កាលពីម្សិលមិញ សាលាដំបូងរាជធានីភ្នំពេញ បានបើកសវនាការជំនុំជម្រះរឿងក្ដីបុរសអាយុ២២ឆ្នាំម្នាក់ ដែលត្រូវបានចោទប្រកាន់ពីបទចាប់រំលោភក្មេងស្រីអាយុ៤ឆ្នាំម្នាក់នៅសាលារៀនរបស់នាងតែម្តងក្នុងរាជធានីភ្នំពេញ។
ទឹម សុខនី ដែលជាបុគ្គលិកនៅសាលារៀននោះត្រូវបានចាប់ខ្លួនបន្ទាប់ពីក្មេងស្រីរងគ្រោះបានប្រាប់ឪពុកម្ដាយរបស់ខ្លួនកាលពីថ្ងៃទី២ ខែកុម្ភៈ គឺនៅថ្ងៃចាប់រំលោភនោះថា សុខនី បានដោះសម្លៀកបំពាក់របស់នាងនៅពេលចប់ម៉ោងរៀន ហើយបានចាប់រំលោភនាងតែម្ដង។
ឪពុកម្ដាយរបស់ក្មេងស្រីរូបនេះបានទៅកាន់សាលារៀននោះភ្លាម ហើយនៅទីនោះក្មេងស្រីរងគ្រោះបានចង្អុលប្រាប់មុខជនសង្ស័យ ដែលត្រូវបានចាប់ខ្លួននេះ។
លោកមេធាវី ប៊ុន កែវលឹម បានមានប្រសាសន៍ថា ក្រុមគ្រួសារក្មេងស្រីរងគ្រោះបានទាមទារសំណងចំនួន៣០.០០០ដុល្លារ ហើយឲ្យយកជនសង្ស័យទៅផ្ដន្ទាទោសតាមច្បាប់។
លោក សុខ មនោរម្យ ជាមេធាវីរបស់ សុខនី បានមានប្រសាសន៍ថា កូនក្ដីរបស់លោកបានបដិសេធការចោទប្រកាន់ពីបទរំលោភនោះ ហើយអះអាងប្រាប់តុុលាការថា ខ្លួនគ្មានទោសទេ។
ប្រសិនបើត្រូវបានរកឃើញពិរុទ្ធភាពពីបទរំលោភអនីតិជនមែន សុខនី អាចមានទោសជាប់ពន្ធនាគារពី២ឆ្នាំដល់៦ឆ្នាំ។ តុលាការនឹងប្រកាសសាលក្រមនៅថ្ងៃទី៩ ខែមេសា៕ សារុន