លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងឧតុនិយមនិងធនធានទឹកជាយូរមកហើយរបស់ប្រទេសកម្ពុជា ទទួលបានខ្សែក្រវាត់ខ្មៅកម្រិតខ្ពស់ផ្នែកការ៉ាតេដូ កាលពីម្សិលមិញនៅក្នុងពិធីមួយក្រោមអធិបតីភាពរបស់លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដែលក៏ជាប្រធានកិត្តិយសនៃក្លឹបការ៉ាតេដូកម្ពុជាដែរនោះ។

លោក លឹម គានហោ ទទួលបានខ្សែក្រវាត់ខ្មៅ “បួនដាន់” ដែលធ្វើឲ្យលោកក្លាយជាអ្នកជំនាញខាងការ៉ាតេដូកម្រិតទី៣ក្នុងប្រទេសកម្ពុជា បន្ទាប់ពីលោក អូន ព័ន្ធមុនីរ័ត្ន ដែលមានខ្សែក្រវាត់ខ្មៅ “ប្រាំមួយដាន់” ហើយ លោក សាម៉ាឌី ស៊ីវឌ្ឍនា អនុរដ្ឋលេខាធិការក្រសួងអប់រំ ដែលជាប្រធានក្លឹបការ៉ាតេដូមានខ្សែក្រវាត់ខ្មៅ “ប្រាំពីរដាន់” ។
អ្នកជំនាញខាងការ៉ាតេដូ ជនជាតិជប៉ុនចំនួនបីនាក់ ដែលបានអញ្ជើញមកប្រទេសកម្ពុជាហើយ ដែលក្នុងនោះមានពីរនាក់មានខ្សែក្រវាត់ខ្មៅ “ប្រាំបួនដាន់” បានបំពាក់ខ្សែក្រវាត់ខ្មៅថ្មីនេះទៅឲ្យលោក លឹម គានហោ។
លោក លឹម គានហោ បានឲ្យដឹងថា លោកមានក្ដីរំភើបយ៉ាងខ្លាំងដែលទទួលបានខ្សែក្រវាត់ខ្មៅកម្រិតខ្ពស់នេះ ព្រោះលោកគឺជាអ្នកស្រឡាញ់និងចូលចិត្តក្បាច់គុនការ៉ាតេដូនេះអស់រយៈពេល៤០ឆ្នាំមកហើយ តាំងពីលោកនៅជាសិស្សសាលាអំឡុងសម័យ លន់នល់ នៅពេលអ្នកជំនាញខាងការ៉ាតេដូជនជាតិកូរ៉េនិងជប៉ុនមួយចំនួនបានបង្ហាត់ក្បាច់គុនក្នុងប្រទេសកម្ពុជាម៉្លេះ។ លោកបានលើកទឹកចិត្តឲ្យសិស្សកម្ពុជាចូលរួមហាត់ក្បាច់គុននេះឲ្យបានច្រើនបន្ថែមទៀត។
លោកបានមានប្រសាសន៍បន្ថែមទៀតថា “ខ្ញុំស្រឡាញ់ក្បាច់គុនជប៉ុន ព្រោះក្បាច់គុននេះផ្ដោតលើចំណុចមួយចំនួនដែលសិស្សរបស់យើងត្រូវការ ព្រោះមានការបង្ហាត់ឲ្យចេះពីរបៀបការពារខ្លួន ការប្រឈរមុខ និងការធ្វើសមាធិ”។
លោកមានប្រសាសន៍បន្ថែមថា “ប្រសិនបើក្រសួងអប់រំរបស់យើងមានបញ្ចូលមុខវិជ្ជានេះ វានឹងជារឿងល្អសម្រាប់សិស្សានុសិស្ស ហើយជួយឲ្យពួកគេកសាងសុវត្ថិភាព ហើយស្របពេលនោះវាអាចជួយពួកគេឲ្យចៀសវាងពីការផឹកស្រា និងប្រើគ្រឿងញៀន”៕ស៊ុយឈាង