កាលពីម្សិលមិញ សាលាដំបូងរាជធានីភ្នំពេញបានផ្ដន្ទាទោសអតីតមន្ត្រីកងរាជអាវុធហត្ថម្នាក់ឲ្យជាប់ពន្ធនាគាររយៈពេលប្រាំពីរឆ្នាំ បន្ទាប់ពីត្រូវបានកាត់ឲ្យជាប់ទោសនិងកូនស្រីអាយុ១២ឆ្នាំរបស់គាត់ពីបទជួញដូរថ្នាំមេតំហ្វេតាមីនទម្ងន់៣១ក្រាម។
លោក ឆាយ ជឹម អាយុ៥០ឆ្នាំជាអតីតមន្ត្រីកងរាជអាវុធហត្ថលើផ្ទៃប្រទេសត្រូវបានផ្ដន្ទាទោសដាក់ពន្ធនាគាររយៈពេល ប្រាំពីរឆ្នាំនិងពិន័យជាប្រាក់១២លាន រៀល។ កូនស្រីរបស់គាត់ត្រូវបានព្យួរទោសរយៈពេលពីរឆ្នាំ ហើយបានអនុញ្ញាតឲ្យនាងវិលត្រឡប់ទៅរស់នៅជាមួយក្រុមគ្រួសារវិញ។
លោកស្រី ចាំង ស៊ីណាត ចៅក្រមប្រធាន ក្រុមប្រឹក្សាជំនុំជម្រះបានមានប្រសាសន៍ថា “ តុលាការបានរកឃើញថា ពួកគាត់ទាំងពីរនាក់មានពិរុទ្ធភាពពីបទជួញដូរគ្រឿងញៀន ហើយប្រសិនបើពួកគាត់មិនទទួលយកការផ្ដន្ទាទោសនេះពួកគាត់មានសិទ្ធិប្ដឹងឧទ្ទរណ៍ក្នុងរយៈពេល៣០ថ្ងៃបន្ទាប់ពីការប្រកាសសាលក្រម”។យោងតាមវរសេនីយ៍ត្រី ប៊ុន ធី អនុប្រធានអង្គភាពនគរបាលប្រឆាំងគ្រឿងញៀនរាជធានីបានឲ្យដឹងថា ក្មេងស្រីរូបនេះត្រូវបានចាប់ខ្លួននៅក្បែរផ្ទះរបស់នាងក្នុងសង្កាត់ទួលសង្កែ ខណ្ឌប្ញស្សីកែវ កាលពីថ្ងៃ ទី១៣ ខែកញ្ញា។
លោកបានប្រាប់តុលាការថា “ បន្ទាប់ពីការចាប់ខ្លួនក្មេងស្រីរូបនេះ នគរបាលរឹបអូស បានថ្នាំមេតំហ្វេតាមីនពីនាងចំនួនមួយកញ្ចប់តូច”។ លោកវរសេនីយ៍ត្រី ប៊ុន ធី បានមានប្រសាសន៍ថា “ ផ្អែកតាមចម្លើយសារភាពអំឡុងពេលសាកសួរ នគរបាលបានចាត់វិធានការ ហើយឈានទៅចាប់ខ្លួនឪពុករបស់ នាងនៅផ្ទះគាត់តែម្ដងក្នុងថ្ងៃតែមួយ”។
លោកបានបន្ថែមថា នគរបាលរឹបអូសបានថ្នាំមេតំហ្វេតាមីនប្រាំបីកញ្ចប់ទៀត កាំភ្លើងខ្លីកា៥៩មួយដើម និងគ្រាប់ចំនួន១០គ្រាប់ពីផ្ទះរបស់លោក ឆាយ ជឹម។ ក្មេងស្រីរូបនេះដែលបានចូលរួមក្នុងសវនាការជំនុំជម្រះកាលពីម្សិលមិញត្រូវបានដោះលែងឲ្យនៅក្រៅឃុំបណ្ដោះអាសន្នបន្ទាប់ពីត្រូវបានចាប់ខ្លួនកាលពីខែកញ្ញា។ ឪពុករបស់នាងត្រូវបានឃុំខ្លួនបណ្ដោះអាសន្ននៅមុនបើកសវនាការជំនុំជម្រះ។
កាលពីម្សិលមិញ លោក ឆាយ ជឹម បានបដិសេធមិនធ្វើអត្ថាធិប្បាយនៅពេលអ្នកយកព័ត៌មានទាក់ទង ហើយលោក ទូច ឆាយ ជាមេធាវីរបស់គាត់មិនអាចទាក់ទងបានទេ។
យោងតាមក្រមព្រហ្មទណ្ឌ អាយុដែលអាចមានទោសព្រហ្មទណ្ឌបានគឺ១៨ឆ្នាំ ប៉ុន្តែតុលាការមានអំណាចក្នុងការដាក់ទោសព្រហ្មទណ្ឌលើអនីតិជនដែលមានអាយុ១៤ឆ្នាំឬច្រើនជាងនេះបាន ប្រសិនបើមានស្ថានទម្ងន់ទោសនៃបទឧក្រិដ្ឋនោះ។ ទោះយ៉ាងណា ច្បាប់ចែងថា “ អនីតិជនដែលប្រព្រឹត្តបទល្មើសត្រូវស្ថិតក្រោមការគ្រប់ គ្រង ការការពារនិងការផ្ដល់ជំនួយ”ជំនួសឲ្យការអនុវត្តទោសក្នុងពន្ធនាគារ៕សារុន