27 C
Phnom Penh

សាលាដំបូង​ខេត្ត​តាកែវ​​ចោទ​ប្រកាន់​បុរស​ម្នាក់​ពីបទ​ចាប់​រំលោភ​ក្មួយស្រី​​​អាយុ​៧​ឆ្នាំ​របស់​ខ្លួន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុម​មន្ត្រី​បាន​និយាយ​ថា កាលពី​ម្សិល​មិញ សាលាដំបូង​ខេត្ត​តាកែវ​បាន​ចោទ​​ប្រកាន់​បុរស​អាយុ​៤០​ឆ្នាំម្នាក់​ពីបទ​ចាប់​រំលោភ​ក្មួយ​ស្រី​អាយុ​៧​ឆ្នាំ​របស់​ខ្លួន​​ខណៈ​ដែល​សមាជិក​ក្រុម​គ្រួសារ​ផ្សេង​​ទៀត​​​ចេញ​ទៅ​ធ្វើ​ស្រែ​នៅ​ឆ្ងាយ​ពី​ផ្ទះ​​។ នគរ​បាល​ស្រុក​អង្គរបុរីបាន​ឲ្យ​ដឹងថា ក្មេង​​​ស្រី​រង​គ្រោះ​ត្រូវ​បាន​ចាប់​រំលោភ​ពីរ​លើក​កាលពីសប្ដាហ៍​មុន។

លោក អ៊ុក សារ៉ាហ្វ អធិការរង​នគរ​បាល​ស្រុក​បានមាន​ប្រសាសន៍​កាល​ពី​ម្សិល​មិញ​ថា “ជន​សង្ស័យ​​បាន​ចាប់​រំលោភ​ក្មេង​ស្រីរូប​នេះ​ពេល​នាង​កំពុង​លេង​នៅ​ខាង​ក្រោយ​ផ្ទះ​យាយ​តា​របស់​នាង​” ។ លោក​បាន​បន្ថែម​ថា ជន​សង្ស័យ​ឈ្មោះ​ ម៉ម ឈឿន គឺជា​ជាង​ម៉ាស៊ីន​ និង​​ជា​កសិករ​។

លោក  សារ៉ាហ្វ  បាន​មាន​ប្រសាសន៍​ថា “បុរសរូប​នេះ​បាន​គំរាម​អារក​សម្លាប់​នាង​ប្រសិន​បើ​នាង​យក​រឿង​នេះ​ទៅ​ប្រាប់​ម្ដាយ​មីង​របស់​​នាង​”​។ លោក​បាន​មាន​ប្រសាសន៍​ថា ក្មេង​ស្រី​​រូប​នេះ​រស់​នៅជាមួយ​យាយ​តា​របស់​នាង​ ពី​​​ព្រោះ​ឪពុក​ម្ដាយ​របស់​នាង​ជា​ពល​ករ​ទេសន្តរ​​​ប្រវេសន៍​។

បុរស​ឈ្មោះ ម៉ម ឈឿន បាន​ចាប់​រំលោភ​ក្មួយស្រី​របស់​ខ្លួន​កាលពី​ថ្ងៃ​ព្រហ​ស្បតិ៍​ និង​មួយ​លើក​ទៀត​កាលពី​ថ្ងៃ​សៅរ៍​។ បន្ទាប់ពី​ចាប់​រំលោភ​លើក​ទី២ ប្រពន្ធ​របស់​ជន​សង្ស័យ​​​​ដែល​ត្រូវ​ជាម្ដាយ​មីង​ជន​រង​គ្រោះ​បាន​សង្កេត​​​​ឃើញ​​ក្មេងស្រី​រូប​នេះយំ​។

នៅ​ពេល​សួរ​ថា  ហេតុអ្វីបាន​ជា​នាង​យំ ក្មេងស្រីបាន​​ប្រាប់​ម្ដាយមីង​របស់​ខ្លួន​ពី​អ្វី​ដែល​បាន​កើត​ឡើង​។ គេ​បាន​នាំ​ក្មេង​ស្រីរូប​នេះ​ទៅកាន់​មន្ទីរពេទ្យ​ ហើយ​គ្រូ​ពេទ្យ​​បាន​បញ្ជាក់​ថា នាង​ពិត​ជា​ត្រូវ​​បាន​​រំលោភ​មែន​។ ស្ត្រី​ជា​ម្ដាយ​មីង​​បាន​រាយ​ការណ៍ពី​ទង្វើ​របស់​​ប្តី​ខ្លួន​ទៅ​នគរ​បាល​មូល​ដ្ឋាន​ ដែល​​បាន​ចាប់​ខ្លួន​បុរស​រូប​នេះ​នៅ​ថ្ងៃ​ដដែល​​៕ សារុន​​

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស