29 C
Phnom Penh

ADB ព្យាករ​​​ថា សេដ្ឋកិច្ច​​​កម្ពុជា​​​នឹង​​​ធ្លាក់​​​ចុះ​​​ដោយ​​​សា​​​រ​​​ភាព​​​ចលា​​​ចល​​​ខាង​​​នយោបាយ​​​និង​​​កម្លាំង​​​ពល​​​កម្ម​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ធនាគារ​​​អភិវឌ្ឍន៍​​អាស៊ី​​ ​​​​ហៅ​​​កាត់​​​​​​ ADB បាន​​​លើក​​​ឡើង​​​ក្នុង​​​របាយការណ៍​​​​​​​​​ស្ដី​​​ពី​​​​​​ទស្សន​​​វិស័យ​​​សេដ្ឋកិច្ច​​​ឆ្នាំ​​​២០១៤​​​របស់​​​​​​ខ្លួន​ដែល​​​​​ចេញ​​​ផ្សាយ​​​កាល​​​ពី​​​​​​ម្សិលមិញ​​​ថា កំណើន​​​សេដ្ឋកិច្ច​​របស់​​​​​​កម្ពុជា​​​នឹង​​​​​​ធ្លាក់​​​ចុះ​​​បន្តិច​​​បន្តួច​​​​​​​​​​​​​​​ដោយ​​​សារ​​​តែ​​​​​​ស្ថានភាព​​​មិន​​​ប្រាកដ​​​ប្រជា​​​ផ្នែក​​​នយោបាយ​​​​​​និង​​​ទីផ្សារ​​​ការងារ​​​​​​ និង​​​​​​អតិ​​​ផរណា​​​កើន​​​ឡើង​​​។​​​

តាម​​​ការ​​​រំពឹង​​​ទុក​​​ថា កំណើន​​​សេដ្ឋកិច្ច​​​នឹង​​​ធ្លាក់ចុះ​​​មក​​​នៅ​​​ត្រឹម​​​​​​៧,០​​​ភាគរយ​​​នៅ​​​ឆ្នាំ​​​២០១៤ ពោល​​​ គឺ​​​​​​ធ្លាក់​​​ចុះ​​​បន្តិច​​​បន្តួច​​​​​​បើ​​​​​​ប្រៀប​​​ធៀប​​​​​​ទៅ​​​នឹង​​​ការ​​​ប៉ាន់​​​ប្រមាណ​​​របស់​​​​​​ធនាគារ​​​​​​នេះ​​​​​​កាល​​​ពីខែ​​​តុលា​​​ថា កម្ពុជា​​​នឹង​​​​​​ទទួល​​​បាន​​​​​​កំណើន​​​៧,៥​​​ភាគ​​​រយ​​​នៅ​​​ឆ្នាំ​​​នេះ​​​តែ​​​ទោះ​​​ជា​​​យ៉ាង​​​ណា​​​​​​ កម្ពុជា​​​នឹង​​​នៅ​​​តែ​​​ជា​​​​​​ប្រទេស​​​ដែល​​​​​​មាន​​​អត្រា​​​កំណើន​​​ខ្ពស់​​​បំផុត​​​ទី៣ នៅ​​​អាស៊ី​​​អាគ្នេយ៍​​​ ពោល​​​​​​គឺ​​​នៅ​​​ក្រោម​​​តែ​​​ប្រទេស​​​ភូមា និង​​​​​​ប្រទេស​​​ឡាវ​​​ប៉ុណ្ណោះ​​​។ កាល​​​ពី​​​ឆ្នាំ​​​មុន​​​ សេដ្ឋកិច្ចរបស់​​​កម្ពុជា​​​​​​បាន​​​កើន​​​ឡើង​​​​​​៧,២​​​ភាគរយ​​​។​​​

ការ​​​រំពឹង​​​ថា កំណើន​​​​​​ផលិត​​​ផល​​​​​​ក្នុង​​​ស្រុក​​​​​​សរុប​​​ (GDP) របស់​​​ប្រទេស​​​កម្ពុជា​​​នឹង​​​ធ្លាក់​​​ចុះ​​​​​​​​​នេះ​​​​​​​​​ គឺ​​​​​​ដោយ​​​សារ​​​​​​​​​វិនិយោគិន​​​​​បាត់​​​បង់​​​​​​ការ​​​ជឿ​​​ទុក​​​ចិត្ត​​​​​​បង្ក​​​ឡើង​​​ដោយ​​​​​​​​​ការ​​​អាក់​​​ខាន​​​​​​ដល់​​​​​​វិស័យ​​​កាត់​​​ដេរ​​​​​​និង​​​វាយនភណ្ឌ​ ដែល​​​ជា​​​​​​​​ឧស្សា​​​ហ​​​កម្ម​​​​​​ដ៏​​​សំខាន់​​​​​​របស់​​​ប្រទេស​​​​​​​​​នេះ​​​​​​​និង​​​​​​ការ​​​ជាប់​​​​​​គាំង​​​ផ្នែក​​​នយោ​​​បាយ​​​​​​​​​​​​ដែល​​​មិន​​​ទាន់​​​​​​​​​មាន​​​​​​ការ​​​ដោះ​​​ស្រាយ​​​​​​ចាប់​​​តាំង​​​ពី​​​​​​​​​ការ​​​បោះ​​​ឆ្នោត​​​​​​​​​ជាតិ​​​មក​​​។

មនុស្ស​​​ប្រាំពីរ​​​នាក់​​​​​​​​​ត្រូវ​​​បាន​​​កង​​​កម្លាំង​​​រដ្ឋា​​​ភិបាល​​​សម្លាប់​​​​​​នៅ​​​​​​ក្នុង​​​​​​អំពើ​​​ហិង្សា​​​ពាក់ព័ន្ធ​​​​​​នឹង​​​​​​ការ​​​តវ៉ា​​​ចាប់​​​តាំង​​​ពី​​​ការ​​​បោះឆ្នោត​​​មក​​​។

របាយការណ៍​​​ធនាគារ​​​នេះ​​​​​​លើក​​​​​​​​​ឡើង​​​​​​ថា “ភាព​​​តាន​​​តឹង​​​​​​ផ្នែក​​​នយោបាយ​​​​​​ចាប់​​​តាំង​​​​​​ពី​​​ការ​​​បោះឆ្នោត​​​​​​ជាតិ​​​កាល​​​ពី​​​ខែ​​​កក្កដា​​​ឆ្នាំ​​​មុន​​​​​​មក​​​ បូក​​​រួម​​​​​​កូដកម្ម​​​​​​របស់​​​កម្មករ​​​កាត់​​​ដេរ​​​​​​សុំ​​​ដំឡើង​​​ប្រាក់​​​ខែ​​​​​​គោល​​​ បាន​​​ធ្វើ​​​ឲ្យ​​​​​​វិនិយោ​​​គិន​​​បាត់​​​បង់​​​​​​ការ​​​​​​​​​ជឿទុក​​​ចិត្ត​​​​​​និង​​​​​​​​​ធ្វើ​​​ឲ្យផលិត​​​កម្ម​​​​​​សម្លៀក​​​បំពាក់​​​និង​​​ស្បែក​​​ជើង​​​​​​មួយ​​​ចំនួន​​​នៅ​​​ចុង​​​ឆ្នាំ​​​២០១៣ និង​​​ដើម​​​ឆ្នាំ​​​២០១៤​​​​​​ត្រូវ​​​​​​អាក់​​​ខាន”។

របាយការណ៍​​​នេះ​​​បន្ត​​​​​​ថា “ស្ថាន​​​ភាព​​​មិន​​​ប្រាកដ​​​ប្រជា​​​ផ្នែក​​​នយោបាយ​​​និង​​​ហានិភ័យ​​​នៃ​​​ភាព​​​ចលាចល​​​​​​ការ​​​ងារ​​​បន្ថែម​​​ទៀត​​​​​​​ធ្វើ​​​ឲ្យ​​​​​​ការ​​​វិនិយោគ​​​មួយ​​​ចំនួន​​​នៅ​​​ក្នុង​​​ឆ្នាំ​​​នេះ​​​​​​ថយ​​​ចុះ​​​​​​។​​​ ភាព​​​មិន​​​ប្រាកដ​​​ប្រជា​​​ទាំង​​​នេះ​​​ក៏​​​អាច​​​កើត​​​មាន​​​លើ​​​​​​វិស័យ​​​ទេសចរណ៍​​​និង​​​​​​សកម្ម​​​ភាព​​​​​អចលនទ្រព្យ​​​ផង​​​ដែរ​​​”។

ធនាគារ​​​នេះ​​​ព្យាករ​​​ថា កំណើន​​​សេដ្ឋ​​​កិច្ច​​​នឹង​​​កើន​​​ឡើង​​​វិញ​​​នៅ​​​ឆ្នាំ​​​២០១៥ ក្នុង​​​​​​កម្រិត​​​៧,៣​​​ភាគរយ​​​ ដោយ​​​សារ​​​​​​ “ការ​​​កើន​​​ឡើង​​​​​​ការ​​​នាំចេញ​​​ វិស័យ​​​កសិ​​​កម្ម​ និង​​​សេវាកម្មរីក​​​ចម្រើន​​​ ​​​បូក​​​រួម​​​ជាមួយ​​​នឹង​​​​​​សេដ្ឋ​​​កិច្ច​​​រើប​​​ឡើង​​​​​​រឹង​​​មាំ​​​នៅ​​​ក្នុង​​​សេដ្ឋកិច្ច​​​ឧស្សាហកម្ម​​​សំខាន់ៗ​​​”។​​​

របាយការណ៍​​​នេះ​​​លើក​​​ឡើង​​​ថា “ការ​​​រឹត​​​​​​បន្ដឹង​​​​​​​​​ការ​​​ប្រមូល​​​​​​ពន្ធគយ​​​​​​នឹង​​​​​​​​​​​​​​​រក្សា​​​​​​កា​​​រដាក់​​​សម្ពាធ​​​​​​បន្ថែម​​​ទៀត​​​​​​លើ​​​​​​តម្លៃ​​​នាំ​​​ចូល​​​​​​​​​ក្នុង​​​ឆ្នាំ​​​២០១៤​​​។​​​ អតិផរណា​​​​​​ឆ្នាំ​​​​​​ធៀប​​​នឹង​​​ឆ្នាំ​​​​​​មាន​​​​​​៤,៦​​​ភាគ​​​រយ​​​​​​​​​​​​នៅ​​​ក្នុង​​​ខែ​​​មករា​​​ ឆ្នាំ​​​២០១៤ ប៉ុន្តែ​​​​​​មាន​​​​​​ការ​​​រំពឹង​​​ទុក​​​ថា អតិផរណា​​​ជា​​​មធ្យម​​​​​​ គឺ​​​៣,៥​​​ភាគ​​​រយ​​​សម្រាប់​​​ពេញ​​​មួយ​​​ឆ្នាំ​​​នេះ​​​ ពោល​​​ គឺ​​​​​​កើន​​​ឡើ​​​ងតិច​​​តួច​​​​​​ពីឆ្នាំ​​​២០១៣​​​”។

ឧស្សាហកម្ម​​​សម្លៀក​​​បំពាក់​​​​​​មាន​​​​​​ចំនួន​​​​​​ស្មើ​​​​​​​​​ប្រហែល​​​៨០​​​ភាគរយ​​​នៃ​​​ការ​​​នាំចេញ​​​របស់​​​កម្ពុជា​​​។​​​ កាល​​​ពី​​​ឆ្នាំ​​​២០១៣ ការ​​​នាំចេញ​​​សម្លៀក​​​បំពាក់​​​​​​បាន​​​កើន​​​ឡើង​​​​​​២០​​​ភាគរយ​​​ដល់​​​​​​៥,៥៣​​​ពាន់​​​លាន​​​ដុល្លារ​​​។

កាល​​​ពី​​​ឆ្នាំ​​​មុន​​​មាន​​​​​​​​​កូដកម្ម​​​​​ដល់​​​ទៅ​​​​​​១៤៧​​​លើក​​​​​​​​​ក្នុង​​​វិស័យ​​​​​​កាត់​​​ដេរ​​​​ គឺ​​​កើន​​​ឡើង​​​​​​​​​២១​​​,៥​​​ភាគ​​​រយ​​​ បើ​​​ធៀប​​​នឹង​​​ឆ្នាំ​​​​​​២០១២​​​។​​​ សហ​​​ជីព​​​​​​ចំនួន​​​ប្រាំមួយ​​​បានរៀប​​​ចំ​​​កូដកម្ម​​​និង​​​បាតុកម្ម​​​ទូទាំង​​​ប្រទេស​​​​​​ ដែល​​​បាន​​​ចាប់​​​ផ្ដើម​​​​​​កាល​​​​​​ពីចុង​​​ខែ​​​​​​ធ្នូ​​​ ហើយ​​​​​បាន​​​បន្ត​​​​​ជាង​​​​​​​​មួយ​​​សប្ដាហ៍​​​ បណ្ដាល​​​ឲ្យ​​​​​​​​​រោងចក្រ​​​រាប់​​​​​​រយ​​​​​​​​​ត្រូវ​​​បិទ​​​ទ្វារ​​​​​​ជា​​​​​​បណ្ដោះ​​​អាសន្ន។ របាយ​​​ការណ៍​​​មួយ​​​​​​របស់​​​រដ្ឋាភិបាល​​​​​​ដែល​​​ចេញ​​​ផ្សាយ​​​​​​​​កាល​​​ពី​​​សប្ដាហ៍​​​មុ​​​ន​​​បាន​​​បញ្ជាក់​​​ថា ស្ថានភាព​​​ចលា​​​ចល​​​នេះ​​​បាន​​​ធ្វើ​​​ឲ្យ​​​​​​ឧស្សា​​​ហ​​​កម្ម​​​កាត់​​​ដេរ​​​​​​​​​ខាត​​​​​​បង់​​​ចំនួន​​​​​​​​​៧២​​​លាន​​​ដុល្លារ​​​​​​។

លោក​​​ កែន លូ អគ្គលេខាធិការ​​​សមា​​​គម​​​​​​រោងចក្រ​​​កាត់​​​ដេរនៅ​​​កម្ពុជា​​​​​​ ហៅ​​​កាត់​​​ថា GMAC បាន​​​មាន​​​ប្រសាសន៍​​​ថា ចំនួន​​​កូដកម្ម​​​​​​នេះ​​​​​​​​​បាន​​​​​​ធ្វើ​​​ឲ្យ​​​វិនិយោ​​​គិន​​​យល់​​​ខុស​​​​​​ចំពោះ​​​ឧស្សហកម្មនេះ។

​​លោក​​​មាន​​​ប្រសាសន៍​​​ទៀត​​​ថា​​​ “មាន​​​ការ​​​ធ្លាក់​​​ចុះ​​​​​​កា​​​រវិនិ​​​យោគ​​​ជា​​​ច្រើន​​​នៅ​​​ក្នុង​​​ឧស្សា​​​កម្ម​​​​​​នេះ​​​ ពីព្រោះ​​​តែ​​​ភាព​​​ស្ញប់​​​ស្ញែង​​​​​​ដែល​​​​​​សហ​​​ជីពមួយ​​​ក្រុម​​​តូច​​​​​កំពុង​​​បង្កើត​​​ឡើង ​​​​​​មាន​​​ភាព​​​អវិជ្ជមាន​​​ខ្លាំ​​​ង ហើយវិនិយោគិន​​​​​​កំពុង​​​រង់​​​ចាំ​​​ស្ថានភាព​​​ស្ងប់ស្ងាត់​​​។ យើង​​​​​​​​​កំពុង​​​តែ​​​ព្យា​​​យា​​​​​​ម​​​អស់​​​ពី​​​លទ្ធភាព​​​របស់​​​យើង​​​​​​ដើម្បី​​​បង្កើត​​​​​​រូបភាព​​​ពិត​​​តំណាង​​​ឲ្យ​​​​​​ឧស្សាហកម្ម​​​នេះ​​​”។

លោក​​​ អេរីក​​​ ស៊ិច​​​វិក​​​ (Eric Sidgewick) ប្រធាន​​​ធនាគារ​​​ ADB ប្រចាំ​​​ប្រទេសកម្ពុជា​​​បានមាន​​​ប្រសាសន៍​​​នៅ​​​ឯ​​​សន្និសីទ​​​​​​មួយ​​​ដើម្បី​​​បញ្ចេញ​​​របាយការណ៍​​​ទស្សន​​​វិស័យ​​​​​​របស់​​​ធនាគារ​​​នេះ​​​​​​ថា ចាំបាច់​​​ត្រូវ​​​តែ​​​​​​ធ្វើឲ្យ​​​​​​​​​កម្លាំង​​​ពលកម្ម​​​របស់​​​​​​ប្រទេស​​​កម្ពុជាប្រសើ​​រ​​​ឡើង​​​​​​​​​​​​ដើម្បី​​​​​​ធ្វើ​​​ឲ្យ​​​កម្ពុជា​​​អាច​​​ប្រកួត​​​ប្រជែង​​​​​​នឹង​​​គេ​​​​​​បាន​​​​​​នៅ​​​​​​ក្នុង​​​សហគម​​​ន៍​​​សេដ្ឋកិច្ច​​​អាស៊ាន​​​​​​និង​​​ដើម្បី​​​អភិវឌ្ឍ​​​ឧស្សាហកម្ម​​​តម្លៃ​​​ខ្ពស់​​​។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ទៀត​​​ថា “បញ្ហា​​​​​​ប្រឈម​​​​​​ គឺ​​​​​​នៅ​​​ត្រង់​​​​​​កម្លាំង​​​​​​ពល​​​កម្ម​​​ជំនាញ​​​​​​​​​និង​​​​​​​​​មាន​​​ការ​អប់រំ​​​ បើ​​​ប្រៀប​​​ធៀប​​​ទៅ​​​នឹង​​​តំបន់​​​។ ដូច្នេះ​​​កម្ពុជា​​​​​​ធ្វើ​​​បាន​​​ល្អ​​​ហើយ​​​​​​​​​ពាក់ព័ន្ធនឹ​​​ង​​​កា​​​រងារ​​​​​​​​​ ដែល​​​ត្រូ​​​វ​​​ការ​​​​​​​​​កម្លាំង​​​ពល​​​កម្ម​​​ច្រើន​​​ ប៉ុន្តែ​​​​​​ដោយ​​​សារ​​​តែ​​​ប្រទេស​​​នេះ​​​ចង់​​​​​​ធ្វើ​​​សមាហ​​​រណ​​​​​​កម្ម​​​ ប្រទេស​​​នេះ​​​​​​នឹង​​​​​​ត្រូវ​​​​​​សម្លឹង​​​រក​​​សកម្មភាព​​​តម្លៃ​​​បន្ថែម​​​​​​ខ្ពស់​​​ដើម្បី​​​អនុវត្ត​​​ ឬ​​​ប្រកួត​​​ប្រជែង​​​ជាមួយ​​​​​​នឹង​​​​​​សង្វាក់​​​​​​តម្លៃ​​​បន្ថែម​​​”។

លោក​​​ ស្រី ចន្ធី ជា​​​សេដ្ឋវិទូ​​​ឯក​​​រាជ្យ​​​​​បាន​​​មាន​​​ប្រសាសន៍​​​ថា ជាមួយ​​​នឹង​​​កំណើនទាំង​​​អស់​​​នេះ​​​នៅ​​​ប៉ុន្មាន​​​ឆ្នាំ​​​ខាង​​​មុខ​​​ រដ្ឋាភិបាល​​​គួរ​​​តែ​​​ផ្ដោត​​​​​​ការ​​​ខំប្រឹង​​​ប្រែង​​​របស់​​​​​​ខ្លួន​​​លើ​​​ការ​​​​​​ចែក​​​ចាយ​​​​​​ទ្រព្យ​​​​​​ទាំង​​​អស់​​​​​​នេះ​​​​​​។ លោកស្រី​​​បានថ្លែង​​​​​​បន្តទៀតថា “សំណួរ​​​នៅ​​​ត្រង់​​​ថា តើ​​​ផល​​​នៃ​​​កំណើន​​​នេះ​​​នា​​​ពេល​​​អនាគត​​​​​​គេ​​​អាច​​​ចែក​​​ចាយ​​​ទៅ​​​ដល់​​​ប្រជាពល​​រដ្ឋ​​​ក្រីក្រ និង​​​ជា​​​ពិសេស​​​​​​ដល់​​​កម្មករ​​​រាប់​​​​​​សែន​​​នាក់​​​នៅ​​​ក្នុង​​​ប្រទេស​​​​​​​​​ដោយ​​​របៀបណា​​​”៕ សុខុម​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស