38 C
Phnom Penh

ក្រុមហ៊ុន​វៀតណាម​ រង​ការ​ចោទ​ប្រកាន់​ម្តង​ទៀត​ពី​បទ​កាប់​ឈើ​ដោយ​ខុស​ច្បាប់​នៅ​រតនគិរី 

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អ្នក​ភូមិ​ជន​ជាតិ​ភាគតិច​ចារ៉ាយនៅ​ក្នុង​ខេត្ត​​​រតន​គិរី​បាន​ចោទ​ប្រ​កាន់​ម្ចាស់​ចម្ការ​កៅ​ស៊ូ​ជន​ជាតិ​វៀត​ណាម​ម្តង​ទៀត​ពី​បទ​កាប់​ឈើ​ដោយ​ខុស​ច្បាប់​នៅ​ក្នុង​ព្រៃ​ពី​ដូន​តា​របស់​ខ្លួន​ នៅ​ក្នុង​ពាក្យ​បណ្តឹង​មួុ​យ​ដែល​ប្តឹង​ទៅ​កាន់​អង្គការ​សិទ្ធិ​មនុស្ស​ក្នុង​ស្រុក​​អាដហុក​​។ 

តែ​ទោះ​ជា​យ៉ាងណា​​ មន្ត្រី​ថ្នាក់​ស្រុក​ម្នាក់​បាន​ឲ្យ​ដឹង​ថា ម្ចាស់​ក្រុមហ៊ុន​ចម្ការ​កៅ​ស៊ូ​៧២​ ត្រូវ​​​បាន​ផ្តល់​ដី​សម្បទាន​បន្ថែម​ទៅ​លើ​ដី​សម្ប​ទាន​ទំហំ​៦.០០០​ហិកតា​ដែល​ក្រុមហ៊ុន​នេះ​​​មាន​ស្រាប់​ ហេតុដូច្នេះ​ការ​កាប់​ឈើ​នេះ​គឺកាប់​តែ​នៅ​ក្នុង​ដី​សម្បទាន​ប៉ុណ្ណោះ​​​។

លោក​ រម៉ាស់ ស្វាត​ អ្នក​ភូមិ​ម្នាក់​នៅ​ក្នុង​ឃុំ​​​ប៉ក់ញ៉ៃ​ ស្រុក​អូរយ៉ាដាវ​ បាន​និយាយ​ថា គាត់​បាន​ប្រទះ​ឃើញ​កម្មករ​​ក្រុមហ៊ុន​វៀត​ណាម​ កំពុង​ធ្វើការ​នៅ​ក្នុង​ព្រៃ​កាលពី​ពីរ​បី​សប្តាហ៍​​មុន​ បន្ទាប់​ពី​ការ​កាប់​ឈើ​ខុស​ច្បាប់​ត្រូវ​​​បាន​បញ្ឈប់អស់​​​​រយៈពេល​មួយ​ឆ្នាំ​មក​ហើយ​ក្រោយ​​​​ពេល​​ការ​ប្រឈម​មុខ​ដាក់​គ្នា​​មួយ​។ គាត់បាន​និយាយថា​ នៅ​ពេល​គាត់​បាន​វិល​ត្រឡប់​ទៅ​កន្លែង​នោះ​​​ម្ត​ង​ទៀត​កាល​ពី​ថ្ងៃ​សៅរ៍​ជាមួយ​អ្នក​ភូមិ​ចំនួន​២៤​ផ្សេង​ទៀត​ ពួក​គាត់​បាន​ប្រទះឃើញ​មនុស្ស​ចំនួន​២០​នាក់​កំពុង​កាប់​ឈើ​នៅ​ក្នុង​ព្រៃ​ដូន​តា​របស់​ពួក​គាត់​។

គាត់​បាន​និយាយ​ថា “យើង​បានប្រាប់​ឲ្យ​កម្មករ​ទាំងនោះ​ឈប់​កាប់​ឈើ​នៅ​ក្នុង​ព្រៃ​​នេះ​។ ប៉ុន្តែ​ពួក​គេ​មិន​ស្តាប់​នោះ​ទេ​។យើង​បាន​​​រឹប​អូស​រណារ​អារឈើ​ពី​កម្មករ​ម្នាក់​ក្នុង​ចំណោម​កម្មក​រទាំង​នោះ​។ពួក​គេ​បាន​មក​សុំ​យក​រណារអារ​ឈើ​នេះ​ទៅ​វិញ​ ប៉ុន្តែ​យើង​មិន​ព្រម​ប្រគល់​ឲ្យ​ពួក​គេ​វិញ​ឡើយ​”។

អ្នក​ភូមិ​ជន​ជាតិ​ភាគ​តិច​ចារ៉ាយ​រូប​នេះ​បាន​ចោទ​ប្រកាន់​ក្រុមហ៊ុន​​ចម្ការ​កៅស៊ូ​៧២​ពី​បទ​សង់​រោង​អារ​ឈើ​ដ៏​ធំ​មួយ​ដោយ​មាន​រណា​រអារ​ឈើ​ធំៗ​ចំនួន​ប្រាំ​នៅ​ខាង​ក្នុង​កាល​ពី​​​ដើម​ខែ​នេះ​ ហើយ​បាន​លើក​ឡើង​ថា​ កម្ម​ករ​​​​​​​នៅ​ទី​នោះ​បាន​ព្យាយាម​ឆក់​យក​កាមេ​រ៉ា​ពី​អ្នក​​ភូមិ ​នៅ​ពេល​ពួក​គាត់​ចុះ​ទៅ​ត្រួត​ពិនិត្យ​សកម្ម​​​​ភាព​របស់​កម្មករ​ទាំង​នេះ​កាល​ពី​ថ្ងៃ​សុក្រ​។

លោក​បាន​និយាយ​​ថា “កម្មករ​បាន​ព្យា​យាម​​​​រឹប​អូស​យក​កាមេរ៉ា​របស់​យើង​ នៅ​ពេល​យើង​​​​​​ថត​ពួក​គេ​កំពុង​កាប់​ឈើ​ ប៉ុន្តែ​យើង​មិន​អនុញ្ញាត​ឲ្យ​ពួក​គេ​យក​កាមេរ៉ារបស់​យើង​នោះ​ទេ​”។ តំណាង​ក្រុម​ហ៊ុន​មិន​អាច​ទាក់​ទង​សុំ​ការ​ធ្វើ​អត្ថាធិប្បាយ​បាន​ឡើយ​។

តែទោះ​ជា​យ៉ាង​ណា លោក​ ដក​ ស​ អភិ​បា​ល​​​​​ស្រុក​អូរយ៉ាដាវ​ បាន​មាន​ប្រសាសន៍​ថា ការ​កាប់​ឈើ​និង​ការ​សង់​រោង​អារ​ឈើ​គឺ​សុទ្ធ​​តែ​ស្រប​ច្បាប់​ ដោយ​សារ​តែ​ក្រុមហ៊ុន​ចម្ការ​កៅស៊ូ​នេះ​ទទួល​បាន​ដី​សម្បទាន​បន្ថែម​ទំហំ​ ១.០០០​​​ហិកតា​ កាលពី​ដើម​ឆ្នាំ​នេះ​។

លោក​បាន​បន្ថែម​​ទៀត​ថា “ខ្ញុំ​គិត​ថា ក្រុម​ហ៊ុន​​មិន​បាន​ធ្វើ​អ្វីខុស​ទេ​ ព្រោះ​ក្រុម​ហ៊ុន​​​កាប់​ឈើ​​តែ​នៅ​ក្នុង​ដី​សម្បទាន​ដែល​រដ្ឋា​ភិ​បាល​បាន​ផ្តល់​ឲ្យ​ប៉ុណ្ណោះ​ ប៉ុន្តែ​អ្នក​ភូមិ​មិន​ដឹង​ ហើយ​ពួក​គាត់​ប្រឆាំង​នឹង​គម្រោង​នេះ​។ យើង​​​គ្មាន​​​ផែន​ការ​បញ្ឈប់​ការ​កាប់​ឈើ​នេះ​ទេ​”។

លោក​ ដក​ ស បាន​លើក​ឡើង​ថា គាត់​មិន​ដឹង​ថា តើ​ដី​សម្បទាន​បន្ថែម​នេះ​ត្រូវ​បាន​ផ្តល់​នៅ​ពេល​ណា​ឲ្យ​ពិត​ប្រាកដ​នោះ​ទេ​ ហើយ​ក៏​បាន​បដិសេធ​មិន​និយាយ​ថា​ តើ​ស្ថាប័នណា​​មួយ​របស់​រដ្ឋាភិបាលឲ្យ​ពិត​ប្រាកដ​​ដែល​យល់​ព្រម​ចុះ​ហត្ថលេខា​ផ្តល់​ដី​សម្បទាន​នេះ​ដែរ​។

នៅ​ពេល​មាន​ការ​រិះ​គន់​កើន​ឡើង​អំពី​ការ​បណ្តេញ​ចេញ​ដោយបង្ខំ​ដែលបង្ក​ឡើង​ដោយ​ក្រុមហ៊ុន​ធំៗ​ដែល​ទទួល​បាន​ដី​សម្បទាន​ លោក​​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន​ សែន​ បាន​ចេញ​បទ​បញ្ជា​ឲ្យ​ផ្អាក​ការ​ផ្តល់​ដី​សម្បទាន​បន្ថែម​កាល​ពី​ពាក់​កណ្តាល​ឆ្នាំ​២០១២​។​

លោក​ ឆាយ​ ធី​ អ្នក​សម្រប​សម្រួល​របស់​អង្គការ​សិទ្ធិ​មនុស្ស​អាដ​ហុក​ប្រចាំ​ខេត្ត​រតនគិរី​បាន​មាន​ប្រសាសន៍​ថា​ ការ​ផ្តល់​ដី​សម្បទាន​បន្ថែម​ទំហំ​១.០០០​ហិកតា​ទៅ​ឲ្យ​ក្រុម​ហ៊ុន​ចម្ការ​កៅ​ស៊ូ​៧២​គួរ​តែ​ត្រូវ​បាន​ចាត់​ទុក​ថា ជា​ការ​រំលោភ​លើ​បទ​បញ្ជា​របស់​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន។ លោក​បាន​មាន​ប្រសាសន៍​ថា ការ​អនុវត្ត​របស់​រដ្ឋាភិបាល​ គឺ​ផ្ទុយ​ទៅ​នឹង​គោល​នយោ​បាយ​ចាស់​ ហេតុដូច្នេះ​វា​រំលោភ​ច្បាប់​៕  ស៊ុយឈាង​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស