28.4 C
Phnom Penh

បេឡា​​​​​ជាតិសន្តិ​សុខ​សង្គម​​ដាក់​ចេញ​គម្រោង​ធានា​រ៉ាប់​រង​សុខភាព​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាលពី​ម្សិលមិញ​ បេឡា​ជាតិ​របប​សន្តិសុខ​សង្គម បាន​ដាក់​ចេញ​នូវ​គម្រោង​ផ្តល់​សេវា​ធានា​រ៉ាប់​រង​សុខភាព​ដល់​បុគ្គលិក-​កម្មករ​នៅ​ទូទាំង​ប្រទេស​។ គួរ​បញ្ជាក់​ថា សមាគម​និយោ​ជក​​​ធំ​បំផុត​នៅ​ក្នុង​ប្រទេស​កម្ពុជា​​លើក​ឡើង​ថា ពេល​វេលា​សម​ស្រប​សម្រាប់​ដាក់​ចេញ​គម្រោង​នេះ​គួរ​តែ​ពុំ​ទាន់​មក​ដល់​ទេ។

លោក អ៊ុក សំ​វិជ្ជា ប្រធាន​បេឡា​ជាតិ​របប​សន្តិសុខ​សង្គម​​បាន​ឲ្យ​ដឹង​ថា នៅ​ពាក់​កណ្តាល​ឆ្នាំ​នេះ សហគ្រាស​ដែល​មាន​បុគ្គលិក​ចាប់​ពី​ប្រាំ​ពីរ​នាក់​ឡើង​ទៅ​នៅ​ក្នុង​ប្រទេស​កម្ពុជា​នឹង​ត្រូវ​បាន​តម្រូវ​ឲ្យ​បង់​ប្រាក់​ចូល​ក្នុង​មូលនិធិរបស់​បេឡា​ ដើម្បី​ទ្រ​ទ្រង់​គម្រោង​ថែទាំ​សុខភាព​នេះ​។

យោង​តាម​ទិន្នន័យ​របស់​បេឡា​ជាតិ​របប​សន្តិសុខ​សង្គម​បាន​បង្ហាញ​ថា មាន​បុគ្គលិក​កម្មករ​ជាង​៨៨០.០០០នាក់​ធ្វើការ​នៅ​ក្នុង​aសហគ្រាសចំនួន​៦.១០៧ដែល​ជា​សមាជិក​របស់​ខ្លួន​។ លោក​ សំវិជ្ជា បានលើក​ឡើង​បន្ត​ទៀត​ថា លោកសង្ឃឹម​ថា បុគ្គលិក​កម្មករ​​​៩០០.០០០នាក់​ នឹង​ចូល​រួម​ក្នុង​គម្រោង​ ថែ​ទាំសុខភា​ព​នេះ។

​  លោកបាន​លើក​ឡើង​នៅ​ក្នុង​សុន្ទរកថា​ថ្លែង​នៅ​ទីស្នាក់​ការ​កណ្តាល​របស់​បេឡា​ជាតិ​របប​សន្តិសុខ​សង្គមដែលស្ថិត​នៅ​ខណ្ឌ​សែន​សុខថា “យើង​បាន​និង​កំពុង​រៀប​ចំ​ពាក្យ​ទាម​ទារ​សំណង​របស់​បុគ្គលិក​កម្មករ​សម្រាប់​រយៈ​ពេល​ប្រាំ​ឆ្នាំ​នៅ​២៤ខេត្ត​ និងនៅ​​ក្នុង​រាជធានី​​​ភ្នំពេញ​ ហើយ​បច្ចុប្បន្ន​ យើង​កំពុង​ឈាន​ទៅ​ដំណាក់​កាលទី​២ គឺ​ដំណាក់​កាល​សេវា​ធានា​រ៉ាប់​រង​សុខភាព”។

ដំណាក់​កាល​ទី​២​នៃ​ផែនការ​របស់​បេឡា​ជាតិ​របប​សន្តិសុខ​សង្គម ​ក្នុង​ការ​លើក​កម្ពស់​សុខុមាលភាព​សង្គម​តាម​រយៈ​សេវា​ធានា​រ៉ាប់​រង​ត្រូវ​តែ​មាន​ ​និងប្រហែល​ជា​មាន​បុគ្គលិក​កម្មករ​ស្ថិត​នៅ​ក្រោម​មូលនិធិ​នេះ ដោយ​មិន​មាន​ការ​កំណត់​ ចំពោះ​ជំងឺ​ទាំង​ឡាយ​ដែល​ត្រូវ​បានការពារ​មិន​ឲ្យ​កើត​ឡើង​ទៅ​លើ​ពួក​គេ​ក្នុង​ពេល​កំពុង​ធ្វើការ​។ ថ្លៃ​ចំណាយ​លើ​សេវា​ធានា​រ៉ាប់​រង​នេះ​ នឹង​ត្រូវ​បាន​ចែក​រំលែក​​ពាក់​កណ្តាល​ម្នាក់​​រវាង​សហគ្រាស​ និង​បុគ្គលិក​កម្មករ​។

លោក កែន លូ អគ្គលេខា​ធិការ​សមាគម​រោង​ចក្រ​កាត់​ដេរ​នៅ​កម្ពុជា​ (GMAC) ​តំណាង​​​រោង​ចក្រ​កាត់​ដេរ​សម្លៀក​បំពាក់​ និង​ស្បែក​ជើង​ប្រហែលជា​៤៥០​ ដែល​មាន​កម្មករ​ប្រមាណ៥០០.០០០នាក់​ បាន​លើក​ឡើង​ថា ​​ថ្លៃ​ចំណាយប៉ាន់​ស្មាន​បឋម​​លើសេវា​ធានា​រ៉ាប់​រង​សុខភាព​​របស់​បេឡា​ជាតិ​របប​សន្តិ​សុខ​​សង្គម មាន​កម្រិត​ហួស​ប្រមាណ​។

លោក កែន លូ បាន​មាន​ប្រសាសន៍​ថា “សំណើ​ដើម​មាន​៣​ភា​គរយ​ ក៏​ប៉ុន្តែ យើង​បាន​អនុវត្ត​គម្រោង​សាក​ល្បង​ទៅតាម​កម្ម​វិធី​​របស​​់​បេឡា​ជាតិ​របប​សន្តិ​សុខ​​សង្គម ហើយ​បាន​រក​ឃើញ​ថា តួលេខ​នេះ​គួរ​តែ​ស្ថិត​នៅ​ក្បែ​រ​២ភាគ​រយ”។ លោក​បាន​បន្ថែម​ទៀត​ថា លោក​នឹង​ជំរុញ​ឲ្យ​អត្រា​នេះ​ធ្លាក់​ចុះ​។

ប្រសិន​បើ​និយោជក​ និង​និយោជិត​ត្រូវ​បាន​តម្រូវ​ឲ្យ​បង់​ប្រាក់​រួម​គ្នា​៣ភាគ​រយ​នៃ​ប្រាក់​ឈ្នួល​ប្រចាំ​ខែ​លើ​សេវា​ធានា​រ៉ាប់​រង​សុខភាព​ដោយ​ផ្អែក​លើ​ប្រាក់​ឈ្នួល​អប្បបរ​មា​១០០ដុល្លារ​ ​បេឡា​ជាតិ​របប​សន្តិ​សុខ​​សង្គម  នឹង​ប្រមូល​បាន​មូលនិធិ​យ៉ាង​តិច​២,៦៤លាន​ដុល្លារ​ក្នុង​មួយ​ខែៗ​។

លោក សំវិជ្ជា ​បាន​បដិសេធ​មិន​ធ្វើ​អត្ថា​ធិប្បាយអំពី​តម្លៃ​ធានា​រ៉ាប់​រង​ដែល​និយោជក និង​និយោជិត​នឹង​ត្រូវ​បាន​តម្រូវ​ឲ្យ​បង់ចូល​ក្នុង​មូលនិធិ​ថែទាំ​សុខភាព​នេះ។

នៅ​ក្នុង​ដំណាក់​កាលទី​១​នៃ​ផែនការ​សន្តិ​សុខ​សង្គម​នេះ ​បេឡា​ជាតិ​របប​សន្តិ​សុខ​​សង្គម​បាន​បញ្ជាក់​ថា និយោជក​ទាំង​ឡាយ​បង់​១,៧​ភាគ​រយ​នៃ​ប្រាក់​ឈ្នួល​របស់​កម្មករ​​ដើម្បី​ទទួល​បាន​សេវា​ធានា​រ៉ាប់​រង​ពេញ​លេញ​សម្រាប់​ករណី​បុគ្គលិក​កម្មករ​មាន​គ្រោះ​ថ្នាក់​ក្នុង​ពេល​កំពុង​ធ្វើការ​។

តួលេខ​នេះ​ ក្រោយមក​ក៏​ត្រូវ​បាន​កែ​មក​០,៨ភាគ​រយ​វិញ បន្ទាប់​ពី​មាន​ការ​ណែ​នាំ​សមាគម​ GMAC និង សហព័ន្ធ​និយោជក​ និង​សមាគម​ពាណិជ្ជកម្ម​កម្ពុជា (CAMFEBA) កាល​ពី​ឆ្នាំ​២០០៨។

ផែនការ​បង់​សំណង​សម្រាប់​កម្មករ​ក្រោម​មូលនិធិ​របស់​បេឡា​ជាតិ​របប​សន្តិ​សុខ​​សង្គម មាន​ការ​ចំណាយ​ថវិកា​ពីប្រាំ​ទៅ​ប្រាំ​មួយ​លាន​រៀល​ ឬ​ពី​​ប្រហែលជា​១.២៥០​ដុល្លារ​ទៅ​១.៥០០ដុល្លារ​សម្រាប់​ករណី​ដែល​បុគ្គលិក​កម្មករ​បាត់​បង់​សមត្ថភាព​ធ្វើការ​២០ភាគ​រយ​ឬ​ក៏​ច្រើន​ជាង​នេះ។ លើស​ពី​នេះ​ទៅ​ទៀត​​ផែនការ​ផ្តល់​ប្រាក់​សំណង​នេះ ក៏​ធានា​ការ​ផ្គត់​ផ្គង់​រយៈពេល​​វែង ប្រសិន​បើ​បុគ្គលិក​កម្មករ​ណា​ម្នាក់​បាត់​បង់​សមត្ថភាព​ធ្វើការ​ទាំង​ស្រុង​​។

ក៏​ប៉ុន្តែ យោង​តាម​លោក ដេវ វេល (Dave Welsh) នាយក​ប្រចាំ​ប្រទេសនៃ​មជ្ឈមណ្ឌល​សាមគ្គី​ភាព​ (Solidarity Center) ដែល​ជា​អង្គ​ការ​សិទ្ធិការងារ​មាន​មូលដ្ឋាន​នៅ​សហរដ្ឋ​អាមេរិក​​បាន​លើក​ឡើង​ថា ជាក់​ស្តែង ​ការ​ទាម​ទារ​ឲ្យ​បេឡា​ជាតិ​របប​សន្តិ​សុខ​​សង្គមបង​់សំណង​​ឲ្យ​កម្មករ​ដែល​រង​របួស​មាន​ការ​លំបាក​។

លោក​ េវល បាន​លើក​ឡើង​បន្ថែម​ទៀត​ថា នៅ​ពេល​ពីដាន​អគារ​រោង​ចក្រ​វីង​ស្តារ​របស់​ជន​ជាតិ​តៃ​វ៉ាន់​ ដែល​ជា​រោង​ចក្រ​កាត់​ដេរ​ស្បែក​ជើង​នៅ​ខេត្ត​កំពង់ស្ពឺ បាន​បាក់​ធ្លាក់​កាលពី​ខែ​ឧសភា​ឆ្នាំ​មុន ជា​ហេតុ​បណ្តាល​ឲ្យ​កម្មករ​ពីរនាក់​ស្លាប់​ និង​ប្រាំបួន​នាក់​ផ្សេង​ទៀត​រង​របួស​ និង​សម្រាក​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​ នៅ​ពេល​នោះ​បេឡា​ជាតិ​របប​សន្តិ​សុខ​​​សង្គមមិន​សូវ​ជា​បាន​ធ្វើការ​ងារ​របស់​ខ្លួន​ក្នុង​ការ​ដោះ​ស្រាយ​បញ្ហា​សមាជិក​ខ្លួន​ទេ​។

លោក​បាន​មាន​ប្រសាសន៍​ថា “ នៅ​ពេល​សំណង​កំពុង​ត្រូវ​បាន​ចរចា វាប្រៀប​ដូច​ជា​ការ​ដក​ធ្មេញ​ដើម្បី​ឲ្យ​បេឡា​ជាតិ​របប​សន្តិ​សុខ​​សង្គមអនុវត្ត​តាម​ច្បាប់​របស់​ខ្លួន”។ លោក​បាន​មាន​ប្រសាសន៍​បន្ថែម​ទៀត​ថា “កិច្ច​ពិភាក្សា​នៅ​ក្នុង​បេឡា​ជាតិ​របប​សន្តិ​សុខ​​សង្គម​គឺ​និយាយ​​ពី​ការរិះ​រក​វិធី​ធ្វើ​យ៉ាង​ណា​ឲ្យ​មាន​ការ​យល់​ពី​ច្បាប់​ដែល​នឹង​ដាក់​របាំង​ជា​ច្រើន​ក្នុង​ពេល​ទូទាត់​​ចំពោះ​​ករណី​ជាក់​ស្តែង​កើត​ឡើង”។

ASICS ដែល​មាន​ប្រភព​មក​ពី​រោង​ចក្រ​វីង​ស្តារ​ បាន​ផ្តល់​ប្រាក់​ក្នុង​ចំនួន​មួយ​ដែល​គេ​មិន​ដឹង​ដើម្បី​ជា​សំណង​ដល់​ក្រុម​គ្រួសារ​របស់​កម្មករ​ពីរនាក់​ដែល​បាន​ស្លាប់​ទៅ​នោះ​ ចំណែក​ឯ​​បេឡា​ជាតិ​របប​សន្តិ​សុខ​​សង្គម យោង​តាម​ភរិយា​របស់​ជន​រង​គ្រោះ​ម្នាក់​ក្នុង​ចំណោម​ជន​រង​គ្រោះ​ទាំង​ពីរនាក់​ ចុង​ក្រោយ​បាន​យល់​ព្រម​ផ្តល់​ប្រាក់​ចំនួន​៩៨​ដុល្លារ​ជា​រៀង​រាល់​បី​ខែ​ម្តង​។

លោក វេល បាន​មាន​ប្រសាសន៍​បន្ថែម​​ទៀត​ថា “[សេវា​ធានា​រ៉ាប់​រង​សុខភាព​ដែល​តម្រូវ​ឲ្យ​មាន​នេះ] គឺ​ជា​គំនិត​ដ៏​ល្អ​មួយ​ ក៏​ប៉ុន្តែ ដូច​ដែល​យើង​បាន​ឃើញ​ក្នុង​ករណី​សំណង​សម្រាប់​កម្មករ​រោង​ចក្រ​វីង​ស្តារ​ហើយ ​គឺការ​ទាម​ទារ​ឲ្យ​​បេឡា​ជាតិ​របប​សន្តិ​សុខ​​សង្គម​អនុ​វត្ត​ស្តង់​ដារ​របស់​ខ្លួន​នោះ គឺ​ជា​បញ្ហា”។

លោក វ៉ាន់ ស៊ូអៀង ប្រធាន​សហព័ន្ធ​ CAMFEBA តំណាង​សហ​គ្រាស​ជាង​១.៥០០​​នៅ​ក្នុង​វិស័យ​ផ្សេងៗគ្នា​បាន​លើក​ឡើង​ថា មិន​មាន​គម្រោង​សិក្សា​ស្រាវ​ជ្រាវ​គ្រប់​គ្រាន់​​ត្រូវ​បាន​អនុវត្តដើម្បី​គាំទ្រ​ប្រតិបត្តិការ​ក្នុង​ផែនការ​សេវា​ថែទាំ​សុខភាព​នេះ​ទេ​។ លោក​បាន​មាន​ប្រសាសន៍​ថា “ពួកគេ​ចង់​អនុវត្ត​ក្នុង​ឆ្នាំ​នេះ​ ​ប៉ុន្តែ វា​លឿន​ពេក​ហើយ”។

លោក​បានមាន​ប្រសាសន៍​បន្ថែម​ទៀត​ថា “មិន​មាន​ទិន្នន័យ​ច្បាស់​លាស់​សម្រាប់​គាំទ្រ​ផែនការ​នេះ​ទេ។ វាមិន​មែន​ជា​ផែនការ​​ប្រាកដ​​និយម​ឡើយ ហើយ​វា​មាន​គ្រោះ​ថ្នាក់​ណាស់​ ពី​ព្រោះ​តាម​ច្បាប់​និយោជិត​ត្រូវតែ​ចូល​រួម​ចំណែក​៥០​ភាគរយនៃ​ចំនួន​មូលនិធិ​ដែល​ត្រូវ​បង់​។ យើង​ត្រូវ​ពិនិត្យ​មើល​ផែន​ការ​មួយ​ដែល​មាន​ការ​រៀប​ចំ​ច្បាស់​លាស់​ និង​អាច​ទុក​ចិត្ត​បាន​ ទើប​យើង​ដឹង​ថា មូលនិធិ​របស់​យើង​នឹង​ត្រូវ​បាន​ប្រើ​ប្រាស់​ទៅ​លើ​គោល​ដៅ​អ្វី​ខ្លះ”។

នៅ​ក្នុង​កម្មវិធី​ដាក់​ចេញ​នៅ​ផែនការ​ថែ​ទាំ​សុខភាព​កាលពី​ម្សិលមិញ​ លោក សំវិជ្ជា ប្រធាន​បេឡា​ជាតិ​របប​សន្តិ​សុខ​​សង្គម ​បាន​ទទូច​ថា ស្ថាប័ន​រដ្ឋមួយ​នេះ​ កំពុង​តែធ្វើការ​ដើម្បី​ប្រជាជន​ មិន​មែន​ដើម្បីផល​ចំណេញ​ឡើយ​។ លោក​បាន​មាន​ប្រសាសន៍​​ថា “គោល​​ន​យោ​បាយ​របស់​យើង​​មិន​ផ្តោត​សំខាន់​​លើប្រាក់​ចំណេញ​ទេ​។ នេះ​​​ជា​ស្ថាប័ន​​រដ្ឋមិន​រក​ប្រាក់​ចំណេញ​ ហើយរឿង​សុខុ​មាល​ភាព​របស់កម្មករ​ គឺ​ជា​តួនាទី​របស់​រដ្ឋ”៕ សុធា

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស