27 C
Phnom Penh

បក្ស​ប្រឆាំង​នៅ​តែ​​ធ្វើ​ពហិការ​ ខណៈ​ដែល​បក្ស​ប្រជាជន​​កម្ពុជា​បើក​សម័យ​ប្រជុំ​សភា​ពេញ​អង្គ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាល​ពីម្សិលមិញ​ រដ្ឋសភា​បាន​កោះ​​ប្រជុំ​​សភា​ពេញ​អង្គ​លើក​ទី​២​បន្ទាប់​​ពី​បាន​ឈប់​សម្រាក​រយៈ​ពេល​​បីខែ ​ចំពេល​មាន​ការ​បន្ត​ធ្វើ​ពហិការ​ពី​សមាជិកស​ភា​ជាប់​ឆ្នោត​​​ទាំង​៥៥​រូប​របស់​គណបក្ស​​សង្គ្រោះ​ជាតិ​។

លោក ហ៊ុន ម៉ានី តំណាង​រាស្ត្រគណបក្ស​ប្រជាជន​កម្ពុជា​ពិភាក្សាជាមួយឪពុក​របស់គាត់​ គឺលោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ខណៈដែល​លោក​ សុខ អាន និង​លោក គាត ឈន់ សម្លឹងមើល​ នៅ​ក្នុង​សម័យ​ប្រជុំសភា​លើកទី២​។ សីុវ  ចាន់​ណា​
លោក ហ៊ុន ម៉ានី តំណាង​រាស្ត្រគណបក្ស​ប្រជាជន​កម្ពុជា​ពិភាក្សាជាមួយឪពុក​របស់គាត់​ គឺលោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ខណៈដែល​លោក​ សុខ អាន និង​លោក គាត ឈន់ សម្លឹងមើល​ នៅ​ក្នុង​សម័យ​ប្រជុំសភា​លើកទី២​។ សីុវ  ចាន់​ណា​

តំណាង​រាស្ត្រ​គណបក្សប្រជាជន​កម្ពុជា​៦៥​រូប​​ដែល​មាន​​វត្ត​មាន​នៅក្នុង​សម័យ​ប្រជុំ​នេះ​ បាន​អនុម័ត​​សេចក្តី​​​ព្រាងច្បាប់​​​ស្តីពី​​​ការ​​​ទូទាត់​​​ថវិកា​​​ទូទៅ​​​របស់​​​រដ្ឋ​​​សម្រាប់ឆ្នាំ​២០១២​​​ ​របស់​​រដ្ឋាភិបាល​ ហើយលោក​ ហេង សំរិន​ ប្រធាន​រដ្ឋ​សភា​បាន​អាន​ព្រះ​រាជ​សារលិខិត​​ព្រះ​មហាក្សត្រ នរោត្តម​ សីហមុនី ដែល​បាន​កោះ​ប្រជុំ​សភា​លើក​ដំបូង​កាល​ពី​ខែ​កញ្ញា។

លោក ហេង​ សំរិន បាន​អាន​ព្រះរាជ​សារ​ នោះថា “ខ្ញុំ​សង្ឃឹម​ថា រដ្ឋសភា​​ដ៏​គួរ​ឲ្យ​គោរព​បំផុត​​ដែល​តំណាង​ឲ្យ​ប្រជា​ពល​រដ្ឋ​ខ្មែរ​ទាំង​មូល​នឹង​បន្ត​កិច្ច​ខិត​ខំប្រឹង​ប្រែង​របស់ខ្លួន​​ក្នុង​ការ​ដោះស្រាយ​​បញ្ហា​​ប្រឈម​ណា​មួយ​ ដើម្បី​សម្រេច​គោល​ដៅ​របស់​កម្ពុជា​បន្តិច​ម្តង​ៗ​ដោយការ​ប្រកាន់​ខ្ជាប់​យ៉ាង​តឹង​រុឹង​ទៅ​នឹង​លទ្ធិ​ប្រជា​ធិបតេយ្យ​សេរី​ពហុបក្ស​”។

ពេល​ចុង​ក្រោយ​ដែល​រដ្ឋសភា​បាន​​កោះ​ប្រជុំ​គឺ​នៅខែ​ធ្នូ​ ដែល​នៅ​ពេល​នោះ​តំណាង​រាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា​​បាន​អនុ​ម័ត​ថវិកា​ឆ្នាំ​២០១៤​ និង​តែ​ង​តាំង​លោក ស៊ុយ សែម ឲ្យ​ធ្វើ​ជា​រដ្ឋ​មន្ត្រី​​ក្រសួង​រ៉ែ​ និង​ថាម​ពល​ឡើង​​វិញ​​។ ជាមួយ​អាសនៈ​៦៨​នៅ​ក្នុង​អាសនៈ​សភា​ចំនួន​១២៣​ នេះ គណបក្ស​ប្រជា​ជន​កម្ពុជា​អាច​អនុម័ត​ច្បាប់​ជាមួយ​សំឡេង​ភាគ​ច្រើន​ធម្មតា​ ប៉ុន្តែ មិនអាច​ធ្វើ​វិសោធនកម្ម​រដ្ឋ​ធម្មនុញ្ញដែល​តម្រូវ​ឲ្យមាន​សំឡេង​ពីរ​ភាគ​បី​បាន​ទេ​។

ថ្លែង​ទៅកាន់​រដ្ឋ​សភា​កាល​ពីម្សិលមិញ​ លោក ងួន ញិុល​ អនុ​ប្រធាន​ទី​១​នៃ​រដ្ឋ​សភា​បានមាន​ប្រសាសន៍​ថា តំណាង​រាស្ត្រ​គណ​បក្ស​ប្រជា​ជន​កម្ពុជា​​​ជាប់​រវល់​ចុះ​ជួប​អ្នក​បោះ​ឆ្នោត​នៅ​តាម​ខេត្ត​ និង​ព្រាង​ច្បាប់ក្នុង​រយៈ​ពេល​ប៉ុន្មាន​ខែ​ថ្មី​ៗ​នេះ​។

របៀប​វារៈ​សម្រាប់​សម័យ​ប្រជុំសភា​នេះ​មាន​ច្បាប់ស្តីពី​ផ្លូវ​ថ្នល់​ និង​វិសោធនកម្ម​​លើ​​កិច្ច​ព្រម​ព្រៀង​ពាណិជ្ជកម្ម​រវាង​កម្ពុជា​ និង​វៀត​ណាម​។

កាល​ពីម្សិលមិញ​ មជ្ឈមណ្ឌល​​សិទ្ធិមនុស្ស​កម្ពុជា​បាន​ចេញសេចក្តីថ្លែងការណ៍​មួយ​អំពាវ​នាវ​ឲ្យ​តំណាង​រាស្ត្រ​គណបក្ស​កាន់​អំណាច​ឈប់​អនុម័ត​ច្បាប់​ថ្មីៗ​ជា​ពិសេស​ច្បាប់ដែល​ទាក់​ទង​នឹង​សិទ្ធិមនុស្ស​ រហូត​ដល់​ភាព​ទាល់​ច្រក​ផ្នែក​នយោបាយ​​រវាង​គណ​​​បក្ស​ ប្រជា​ជន​កម្ពុជា និង​គណបក្ស​សង្គ្រោះជាតិ​ត្រូវ​បាន​ដោះស្រាយ​រួចរាល់សិន​។

សេចក្តី​ថ្លែង​ការណ៍​នោះលើក​ឡើង​ថា “មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា​មាន​ការ​ព្រួយ​បារម្ភ​ថា ដោយសារ​មាន​តែ​តំណាង​រាស្ត្រ​គណបក្ស​ប្រជា​ជន​កម្ពុជា​នៅក្នុង​រដ្ឋ​សភា​​នោះ សេចក្តី​ព្រាង​ច្បាប់​​នានា​នឹង​មិន​ត្រូវ​បាន​​ពិនិត្យ​ពិច័យ​​គ្រប់​គ្រាន់​ ហើយ​​មិន​តំណាង​ឲ្យឆន្ទៈ​ប្រជាពលរដ្ឋ​ឡើយ​”។

អ្វី​ដែល​​ជា​​កង្វល់​​នោះ គឺ​ច្បាប់​​មួយ​ចំនួន​​បាន​ទៅ​ដល់​រដ្ឋ​សភា​រួច​ហើយ​ រួម​ទាំង​ច្បាប់​ស្តី​ពី​ការ​កែ​ទម្រង់​តុលាការ​ សេចក្តី​ព្រាង​ច្បាប់​ស្តី​ពី​​អង្គការ​មិនមែន​រដ្ឋាភិបាល​ ច្បាប់​ស្តីពី​សហ​ជីព និង​ច្បាប់​​ស្តី​ពី​​អីុន​ធើណិតលើក​ដំបូង​នៅ​កម្ពុជា​។

សេចក្តី​ថ្លែង​ការណ៍​នោះ​បាន​លើក​ឡើង​ថា “ច្បាប់​នីមួយ​ៗ​ក្នុង​ចំណោម​ច្បាប់​ទាំង​នេះ​​នឹង​មាន​ផល​ប៉ះពាល់​ធ្ងន់​ធ្ងរ​លើ​ស្ថាន​ភាព​សិទ្ធិមនុស្ស​នៅកម្ពុជា​ ជា​ពិសេស​សិទ្ធិ​សេរី​ភាព​នៃ​ការ​បញ្ចេញ​មតិ​ សិទ្ធិ​ទទួល​បាន​​សវនា​ការ​​ដោយ​យុត្តិធម៌​​​ និង​សិទ្ធិ​សេរីភាព​ក្នុង​ការ​ជួប​ជុំ​ និង​​សិទ្ធិ​​តវ៉ា​​​​ទាម​ទារ​ប្រាក់​ខែ​និង​លក្ខខណ្ឌ​ការងារ​របស់​កម្មករ​”។

លោក សុន ឆ័យ​ ប្រធាន​ក្រុម​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​បានមាន​​ប្រសាសន៍​ថា រដ្ឋ​សភា​ខុស​ច្បាប់​​នេះ​មិន​មាន​អំណាច​អនុម័ត​ច្បាប់​ថ្មីៗ​ដោយគ្មាន​​ការ​ចូល​រួម​ពី​តំណាង​រាស្ត្រ​គណបក្ស​ប្រឆាំង​ឡើយ​។ លោក​បានមាន​ប្រសាសន៍​ថា “យើង​សង្ឃឹម​ថា គណបក្ស​ប្រជា​ជន​កម្ពុជា​យល់​រឿង​នេះ​ និង​មិនមាន​គំនិត​អនុម័តច្បាប់​ទាំង​នេះ​ទេ​។ ខ្ញុំ​សង្ឃឹម​ថា ពួក​គេ​នឹង​រង់​ចាំ​រហូត​ដល់​​មាន​ការ​​ដោះស្រាយ​ភាព​​ទាល់​ច្រក​​នយោ​បាយ​នេះ​សិន​”៕​គឹមហឿន

 

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស