34 C
Phnom Penh

អាជ្ញាធរារំាងការដង្ហែ​​​​ក្បួន​ប្រឆាំងនឹង​​ទំ​នប់​​​របស់​ប្រទេស​​ឡាវ​ ដោយសារ​ចូលឆ្នាំខ្មែរ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុម​មន្ត្រី​​និង​សកម្ម​ជន​​​បា​ន​ឲ្យដឹងថា ​អាជ្ញា​​ធរ​​ខេត្តកំពង់​​​ចាម​​​បាន​​​រារាំ​ង​​សកម្ម​​ជន​​​​រាប់​​រយនាក់​មិនឲ្យ​​​ដើរ​ក្បួន​កាលពីម្សិលមិញ​ដើម្បីលើក​ឡើង​​​ពីការ​​យល់​ដឹង​​​អំពី​ផល​ប៉ះ​ពាល់​បរិស្ថាន​ដោយសារ​ទំនប់ ដន សាហុង។

លោក យួក សេងឡុង អ្នកគ្រប់​គ្រង​កម្ម​វិធី​នៅ​អង្គការ​សម្ព័ន្ធសកម្មភាពនេសាទ​ដែល ​​កំពុង​រៀបចំព្រឹត្តិការណ៍នេះ​រយៈ​ពេល​បួន​ថ្ងៃ​​បានលើកឡើងថា​ “យើងបាន​ទទួល​លិខិត​​​មួយ​ច្បាប់​ពីអាជ្ញាធរ​ខេត្ត​ដែល​លើក​ឡើងថា យើងមិនត្រូវបាន​អនុញ្ញាត​ឲ្យ​ធ្វើ​​យុទ្ធនាការ​​​ទេ​…ពីព្រោះ​​​យើងគ្មាន​លិខិត​អនុញ្ញាត​ពីក្រសួងមហាផ្ទៃ​”។ លោកបា​នមានប្រសាសន៍ថា ​អង្គការ​​របស់​លោក​បាន​លុបចោល​ការ​ដើរក្បួន​ដើម្បីកុំឲ្យ​មា​ន​បញ្ហា​ជាមួយ​អាជ្ញាធរ​។

កាលពីសប្តាហ៍មុន អង្គការនេះនិង​សិស្ស​ព្រមទាំង​អ្នកស្រុក​ដែលទទួលការ​​គំរាម​កំហែង​​ពីទំនប់នេះ​ ​បាន​​ធ្វើ​យុទ្ធនាការ​នៅ​ក្នុង​ខេត្ត​ក្រចេះនិ​ង​ខេត្ត​ស្ទឹង​ត្រែង​ដោយ​គ្មានការ​ជ្រៀត​ជ្រែក។

គោល​បំណង​នៃការ​ដើរ​ក្បួ​ននេះ​ គឺ​អំពាវ​​នាវ​ឲ្យរដ្ឋាភិបាលឡាវ​ឈប់សាងសង់​ទំនប់ ដន សាហុង ដែលស្ថិតនៅ ចម្ងាយ១,៥​គីឡូម៉ែត្រ​ពីព្រំដែ​ន​កម្ពុជា។​ ទំនប់នេះនឹង​មាន​ទីតាំង​​នៅលើ​ច្រកផ្លូវទឹក​ ហ៊ូ សាហុង ជា​ច្រក​តែមួយគត់​នៅលើ​​ទន្លេគង្គ ដែលអាច​ឲ្យមាន​​​បន្លាស់​​ទីត្រី​ក្នុងឆ្នាំ។​ ក្រុមអ្នកបរិស្ថាន​បានលើកឡើងថា ទំនប់មានកម្លាំង​២៥៦​គីឡូវ៉ាត់នេះនឹង​ប៉ះពាល់​ដល់​ប្រព័ន្ធអេ​កូឡូ​ស៊ី​​ ទាំង​មូល​នៅ​ក្នុង​ទន្លេនេះ។

លោក លុន លឹមថៃ អភិបាល​ខេត្ត​កំពង់​ចាម បាន​បញ្ជាក់​ថា លោក​បាន​ហាម​ប្រាម​យុទ្ធនាការ​នេះ​។ លោក លឹមថៃ មាន​ប្រសាសន៍​ថា “យើង​​​មិន​អនុញ្ញាត​ឲ្យ​ពួកគេ​ធ្វើ​យុទ្ធនាការ​ដើរ​ក្បួន​ដោយ​សន្តិវិធី​នេះទេ​ ដោយ​សារ​ហេតុ​ផល​ពីរ​។ ទី១ វាប៉ះពាល់​ដល់​សណ្ដាប់​ធ្នាប់​សាធា​រណៈ​ ព្រោះ​យើង​កំពុង​រៀប​ចំ​ពិធីបុណ្យ​ចូល​ឆ្នាំខ្មែរ​” ដែលចូល​នៅ​ថ្ងៃ​ទី​១៤ ខែ​មេសា។ ទី២ វា​មិនពាក់​ព័ន្ធ​​ជាមួយ​ប្រជា​ពល​រដ្ឋ​ខេត្ត​កំពង់​ចាម​ឡើយ”។

ទន្លេមេគង្គ​ហូរកាត់​តាម​ខេត្ត​កំពង់​ចាម​​ពី​ភាគ​ខាង​ជើង​ទៅ​ភាគ​ខាង​ត្បូង​។ លោក លឹម ថៃ ​មាន​ប្រសាសន៍​ថា សកម្មជន​គួរ​តែ​ធ្វើការ​តវ៉ា​របស់​ខ្លួន​នៅខេត្ត​ផ្សេង​ៗ​​តាម​ព្រំដែន​​ប្រទេស​ឡាវ​។

កាលពីឆ្នាំមុន ប្រទេស​ឡាវ​បាន​ជូន​ដំណឹង​​ប្រាប់​ប្រទេស​ថៃ កម្ពុជា និង​វៀត​ណាម​​ដែល​​​ជា​ហត្ថលេខី​​លើ​កិច្ច​ព្រម​ព្រៀង​ទន្លេ​មេគង្គ​ឆ្នាំ​១៩៩៥​ ថា ការ​សាង​សង់​ទំនប់​ ដន​សា​ហុង​ នឹង​បន្ត​ទៀត​។

ក្រោម​កិច្ច​ព្រម​ព្រៀងនោះ ទំនប់​នានា​នៅ​ទន្លេមេគង្គ​ត្រូវ​ស្ថិត​ក្រោម​ការ​ពិគ្រោះ​យោបល់​ដែល​ផ្ដល់​ឲ្យ​សមាជិកទាំង​ឡាយ​នូវ​សិទ្ធិវ៉េតូ។ ប្រទេស​ឡាវវែកញែក​ថា ទំនប់​នេះ​មិន​ត្រូវ​ស្ថិត​ក្រោម​ដំណើរ​កា​រនោះទេ ពីព្រោះ​វា​គ្រាន់​តែ​រាំងស្ទះ​ផ្នែក​នៃ​ដង​ទន្លេ​មេគង្គ​ប៉ុណ្ណោះ។

នៅ​ចុង​សប្ដាហ៍នេះ លោកនាយក​រដ្ឋមន្ត្រី​ ​ហ៊ុន សែន និង​លោក លឹម គាន​ហោ រដ្ឋមន្ត្រី​ក្រសួង​ធនធាន​ទឹក​ និង​ឧតុនិយម​ នឹង​អញ្ជើញ​ទៅ​ទីក្រុង​ហូជីមិញ ដើម្បីចូល​រួម​កិច្ច​ប្រជុំនៃ​គណៈកម្មការ​ទន្លេមេគង្គ​។ នៅទីនោះ ពួក​គាត់​ និង​អ្នក​តំណាង​មកពីប្រទេស​ថៃ​ និង​ប្រទេស​វៀតណាម​រំពឹង​នឹង​ស្នើ​សុំ​ឲ្យ​បញ្ឈប់​គម្រោង​សាង​សង់​ទំនប់​នេះ​ម្ដង​ទៀត​។

លោក គានហោ បាន​មាន​ប្រសាសន៍​កាល​​ពី​ម្សិលមិញ​ថា “រដ្ឋាភិបាល​មិនព្រងើយ​កន្តើយ​នឹង​បញ្ហានេះ​ទេ”។ លោក​បាន​ឲ្យ​ដឹង​ថា រដ្ឋាភិ​បាល​កំពុង​តែ​ដាក់​គំនាប​លើ​ប្រទេ​ស​​ឡាវ​ឲ្យ​បញ្ជូន​ឯកសារ​វាយ​តម្លៃ​អំពី​ផល​ប៉ះ​ពាល់​បរិស្ថា​ន​របស់​គម្រោង​នេះ​ទៅ​ឲ្យ​បណ្ដា​ប្រទេស​ទន្លេ​មេគង្គ​ក្រោម​ផ្សេង​ទៀត​។ លោក​បាន​មាន​ប្រសាសន៍​ថា “អ្វី​ៗ​ត្រូវ​ស្ថិត​ក្រោម​ការ​វាយ​តម្លៃ​ផល​ប៉ះពាល់​មួយ​។ យើង​ចង់​ឃើញ​ថា ផល​ប៉ះពាល់​របស់ទំនប់នេះ​នឹង​គ្រាន់​តែ​មាន​ទ្រង់​ទ្រាយ​តូច​មួយ​ប៉ុណ្ណោះ”៕ ប៊ុននី 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស