យោងតាមរបាយការណ៍ថ្មីដែលអង្គការសហប្រជាជាតិ (UN) បានចេញផ្សាយកាលពីម្សិលមិញបានបង្ហាញថា ប្រទេសកំពុងអភិវឌ្ឍន៍ដែលមានកម្រិតប្រាក់ចំណូលទាប ដូចជា ប្រទេសកម្ពុជា ជាដើម នឹងរងផលប៉ះពាល់ដោយសារតែបញ្ហាប្រែប្រួលអាកាសធាតុនៅទូទាំងសាកលលោក បូករួមទាំងអសន្តិសុខស្បៀង និងទិន្នផលកសិកម្មទាបផងដែរ។
របាយការណ៍របស់គណៈកម្មការអន្តររដ្ឋាភិបាលទទួលបន្ទុកក្រុមការងារផ្នែកប្រែប្រួលអាកាសធាតុ នៃអង្គការសហប្រជាជាតិ បានបូកសរុបលទ្ធផលសិក្សាស្រាវជ្រាវរបស់អ្នកវិទ្យាសាស្ត្រជាង៣០០នាក់មកពី៧០ប្រទេស។ ពួកគេបានព្យាករផលប៉ះពាល់ធ្ងន់ធ្ងរនៅទូទាំងសាកលលោក ដោយសារតែសីតុណ្ហភាព និងកម្ពស់ទឹកមហាសមុទ្រកើនឡើង។
របាយការណ៍នេះបានបង្ហាញបទវិភាគកម្រិតតំបន់យ៉ាងស៊ីជម្រៅអំពីតំបន់អាស៊ីអាគ្នេយ៍ និងជាពិសេសប្រទេសកម្ពុជា ដែលងាយរងផលប៉ះពាល់ខ្លាំងដោយសារការប្រែប្រួលអាកាសធាតុ ពីព្រោះប្រជាជនពឹងផ្អែកខ្លាំងពេកលើការនេសាទត្រី និងការធ្វើស្រែ ដើម្បីផ្គត់ផ្គង់ជីវភាពរស់នៅ។
របាយការណ៍ដដែលនេះមានខ្លឹមសារថា “លទ្ធផលវាយតម្លៃផលប៉ះពាល់ឥទ្ធិពលនៃការប្រែប្រួលអាកាសធាតុរួមទាំងចំណែកដ៏ធំនៃវិស័យជលផលដែលជាប្រភពប្រាក់ចំណូលមួយ បង្ហាញថា សេដ្ឋកិច្ចកម្ពុជាស្ថិតក្នុងចំណោម សេដ្ឋកិច្ចដែលងាយរងផលប៉ះពាល់ខ្លាំងបំផុត ដោយសារការប្រែប្រួលអាកាសធាតុ”។
ក្នុងរយៈពេល៣០ទៅ៥០ឆ្នាំកន្លងមកនេះ ការប្រែប្រួលអាកាសធាតុបានបណ្តាលឲ្យសីតុណ្ហភាពកើនឡើង ជាហេតុបណ្តាលឲ្យទឹកជំនន់ក្នុងរដូវវស្សាកើនឡើង ហើយរដូវប្រាំងកានតែរាំងស្ងួតនៅតំបន់មេគង្គក្រោម។
របាយការណ៍របស់អង្គការសហប្រជាជាតិមានខ្លឹមសារបន្តទៀតថា “ទិន្នផលកសិកម្មបាននាំផលប៉ះពាល់គួរឲ្យកត់សម្គាល់ដោយសារបញ្ហាទឹកជំនន់ និងភាពរាំងស្ងួត ជាហេតុនាំឲ្យប្រទេសកម្ពុជាបាត់បង់បរិមាណស្រូវអស់ជិត៩០ភាគរយ អំឡុងរយៈពេលពីឆ្នាំ១៩៩៦ដល់ឆ្នាំ២០០០។ ប្រទេសវៀតណាម និងប្រទេសកម្ពុជាគឺជាប្រទេសពីរដែលងាយរងផលប៉ះពាល់ខ្លាំងបំផុតដោយសារបញ្ហាប្រែប្រួលអាកាសធាតុទៅលើវិស័យជលផល”។
កាលពីខែវិច្ឆិកាឆ្នាំមុន រដ្ឋាភិបាលបានដាក់ចេញនូវផែនការយុទ្ធសាស្ត្រកាត់់បន្ថយការប្រែប្រួលអាកាសធាតុនៅក្នុងកម្ពុជារយៈពេល១០ឆ្នាំ ដែលជាផែនការលម្អិតសម្រាប់ដោះស្រាយគ្រោះមហន្តរាយធម្មជាតិបង្កឡើងដោយអាកាសធាតុ។
យោងតាមក្រសួងបរិស្ថានបានឲ្យដឹងថា មូលនិធិប្រហែល២៥០លានដុល្លារ ភាគច្រើនទទួលបានពីម្ចាស់ជំនួយក្រៅប្រទេស ក្នុងរយៈពេលបីទៅបួនឆ្នាំកន្លងមកនេះ សម្រាប់គាំទ្រគម្រោងនានាដែលត្រូវបានបង្កើតឡើងដោយអង្គការជាច្រើនដែលធ្វើការលើផ្នែកកាត់បន្ថយផលប៉ះពាល់ដោយសារបញ្ហាប្រែប្រួលអាកាសធាតុ។
លោក យ៉ែត សុជាតិស៊ូ លេខាបណ្តាញប្រែប្រួលអាកាសធាតុកម្ពុជា (Cambodia Climate Change Network) ដែលជាសម្ព័ន្ធអង្គការអភិរក្ស បានសម្តែងការព្រួយបារម្ភថា មិនមានការងារធ្វើគ្រប់គ្រាន់នាពេលបច្ចុប្បន្ន ក្នុងគោលបំណងរៀបចំសហគមន៍កសិដ្ឋាន និងសហគមន៍ នេសាទ។
លោកថ្លែងថា “ មានតែ យុទ្ធសាស្ត្រមិនអាចជួយបានច្រើនឡើយ។ ប្រសិនបើមានអន្តរាគមន៍ផ្នែកគោលនយោបាយ នឹងត្រូវមានការយកចិត្តទុកដាក់ទៅលើអាទិភាពសហគមន៍ ដែលដឹងច្បាស់អំពីស្ថានភាពជាក់ស្តែងនៅតាមមូលដ្ឋានដែលមានកម្រិតប្រែប្រួលអាកាសធាតុខុសៗគ្នា ទៅតាមតំបន់ ហើយចាំបាច់ត្រូវមានអន្តរាគមន៍ដើម្បីទទួលបានជោគជ័យច្រើនជាងមុន ដូចជានៅតំបន់ទន្លេសាបជាដើម”។
លោក ទិន ពន្លក ប្រធានការិយាល័យប្រែប្រួលអាកាសធាតុនៃក្រសួងបរិស្ថានបានឲ្យដឹងថា ប្រទេសកម្ពុជាបានត្រៀមខ្លួនយ៉ាងច្រើនសម្រាប់ដោះស្រាយបញ្ហានេះ។ លោកបានមានប្រសាសន៍ថា “ទាក់ទងទៅនឹងការសម្របសម្រួលជាមួយអង្គការនានាដែលធ្វើការងារផ្នែកប្រែប្រួលអាកាសធាតុ និងការសហការជាមួយគម្រោងសិក្សាស្រាវជ្រាវផ្សេងៗ យើងបានគាំទ្រឲ្យមានការដាក់បញ្ចូលបញ្ហាប្រែប្រួលអាកាសធាតុទៅក្នុងគោលនយោបាយរបស់រដ្ឋាភិបាល ក៏ប៉ុន្តែ នៅតែមានចំណុចត្រូវកែលម្អ”៕ សុធា
(រាយការណ៍បន្ថែមដោយ ហ៊ុល រស្មី)