25 C
Phnom Penh

អង្គការក្រៅរដ្ឋា​ភិបាល​រាយការណ៍​​អំពី​ ‘រលកថ្មី’  នៃជ​ម្លោះ​ដី​ធ្លី​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

យោងតាមអង្គការ​សិទ្ធិមនុស្ស​លីកាដូ​​​បាន​ឲ្យដឹងថា ជម្លោះ​ដីធ្លី​នៅទូទាំង​​ប្រទេស​កំពុងតែ​កើន​ឡើង​ម្ត​ងទៀតបន្ទាប់ពី​មាន​ភាព​ស្ងប់​ស្ងាត់​ក្នុងឆ្នាំបោះឆ្នោត។

ជម្លោះ​ដី​ធ្លី​ដែលពាក់​ព័ន្ធ​នឹង​រដ្ឋ​ត្រូវ​បាន​អង្គការ​សិទ្ធិ​មនុស្ស​ក្នុង​ស្រុក​ លីកា​ដូ​ ស៊ើប​អង្កេត​ចាប់​ពី​ខែ​មករា ឆ្នាំ​២០០០​។ Licadho
ជម្លោះ​ដី​ធ្លី​ដែលពាក់​ព័ន្ធ​នឹង​រដ្ឋ​ត្រូវ​បាន​អង្គការ​សិទ្ធិ​មនុស្ស​ក្នុង​ស្រុក​ លីកា​ដូ​ ស៊ើប​អង្កេត​ចាប់​ពី​ខែ​មករា ឆ្នាំ​២០០០​។ Licadho

អង្គការ​លីកាដូ​បាន​ឲ្យ​ដឹង​ថា ជម្លោះ​នៅ​តែ​បន្តកើតឡើង​ បើទោះជា​មាន​បម្រាម​ពី​​រដ្ឋា​ភិបាល​លើ​សម្បទាន​ដីសេដ្ឋកិច្ច​ថ្មី និង​ជំរុញ​ការ​ចេញ​ប័ណ្ណ​កម្មសិទ្ធិដីបន្ថែមទៀត​ក៏ដោយ​។

នៅ​ក្នុង​ខេត្ត​ចំនួន​១៣​​ដែល​​អង្គការ​ក្រៅ​រដ្ឋា​ភិបាលនេះ​បាន​សង្កេត​ឃើញ​ថា “រលក​ថ្មី” នៃ​សកម្មភាព​ទន្ទ្រាន​យក​ដី​បាន​ប៉ះពាល់​ដល់​ប្រជា​ពល​រដ្ឋ​ជាង​២.២០០​គ្រួសារ​ថ្មី​ចាប់ពីខែ​មករា​រហូត​ដល់​ខែមីនា ពោលគឺ​ច្រើន​ជាង​ជិត​បួន​ដង​នៃចំនួន​​ប្រជា​ពល​រដ្ឋ​៦១៨​គ្រួសារ​ ដែល​ពាក់ព័ន្ធ​នៅ​ក្នុង​ជម្លោះ​ដី​ធ្លី​ប្រហាក់​ប្រហែល​គ្នា​នេះ​ អំឡុង​រយៈពេល​ដូច​គ្នា​កាលពីឆ្នាំមុន​។ ជម្លោះ​ចុង​ក្រោយ​កាលពី​ពេលថ្មីៗ​នេះ​បាន​ជំរុញ​ឲ្យ​ប្រជា​ជន​ខ្មែរ​​ជាង​៥០០.០០០​​​នាក់​ពាក់​ព័ន្ធ​ក្នុង​ជម្លោះ​ដីធ្លី​ក្នុង​ខេត្ត​១៣​ដែល​ត្រូវ​បាន​​កត់ត្រា​ដោយ​អង្គការ​លីកាដូ ចាប់​តាំង​ពីឆ្នាំ​២០០០​មក​។

លោកស្រី ណាលី ពីឡូក ប្រធាន​អង្គការ​លីកាដូ បាន​ចាត់​ទុក​តួលេខ​នេះជា “កំណើន​​​​ដ៏គួរ​ឲ្យ​អៀនខ្មាស​មួយ​”។ លោក​ស្រី​បាន​ឲ្យ​ដឹង​ថា “ ចំនួន​នីមួយៗ​បង្ហាញពី​ជីវិត​ដែលរង​ការ​បំផ្លិចបំផ្លាញ ដែល​បុគ្គល​ម្នាក់​ៗ​ប្រឈម​​​នឹង​ការ​លំបាក​ធ្ងន់​ធ្ងរ​។ ប្រសិន​បើ​គ្មាន​ដីទេ​ ពួកគេ​គ្មាន​មធ្យោបាយ​ដើម្បី​ប្រកប​មុខ​របរ​ចិញ្ចឹមជីវិត​ឡើយ​។ ​ពេល​​​នេះ​ រដ្ឋា​ភិបាល​ត្រូវ​តែ​​បញ្ចប់​សកម្មភាព​​ទន្ទ្រាន​យក​​​ដីធ្លីនេះ​។

ការ​កើន​ឡើង​នៃ​ជម្លោះដីធ្លីដែល​ត្រូវ​បាន​រាយការណ៍​នេះ​កើត​ឡើង​ បើទោះជា​មាន​បម្រាមសម្បទាន​ដីសេដ្ឋ​កិច្ច​ថ្មីដែល​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បានដាក់​ចេញ​ ​នៅ​ពាក់កណ្ដាល​ឆ្នាំ​២០១២ ​ចំពេល​​​មាន​ការ​រិះគន់​កាន់​តែ​កើន​ឡើង​ពីការ​បណ្ដេញ​​​ចេញដោយ​​បង្ខំ និង​ការ​កាប់​ឈើ​ខុស​ច្បាប់​។​នៅ​ពេល​នោះដែរ​ លោក​នាយក​រដ្ឋមន្ត្រី​បាន​បញ្ជា​ឲ្យ​មាន​ការ​ពិនិត្យ​សម្បទាន​ដែល​មាន​ស្រាប់​ទាំង​អស់​ទៅតាម​ច្បាប់​។ លោក​បាន​គំរាម​ដក​អាជ្ញាប័ណ្ណ​ពី​​អ្នក​ទាំង​ឡាយ​ណា​ដែល​​រំលោភ​បញ្ញត្តិ​ និង​បាន​សន្យា​នៅ​ទូទាំង​ប្រទេសថា នឹង​បន្ត​ផ្ដល់​ប័ណ្ណកម្មសិទ្ធិ​ឲ្យ​ដល់​ប្រជា​ពល​រដ្ឋ​។

ចាប់​តាំងពីពេ​ល​នោះ​មក រដ្ឋាភិបាល​បាន​​​ប្រគល់​​​ប័ណ្ណកម្មសិទ្ធិ​ថ្មីចំនួន​៤៥០.០០០ប័ណ្ណ​។ អង្គការ​លីកាដូ​បាន​កត់​ត្រា​ការ​ធ្លាក់​ចុះ​នៃចំនួន​គ្រួសារ​ដែលរង​ផល​​ប៉ះពាល់​​ដោយ​សា​រ​ជម្លោះ​​​ដីធ្លីថ្មីៗ​នេះ​នៅ​ក្នុង​ខេត្ត​ចំនួន​១៣​​ ចាប់​ពីឆ្នាំ​២០១២​ដល់​ឆ្នាំ​២០១៣​ និង​កំណើន​​នៃ​ករណីសរុប។ អង្គការ​នេះ​លើក​ឡើង​ថា ការ​ជំរុញ​ចេញ​ប័ណ្ណ​កម្ម​សិទ្ធិដី​បាន​​ធ្វើ​ឲ្យ​​​ស្ថាប័ន​រដគេច​ចេញពីការ​ទទួល​បន្ទុក​ការ​ងារ​​ស្រប​ច្បាប់​នេះ។ អង្គការ​នេះ​ក៏​អះ​អាង​ដែរ​ថា រដ្ឋាភិបាល​បាន​បដិសេធ​មិន​ប្រើ​បញ្ញត្តិថ្មី​ជា​សាធារណៈ​ ឬអនុញ្ញាត​ឲ្យ​​អង្គការ​ក្រៅ​រដ្ឋា​ភិបាល​ពិនិត្យ​តាម​ដាន​គម្រោង​ផ្ដល់​ប័ណ្ណកម្ម​សិទ្ធិនេះឡើយ​។

ចំណែក​ឯ​ការ​ត្រួត​ពិនិត្យ​ដីមាន​ស្រាប់​ រដ្ឋាភិបាល​បាន​លុប​ចោល​អាជ្ញាប័ណ្ណ​តិច​តួច​ប៉ុណ្ណោះ​។ នៅចុង​ឆ្នាំ​​២០១២​ លោក ច័ន្ទ សារុន ដែល​ជា​រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម​នៅ​ពេល​នោះ បាន​លើកឡើង​​ថា ដំណើរ​ការ​ត្រួត​​ពិនិត្យ​នេះ​មិន​បាន​ចាប់​ផ្ដើម​នៅឡើយ​ទេ ដោយ​សារ​តែ​មាន​ការ​ព្រួយ​បារម្ភ​អំពី​ករណី​ភ្លៀងធ្លាក់ដែលអាច​បង្ក​ផល​​ប៉ះពាល់​ដល់​ការ​ងារនៅមូលដ្ឋាន​។

អង្គការ​លីកាដូបាន​លើក​ឡើង​ក្នុង​សេចក្ដី​ថ្លែង​ការណ៍​របស់​ខ្លួន​ថា “វា​ច្បាស់​ណាស់​ថា សារាចរ​ណែនាំ​របស់​រដ្ឋាភិបាល​មិនទាន់​ចូល​ជា​ធរមាន​ពេញ​លេញ​នៅឡើយ​ ពីព្រោះ​គ្មាន​​ភ័ស្តុ​តាងបញ្ជាក់​ថា ការ​ត្រួត​ពិនិត្យ​សម្បទាន​ដីមាន​ស្រាប់​ប្រកប​ដោយ​ប្រសិទ្ធភាពមាន​សកម្មភាព។ ការ​ខក​ខាន​មិន​ធ្វើការ​ពិនិត្យ​ឡើង​វិញ​នេះ​ គឺ​ជាប​ញ្ហា​ដ៏ធំមួយដោយ​ថា សេចក្ដី​ប្រកាស​ថ្មីៗ​របស់​រដ្ឋាភិបាល​ថា ខ្លួន​នឹង​ផ្ដល់​បន្តនូវសម្បទាន​ដែល​មិន​ទាន់​បាន​​ប្រើ​នៅ​ឡើយ​”។

កាលពីខែមុន​​នៅឯកិច្ច​ប្រជុំ​មួយ​ស្ដីអំពី​ឧស្សា​ហកម្ម​កៅស៊ូ លោក លី ផល្លា ​អគ្គ​នា​យក​​ចម្ការ​កៅស៊ូ​របស់​ក្រសួង​ឧស្សាហ​កម្ម​ បាន​ស្នើ​ឲ្យ​មាន​ការ​ផ្ដល់​សម្បទាន​មិន​មាន​សកម្ម​ភាព​ប្រើ​ប្រាស់​ដល់​វិនិ​យោ​គិន​ថ្មី​។ ក៏ប៉ុន្តែ​ ដោយសារតែ​​ប្រព័ន្ធ​ផ្ដល់​សម្បទាន​ថ្មីនេះនៅ​តែ​មិនមានប្រ​សិទ្ធភាព​ ហើយ​ការ​ត្រួត​ពិនិត្យ​ឡើង​វិញ​របស់​រដ្ឋាភិបាល​នៅ​តែ​មិន​ដំណើរ​ការទៅមុខ​ អង្គការ​សិទ្ធិមនុស្ស​បានលើក​ឡើង​ថា ការ​ជំរុញ​​វិនិយោគបែប​នេះ​មិនសម​នឹង​ពេល​វេលា​បច្ចុប្បន្ន​ទេ​ ការ​ផ្ដល់​សម្បទាន​ចាស់នៅតែ​បន្ត​បង្ក​បញ្ហា​​។

ទាំង​លោក ប៊ិន ឈិន ​ប្រធាន​អាជ្ញាធរ​ជាតិ​​ដោះស្រាយ​វិវាទ​ដីធ្លី​របស់​រដ្ឋា​ភិបាល និង​លោក​ បេងហុង សុជាតិខេមរ៉ូ អ្នក​នាំ​ពាក្យ​​​ក្រសួងរៀបចំ​ដែនដី នគរូបនីយ​កម្ម និង​សំណង់ មិន​អាច​ទាក់​ទង​បាន​ដើម្បី​ធ្វើ​អត្ថា​ធិប្បាយ​បាន​ឡើយ។

នៅ​ឯក្រសួងកសិកម្ម​ រុក្ខាប្រមាញ់និង​នេសាទ​ ដែលកំពុង​ពិនិត្យសម្បទានដី​​សេដ្ឋ​កិច្ច​នោះ លោក ធន់ សារ៉ាត់ អតីត​អ្នក​នាំ​ពាក្យ​​បាន​បង្វែ​រសំណួរ​ទៅលោក​ អៀង សុផា​ល្លែត ក៏ប៉ុន្តែ លោក​​មិន​អាច​ទាក់​ទង​ធ្វើ​សេច​ក្តី​​អត្ថា​ធិប្បាយ​បាន​ទេ​៕ ប៊ុននី

(រាយការណ៍បន្ថែម​ដោយ គុច ណារ៉េន)

 

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស