35 C
Phnom Penh

លោក​ សម រង្សុី និង​លោក ស ខេង​៖ មាន​ការ​ត្រៀម​សម្រាប់​កិច្ច​ប្រជុំ​​ថ្នាក់​ដឹក​នាំ​​គណបក្ស​ទាំ​ងពីរ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោក ស ខេង រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ​ និង​លោក សម រង្ស៊ី ប្រធាន​គណបក្ស​ប្រឆាំង​បាន​និយា យកាលពីម្សិ លមិញ​ថា កំពុង​មាន​ការ​ត្រៀម​សម្រាប់​កិច្ច​ប្រជុំ​រវាង​លោក​ សម រង្ស៊ី និង​លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន ដើម្បីពិភាក្សា​អំពីភាព​ទាល់ច្រក​ផ្នែកនយោ​បាយ​នៅ​ក្នុង​​ប្រទេស​កម្ពុជា​។

ក្រោយ​ពី​សម័យ​ប្រជុំសភា​លើក​ទី២ ចាប់​តាំងពី​រដ្ឋាភិបាល​របស់​​គណបក្ស​ប្រជា​ជន​កម្ពុជា​ត្រូវ​បាន​បង្កើត​ឡើង​នៅ​ក្នុង​ខែ​កញ្ញា​មក លោក ស ខេង បាន​ឆ្លើយ​តប​យ៉ាង​ច្បាស់​នៅ​ពេល​សួរ​អំពី​សេចក្ដីរាយការណ៍​អំពី​លទ្ធ​ភាព​នៃ​កិច្ច​ប្រជុំបែប​នេះ​។ លោក​ ស ខេង មាន​ប្រសាសន៍​ដោយ​មិន​ បញ្ជាក់​លម្អិត​ថា “យើង​កំពុង​ត្រៀម​ យើង​កំពុង​ត្រៀម​”។

នៅ​ពេល​សួ​រ​តាម​ទូរស័ព្ទ​​អំពី​ការ​លើកឡើង​របស់​លោក ស ខេង លោក សម រង្ស៊ី​ បាន​មាន​ប្រសាសន៍​ថា តំណាង​គណបក្ស​ទាំង​ពីរ​កំពុង​ពិភាក្សា​គ្នា​ដើម្បី​បង្កើត​របៀប​វារៈ​សម្រាប់​កិច្ច​ប្រជុំ​រវាង​មេដឹកនាំ​​ជាន់​ខ្ពស់​របស់​គណបក្ស​ទាំង​ពីរ​។

លោក សម រង្ស៊ី​ ​មាន​ប្រសាសន៍​ថា “ឥឡូវ​​នេះ​​ មាន​ទំនាក់​ទំនង​គ្នា​នៅ​ថ្នាក់​ក្រោម​​។ ពួក​គេ​កំពុង​ត្រៀម​សម្រាប់​កិច្ច​ប្រជុំ​រវាង​មេដឹក​នាំជាន់​ខ្ពស់​”។ លោក​បន្ថែម​ថា “ពួកគេ​កំពុង​ផ្លាស់​ប្ដូរ​ព័ត៌មាន​ និង​កំពុង​សម្រប​សម្រួល​រក​ដំណោះ​ស្រាយ​រួម​។ ខ្ញុំមិនអាច​និយាយ​ច្រើន​ជាង​នេះ​បាន​ទេ ប៉ុន្តែ​ខាង​ភាគីយើង​មានលោក សុន ឆ័យ ដែលកំពុង​ចរចាជាមួយ​មន្ត្រី​រដ្ឋា​ភិបាល​ម្នាក់​”។

លោក សុន ឆ័យ ដែល​ជា​ប្រធាន​ក្រុម​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះជាតិ បាន​មាន​ប្រសាសន៍​ថា ការ​ពិភាក្សា​អំពី​កិច្ច​ប្រជុំ​ថ្នាក់​លើ​បែប​នេះ​កំពុង​ស្ថិត​នៅ​ក្នុង​ដំណាក​់​កាល​ដំបូង​នៅ​ឡើយ​។ លោក សុន ឆ័យ បាន​មាន​ប្រសាសន៍​ថា “មាន​ការ​ទាក់​ទង​​គ្នា​រវាង​រូប​ខ្ញុំ​ និង​លោក ព្រំុ សុខា រដ្ឋលេខាធិការ​ក្រសួង​មហាផ្ទៃ​​ មក​ពី​គណបក្ស​ប្រជា​ជន​កម្ពុជា​​”។

តំណាង​រាស្ត្រជាប់​ឆ្នោត​គណបក្ស​ប្រឆាំង​​រូប​នេះ​បានមាន​ប្រសាសន៍​ថា “ឥឡូវ​នេះ​យើង​ត្រូវ​បាន​តែង​តាំង​ឲ្យ​រក​ដំណោះ​ស្រាយ​​​ចំពោះវិបត្តិ​នេះ​។ ប៉ុន្តែ​យើង​មិនទាន់​មាន​ព័ត៌មាន​លម្អិត​ទៀត​ទេ​។ យើង​មិនទាន់​បាន​ជួប​ពិភាក្សា​គ្នា​អំពី​អ្វីដែលយើង​អាច​​​នាំ​យក​ទៅដាក់ជូន​ថ្នាក់​ដឹកនាំគណបក្ស​វិញទេ​”។

លោក សុន ឆ័យ បដិសេធ​មិន​មាន​ប្រសា​សន៍​បន្ថែមទៀត​ទេ ព្រោះលោក​កំពុង​ចូល​រួម​ពិធីមង្គល​ការ​។ លោក ព្រំុ សុខា ដែល​បាន​​​​មានប្រសាសន៍​ថា លោកកំពុង​ចូល​រួម​មង្គល​ការ​ដែរ​នោះ​បាន​បដិសេធ​មិន​ធ្វើ​អត្ថា​ធិប្បាយ​អំពី​បញ្ហា​នេះ​ទេ​។

លោក ព្រុំ សុខា និង​លោក សុន ឆ័យ បាន​​​ ដឹក​នាំ​មន្ត្រីគណបក្ស​រៀង​ខ្លួន​នៅ​ក្នុង​ការ​ពិភាក្សា​កាលពីចុង​ខែ​កុម្ភៈ ដែល​បាននាំ​ឲ្យ​មាន​ការ​បង្កើត​គណៈកម្មការ​កំណែទម្រង់​ការ​បោះឆ្នោត​។  កាលពីសប្ដាហ៍មុន​ គណ​បក្ស​​​សង្គ្រោះជាតិ​បាន​ផ្អាក​គណៈកម្មការ​នេះ​​បន្ទាប់ពីគណបក្ស​ប្រជា​ជន​មិន​ព្រម​ពិចារណា​ ​សំណើ​សុំផ្ដល់​​សិទ្ធិ​ឲ្យ​គណបក្ស​ប្រឆាំង​​ចូល​រួម​ក្នុង​ការ​តែង​តាំង​សមាជិក​គណៈ​កម្មាធិការ​ជាតិ​រៀប​ចំការ​បោះ​ឆ្នោត​។

ក្រោយ​មក​ លោក សម រង្ស៊ី បាន​ទាម​ទារ​ឲ្យ​មាន​កិច្ច​ប្រជុំ​ជាមួយ​លោក ហ៊ុន សែន។ នៅ​ខាង​ក្រៅ​សម័យ​ប្រជុំ​សភា​កាលពី​ម្សិលមិញ លោក ហ៊ុន សែន បាន​ជំទាស់​នៅ​ពេល​សួរ​ពី​លទ្ធភាព​នៃជំនួប​ថ្នាក់កំពូល​នេះ​។

លោក​នាយក​រដ្ឋមន្ត្រី​មាន​ប្រសាសន៍​ថា “យើង​បាន​ប្ដេជ្ញា​ថា យើង​នឹង​នៅ​តែ​ដើរ​ទៅ​ មុខ​ ប៉ុន្តែ​ភាគី​ម្ខាង​ទៀត​ម្ដង​ដើរ​ទៅមុខ​ម្ដង​ ដើរ​ថយ​ក្រោយ​។ ដូច្នេះ អ្នក​ដែល​អស់​លោក​​ត្រូវ​សួរ​គឺ​មនុស្ស​ផ្សេង​ មិនមែន​ខ្ញុំទេ​”​៕គឹមហឿន

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស