34 C
Phnom Penh

ស្ត្រីបីនាក់​ត្រូវ​បាន​ចាប់​ខ្លួន​ពាក់​ព័ន្ធ​នឹង​ជម្លោះ​ដីធ្លីជាមួយលោក អុី ឈាន ​អភិបាល​ខេត្តប៉ៃលិន 

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

បុគ្គលិក​សិទ្ធិមនុស្ស​បាន​ឲ្យ​ដឹង​ថា អ្នក​ភូមិ​ដែល​ពាក់​ព័ន្ធ​ក្នុង​វិវាទ​ដីធ្លីជាយូរ​មក​ហើយ​ជាមួយ​ក្រុម​ហ៊ុន​មួយ​ ដែ​ល​តាម​ចោទ​ថាជា​របស់​លោក អុី ឈាន អភិបាល​ខេត្ត​ប៉ៃលិន ត្រូវ​​បាន​ចាប់​ខ្លួន​កាលពីម្សិលមិញ ដោយ​សារ​​​តែ​មិនគោរព​បទ​បញ្ជាពី​លោក​ អុី ឈាន ឲ្យ​ចេញ​ពីដី​ដែល​មាន​វិវាទ​នេះ​។

លោក ចាន់ សុវ៉េត អនុ​ប្រធាន​ផ្នែក​សម្រប​​សម្រួល​នៅ​អង្គការ​សិទ្ធិមនុស្ស​អាដ​ហុក​ បាន​​ឲ្យ​ដឹង​ថា ឈ្មោះ​ ពេជ្រ សុធា អាយុ​៤៧​ឆ្នាំ​ ឱម សំអាត អាយុ​៤៤ឆ្នាំ និង​ឈ្មោះ ឱម សំអុល អាយុ​៣១​ឆ្នាំ​ត្រូវ​បាន​ចាប់​ខ្លួន​នៅ​ផ្ទះ​របស់​ពួកគាត់​ក្នុង​ឃុំស្ទឹង​ត្រង់​ ស្រុក​សាលា​​ក្រៅ។ អ្នក​ភូមិ​បួន​នាក់​ទៀត​ដែល​ជាប់​ពាក់​ព័ន្ធ​ក្នុង​ជម្លោះ​នេះ​ដែរ និង​មាន​ឈ្មោះ​នៅ​ក្នុង​ដីកា​ចាប់​ខ្លួន​មួយ​ បាន​រត់​គេច​ខ្លួន​។

លោក​បាន​ឲ្យ​ដឹង​ថា “នគរ​បាល​ខឹង​នឹង​ការ​បដិសេធ​ម្ដង​ហើយ​ម្ដង​ទៀត​របស់ពួកគាត់​​​មិន​ទទួល​យក​ដីកា​របស់នគរ​បា​ល​។​ នោះជា​មូល​ហេតុ​ដែល​នគរ​បាល​ចាប់​ខ្លួន​ និង​ឃាត់​ខ្លួន​ពួកគាត់”។ លោក សុវ៉េត បាន​មាន​ប្រសាសន៍​ថា លោក សុធា បាន​ធ្វើ​ជា​តំណាង​ឲ្យ​ប្រជា​ពល​រដ្ឋ​៥៨​គ្រួសារ​នៅ​ក្នុង​ភូមិ​មួយ​ដែល​ពាក់​ព័ន្ធ​ក្នុង​ជម្លោះ​នេះ​ រីឯ​អ្នកស្រី​ សំអាត និង​អ្នកស្រី សំអុល តំណាង​ឲ្យ​ប្រជា​ពលរដ្ឋ​​ចំនួន១៩​គ្រួសារ​ទៀត​។

កាលពីដើម​ខែ​មីនា លោក វ័រ រឿម អភិ​បាល​ស្រុក​សាលា​ក្រៅ​បាន​ឲ្យ​ដឹង​ថា លោក​បាន​ទទួល​បទ​បញ្ជា​ពី​លោក អុី ឈាន ឲ្យ​បោស​​​សម្អាត​គ្រួសារ​ទាំង​នេះ​ចេញពី​ដី​នេះ​យ៉ាង​យូរ​ថ្ងៃ​ទី​១៥ ខែមីនា។ លោក អុី ឈាន កន្លង​​​មក​​បាន​ពិពណ៌នា​ថា ដីនេះ​ជា​ “ ដីរបស់​ខ្ញុំ” មុន​ពេល​កែតម្រូវ​ខ្លួន​ឯង​ថា មួយ​ផ្នែកគឺ​ជាដីរបស់​រដ្ឋ​ និង​មួយ​ផ្នែក​ទៀត​ជា​ដីរបស់​ក្រុម​ហ៊ុន​មួយ​។

ក្រុមគ្រួសារ​ដែល​ភាគ​ច្រើន​ចេញពី​អតីត​យុទ្ធជន​ខ្មែរក្រហម​បាន​បដិសេធ​មិន​ចាក​ចេញ​ ហើយ​និយាយ​ថា ពួកគេ​បាន​ដាំដំណាំ​នៅ​លើ​ដីនេះ​ ដោយ​មាន​ការ​យល់ព្រម​ពី​អាជ្ញាធរ​ខេត្ត​ចាប់​តាំង​ពី​ឆ្នាំ​១៩៩៩​មក​។ លោក អៀង សារី អតីត​រដ្ឋមន្ត្រី​ការ​បរទេស​ខ្មែរ​ក្រហម​បាន​ដឹ​ក​នាំ​កម្លាំង​តស៊ូ​នៅ​ប៉ៃលិន​ចុះចូល​ជាមួយ​រដ្ឋាភិបាល​ក្នុង​ឆ្នាំ​១៩៩៦​។

លោក អុី ឈាន ដែល​បម្រើកា​រជា​មេ​អង្គរក្ស​របស់​ ប៉ុល ពត មិន​អាច​ទាក់​ទង​សុំ​ការ​អត្ថាធិប្បាយ​បាន​ទេកាលពីម្សិលមិញ​។ លោក ខឿត សុធា ដែល​ជា​អភិបាល​រង​ខេត្ត​របស់​លោក​ អុី ឈាន បាន​ឲ្យ​ដឹង​ថា លោក​បាន​ដឹង​អំពីការ​ចាប់​ខ្លួន​នេះ​ ហើយ​បាន​បង្វែ​រ​សំណួរ​បន្ថែមទៀត​ទៅ​លោក​ ជា ចាន់ឌីន ស្នង​ការ​នគរ​បាល​ខេត្ត​ប៉ៃលិនដែល​មិន​អាច​ទាក់​ទង​សុំការ​អត្ថាធិប្បាយ​បាន​។

លោក សុធា បាន​មាន​ប្រសាសន៍​ថា “ខ្ញុំ​ដឹង​ហើយ​ ព្រោះ​មនុស្ស​ទាំង​នេះ​បាន​បដិ​សេធ​​ម្ដង​ហើយ​ម្ដង​ទៀត​មិន​ព្រម​ទទួល​ដីកាកោះ​របស់​នគរ​បាល​ដើម្បីសាក​សួរ​”។ លោកអភិបាល​រង​បាន​ឲ្យ​ដឹង​កាល​ពី​ដើម​​ខែ​នេះ​ថា ដីនោះ​ជា​របស់​លោក អុី ឈាន។  លោក​បាន​មាន​ប្រសាសន៍​នៅ​ពេល​នោះ​​​ថា “វា​ជាការ​ពិត​ថា ដីនោះ​ជា​របស់​ឯក​ឧត្តម​អភិបាល​ ពីព្រោះ​គាត់​បាន​ដាំ​ដំឡូង​មី​នៅ​ទី​នោះ​អស់​រយៈ​ពេល​ជាយូរ​មក​ហើយ​”៕  ប៊ុននី

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស