កាលពីម្សិលមិញ កងកម្លាំងសន្តិសុខក្រុងភ្នំពេញបានឡោមព័ទ្ធ និងវាយអ្នកតវ៉ាដែលកំពុងស្នើសុំដោយអហិង្សាឲ្យរដ្ឋាភិបាលផ្តល់អាជ្ញាប័ណ្ណទូរទស្សន៍ និងបន្ថែមកម្លាំងផ្សាយបន្ត ដល់លោក ម៉ម សូណង់ដូ ម្ចាស់វិទ្យុឯករាជ្យ។

មនុស្សពីរនាក់បានរងការវាយដំនិងម្នាក់ទៀតត្រូវបានឃាត់ខ្លួនរយៈពេលខ្លី បន្ទាប់ពីសន្តិសុខខណ្ឌដូនពេញបានប្រើដំបងវាយអ្នកតវ៉ា។ បាតុករគ្មានអ្វីនៅក្នុងដៃក្រៅពីបដា និងរូបសំណាកទូរទស្សន៍ធ្វើពីស្នោនោះទេ។ ពួក គេមិនស្តាប់ការព្រមានរបស់នគរ បាលឲ្យនៅស្ងៀមឡើយ។
អ្នកតវ៉ាម្នាក់ឈ្មោះ ផេង ឡេង បានបែកក្បាលហូរឈាម និងត្រូវបាននាំទៅព្យាបាលនៅការិយាល័យរបស់អង្គការសិទ្ធិមនុស្សលីកាដូ។ សាក្សី និងអង្គការសិទ្ធិមនុស្សបាននិយាយថា បុរសទី២ម្នាក់ទៀតក៏ត្រូវបានវាយដំផងដែរ។
សាក្សីនិយាយថា មនុស្សទាំងពីរនាក់នេះត្រូវបានសន្តិសុខខណ្ឌដែលជាកងកម្លាំងរបស់រដ្ឋាភិបាលសម្រាប់បង្ក្រាបអ្នកតវ៉ានៅក្នុងទីក្រុងភ្នំពេញ វាយដំ។
អ្នកតវ៉ាម្នាក់ទៀតឈ្មោះ សុង សារិទ្ធ បាននិយាយថា “ពួកគេទាំងពីរនាក់ត្រូវបានវាយបែកក្បាល។ ការបង្ក្រាបដោយហិង្សានេះមិនអាចទទួលយកបានទេ ពីព្រោះពួកគេគ្រាន់តែទាមទារសិទ្ធិសេរីភាពនៃការបញ្ចេញមតិប៉ុណ្ណោះ។ ប្រជាជនមានភ្នែក និងត្រចៀក ប៉ុន្តែ ភ្នែក និងត្រចៀករបស់ពួកគាត់ត្រូវបានអាជ្ញាធរបិទបាំង ដូច្នេះពួកគេមិនទទួលបានព័ត៌មានពិតប្រាកដទេ”។
លោក អឹុម ង៉ោ អាយុ៦៥ឆ្នាំបាននិយាយថា “ទង្វើនេះឃោរឃៅណាស់ និងមិនមានលទ្ធិប្រជាធិបតេយ្យទេ វាមានតែនៅលើក្រដាសប៉ុណ្ណោះ។ ខ្មែរក្រហមបានប្រព្រឹត្តបែបនេះ។ពួកគេបានវាយធ្វើបាបប្រជាជនដែលមានតែដៃទទេ”។
បុរសទី៣ដែលអង្គការលីកាដូប្រាប់ថា ឈ្មោះ ស្រេង សុផល ត្រូវបាននគរបាលសង្កាត់វត្តភ្នំឃាត់ខ្លួន ប៉ុន្តែ បានដោះលែងភ្លាមៗវិញហើយ។លោក អ៊ុន សំអាត នាយប៉ុស្តិ៍នគរបាលសង្កាត់បានបញ្ជាក់ពីការដោះលែងបុរសនេះ ប៉ុន្តែ មិននិយាយប្រាប់បន្ថែមទេ។ លោក គឹម វុត្ថា ប្រធានសន្តិសុខខណ្ឌ ក៏បានបដិសេធមិននិយាយដែរ។
មួយម៉ោងបន្ទាប់ពីការប៉ះទង្គិចគ្នានេះ លោក ម៉ម សូណង់ដូ បានទៅស្វាគមន៍ក្រុមអ្នកតវ៉ានៅកន្លែងកើតហេតុ។ សន្តិសុខខណ្ឌ និងនគរបាលបង្ក្រាបបាតុកម្មបានរារាំងគាត់មិនឲ្យហែក្បួនជាមួយអ្នកគាំទ្រទៅកាន់ក្រសួងព័ត៌មានកន្លែងដែលគាត់គ្រោងធ្វើការតវ៉ាកាលពីម្សិលមិញ។ លោក ម៉ម សូណង់ដូ បានព្យាយាមម្តងហើយម្តងទៀតដើម្បី ដើរកាត់កងកម្លាំងសន្តិសុខ និងនគរបាល ប៉ុន្តែ ត្រូវបានរុញឲ្យថយក្រោយវិញគ្រប់ពេល។
លោកបានប្រាប់អ្នកគាំទ្ររបស់លោកបន្ទាប់ពីការមិនបានហែក្បួនថា “ប្រសិនបើពួកគេចង់ដោះស្រាយបញ្ហានេះ ពួកគេត្រូវតែបន្ថែមកម្លាំងផ្សាយបន្តដល់វិទ្យុខ្ញុំ ហើយបញ្ហានេះនឹងបញ្ចប់”។ លោកបានប្តេជ្ញាបន្តការតវ៉ាទៀត។
បាតុកម្មដែលលោក ម៉ម សូណង់ដូ បានធ្វើខាងក្រៅក្រសួងព័ត៌មានកាលពីចុងខែមករា ក៏ត្រូវបានកងរាជអាវុធហត្ថរាប់រយនាក់បង្ក្រាបដែរ។ នៅពេលនោះពួកគេបានចោទអ្នកតវ៉ាថាបានបិទមហាវិថីព្រះមុនីវង្ស និងបានវាយអ្នកតវ៉ាមួយចំនួនបែកឈាមនិងជាំ។
រដ្ឋាភិបាលបានច្រានចោលការស្នើសុំរបស់លោក ម៉ម សូណង់ដូ ជាច្រើនឆ្នាំមកហើយ ដោយអះអាងថា ខ្វះហ្រេកង់។ ប៉ុន្តែ បើតាមឯកសាររបស់ខ្លួន ក្រសួងព័ត៌មានបានផ្តល់អាជ្ញាប័ណ្ណទូរទស្សន៍ និងកម្លាំងវិទ្យុផ្សាយបន្ថែមដល់អ្នកផ្សេងទៀតរួមទាំង ហ៊ុន ម៉ាណា កូនស្រីរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ផងដែរ។
ដើម្បីគាំទ្រការចោទប្រកាន់របស់ខ្លួនក្រសួងព័ត៌មានបានចោទលោក ម៉ម សូណង់ដូ ថា មិនបានបង់ថ្លៃសេវាវិទ្យុរបស់គាត់ និងចោទថា តំណាងឲ្យគណបក្សនយោបាយ។ លោក ម៉ម សូណង់ដូ បានបដិសេធថា លោកមិនមែនមិនបានបង់ថ្លៃសេវានោះទេ។ លោកបានគាំទ្រគណបក្សសង្គ្រោះជាតិ និងធ្វើយុទ្ធនាការឲ្យគណបក្សនេះ ប៉ុន្តែ មិនដែលចង់បានអំណាច និងតួនាទីណាមួយនៅក្នុងគណបក្សសង្គ្រោះជាតិ ឬបង្កើតគណបក្សផ្ទាល់ខ្លួនរបស់លោកទេ។
អង្គការសិទ្ធិមនុស្សអាដហុកបានថ្កោលទោសរដ្ឋាភិបាលនៅក្នុងសេចក្តីថ្លែងការណ៍មួយចំពោះការបដិសេធសំណើរបស់លោក ម៉ម សូណង់ដូ។
សេចក្តីថ្លែងការណ៍នោះលើកឡើងថា “មានសារព័ត៌មានដែលសេរី និងឯករាជ្យ គឺជាការសំខាន់នៅក្នុងរបបលទ្ធិប្រជាធិបតេយ្យ។ ប៉ុន្តែរដ្ឋាភិបាលកម្ពុជាបានត្រួតត្រាក្តោបក្តាប់យ៉ាងណែនលើប្រព័ន្ធផ្សព្វផ្សាយ”។ អង្គការនេះបានលើកឡើងថា មិនអាចទទួលយកបានទេក្នុងការដែលរដ្ឋាភិបាលប្រើប្រាស់កម្លាំងសន្តិសុខដែលមិនមានការបណ្តុះបណ្តាលត្រឹមត្រូវ និងគ្មានស្លាកឈ្មោះ។
អង្គការនេះបានលើកឡើងថា “ អង្គការអាដហុកស្នើសុំឲ្យរដ្ឋាភិបាលចងចាំពីកាតព្វកិច្ចរបស់ខ្លួនក្រោមច្បាប់ជាតិ និងអន្តរជាតិក្នុងការគោរពការជួបជុំគ្នាដោយអហិង្សា និងធានាថា កងកម្លាំងសន្តិសុខមិនវាយបាតុករ។អង្គការអាដហុក ក៏ស្នើសុំឲ្យរដ្ឋាភិបាលឈប់ប្រើសន្តិសុខខណ្ឌដែលមិនមានការហ្វឹកហាត់ និងមិនមានស្លាកឈ្មោះ។
រដ្ឋាភិបាលបានដាក់បម្រាមមិនឲ្យធ្វើបាតុកម្មកាលពីដើមខែមករា។ ប៉ុន្តែ អង្គការសិទ្ធិមនុស្ស និងតំណាងរាស្ត្រគណ បក្សប្រឆាំងចាត់ទុកបម្រាមនេះថា ខុសច្បាប់ ពីព្រោះវាមានបំណងព្យួរសិទ្ធិជួបជុំដែលមានចែងនៅក្នុងរដ្ឋធម្មនុញ្ញដោយមិនមានការអនុម័តប្រកាសអាសន្នត្រឹមត្រូវឡើយ៕គឹមហឿន