26 C
Phnom Penh

ការ​ធ្វើ​មហា​បាតុកម្ម​នឹង​បន្ត​នៅ​ខែ​ឧសភា អំឡុង​យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត​ 

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាល​ពី​ម្សិល​មិញ លោក​ សម​ រង្ស៊ី​ មេ​ដឹក​នាំ​គណ​បក្ស​ប្រឆាំង​បាន​ឲ្យ​ដឹង​ថា គណ​បក្ស​សង្គ្រោះ​ជាតិ​នឹង​បន្ត​ធ្វើ​មហា​បាតុ​កម្ម​​ប្រឆាំង​​រដ្ឋាភិ​បាល​របស់​លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន​ នៅ​ថ្ងៃ​ទី​២​ ខែ ឧសភា។គណ​បក្ស​ប្រ​ឆាំង​​នឹង​ធ្វើ​មហា​បាតុ​កម្ម​របស់​ខ្លួន​អំឡុងយុទ្ធនាការ​ផ្លូវ​ការ​សម្រាប់​ការ​បោះ​ឆ្នោត​ក្រុ​ម​ប្រឹក្សា​ រាជ​ធានី​ ខេត្ត-​ក្រុង​ ស្រុក​-ខណ្ឌ ដើម្បី​​ចៀសវាង​ពី​បម្រាម​របស់​រដ្ឋាភិបាល​ដែល​ហាម​មិន​ឲ្យ​មាន​ការ​ជួប​ជុំ​ជា​សាធារណៈ​។

រដ្ឋាភិបាល​របស់​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ មិន​អនុញ្ញាត​ឲ្យ​មាន​ការ​ជួប​ជុំ​គ្នា​ក្នុង​រាជ​ធានី​ភ្នំ​ពេញ​ឡើយ​ ក្រោយ​ការ​បង្ក្រាប​​ដ៏ហិង្សា​លើ​កម្មករ​រោង​ចក្រ​កាត់​ដេរ​ចន្លោះ​ពី​ថ្ងៃ​ទី​២​ ខែ​មករា​ ដល់​ថ្ងៃ​ទី​៤​ ខែមករា​  ដោយ​បណ្តាល​ឲ្យ​កម្មករ​រោង​ចក្រ​កាត់​ដេរ​ដែល​កំពុង​ធ្វើ​កូដកម្ម​ចំនួន​ប្រាំ​នាក់​​បាត់​បង់​ជីវិត​ដោយ​សារ​គ្រាប់​កាំភ្លើង​របស់​កង​រាជ​អាវុធ​ហត្ថ​។ អ្នក​ត​វ៉ា​ត្រូ​វ​បាន​បោស​សម្អាត​ពី​ទី​លាន​ប្រជា​ធិបតេយ្យ​​ ហើយ​មនុស្ស​ចំនួន​២៣​នាក់​ត្រូវ​បាន​ចាប់​ដាក់​ពន្ធនាគារ​ដោយ​គ្មាន​ការ​បើក​សវនាការ​ជំនំុ​ជម្រះ​ក្តី​។

លោក​ សម​ រង្ស៊ី​ ដែល​បាន​ដឹក​នាំ​ការ​ហែ​ក្បួន​ទ្រង់​ទ្រាយ​តូច ​និង​ដោយ​គ្មាន​ការ​ប្រកាស​​​មួយ​កាល​ពី​ថ្ងៃ​អាទិត្យ​ពី​កណ្តាល​រាជ​ធានី​ភ្នំពេញ​ទៅ​កាន់​ទី​ស្នាក់​ការ​កណ្តាល​របស់​​គណបក្ស​សង្គ្រោះ​ជាតិ​ក្នុង​ខណ្ឌ​មាន​ជ័យ​បាន​ឲ្យ​ដឹង​ថា គណ​បក្ស​នេះ​​​នឹង​យក​ឱកាស​នៃ​ការ​ធ្វើ​យុទ្ធនាការ​ឃោស​នា​សម្រាប់​ការ​បោះ​ឆ្នោត​រាជធានី​ ខេត្ត-​ក្រុង​ ស្រុក-​ខណ្ឌ​ នា​ពេល​​​​ខាង​មុខ​ ដើម្បី​បន្ត​ការ​ធ្វើ​បាតុ​កម្ម​។

លោក​បាន​មាន​ប្រសាសន៍​ថា “យើង​នឹង​រៀប​ចំ​មហា​បាតុ​កម្ម​នៅ​ដើម​ខែ​ឧសភា​។ វា​នឹង​​​ជា​ពេល​ធ្វើ​ការ​ឃោសនា​ជា​ផ្លូវ​ការ​សម្រាប់​​ការ​បោះ​ឆ្នោត​រាជធានី​ ខេត្ត-​ក្រុង​ ស្រុក-​ខណ្ឌ​។​​វា​នឹង​មាន​រយៈពេល​ពីរ​សប្តាហ៍​​សម្រាប់​ការ​ធ្វើ​ការ​ឃោសនា​ជា​ផ្លូ​វការ​  ហេតុ​ដូច្នេះ​​គណ​បក្ស​ប្រជា​ជន​កម្ពុជា​នឹង​លែង​មាន​លេស  ហា​​​ម​​​​ឃាត់​ការ​ធ្វើ​បាតុ​កម្ម​ទៀត​ហើយ​ ទោះ​បី​ ជា​រដ្ឋាភិ​បាល មាន​ច្បាប់​ដ៏​តឹង​រុឹង​​លើ​​ការ​ធ្វើ​​​បាតុ​កម្ម​ក៏​ដោយ​”។

មេ​ដឹក​នាំ​គណ​បក្ស​ប្រឆាំង​រូប​នេះ​បាន​លើក​ឡើង​ថា គណ​បក្ស​សង្គ្រោះ​ជាតិ​នឹង​ចូល​​​រួមនៅ​ក្នុង​​​ការ​ហែ​ក្បួន​នៅ​ថ្ងៃ​ទី​១​ ខែ​ឧសភា​ ដែល​ជា​ថ្ងៃ​ប្រារព្ធ​ទិវា​ពល​កម្ម​អន្តរ​ជាតិ​ ជាមួយ​កម្មករ​រោង​ចក្រ​កាត់​ដេរ​ មុន​ពេល​ចាប់ផ្តើម​ធ្វើ​បាតុកម្ម​នៅ​ថ្ងៃ​បន្ទាប់។

លោក​ សម​ រង្ស៊ី​ បាន​មាន​ប្រសាសន៍​ថា “ចាប់​ពី​ថ្ងៃ​ទី​២​ ខែ​ឧសភា​ ដល់​ថ្ងៃ​ទី​១៧​ ខែ​ឧសភា​ យើង​នឹង​រៀប​ចំ​មហា​បាតុ​កម្ម​រាល់​ថ្ងៃ​មិន​គ្រាន់​តែ​នៅក្នុង​រាជធានី​ភ្នំពេញ​ប៉ុណ្ណោះ​ទេ​ ប៉ុន្តែ​នៅ​ទូ​ទាំង​ប្រទេស​តែម្តង​។​​ ឥឡូវ​នេះ​ យើង​កំពុង​តែ​រៀបចំ​​ហើយ​”។

នៅ​ថ្ងៃ​ទី​១៨​ ខែ​ឧសភា ក្រុម​ប្រឹក្សា​ឃុំ-​សង្កាត់​នឹង​បោះ​ឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សា​រាជធានី​ ខេត្ត-​ក្រុង​ ស្រុក-​ខណ្ឌ​ នៅ​ទូទាំង​ប្រទេស​ រួម​ទាំង​នៅ​ក្នុង​ខេត្ត​ត្បួង​ឃ្មុំ​ដែល​ទើប​តែ​បង្កើត​ថ្មី​ផង​ដែរ​។

លោក​ សម​ រង្ស៊ី​ បាន​ថ្លែង​​បន្ថែម​ថា “ពួក​គេ ​[គណ​បក្ស​ប្រជា​ជន​កម្ពុជា​] ចង់​បង្ហាញ​ថា ខ្លួន​ជា​អ្ន​ក​ប្រជា​ធិប​តេយ្យ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ហើយ​ដើម្បី​ធ្វើ​ដូច្នោះ​ ពួកគេ​​ត្រូវ​តែ​អនុញ្ញាត​ឲ្យ​មានការ​ធ្វើ​យុទ្ធនា​ការ​​ឃោសនា​​។ ខ្ញុំ​ចង់​ប្រាប់​អស់​លោក​ថា ការធ្វើ​​យុទ្ធ​​នា​ការ​ឃោស​នា​​ គឺ​អាច​ធ្វើ​បាន​ដោយ​សេរី​។​ យើង​មិន​ដែល​​ទទួល​​​បាន​ការរឹត​បន្តឹង​ឡើយ​អំឡុង​ពេល​ធ្វើ​យុទ្ធ​នាការ​ឃោសនា​បោះ​ឆ្នោត”។

មេ​ដឹក​នាំ​គណ​បក្ស​ប្រឆាំង​បាន​ឲ្យ​ដឹង​ថា​ ការ​ធ្វើ​មហា​បាតុ​កម្ម​នឹង​មិន​ធ្វើ​​នៅ​​ទី​លាន​ប្រជា ​ធិបតេយ្យ​ឡើយ​។ ចន្លោះ​ពី​ថ្ងៃ​ទី​១៥​ ខែ​ធ្នូ​ ដល់​ថ្ងៃ​ទី​៤​ ខែ​មករា គណ​បក្ស​ប្រឆាំង​​​​បាន​ ប្រើ​ទី​លាន​ប្រជា​ធិបតេយ្យ​ជា​មូល​ដ្ឋាន​សម្រាប់​ការ​ហែ​ក្បួន​រៀង​រាល់​ថ្ងៃ​ក្នុង​រាជ​ធានី​ភ្នំពេញ​ ដែល​អ្នក​គាំ​ទ្រ​គណ​បក្ស​នេះ​​​​បាន​អំពាវ ​នាវ​ឲ្យ​លោក​ ហ៊ុន​ សែន​ ចុះ​​​ចេញ​ ឬ​ក៏​អំពាវ ​នាវ​ឲ្យ​មាន​ការ​បោះ​ឆ្នោត​សា​ជា​ថ្មី​ឡើងវិញ បន្ទាប់​ពី​ការ​បោះ​ឆ្នោត​កាល​​​ពី​ថ្ងៃ​ទី​២៨​ ខែ​កក្កដា​ ដ៏​​ចម្រូង​ចម្រាស​​នោះ​៕​ ស៊ុយឈាង​

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស