឋសភានោះថា “ចាប់តាំងពីឆ្នាំ១៩៩៣រហូតមកទល់សព្វថ្ងៃនេះ ខ្ញុំគិតថា ថ្ងៃនេះគឺជាថ្ងៃល្អបំផុតនៅក្នុងប្រវត្តិសាស្ត្រនៃដំណើរការលទ្ធិប្រជាធិបតេយ្យ”។
មួយសប្ដាហ៍ក្រោយមក លោកស្រី ជូឡុង សូមូរ៉ា តំណាងរាស្ត្រគណបក្សប្រឆាំង និងជាភរិយារបស់លោក សម រង្ស៊ី បានប្រាប់មន្ត្រីស្ថានទូតសហរដ្ឋអាេមរិកនៅក្នុងរាជធានីភ្នំពេញថា លោកនាយករដ្ឋមន្ត្រីបានផ្ដល់តំណែងឧបនាយករដ្ឋមន្ត្រីដល់លោក សម រង្ស៊ី នៅក្នុងការចរចាមុនការធ្វើមាតុភូមិនិវត្តរបស់លោក នេះបើយោងតាមសារទូរលេខសម្ងាត់របស់ស្ថានទូតសហរដ្ឋអាមេរិក ទម្លាយដោយវីគីលីក (WikiLeaks) ដែលជាក្រុមប្រឆាំងភាពសម្ងាត់។
សារទូរលេខរបស់សហរដ្ឋអាមេរិកមានខ្លឹមសារដូច្នេះថា “លោកស្រី ជូឡុង សូមូរ៉ា បានប្រាប់ពួកយើងកាលពីថ្ងៃទី៦ ខែមីនា ថា នាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងពេលថ្មីៗនេះបានសុខចិត្តទទួលយកលោក សម រង្ស៊ី មេដឹកនាំគណបក្សប្រឆាំងឲ្យចូលក្នុងជួររដ្ឋាភិបាលក្នុងឋានៈជាឧបនាយករដ្ឋមន្ត្រី ដែលប្រហែលជាមានអំណាចទូលំទូលាយ គ្រប់គ្រងលើក្រសួងផ្សេងៗ។
តាមសេចក្ដីរាយការណ៍ថា លោក សម រង្ស៊ី បានបដិសេធដោយប្រាប់នាយករដ្ឋមន្ត្រីថា ចំណាត់ការបែបនេះ គឺជា ‘អត្តឃាតនយោបាយ’សម្រាប់មេដឹកនាំបក្សប្រឆាំង”។ នៅពេលលោកវិលត្រឡប់មកកាន់ប្រទេសកម្ពុជាវិញ លោក សម រង្ស៊ី ក៏បានដកខ្លួនចេញដែរពីការស៊ើបអង្កេតមួយធ្វើឡើងដោយតុលាការក្រុងញូវយ៉កដើម្បីស្វែងរកការពិត ថា តើលោក ហ៊ុន សែន មានជាប់ពាក់ព័ន្ធនឹងហេតុការណ៍វាយប្រហារដោយគ្រាប់បែកនាខែមីនា ឆ្នាំ១៩៩៧ មកលើអ្នកគាំទ្ររបស់មេដឹកនាំគណបក្សប្រឆាំងរូបនេះឬយ៉ាងណា។
លោក ឡុង ឌីម៉ង់ បានលើកឡើងថា លោកបង្ហោះលិខិតនេះជារឿងផ្ទាល់ខ្លួន។ ដោយសុំឲ្យអ្នកយកព័ត៌មានកុំចុះផ្សាយអត្ថបទពាក់ព័ន្ធនឹងលិខិតនេះ អ្នកនាំពាក្យរូបនេះបានមានប្រសាសន៍ថា “ខ្ញុំគ្រាន់តែបង្ហោះអ្វីមួយផ្ទាល់ខ្លួនប៉ុណ្ណោះពាក់ព័ន្ធនឹងព្រឹត្តិការណ៍ថ្ងៃទី៣០ ខែមីនានេះ ប៉ុន្តែវា គ្មានអ្វីពាក់ព័ន្ធនឹងមុខតំណែងរបស់ខ្ញុំជាអ្នកនាំពាក្យសាលារាជធានីភ្នំពេញទេ”។
កាលពីម្សិលមិញលោក សម រង្ស៊ី បានបដិសេធថា នៅក្នុងលិខិតរបស់លោក លោកមិនបានប្រើពាក្យថា “ការប្រព្រឹត្តខុស” ដើម្បីពណ៌នាពីការចោទប្រកាន់របស់លោកថា លោក ហ៊ុន សែន ជាអ្នកនៅពីក្រោយហេតុការណ៍វាយប្រហារដោយគ្រាប់បែកនេះទេ។
លោក សម រង្ស៊ី ថ្លែងថា “នៅតាមកាសែតឃោសនានានារបស់គណបក្សប្រជាជនកម្ពុជា ពួកគេនិយាយថា ខ្ញុំ ‘សូមអភ័យទោស’។ វាខុសគ្នាយ៉ាងខ្លាំង ខ្ញុំនិយាយថា ខ្ញុំ ‘សោកស្ដាយ’ ចំពោះហេតុការណ៍នេះ វាជាភាសាការទូត។ ខ្ញុំមានការសោកស្ដាយដែលអ្នកឯងល្ងង់ ដែលអ្នកឯងជាមនុស្សអាក្រក់ ដែលខ្ញុំបានជួបអ្នកឯង ប៉ុន្តែលិខិតនេះមិនមែនលើកឡើងថា ខ្ញុំបានធ្វើអ្វីខុសនោះទេ។ ខ្ញុំនៅតែជឿថា ហ៊ុន សែន ជាអ្នកនៅពីក្រោយហេតុការណ៍វាយប្រហារដោយគ្រាប់បែកនេះ។ ប្រសិនបើខ្ញុំសូមទោសមែន ខ្ញុំមិនរក្សាជំហរនិយាយបែបនេះដដែលនោះទេ”។
នៅក្នុងរបាយការណ៍ចេញដោយការិយាល័យសហព័ន្ធសើុបអង្កេត FBI របស់សហរដ្ឋអាមេរិក ភ្នាក់ងារពិសេស ថូម៉ាស នីកូឡេទី (Thomas Nicoletti) បានមានប្រសាសន៍ថា លទ្ធផល “ដ៏សំខាន់” នៃការស៊ើបអង្កេតរបស់លោកលើហេតុការណ៍វាយប្រហារដោយគ្រាប់បែកដែលធ្វើឲ្យពលរដ្ឋអាេមរិកម្នាក់រងរបួសនេះ បានគូសបញ្ជាក់ថា រឿងនេះមានការពាក់ព័ន្ធដោយផ្ទាល់ទៅនឹងសមាជិកអង្គភាពកងអង្គរក្សផ្ទាល់ខ្លួនរបស់លោក ហ៊ុន សែន ដែលត្រូវបានដាក់ពង្រាយនៅជុំវិញសួនមុខវត្តបទុមអំឡុងពិធីជួបជុំគ្នានោះ ប៉ុន្តែបានបដិសេធថា គ្មានការពាក់ព័ន្ធនៅក្នុងការវាយប្រហារនេះទេ។
ឯកសាររបស់ FBI លើកឡើងថា សាក្សីបានរៀបរាប់ថា បុរសបីនាក់បានគប់គ្រាប់បែកបួនគ្រាប់មកលើមនុស្សប្រហែល២០០នាក់ដែលចូលរួមនៅក្នុងពិធីជួបជុំនោះ។ កងអង្គរក្សជាជួរដែលរង់ចាំនៅក្បែរៗនោះបានអនុញ្ញាតឲ្យបុរសទាំងនោះរត់គេចខ្លួន ហើយបែបជារារាំងអ្នករស់រានពីហេតុការណ៍គប់គ្រាប់បែកនេះមិនឲ្យដេញតាមជនល្មើសទាំងនោះទៅវិញ ហើយពេលនោះគេឃើញពីរនាក់ក្នុងចំណោមជនល្មើសទាំងនោះរត់ចូលនាយកដ្ឋានអង្គរក្សរបស់គណបក្សប្រជាជនកម្ពុជាដែលនៅក្បែរនោះ៕ សុខុម
(រាយការណ៍បន្ថែមដោយ Alex Willemyns)